អ្នកបុរីកីឡាជាច្រើននាក់របួស និងដួលសន្លប់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នៅពេលកងកម្លាំងអាជ្ញាធរបណ្ដេញពួកគាត់ចេញពីអគារទី៩របស់ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Emix)។ ការបណ្ដេញនោះ កើតឡើងនៅក្រោយពេលដែលអ្នកបុរីកីឡាជាង ១៥០គ្រួសារ បាននាំគ្នាឡើងទៅរស់នៅអគារទី៩ បានរយៈពេល២ថ្ងៃ គឺក្រោយពីខ្វែងគំនិតគ្នាក្នុងការចរចាជាមួយសាលារាជធានីភ្នំពេញ ចំពោះសំណង់បណ្ដោះអាសន្ន។ ក្នុងការវាយបណ្ដេញនេះ ឃើញមានកម្លាំងនគរបាល និងក្រុមសន្តិសុខសាលាខណ្ឌ៧មករា។
«សំឡេង»
ពលរដ្ឋបុរីកីឡាចំនួន ៧នាក់ បានរបួសធ្ងន់ និងស្រាល នៅក្នុងពេលកងកម្លាំងអាជ្ញាធរបណ្ដេញពួកគាត់អោយចេញពីអគារជាន់ទី៩ និងការប៉ះទង្គិចគ្នានៅខាងក្រោមអគារ ដែលអាជ្ញាធរព្យាយាមរារាំងមិនអោយពួកគេបានត្រឡប់ទៅកាន់អគារនោះម្ដងទៀត។
អ្នកបុរីកីឡា អ្នកស្រី អាត សំណាង ថ្លែងថា អាជ្ញាធរ និងក្រុមសន្តិសុខ បានបណ្ដេញពួកគាត់ទាំងកម្រោល ដោយមិនគិតថាជាស្ត្រី ឬអ្នកមានផ្ទៃពោះឡើយ។
«សំឡេង»
ក្នុងចំណោមអ្នករបួស មានស្ត្រីម្នាក់ឈ្មោះ ចៅ សុធា ត្រូវនឹងដំបងបែកថ្ងាស និងយុវជនអ្នកលក់ដូងវ័យ ២០ឆ្នាំ ឈ្មោះ ឈីង បែកក្បាលត្រង់សៀតផ្កា។ ក្រៅពីនោះ មានស្ត្រីជាច្រើននាក់ទៀតបានដួលសន្លប់ ដោយរួមទាំងស្ត្រីមានផ្ទៃពោះ ៧ខែម្នាក់ និងអ្នកកូនខ្ចីម្នាក់ផង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា វិធានការនៅពេលនេះ គឺដើម្បីបញ្ចៀសបញ្ហារវាងពលរដ្ឋ និងក្រុមហ៊ុន។
«សំឡេង»
មន្ត្រីគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត បានហៅការប្រើហិង្សាបណ្ដេញអ្នកបុរីកីឡា ពីសំណាក់ក្រុមសន្តិសុខនៅពេលនេះថា ជាអំពើរំលោភច្បាប់ និងបំពានសិទ្ធិសេរីភាពពលរដ្ឋ។ លោកសោកស្ដាយថាមិនគួរកើតមានអំពើហិង្សាចំថ្ងៃដែលកម្ពុជា ប្រារព្ធពិធីមាឃបូជា និងទិវានៃក្ដីស្រឡាញ់។
«សំឡេង»
កាលពីថ្ងៃទី១២ កុម្ភៈ អ្នកបុរីកីឡា ដែលត្រូវបានគេបណ្ដេញចេញចំនួនជាង ១៥០គ្រួសារ បាននាំគ្នាឡើងទៅនៅលើអគារថ្មីរបស់ក្រុមហ៊ុន ដោយពួកគាត់សំអាងថា គឺជាអគារដែលក្រុមហ៊ុនបានសន្យាសាងសង់អោយពួកគាត់ចំនួន ១០អគារ ជាថ្នូរនឹងការបណ្ដេញពួកគាត់ចេញពីលំនៅឋាន ដើម្បីផ្ដល់ដីអោយក្រុមហ៊ុនអភិវឌ្ឍ។ បញ្ហានោះ កើតឡើងក្រោយពីពួកគេ និងអាជ្ញាធរក្រុងបានខ្វែងគំនិតគ្នា ចំពោះគម្រោងស្នាក់នៅដែលអាជ្ញាធរក្រុងផ្ដល់អោយពួកគាត់ ដោយសាលាក្រុងសន្យាថា នឹងសាងសង់ជម្រកបណ្ដោះអាសន្នទំហំ ៤គុណនឹង ៦ម៉ែត្រអោយពួកគាត់ ប៉ុន្តែត្រូវចាកចេញពីទីតាំងក្បែរគំនរសំរាមនោះជាមុនសិន ហើយពលរដ្ឋទាមទារអោយមានកិច្ចសន្យាលាយលក្ខណ៍អក្សរ និងមានសាក្សីដឹងឮ ដែលអាជ្ញាធរថាមិនអាចអោយបាន។
កាលពីឆ្នាំ២០០៤ ក្រុមហ៊ុន ផានអ៊ីម៉ិច បានសន្យាសាងសង់អគារជូនពលរដ្ឋបុរិកីឡាចំនួន ១០អគារ សម្រាប់ពលរដ្ឋសហគមន៍បុរីកីឡា ចំនួន ១.៧៧៦គ្រួសារ។ ប៉ុន្តែ ក្រោយពេលសង់បាន ៨ល្វែង ក្រុមហ៊ុនប្រកាសថាខាតដើម ក៏បានស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង់ត្រឹមតែ ៨អគារ។ បន្ទាប់មក អាជ្ញាធរបានប្រើហិង្សាបណ្ដេញពលរដ្ឋចេញពីបុរីកីឡា ដែលនៅរង់ចាំអគារ ២ល្វែងទៀតនោះ កាលពីដើមឆ្នាំ២០១២។ ទោះជាយ៉ាងណា អ្នកភូមិបុរីកីឡា ជាង ១០០គ្រួសារ មិនព្រមចាកចេញតាមការបណ្ដេញចេញរបស់អាជ្ញាធរឡើយ។ ពួកគាត់សុខចិត្តទ្រាំរស់នៅប្រជ្រៀតគ្នាក្បែរគំនរសំរាមជិតដីចាស់ ដោយមានជំនឿថា ពួកគាត់មានសិទ្ធិស្របច្បាប់ ដើម្បីទទួលបានអគារ ២ខ្នងសាងសង់ដោយក្រុមហ៊ុន ផានអ៊ីម៉ិច តាមកិច្ចសន្យាដើម្បីស្នាក់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។