សង្គម​ស៊ីវិល៖ ការ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ដី​នៅ​មេមត់​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

ដោយ សូត សុខប្រាថ្នា
2014.11.24
តវ៉ា​ខេត្ត​ត្បូងឃ្មុំ ៦១០ ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ជាង ២០០​នាក់​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​សាលាខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ ២០១៤។
RFA/Saut Sok Prathna

ពលរដ្ឋ​នៅ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ បាន​បន្ត​ស្នាក់នៅ​តវ៉ា​មុខ​សាលាស្រុក​ឈាន​ដល់​ថ្ងៃ​ទី​៤ ហើយ​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ប៉ុន្តែ​នៅ​មិន​មាន​ដំណោះស្រាយ​ដដែល។ យ៉ាងណាក៏ដោយ សង្គម​ស៊ីវិល​យល់ថា ការ​មិន​ព្រម​ដោះស្រាយ​នេះ គឺ​ធ្វើ​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

«សំឡេង​ពលរដ្ឋ​ស្រែក​តវ៉ា​នៅមុខ​សាលាស្រុក​មេមត់»

សម្រែក​ទាមទារ​របស់​ពលរដ្ឋ​នៅ​ជាច្រើន​រយ​នាក់ នៅមុខ​សាលាស្រុក​មេមត់​ប្រកបដោយ​ទឹកមុខ​ឈឺចាប់ និង​មាន​អ្នកខ្លះ​ស្រក​ទឹក​ភ្នែក​ផង​នោះ គឺ​ដើម្បី​ឱ្យ​អាជ្ញាធរ​ចេញមុខ​ដោះស្រាយ​រឿង​ចេញ​ប្លង់​កម្មសិទ្ធិ ជូន​ពួកគាត់​ជាង​៥​រយ (៥២៤) គ្រួសារ​លើ​ទំហំ​ផ្ទៃដី​ជាង​២០​ហិកតារ។ ក៏ប៉ុន្តែ​ទោះបីជា​ពួកគាត់​ខំប្រឹង​ស្រែក​យ៉ាង​ក៏ដោយ ក៏​មិន​មាន​អាជ្ញាធរ​ណា​ចេញមុខ​ដោះស្រាយ​ជូន​ពួកគាត់ បើ​ទោះ​បីជា​ក្រុម​ប្រជាពលរដ្ឋ​គំរាម​ថា​នឹង​បិទ​ផ្លូវ​យ៉ាងណា​ក៏​ដោយ​ចុះ។

ពលរដ្ឋ​ស៊ូទ្រាំ​សម្រាន្ត​នៅ​មុខ​សាលាស្រុក ៣​យប់ បួន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​មាន​លទ្ធផល​ល្អ​ទេ។ លទ្ធផល​ដែល​មាន​សម្រាប់​ពួកគាត់ គឺ​ត្រូវ​សម្រាន្ត​ហាលវាល​ហាលសន្សើម បាត់បង់​ភាព​ថ្លៃថ្នូរ​ជា​មនុស្ស ចំណែក​អ្នកធ្វើការ​នៅ​ក្នុង​សាលាស្រុក បាន​ត្រឹម​តែ​ដើរ​មក​បិទ​ភ្លើង​តាម​របង ដែល​រាល់​យប់​តែងតែ​បើក​បំភ្លឺ និង​ថែមទាំង​ចាក់​សោរ​ទ្វារ​បង្គន់​អនាម័យ មិន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​សម្រាក​តវ៉ា​នោះ​អាច​ចូល​បន្ទោបង់​បាន​ឡើយ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ខ្នង​ក្រពើ​លិច លោក ស៊ឹម គីមស្រ៊ុន មាន​ប្រសាសន៍​ថា​ពលរដ្ឋ គឺ​មាន​ការ​លំបាក​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​បញ្ហា របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​នោះ។ លោក​ថា​អាជ្ញាធរ​ហាក់​នៅ​ក្រោម​ឥទ្ធិពល របស់​ក្រុមហ៊ុន​បានជា​មិន​មាន​សិទ្ធិ​សម្រេច​លើ​បញ្ហា​នេះ​សោះ៖ «វា​មិន​ដឹង​យ៉ាងណា​បើ​អាជ្ញាធរ មិន​ព្រម​ដោះស្រាយ​ផង​ហើយ ឱ្យ​យើង​ទៅ​ចរចា​ជាមួយ​ក្រុមហ៊ុន​អីចឹងៗ បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ឱ្យ​ទេ ពួក​ខ្ញុំ​នៅតែ​បន្ត​រហូត​អត់​មាន​ទៅ​ណា​ទេ។ ការ​នេះ​ចង់បាន​បំផុត​គឺ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នូវ​ផ្ទះសម្បែង​ដីធ្លី​ខ្លួនឯង​ហ្នឹង»

