ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​បារម្ភ​ខ្លាច​អភិបាល​ក្រុង​ថ្មី​ប្រើ​ហិង្សា​ខ្លាំង​ជាង​មុន​ដាក់​ពួក​គាត់

ដោយ វ៉ាន វណ្ណដេត
2017.06.18
បូវ សោភា ៨៥៥ ២០១៧ សកម្មជន​បឹងកក់ អ្នកស្រី បូវ សោភា ដែល​រង​របួស​ពេល​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​៧មករា ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដែល​តែងតែ​ទៅ​តវ៉ា​តាម​ស្ថាប័ន​ថ្នាក់​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ បារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​ចេញ​តវ៉ា​រឿង​ដីធ្លី ព្រោះ​ពួក​គេ​យល់​ថា អភិបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ អាច​ប្រើ​ហិង្សា ឬ​សម្លុត​គំរាម​ពួក​គេ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ដោយសារ​កន្លង​ទៅ ពេល​ចេញ​តវ៉ា​ម្ដងៗ ពលរដ្ឋ​ថា​លោក ឃួង ស្រេង តែង​ប្រើ​កង​កម្លាំង​ឲ្យ​ប្រើ​ហិង្សា​លើ​ពួក​គេ។ ទោះ​យ៉ាង​ណា ពលរដ្ឋ​យល់​ថា លោក ឃួង ស្រេង មាន​សមត្ថភាព​ដោះស្រាយ​វិវាទ​ដីធ្លី​ខ្លាំង​ជាង​អភិបាល​ក្រុង​ចាស់ ប្រសិន​បើ​លោក​អភិបាល​ក្រុង​ថ្មី​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី បូវ សោភា មាន​អារម្មណ៍​ភ័យ​ខ្លាច​ពេល​ដឹង​ថា លោក ឃួង ស្រេង ត្រូវ​ជំនួស​តំណែង​លោក ប៉ា សុជាតិវង្ស។ លោកស្រី​រំឭក​ថា នៅ​ពេល​កាន់​តំណែង​ជា​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង តែង​បញ្ចេញ​អាកប្បកិរិយា​មិន​ល្អ បញ្ជា​កូន​ចៅ​ប្រើ​ហិង្សា សម្លុត​គំរាម និង​តែង​ប្រមាថ​ក្រុម​អ្នក​តវ៉ា។

ជាង​នេះ​ទៅ​ទៀត លោកស្រី បូវ សោភា មើល​ឃើញ​ថា លោក ឃួង ស្រេង មិន​សូវ​មាន​ដំណោះស្រាយ​ឲ្យ​អ្នក​បឹងកក់​នោះ​ទេ ប៉ុន្តែ​របៀប​ដោះស្រាយ​របស់​លោក ឃួង ស្រេង គឺ​ចេញ​លក្ខខណ្ឌ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​ដំណោះស្រាយ​របស់​គាត់៖ «ខ្ញុំ​ធ្លាប់​ចូល​ទៅ​ប្រជុំ​ពិភាក្សា​ជាមួយ​គាត់ ធ្លាប់​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ក៏​ប្រទះ​មាត់​ជាមួយ​គាត់ ហើយ​គាត់​តែងតែ​មើលងាយ​ព្រះសង្ឃ ហៅ​អា​ត្រងោល អា​អ៊ីចឹង​ណា គឺ​ខ្ញុំ​ឮ​ផ្ទាល់​ត្រចៀក ខមាទោស! ចឹង​គឺ​ខ្ញុំ​មាន​អារម្មណ៍​មួយ​ថា សម្រាប់​ពួក​ខ្ញុំ​គ្មាន​សុវត្ថិភាព​ពេល​ដែល​ឮ​ដំណឹង​ថា​គាត់​ឡើង​មោ (ឡើង​អភិបាល​ក្រុង)។ ពី​មុន​មក​ដល់​ពេល​នេះ គឺ​គាត់​អត់​ដែល​រក​ដំណោះស្រាយ​ជូន​ខ្ញុំ​ដែល​ជា​ជន​រងគ្រោះ​ដោយ​នីតិវិធី​ច្បាប់ ឬ​មួយ​ក៏​គាត់​ជា​ថ្នាក់​ដឹកនាំ។ គាត់​ប្រើ​ពាក្យ​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​វា​ពីរោះ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ទេ។ គាត់​តែងតែ​ប្រើ​ពាក្យ​គំរាម​កំហែង ហើយ​និង​សម្លុត ហើយ​ពេល​ខ្លះ​គាត់​ប្រើ​អំណាច​គាត់​មក​លើ​ប្រជាពលរដ្ឋ គេ​ហៅ​ថា​អំណាច​ផ្ដាច់ការ​មក​លើ​ពួក​ខ្ញុំ។ ចឹង​ពេល​ដែល​ឮ​គាត់​កាន់​តំណែង ពួក​ខ្ញុំ​រឹតតែ​គិត​ថា​លែង​មាន​សុវត្ថិភាព​សម្រាប់​ពួក​ខ្ញុំ​ហើយ»

