ព្រះសង្ឃ​វត្ត​ទួលសន្តិវ័ន្ត ធ្វើ​បុណ្យ​ផ្កា​រក​បច្ច័យ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

ព្រះសង្ឃ​គង់​នៅ​វត្ត​ទួលសន្តិវ័ន្ត ហៅ​វត្ត​ទួលអស់លោក ស្ថិត​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ធ្វើ​បុណ្យ​ផ្កា​រក​បច្ច័យ​ជួយ​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​ខ្វះ​ថវិកា​ទិញ​ថ្នាំ​ព្យាបាល​កុមារ​កម្ពុជា​មិន​យក​ប្រាក់។
ដោយ ដែន អយុធ្យា
2012-08-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ព្រះចៅ​អធិការ​ស្តីទី​វត្ត​ទួលសន្តិវ័ន្ត ព្រះនាម ចន្ទ នឿន ព្រះអង្គ​មាន​សង្ឃដីកា​ថា នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​វត្ត​ទួលសន្តិវ័ន្ត មាន​ប្រារព្ធ​ពិធី​បុណ្យ​ផ្កា ដើម្បី​ប្រមូល​បច្ច័យ​ជួយ​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ខ្វះខាត​ថវិកា​សម្រាប់​ទ្រទ្រង់​មន្ទីរ​ពេទ្យ​ឲ្យ​មាន​ដំណើរ​ការ។ ផ្ដើម​ពី​កង្វះ​ខាត​នេះ ព្រះអង្គ​សូម​បិណ្ឌបាត និង​អំពាវនាវ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ ឬ​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ ចូល​រួម​ពិធី​បុណ្យ​ផ្កា​សប្បុរស​ឲ្យ​បាន​ច្រើន​កុះករ។

ព្រះចៅ​អធិការ​ស្តីទី​វត្ត​ទួលសន្តិវ័ន្ត ព្រះនាម ចន្ទ នឿន ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «ដូច​អ្វី​ដែល​ខ្ញុំ​ព្រះករុណា​អាត្មាភាព​បាន​ប្រគេន និង​ចម្រើន​ពរ​ខាង​ដើម​នេះ សូម​អរត្តនា​ព្រះករុណា​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ញាតិ​ញោម​ពុទ្ធបរិស័ទ​ទាំង​អស់ មេត្តា​និមន្ត និង​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​នេះ ឲ្យ​បាន​ច្រើន ដើម្បី​បាន​ជា​ចំណែក​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ចូល​ក្នុង​មន្ទីរ​ពេទ្យ ក៏​ដូច​ជា​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្មេងៗ​ដែល​តែង​តែ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ជាច្រើន​រយ​នាក់ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​គ្នា​បាន​ជា​ទី​ពឹង​ពំនាក់។ ពីព្រោះ​ថា បើ​អត់​មាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នេះ​ទេ អាច​នឹង​បង្ក​លក្ខណៈ​លំបាក​ដល់​កូន​ខ្មែរ ពិសេស​គឺ​អ្នក​ក្រីក្រ»

ព្រះចៅ​អធិការ​ស្តីទី​វត្ត​ទួលសន្តិវ័ន្ត ព្រះនាម ចន្ទ នឿន មាន​សង្ឃដីកា​ថា បច្ច័យ​ដែល​ទទួល​បាន​ពី​ពិធី​បុណ្យ​ផ្កា នឹង​យក​ទៅ​ឧបត្ថម្ភ​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​អស់ ព្រោះ​ថា​មន្ទីរ​ពេទ្យ​នេះ​មាន​គុណ និង​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​រាប់​សែន​នាក់ ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​បាន​ជា​សះ​ស្បើយ និង​រួច​ផុត​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល