ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ប្រឆាំង​ក្រុមហ៊ុន​វៀតណាម​ប៊ិញ​ភឿក​១

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី រៀប​ពិធី​ដាក់​បណ្ដាសា​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក ១។ ពួក​គេ​ងាក​មក​រក​ពិធី​បែប​ប្រពៃណី​នេះ បន្ទាប់​ពី​អ្នក​ភូមិ​តវ៉ា​ច្រើន​លើក​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​ទៅ​លើ​ដី​ចម្ការ​វិល​ជុំ និង​ព្រៃ​អ្នក​ភូមិ​អាស្រ័យ​ផល​មិន​បាន​សម្រេច។

ជ្រូក​មួយ​ក្បាល​ទម្ងន់ ៥០​គីឡូក្រាម ត្រូវ​បាន​អ្នក​ភូមិ​អារ​ក​សម្រក់​ឈាម សែន​ព្រេន​អារក្ស​អ្នក​តា​ព្រៃ​ភ្នំ ឲ្យ​បញ្ចេញ​បារមី​ស័ក្ដិសិទ្ធិ​បំផ្លាញ​ជន​ទាំង​ឡាយ​ដែល​បាន​ឈូស​ឆាយ​រំលោភ​ដីធ្លី ព្រៃ​ឈើ​ប្រជាពលរដ្ឋ ជាពិសេស​ក្រុមហ៊ុន​សម្បទាន​វៀតណាម ឈ្មោះ ប៊ិញ ភឿក ១ ដែល​បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​សហគមន៍​រៀង​រាល់​ថ្ងៃ៖ «សូម​ឲ្យ​ម្ចាស់​ទឹក​ម្ចាស់​ដី​ជួយ​ថែ​រក្សា​កូន​ចៅ ហើយ​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដី​ប្រជាពលរដ្ឋ សូម​ឲ្យ​ម្ចាស់​ទឹក​ម្ចាស់​ដី​ធ្វើ​ឲ្យ​វា​រលាយ»

ពិធី​ដាក់​បណ្ដាសា​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា នៅ​កន្លែង​ដែល​អ្នក​ភូមិ​ជាង ៧០​នាក់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា បាន​នាំ​គ្នា​រឹប​អូស​គ្រឿងចក្រ​ក្រុមហ៊ុន ដើម្បី​បញ្ឈប់​ការ​ឈូស​ឆាយ​លើ​ដី​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត។

តំណាង​អ្នក​ភូមិ លោក យ៉ាន ម៉ៅ រៀបរាប់​ថា នេះ​ជា​ជំនឿ​របស់​ជនជាតិ​ដើម​ភាគ​តិច​ដែល​រំពឹង​ទៅ​លើ​បារមី​អារក្ស​អ្នក​តា​ព្រៃ​ភ្នំ ថា​មាន​មហិទ្ធិឫទ្ធិ​ជួយ​បំផ្លាញ ឬ​ធ្វើ​ឲ្យ​មាន​ហេតុ​អាក្រក់​កើត​មាន​ចំពោះ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ពលរដ្ឋ​ក្នុង​ភូមិ។ ដោយ​ឡែក​ទៀត នេះ​ក៏​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រងគ្រោះ​បញ្ហា​ដីធ្លី ដែល​មិន​អាច​ទទួល​បាន​ដំណោះស្រាយ​យុត្តិធម៌ ក្នុង​ការ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ៖ «ពួក​ខ្ញុំ​កំពុង​រៀបចំ​ដាក់​បណ្ដាសា។ ប្រជាពលរដ្ឋ​ចាស់​ទុំ​ទាំងអស់​មួយ​ភូមិ មក​ធ្វើ​ពិធី​សែន​ព្រេន មាន​ជ្រូក ស្រា​ពាង មាន​អ្វី​ច្រើន»

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ព្នង ភូមិ​ចក់ចារ ជាង ២០០​គ្រួសារ ប្រឈម​ទៅ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ប៊ិញ ភឿក ១ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​នៅ​តំបន់​អ្នក​ភូមិ​ធ្លាប់​រស់នៅ ដោយ​សំអាង​ថា ដី​នោះ​រដ្ឋ​បាន​ផ្តល់​ជាង ៥​ពាន់​ហិកតារ ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​តាំង​ពី​ឆ្នាំ​២០១០។

កាល​ពី​ខែ​ធ្នូ មន្ត្រី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​អាជ្ញាធរ​ស្រុក​កែវសីមា បាន​ព្យាយាម​ចុះ​ដោះស្រាយ​ទំនាស់​នេះ​បួន​លើក ក្នុង​នោះ​អាជ្ញាធរ​សម្រេច​កាត់​ចេញ​ដី ៣៧៥​ហិកតារ ក្នុង​បរិមាណ​ដី ៥០០​ហិកតារ​ក្នុង​ដី​សម្បទាន​ប្រគល់​ឲ្យ​អ្នក​ភូមិ ក៏ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​មិន​ទទួល​យក​ដំណោះស្រាយ​នោះ​ទេ ពីព្រោះ​អ្នក​ភូមិ​ចាត់​ទុក​ដំណោះស្រាយ​ប្រគល់​ដី ៣៧៥​ហិកតារ​ឲ្យ​អ្នក​ភូមិ គឺ​ជា​ដី​ថ្ម​គ្មាន​ជីវជាតិ។ ករណី​នេះ អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​សង់​រោង​លើ​ដី​ចម្ការ​វិល​ជុំ​ពួក​គាត់ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ ដើម្បី​ទាមទារ​យក​ដី​នោះ​វិញ។