តែ​ទោះ​ជា​យ៉ាង​ណា អ្នក​បឹងកក់​ជឿ​លើ​សមត្ថភាព​របស់​លោក ឃួង ស្រេង ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី ជាង​អតីត​អភិបាល​ក្រុង លោក ប៉ា សុជាតិវង្ស និង​លោក កែប ជុតិមា ព្រោះ​លោក ឃួង ស្រេង ជា​អ្នក​ធ្លាប់​កាន់កាប់​កិច្ចការ​វិវាទ​ដីធ្លី​នៅ​ក្រុង​ភ្នំពេញ​ផ្ទាល់។

ពលរដ្ឋ​ម្នាក់​ទៀត​ជា​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បុរីកីឡា គឺ​លោកស្រី សរ ស៊ន បាន​ប្រាប់​ថា ក្រោយ​បាន​ដឹង​ថា​លោក ឃួង ស្រេង ដែល​ធ្លាប់​បញ្ជា​ឲ្យ​កង​កម្លាំង​វាយ​ពួក​គាត់ ឡើង​ជា​អភិបាល​ក្រុង​ភ្នំពេញ ក្រុម​អ្នក​បុរីកីឡា​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ លោកស្រី​បន្ត​ថា អ្នក​មាន​ជម្លោះ​ដី​នៅ​បុរីកីឡា គ្មាន​សង្ឃឹម​ថា​លោក ឃួង ស្រេង ចេញ​មុខ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីមិច (Phan Imex) នោះ​ទេ៖ «ពួក​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ ព្រោះ​លោក ឃួង ស្រេង ជា​មនុស្ស​បាតដៃ​ទី​៣ គាត់​ធ្លាប់​បញ្ជា​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ពួក​មីង ឲ្យ​បង្ក្រាប​ពួក​មីង។ គ្រប់​សកម្មភាព​ពួក​មីង​ទៅ​តវ៉ា​ផ្សេងៗ ច្រើន​តែ​ឃើញ​គាត់​ចេញ​មុខ​បញ្ជា​ឲ្យ​សន្តិសុខ​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ។ ដល់​ពេល​ឃើញ​គាត់​ឡើង​កាន់​សាលា​រាជធានី​ភ្នំពេញ ពួក​ខ្ញុំ​អស់​សង្ឃឹម ហើយ​ពួក​ខ្ញុំ​មិន​បាន​បោះឆ្នោត​ឲ្យ​ផង រាជធានី​ភ្នំពេញ​ចាញ់​សន្លឹកឆ្នោត​ហើយ ហេតុ​អី​បាន​ជា​ដាក់ ឃួង ស្រេង វិញ? ដាក់ ឃួង ស្រេង ខ្លាំង​ជាង ប៉ា សុជាតិវង្ស ទៀត។ បើ​ដាក់ ឃួង ស្រេង គឺ​ថា​សម្លាប់​ពួក​ខ្ញុំ​ហើយ ដូច​ថា​រឿង​ដីធ្លី​ផ្ទះ​សម្បែង​ពួក​ខ្ញុំ​អី ខ្ញុំ​អត់​សង្ឃឹម​ទេ​រាល់​ថ្ងៃ​នេះ។ ពួក​ខ្ញុំ​កំពុង​តែ​ព្រួយ​បារម្ភ ដោយសារ​ឃើញ​គេ​បង្ហោះ​ហ្វេសប៊ុក​ចឹង ហើយ​នាំ​គ្នា​ជំនុំ​គ្នា​ដែរ​យប់​មិញ​ហ្នឹង។ មីង​អត់​សប្បាយ​ចិត្ត​ទេ សហគមន៍​ទាំងអស់ ប្រជាពលរដ្ឋ​អត់​សប្បាយ​ចិត្ត​ទេ ឃួង ស្រេង ឡើង​អភិបាល​ក្រុង​នោះ ដោយសារ​ពួក​គាត់​ជា​បាតដៃ​ទី​៣»