ចំណែក​ឯ​យុវសិស្ស​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ឈ្មោះ ជឹម សុវណ្ណដារា ឱ្យ​ដឹង​ថា​ចាប់ពី​ពេល​ក្រុម​គ្រួសារ​របស់​ខ្លួន​មក​តវ៉ា​ទាមទារ​សិទ្ធិ​រស់នៅ ស្របច្បាប់​នោះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​លោក​ជា​ខ្លាំង។ យុវសិស្ស​រូប​នេះ បន្ថែម​ថា អនាគត​កូន​អ្នក​មាន​ជម្លោះដីធ្លី​ជាច្រើន អាច​នឹង​ត្រូវ​ប្រឡង​ធ្លាក់​ផង​ក៏​មិន​ដឹង ពីព្រោះ​ពួកគាត់​មិន​បាន​មក​រៀន​គ្រប់គ្រាន់ ដោយសារ​តែ​រវល់​ទាមទារ​ដី​លំនៅឋាន​របស់​ខ្លួន៖ «គាត់​អត់​បានទេ​ព្រោះ​អី​កាលណា គាត់​អាឡៃ​មក​អីចឹងៗ ទៅ​ធ្វើ​ឱ្យ​ខ្ញុំ​ឯណោះ​ខាត​រៀន​ខាត​សូត្រ។ ខាត​ច្រើន​ណាស់​បង តាំងពី​រៀន​រដ្ឋ​រៀន​គួរ​រៀន​អី​អត់​បាន​រៀន​ទាំងអស់។ រៀន​យប់​រៀន​អី​អត់​បាន​អីចឹង​អាច​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ប្រឡង​ធ្លាក់​អីចឹង​បង»

យុវសិស្ស​ដដែល​លើកឡើង​ទៀត​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ឱ្យ​មាន​សិទ្ធិ​ស្របច្បាប់​នៅ​នឹង​កន្លែង​ទេ ប៉ុន្តែ​បែរជា​តម្រូវ​ឱ្យ​ពលរដ្ឋ​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ផ្សេង​នោះ គឺ​វា​ប្រៀប​ដូច​បន្ថែម​ភាព​ក្រីក្រ​ដាក់​ពួកគាត់​យ៉ាង​នោះ​ឯង។

រហូតមកដល់​រសៀល​ថ្ងៃ​ទី ២៤ វិច្ឆិកា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក​បានទេ​ជុំវិញ​ការ​ទាមទារ​នេះ។

ទោះបីជា​យ៉ាងណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា​ជម្លោះដីធ្លី​នេះ បាន​ឈាន​ទៅ​ដល់​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​មិន​មាន​ការ​ដោះស្រាយ សម្រាប់​ពួកគាត់ និង​ម្យ៉ាង​ការ​ទុក​ពួកគាត់​ឱ្យ​ទទួលរង​ផល​ប៉ះពាល់​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ៖ «ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយ​ទេ ការរំលោភ​ដីធ្លី​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ហើយ​ពួកគាត់​នឹង​ទៅ​តវ៉ា​រហូតដល់​ភ្នំពេញ​ទៀត។ អីចឹង​យើង​ដឹង​ហើយ​ថា​ការរំលោភ​ដីធ្លី​វា​មិន​មាន​ការ​កើន​ឡើង​ទេ ប៉ុន្តែ​រឿង​ចាស់ៗ​ដែល​កន្លងមក គឺ​កក្រើក​ឡើងវិញ​ហើយ។ អីចឹង​ការ​តវ៉ា​មតិ​របស់​គាត់​ទៅលើ​បញ្ហា​ដីធ្លី​របស់​គាត់​ហ្នឹង នឹង​ទៅ​តវ៉ា​នៅ​ភ្នំពេញ​ជាហេតុ ធ្វើ​ឱ្យ​មាន​ការ​កកស្ទះ​នៅ​ភ្នំពេញ​ម្ដងទៀត»

លោក​បន្ថែម​ថា ស្ថាប័ន​ដែល​អាច​ដោះស្រាយ​រឿង​នេះ​បាន មាន​ពីរ​បន្ត​ទៀត​ទីមួយ​គឺ​ស្ថាប័ន​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ ពីព្រោះ​ថ្នាក់​ស្រុក និង​ខេត្ត​គ្មាន​សមត្ថភាព​ទៅ​ហើយ និង​ស្ថាប័ន​មួយទៀត​នោះ​គឺ​ស្ថាប័ន​រដ្ឋសភា តាមរយៈ​គណៈកម្មការ ​ទី១​របស់​ខ្លួន ដោយ​ត្រូវ​ចេញមុខ​ផ្ទាល់​ក្នុង​ការ​ដោះស្រាយ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។