ព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័ន្ត ព្រះនាម ចន្ទ នឿន ព្រះអង្គមានថេរដីកាថា ការរៀបចំពិធីបុណ្យផ្កា កាលពីថ្ងៃទី២ ខែកញ្ញា នាវត្តទួលសន្តិវ័ន្ត ព្រះអង្គប្រមូលបច្ច័យបានជាង១៧លានរៀល ឬស្មើជាង៥ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលនឹងយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា៖ «បច្ច័យដែលប្រមូលបាននេះសរុបទាំងអស់គឺ១៧លាន៣សែន២ម៉ឺនរៀល និង៨រយ៦១ដុល្លារ។ បើគិតជាដុល្លារ មានចំនួន៥.១៩១ដុល្លារសហរដ្ឋអាមេរិក។ ខ្ញុំព្រះករុណាអាត្មាភាពក៏សូមអរគុណ និងអរព្រះគុណជាអតិបរមាចំពោះព្រះករុណាគ្រប់ព្រះអង្គ និងញាតិញោមពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមចំណែកនៅក្នុងបុណ្យផ្កា ក្នុងនាមឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលបម្រុងបិទទ្វារទៅហើយ ដោយខ្វះថវិកា ដើម្បីបន្តនិរន្តរភាពតទៅទៀត។ អ៊ីចឹង បច្ច័យបុណ្យផ្កាទាំងអស់នេះ គឺជាការចូលរួមចំណែកមួយ ដើម្បីជួយដល់កុមារកម្ពុជា ដែលមន្ទីរពេទ្យគន្ធបុប្ផា តែងតែជួយព្យាបាលដល់កុមារកម្ពុជាដោយមិនគិតថ្លៃ»។
ព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័ន្ត ព្រះនាម ចន្ទ នឿន ជូនពរដល់ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយជាម្ចាស់ទាន ដែលបានបរិច្ចាគបច្ច័យគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ទាំងអស់ សូមជួបសេចក្តីសុខ និងមានសុខភាពល្អគ្រប់ក្រុមគ្រួសារ។
ព្រះអង្គបានចាត់ទុកមន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយមានគុណធ្ងន់ធ្ងរដល់កុមារកម្ពុជា ពិសេសកុមារក្នុងគ្រួសារក្រីក្ររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ឲ្យរួចផុតពីសេចក្តីស្លាប់ និងទទួលការព្យាបាលមិនគិតប្រាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។