ពលរដ្ឋ​១៨​គ្រួសារ​នៅ​កំពង់ធំ​ខក​ចិត្ត​នឹង​អាជ្ញាធរ​ដែល​មិន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

ដោយ សូត សុខប្រាថ្នា
2015.03.06

ពលរដ្ឋ ១៨​គ្រួសារ នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​មាន​ប័ណ្ណ​ចុង​សន្លឹក​ថា​នឹង​អាច​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ពី​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវ​ខក​បំណង ពីព្រោះ​ពួក​គាត់​មិន​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ពី​អាជ្ញាធរ​នោះ​ទេ។ ចំណែក​អាជ្ញាធរ​បញ្ជាក់​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្លះ​មិន​បាន​ប័ណ្ណ​កម្មសិទ្ធិ​នោះ ដោយសារ​ដី​របស់​ពួក​គេ​ឋិត​នៅ​ជា​ដី​មាន​ជម្លោះ និង​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់លាស់។

ក្រោយ​ពេល​ទទួល​បាន​ចុង​សន្លឹក​សម្គាល់​ក្បាល​ដី​ពី​អាជ្ញាធរ ពលរដ្ឋ ១៨​គ្រួសារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត រំពឹង​ថា​នឹង​អាច​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​គាត់​បែរ​ជា​ខក​ចិត្ត បន្ទាប់​ពី​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ។ ពលរដ្ឋ​ថា នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​គាត់ ពីព្រោះ​ពី​ដើម​ដល់​ចប់ ពួក​គាត់​មិន​បាន​ដឹង​ថា​មាន​អ្នក​ប្ដឹង​ជំទាស់​ឡើយ។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ដែល​មាន​ដី​នៅ​ឃុំ​ក្រយា ត្រៀម​នឹង​ទទួល​ប័ណ្ណ​កម្មសិទ្ធិ លោក ឡុង ស៊ីវុត្ថា មាន​ប្រសាសន៍​ថា នៅ​ពេល​ក្រុម​និស្សិត​ចុះ​វាស់វែង​កាល​ពី​ឆ្នាំ​២០១២ ហើយ​រហូត​ឈាន​ដល់​ប្រគល់​ចុង​សន្លឹក​ដល់​ពួក​គាត់​នោះ គឺ​ដោយសារ​តែ​ដី​របស់​ពួក​គាត់​មិន​មាន​ប៉ះពាល់​ជាមួយ​បុគ្គល​ណា​ទេ។ លោក​បន្ត​ថា សូម្បី​តែ​នៅ​ពេល​បិទ​ប្រកាស​ក្បាល​ដី ដើម្បី​ឲ្យ​ពលរដ្ឋ ឬ​ក្រុមហ៊ុន​ដែល​យល់​ថា​ប៉ះពាល់​លើ​ដី​ខ្លួន​ចេញ​មុខ​ជំទាស់ ក៏​មិន​មាន​ដែរ ប៉ុន្តែ​ពេល​អាជ្ញាធរ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២ មីនា ទើប​ដឹង​ថា​មាន​អ្នក​ប្ដឹង​ជំទាស់​ពី​មុន​មក ហើយ​ពួក​គាត់​ក៏​ត្រូវ​ខក​ខាន​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់៖ «សម្រាប់​ខ្ញុំ​ជា​រឿង​អយុត្តិធម៌​បន្តិច​ដែរ ព្រោះ​ពេល​ដែល​យើង​នាំ​ក្រុម​និស្សិត​វាស់វែង គឺ​មិន​មាន​បញ្ហា​ទេ»

