ក្រុមហ៊ុន​បាត់ដំបង​ខេ.ធី​ស៊ីម៉ិន​ថា​មិន​បាន​រំលោភ​យក​ដី​ពលរដ្ឋ​២៦​គ្រួសារ​នៅ​ស្រុក​រតនមណ្ឌល

ដោយ ហ៊ុំ ចំរើន
2016.07.13
ជម្លោះ​ដីធ្លី បាត់ដំបង ២០១៦ ៨៥៥ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន បាត់ដំបង ខេធី ស៊ីម៉ិន (Battambang KT Cement) របស់​ចិន នៅ​ស្រុក​រតនមណ្ឌល ជួប​ជុំ​គ្នា​នៅ​ក្រោម​ដើម​ពោធិ៍​នាគ​បាញ់​ទឹក ក្រុង​បាត់ដំបង ក្រោយ​ពី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

តំណាង​ក្រុមហ៊ុន​បាត់ដំបង ខេ.ធី ស៊ីម៉ិន (BB KT Cement) របស់​ជនជាតិ​ចិន ស្រាយ​បំភ្លឺ​ថា ក្រុមហ៊ុន​នេះ​ធ្វើ​ការ​រុករក​រ៉ែ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ពុំ​បាន​រំលោភ​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ចំនួន ២៦​គ្រួសារ​ដែល​ធ្លាប់​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ឡើយ។ ប្រជាពលរដ្ឋ​នៅ​តែ​អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​លើ​ដី​ទំនាស់​ដែល​អាជ្ញាធរ​ពុំ​ទាន់​ដោះស្រាយ និង​ផ្ដល់​សំណង​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ។

តំណាង​ក្រុមហ៊ុន​បាត់ដំបង ខេ.ធី ស៊ីម៉ិន របស់​ជនជាតិ​ចិន នៅ​ស្រុក​រតនមណ្ឌល លោក ចាន់ ដារិទ្ធ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា ថា ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​នៅ​ភ្នំ​ដូនមាយ ឃុំ​ស្ដៅ នោះ ជា​ដី​របស់​ក្រុមហ៊ុន​ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ភូមិ​ដូនមាយ គឺ​ពុំ​មែន​ជា​ដី​របស់​អ្នក​ភូមិ​នោះ​ឡើយ។ លោក​អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ​ពុំ​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា កន្លង​មក ប្រជាពលរដ្ឋ​តែង​តែ​នាំ​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នោះ ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​ទៅ​វិញ​ទេ៖ «ប្រជាជន​ដែល​ថា​ក្រុមហ៊ុន​កាយ​ដី​ឈ្មោះ ជួន នី នោះ គឺ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ឲ្យ​ប្រាក់​អស់​ទៅ​ហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ទៅ​ទាមទារ​នោះ ដី​របស់​គាត់​នៅ​លើ​ភ្នំ​ឯណោះ​ទេ ហើយ​មិន​មែន​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​ជាមួយ​ពួក​គាត់​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ដូនមាយ អ្នកស្រី មុំ ពិសី អះអាង​ថា ផ្ទៃ​ដី​ដែល​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​បម្រុង​សង់​ផ្លូវ​នៅ​ភ្នំ​ដូនមាយ នោះ ជា​ដី​មាន​ទំនាស់​របស់​ពួក​គាត់​ដាំ​ដុះ​តាំង​ពី​ឆ្នាំ​១៩៩៥ មក។ អ្នកស្រី​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​ឈូស​ឆាយ​លើ​ដី​មាន​ទំនាស់​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ៖ «អ្វី​ដែល​គាត់​និយាយ​នេះ មិន​មែន​ជា​ការ​ពិត​ទេ គឺ​ដី​ដែល​ក្រុមហ៊ុន​កាយ​ជា​ដី​របស់​លោក ជួន នី ហើយ​ដី​នៅ​ខាង​ក្រោយ​ភ្នំ​ខាង​ក្រុមហ៊ុន​បាន​ឲ្យ​លុយ​មែន ប៉ុន្តែ​ចំណុច​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ គឺ​មិន​ទាន់​ឲ្យ​លុយ​នៅ​ឡើយ​ទេ»

កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់​បាន​តវ៉ា​នៅ​ភ្នំ​ដូនមាយ ឃុំ​ស្ដៅ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក​រតនមណ្ឌល បញ្ឈប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ដី​ដែល​ពួក​គាត់​អះអាង​ថា ជា​តំបន់​ដី​មាន​ទំនាស់​ប្រមាណ ២០​ហិកតារ អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​នៅ​ឡើយ។

អភិបាល​រង​ស្រុក​រតនមណ្ឌល លោក ហ៊ុន ហូ ធ្លាប់​មាន​ប្រសាសន៍​ខណៈ​ចុះ​ទៅ​ជួប​ក្រុម​អ្នក​តវ៉ា​នៅ​ទីកន្លែង​ដី​ទំនាស់​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ កំពុង​ដំណើរ​ដោះស្រាយ​លើ​ការងារ​នេះ​ជូន​ប្រជាពលរដ្ឋ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើត​គណៈកម្មការ​ចុះ​ដោះស្រាយ​ករណី​នេះ​ដោយ​អព្យាក្រឹត្យ និង​មិន​លម្អៀង៖ «អ៊ីចឹង​ខ្ញុំ​នឹង​ចុះ​ទៅ​តំបន់​នោះ​ដែរ ដើម្បី​ពិនិត្យ​មើល ព្រោះ​ក្រុមហ៊ុន​ក៏​បាន​អះអាង​ថា​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ១៣៤​គ្រួសារ។ យើង​ចង់​ដឹង​ថា ដី​ដែល​ក្រុមហ៊ុន​ទិញ​នោះ​ជា​ម្ចាស់​ដី​ពិត​ប្រាកដ ឬ​ក៏​មាន​អ្នក​បន្លំ​លួច​យក​ដី​លក់​ឲ្យ​ក្រុមហ៊ុន»

ក្រុមហ៊ុន​ចិន មួយ​នេះ មាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ដើម្បី​សង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​លើ​ផ្ទៃ​ដី​ជាង ២៧០​ហិកតារ នៅ​ភូមិ​ដូនមាយ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង។ តំណាង​ក្រុមហ៊ុន​នេះ​អះអាង​ថា ក្រុមហ៊ុន​ចំណាយ​ដើម​ទុន ២៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (២៣៥.០០០.០០០​ដុល្លារ) ក្នុង​នោះ​ជនជាតិ​ចិន មាន​ភាគហ៊ុន​ប្រមាណ ៦០​ភាគរយ និង​ខ្មែរ ៤០​ភាគរយ។ រោងចក្រ​នេះ​នឹង​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​២០១៨ ហើយ​អាច​ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ ៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។