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
RFA

អតីត​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អភិបាល​ក្រុង តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៦ មិថុនា បង្ហាញ​ថា អភិបាល​ក្រុង​បច្ចុប្បន្ន គឺ​លោក ប៉ា សុជាតិវង្ស ត្រូវ​បាន​ផ្លាស់​ទៅ​កាន់​តួនាទី​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។

មុន​ពេល​ផ្លាស់ប្ដូរ​តួនាទី លោក ប៉ា សុជាតិវង្ស ធ្លាប់​សន្យា​ជាមួយ​ពលរដ្ឋ​រស់នៅ​លើ​ប្រឡាយ និង​ខ្នង​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ ចំនួន ៨​សហគមន៍ ថា​នឹង​អភិវឌ្ឍ​តំបន់​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ ហើយ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ប្រឡាយ និង​រស់នៅ​លើ​ខ្នង​ប្រឡាយ មិន​ត្រូវ​បណ្ដេញ​ចេញ​នោះ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ លោកស្រី សេង ស៊ីណាត សំណូមពរ​ឲ្យ​អភិបាល​ក្រុង​ថ្មី អភិវឌ្ឍ​ប្រឡាយ​ស្ទឹងមានជ័យ ឲ្យ​បាន​ឆាប់ និង​ត្រូវ​គោរព​តាម​ការ​សន្យា​របស់​អភិបាល​ក្រុង​ចាស់ ដោយ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ហើយ​កុំ​បណ្ដេញ​ប្រជាជន​ចេញ៖ «ខ្ញុំ​មាន​សំណូមពរ​ចង់​ឲ្យ​គាត់​ជួយ​ដឹកនាំ​ក្រុម​ការងារ​របស់​គាត់​ហ្នឹង ជួយ​អភិវឌ្ឍ​សហគមន៍​ពួក​ខ្ញុំ​ហ្នឹង​បាន​ដូច​លោក ប៉ា សុជាតិវង្ស សន្យា​ពី​មុន​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​ចឹង»

បន្ថែម​ពី​លើ​ការ​សន្យា​មិន​បណ្ដេញ​ពលរដ្ឋ​ចេញ​ដើម្បី​អភិវឌ្ឍ​តំបន់​ប្រឡាយ​ស្ទឹងមានជ័យ លោក ប៉ា សុជាតិវង្ស បាន​ស្នើ​មុន​ពេល​បោះឆ្នោត​ឃុំ-សង្កាត់ ឲ្យ​ពលរដ្ឋ​រស់នៅ​ស្ទឹងមានជ័យ នឹងន​ក្នុង​ចិត្ត និង​ទុក​ចិត្ត​លើ​អាជ្ញាធរ។ ការ​ស្ថាបនា​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ អភិបាល​ក្រុង​ចាស់​ធ្លាប់​បង្ហើប​ថា មាន​គម្រោង​ជីក​ប្រឡាយ​ឲ្យ​ជ្រៅ និង​កំណត់​ទំហំ​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​ឲ្យ​ច្បាស់។ អតីត​អភិបាល​ក្រុង លោក ប៉ា សុជាតិវង្ស សន្យា​ធ្វើ​ប្រទានកម្ម​ដី​ទំហំ ៥​ម៉ែត្រ​គុណ ៨​ម៉ែត្រ ហើយ​សល់​មុខ​ផ្ទះ ១​ម៉ែត្រ និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​នៅ​ជាប់​មាត់​ប្រឡាយ​ទឹក​ស្អុយ ដល់​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ។