ប្រភព​ដដែល​បន្ត​ថា ប្រសិន​បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ដោយ​មិន​ស្ងប់​ចិត្ត និង​មិន​អាច​ប្រើប្រាស់​ដី​របស់​ខ្លួន​ទៅ​តាម​ចិត្ត​ចង់​បាន​ឡើយ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សន្ទុក លោក ពេជ សុធា មាន​ប្រសាសន៍​ថា ជា​គោលការណ៍ អាជ្ញាធរ គឺ​ផ្ដល់​ជូន​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្រយា ដែល​មាន​ឈ្មោះ​ទាំងអស់ ក៏ប៉ុន្តែ​លោក​ថា មាន​ក្បាល​ដី​ខ្លះ គឺ​ឋិត​នៅ​ជា​ដី​ជម្លោះ ពីព្រោះ​មាន​ពលរដ្ឋ​ផ្សេង​បាន​ប្ដឹង​ជំទាស់​មក​អាជ្ញាធរ​តាំង​ពី​បិទ​បញ្ជី​ឈ្មោះ​លើក​ដំបូង​ម្ល៉េះ តែ​ដោយសារ​ពលរដ្ឋ​មិន​បាន​ដឹង។ លោក​បន្ត​ថា កាល​ណា​ដី​នោះ​នៅ​មិន​ទាន់​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វគ្រប់ អាជ្ញាធរ​មិន​អាច​ចេញ​ប្លង់​ជូន​ពួក​គាត់​បាន​ទេ៖ «ទី​មួយ​គ្មាន​ទិន្នន័យ​ច្បាស់លាស់ មាន​តែ​ក្បាល​ដី តែ​មិន​ដឹង​ថា​ម្ចាស់​មួយ​ណា។ ទី​ពីរ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ផ្សេងៗ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចប់»

លោក​បន្ថែម​ថា អាជ្ញាធរ​បាន​ចែក​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ចំនួន​ជាង ៤​ពាន់​គ្រួសារ (៤.០១៨​គ្រួសារ) នៅ​ឃុំ​ក្រយា កាល​ពី​ថ្ងៃ​ទី​២ មីនា ហើយ​អាជ្ញាធរ​នឹង​បន្ត​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ថែម​ទៀត ដរាប​ណា​បញ្ហា​ផ្សេងៗ​ត្រូវ​បាន​ដោះស្រាយ​ចប់។ តែ​យ៉ាង​ណា​លោក​ថា នឹង​ឲ្យ​មន្ត្រី​សុរិយោដី​ថ្នាក់​ស្រុក ចុះ​ពិនិត្យ​លើ​បញ្ហា​ពលរដ្ឋ ១៨​គ្រួសារ រួម​នឹង​ពលរដ្ឋ​ផ្សេង​ដែល​មិន​ទាន់​បាន​ទទួល​ប្លង់​កម្មសិទ្ធិ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​រួម​មួយ​នៅ​ពេល​ខាង​មុខ។

យោង​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០២ មាត្រា​២៣៧ ចែង​ថា ករណី​មាន​វិវាទ​លើ​ទំហំ​ក្បាល​ដី ឬ​ឈ្មោះ​នៃ​កម្មសិទ្ធិករ​កើត​ឡើង​នៅ​ក្នុង​ពេល​ប្រតិបត្តិការ​ធ្វើ​សម្រង់​សុរិយោដី អ្នក​ទទួល​ខុស​ត្រូវ គឺ​មន្ត្រី​រដ្ឋបាល​សុរិយោដី ត្រូវ​អញ្ជើញ​សាមី​ខ្លួន​មក​សម្រុះសម្រួល​គ្នា។ ចំណែក​វិវាទ​ដែល​កើត​ឡើង​ក្នុង​តំបន់​កំពុង​វិនិច្ឆ័យ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​វិញ គណៈកម្មការ​រដ្ឋបាល​មាន​ភារកិច្ច​សម្រុះសម្រួល​វិវាទកម្ម​នោះ។ បន្ថែម​ពី​នេះ បើ​កិច្ច​ព្រមព្រៀង​មិន​អាច​ទៅ​រួច​ទេ អ្នក​ទទួល​ខុស​ត្រូវ គឺ​នៅ​តែ​បន្ត​អង្កេត​វាស់វែង ហើយ​កសាង​កំណត់​ហេតុ​នៃ​វិវាទ​នោះ ប៉ុន្តែ​មិន​មាន​សិទ្ធិ​អារ​កាត់​ឡើយ។ ប្រសិន​បើ​វិវាទ​កើត​ឡើង​នៅ​ពេល​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ ខាង​មន្ត្រី​សុរិយោដី ត្រូវ​ប្រកាន់​យក​តែ​ឈ្មោះ​កម្មសិទ្ធិករ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​របស់​ខ្លួន​ប៉ុណ្ណោះ គ្មាន​ករណី​ណា​មួយ​ដែល​ខាង​សុរិយោដី​អាច​កែប្រែ ឬ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ទៅ​បុគ្គល​ផ្សេង​ទៀត​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។