គណៈកម្មការ​ទី​១​រដ្ឋសភា​ដាក់​លិខិត​ស្នើ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្រចេះ

ដោយ ប្រាជ្ញ ចេវ
2015.03.03
សុរិយោដី ក្រចេះ ៦១០ ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។
RFA/Saut Sokprathna

គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អង្កេត និង​ទទួល​ពាក្យ​បណ្ដឹង បាន​ដាក់​លិខិត​មួយ​ច្បាប់​ជា​ផ្លូវ​ការ​កាល​ពី​ចុង​ខែ​កុម្ភៈ ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី ពិនិត្យ និង​ស៊ើប​អង្កេត​ការ​បែង​ចែក​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៣.៦០០​ហិកតារ ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សំណើ​នេះ ក្រោយ​ពេល​គណៈកម្មការ​សភា​រក​ឃើញ​ថា អាជ្ញាធរ​ធ្វើ​ការ​បែង​ចែង​ដី​ឲ្យ​ពលរដ្ឋ​គ្មាន​តម្លាភាព និង​សុចរិត​ភាព។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ក្រចេះ អះអាង​រឿង​នេះ​ថា ខេត្ត​ដោះស្រាយ​ជិត​រួច​រាល់​ហើយ គឺ​រង់ចាំ​តែ​សេចក្តី​សម្រេច​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ការ​ស្នើសុំ​នេះ បន្ទាប់​ពី​គណៈកម្មការ​ទី​១​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អង្កេត និង​ទទួល​ពាក្យ​បណ្ដឹង រក​ឃើញ​ថា ក្នុង​ចំណោម​ពលរដ្ឋ ៩៩៨​គ្រួសារ​ដែល​ត្រូវ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០១២ មាន​តែ​ពលរដ្ឋ​ចំនួន ២៧៩​គ្រួសារ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ដី។ ជាង​នេះ​ទៅ​ទៀត គណៈកម្មការ​ទី​១​រដ្ឋសភា ក៏​ស្នើសុំ​ឲ្យ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​មិន​យក​ដី​ឲ្យ​ពលរដ្ឋ​ក្រីក្រ បែរ​ជា​ចែក​ឲ្យ​តែ​បក្ខពួក​ខ្លួន។

ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អង្កេត និង​ទទួល​ពាក្យ​បណ្ដឹង លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា ការ​ទាមទារ​នេះ​ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន​ដែល​ត្រូវ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច បែរ​ជា​មិន​បាន​ទទួល។ លោក​ថា ប្រសិន​បើ​គ្មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​លើ​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ទោះ​ដោះស្រាយ​យ៉ាង​ណា​ក៏​ដោះ​មិន​ចេញ​ដែរ ព្រោះ​មន្ត្រី​ខិលខូច​មួយ​ចំនួន​កំពុង​កេង​ចំណេញ​លើ​រឿង​នេះ៖ «អាជ្ញាធរ​ខេត្ត​ជា​អ្នក​ដោះស្រាយ​រឿង​ដីធ្លី​ជូន​ពលរដ្ឋ ប៉ុន្តែ​បែរ​ជា​មិន​បាន​ដី។ ដូច​នេះ គណៈកម្មការ​ទី​១​មាន​តែ​ស្នើ​រដ្ឋាភិបាល​ស៊ើប​អង្កេត»

នៅ​ក្នុង​លិខិត​របស់​គណៈកម្មការ​ទី​១​សភា លើក​ឡើង​ថា ពលរដ្ឋ​ក្រីក្រ ៩៩៨​គ្រួសារ នៅ​ពេល​រដ្ឋាភិបាល​ផ្តល់​ដី​ជូន​ពួក​គេ​តាម​ការ​ស្នើសុំ បែរ​ជា​អាជ្ញាធរ​ខេត្ត​ធ្វើ​ការ​បែង​ចែក​ដី​ទាំង​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង ដោយ​បង្ខំ​ពលរដ្ឋ ៩៩៨​គ្រួសារ​ទៅ​ទីតាំង​ផ្សេង ដែល​រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ឡើយ។

ចំណែក​អភិបាល​រង​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ស្រុក​ឆ្លូង លោក ខ័ណ្ឌ ចំណាន ស្វាគមន៍​ការ​អន្តរាគមន៍​នានា​របស់​ថ្នាក់​លើ។ លោក​អភិបាល​ខេត្ត​រង​មាន​ប្រសាសន៍​ទៀត​ថា ករណី​ដីធ្លី​នេះ​អាជ្ញាធរ​ខេត្ត​បាន​ដោះស្រាយ​ជា​ដំណាក់​កាលៗ ស្ទើរ​រួច​អស់​ហើយ។ លោក​ថា នៅ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​នៅ​រង់ចាំ​តែ​ការ​សម្រេច​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ ដើម្បី​ប្រទានកម្ម និង​កាត់​ដី​ពី​ដី​ក្រុមហ៊ុន​ទៅ​ជូន​ពលរដ្ឋ៖ «យើង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល គឺ​សុំ​ដី​រដ្ឋ និង​កាត់​ដី​ពី​ក្រុមហ៊ុន»

កាល​ពី​ខែ​កុម្ភៈ គណៈកម្មការ​ទី​១​សភា បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ករណី​ដីធ្លី​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​បាន​រក​ឃើញ​ថា មន្ត្រី​ខិលខូច​បាន​យក​ឈ្មោះ​ប្រជាពលរដ្ឋ​ធ្វើ​ជា​លេស ដើម្បី​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​អស់​ជាង ២​ម៉ឺន​ហិកតារ និង​ស្នើសុំ​កាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​នានា ប៉ុន្តែ​ដី​ទាំង​នោះ​បាន​តែ​បក្ខពួក​គេ​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​ក្រីក្រ​នៅ​តែ​គ្មាន​ដី​រស់នៅ​បង្កបង្កើនផល​ដដែល។

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា លិខិត​ដែល​ផ្ញើ​មក​នាយក​រដ្ឋមន្ត្រី​ទាក់ទង​រឿង​ដីធ្លី​ដូច​នេះ គឺ​ក្រសួង​មាន​សមត្ថកិច្ច​ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​នេះ រួម​មាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន ជា​អ្នក​ឆ្លើយ​បំភ្លឺ៖ «អ្នក​ដែល​មាន​សិទ្ធិ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា គឺ​នាយក​រដ្ឋមន្ត្រី និង​អ្នក​បន្ត​ទៀត​មក​ដែល​តូច​បំផុត គឺ​រដ្ឋលេខាធិការ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក ហេង ភារៈ និយាយ​ថា ករណី​ដីធ្លី​នៅ​ស្រុក​ឆ្លូង របស់​ពលរដ្ឋ ៩៩៨​គ្រួសារ ដែល​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​មិន​ចេញ​ដូច​នេះ ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​ឈ្មួញ​មាន​លុយ​នៅ​ក្នុង​រឿង​នេះ។

ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា លោក អេង ឆៃអ៊ាង បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ឆ្លើយ​តប​លិខិត​នេះ លោក​នឹង​កោះ​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​ដែល​ទាក់ទង​រឿង​នេះ​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។