លោក ឃួង ស្រេង ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ទាន់​ប្រាប់​បាន​ទេ​ថា​លោក​នឹង​ធ្វើ​អ្វី​ដំបូង​គេ​សម្រាប់​មុខ​តំណែង​ជា​អភិបាល​ក្រុង​នេះ។ លោក​ស្នើ​ឲ្យ​រង់ចាំ​មើល​ការ​ប្ដេជ្ញា​របស់​លោក​ក្នុង​ពិធី​ផ្ទេរ​តំណែង​ជា​ផ្លូវការ។ ទោះ​យ៉ាង​ណា លោក ឃួង ស្រេង មិន​បញ្ជាក់​ថា​នឹង​ធ្វើ​ពិធី​ផ្ទេរ​នៅ​ពេល​ណា​នោះ​ទេ៖ «ឥឡូវ​នេះ គឺ​ខ្ញុំ​អត់​ទាន់ សុំ​អត់​ទាន់​និយាយ​ទេ ចាំ​ដល់​ពេល​ប្រកាស​ហើយ ខ្ញុំ​នឹង​ជម្រាប​ជូន​ពេល​ថ្ងៃ​ប្រកាស​តែ​ម្ដង។ នៅ​ថ្ងៃ​នោះ​ខ្ញុំ​នឹង​ប្រកាស​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ»

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី សង្ឃឹម​ថា បញ្ហា​ជម្លោះ​ដីធ្លី​ក្នុង​ក្រុង​ភ្នំពេញ​ក្នុង​អាណត្តិ​លោក ឃួង ស្រេង រាជធានី​ភ្នំពេញ​នឹង​មាន​ការ​អភិវឌ្ឍ​បាន​ល្អ​ជាង​អាណត្តិ​របស់​អភិបាល​ក្រុង​ចាស់។ លោក អៀង វុទ្ធី យល់​ថា លោក ឃួង ស្រេង នឹង​បញ្ចេញ​យុទ្ធសាស្ត្រ​ល្អៗ​ក្នុង​ការ​ទាក់ទាញ​យក​សន្លឹកឆ្នោត​របស់​បក្ស​កាន់​អំណាច​នៅ​ភ្នំពេញ​មក​វិញ៖ «លទ្ធផល​ហាក់បីដូចជា​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​ប្រែប្រួល​ច្រើន ដើម្បី​ដំណើរការ​ទៅ​មុខ ចឹង​ខ្ញុំ​ជឿជាក់​ថា លោក​អភិបាល​ថ្មី​នឹង​មាន​យុទ្ធសាស្ត្រ​ល្អៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ទាក់ទង​ចិត្ត​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ជឿជាក់​ចំពោះ​ការ​ដឹកនាំ»

បើ​ទោះ​ជា​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ព្រួយ​បារម្ភ​ថា​ក្នុង​អាណត្តិ​លោក ឃួង ស្រេង អាច​បញ្ជា​កង​កម្លាំង​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ជាង​អាណត្តិ​លោក ប៉ា សុជាតិវង្ស ប៉ុន្តែ​ពួក​គេ​រក្សា​គោល​ជំហរ​ចេញ​តវ៉ា​ទាមទារ​ដី​របស់​ពួក​គេ​មក​វិញ​ឲ្យខាងតែ​បាន​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។