យ៉ាង​នេះ​ក៏ដោយ កង​កម្លាំង​ចម្រុះ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី រួម​ទាំង​មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត កាល​ពី​ចុង​ខែ​ធ្នូ បាន​ចុះ​រុះរើ​បង្គោល​របង​ព្រំ​ដី​ជាង ១០០​បង្គោល និង​រុះរើ​ដុត​រោង​ប្រក់​សំពត់​កៅស៊ូ​របស់​អ្នក​ភូមិ​ជាង ១០០​រោង បន្ទាប់​ពី​អ្នក​ភូមិ​លើក​គ្នា​ទៅ​បោះ​ទីតាំង​កំណត់​ព្រំ​ដី​សហគមន៍​ជា​ឯកតោ​ភាគី ដោយសារ​តែ​អ្នក​ភូមិ​មិន​ទទួល​យក​ចំណាត់​ការ​របស់​អាជ្ញាធរ​ស្រុក ដែល​លម្អៀង​ក្នុង​ការ​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន។

អ្នក​តវ៉ា​មួយ​រូប​ទៀត​ឈ្មោះ ប្រាក់ សុខា សម្ដែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ។ ហេតុ​នេះ អ្នកស្រី​បួង​សួង​សុំ​ឲ្យ​អារក្ស​ព្រៃ​ភ្នំ ផ្ដន្ទាទោស​អ្នក​រំលោភ​បំពាន​ប្រជាជន ហើយ​ថែ​រក្សា​ទឹក​ដី​ប្រជាជន​ឲ្យ​បាន​នៅ​គង់វង្ស៖ «ពួក​ខ្ញុំ​និយាយ​សែន​អារក្ស​អ្នក​តា កុំ​ឲ្យ​ធ្វើ​បាប​អ្នក​ស្រុក​អ្នក​ភូមិ អ៊ីចឹង​ណា! ឥឡូវ​ពួក​ខ្ញុំ​សែន​ប្រាប់​អារក្ស​អ្នក​តា​វិញ បើ​ក្រុមហ៊ុន​ណា​ឈូស​ឆាយ​ធ្វើ​បាប​ប្រជាជន​ឲ្យ​វា​រលាយ​ទៅ។ ពួក​ខ្ញុំ​តវ៉ា​ឲ្យ​បាន​ដី​ពួក​ខ្ញុំ​តែ​ប៉ុណ្ណឹង»

អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ កន្លង​ទៅ​ចាត់​ទុក​ការ​ទាមទារ​របស់​អ្នក​ភូមិ ថា​ជា​អំពើ​ខុស​ច្បាប់ និង​ជាពិសេស គឺ​ជា​ការ​ទាមទារ​របស់​អ្នក​ភូមិ​មួយ​ចំនួន​តូច រួម​ជាមួយ​ពលរដ្ឋ​ពី​តំបន់​ផ្សេង មាន​គោល​បំណង​ចាប់​យក​ដី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រួច​ហើយ។ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា លោក​អភិបាល​ស្រុក​រូប​នេះ បាន​ចាត់​ទុក​ការ​ប្រើ​អំពើ​ហិង្សា​រឹប​អូស​គ្រឿងចក្រ​ក្រុមហ៊ុន​ពី​សំណាក់​ពលរដ្ឋ​អ្នក​តវ៉ា ថា​ជា​អំពើ​រំលោភ​ទៅ​លើ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។ លោក​ថ្លែង​ថា អាជ្ញាធរ​អស់​លទ្ធភាព​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទាំង​នោះ​ហើយ។ ហេតុ​នេះ រឿងរ៉ាវ​ដែល​ប្រជាពលរដ្ឋ​បង្កើត​ឡើង​នេះ អាស្រ័យ​លើ​ភាគី​ក្រុមហ៊ុន​ធ្វើ​ការ​សម្រេច​បែប​ណា​ជាមួយ​ទង្វើ​បំពាន​ច្បាប់​របស់​ពលរដ្ឋ៖ «ដី​ដែល​មាន​ទំនាស់ គឺ ៥០០​ហិកតារ បាន​ដោះស្រាយ​ទៅ​ឲ្យ​ក្រុមហ៊ុន ១២៥​ហិកតារ និង​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ ៣៧៥​ហិកតារ។ យើង​ពិនិត្យ​ទៅ​ប្រហែល ៦​គ្រួសារ​ទេ ប៉ុន្តែ​មាន​ប្រជាជន​នៅ​ខាង​ក្រៅ​មក​ចូលរួម​ដែរ ដើម្បី​ចង់​បាន​ចំណែក​ដែរ»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ធ្វើ​លិខិត​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ពិនិត្យ​ករណី​បណ្ដឹង​តវ៉ា​របស់​ពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​ស្នើសុំ​ឲ្យ​រដ្ឋសភា​ជួយ​រក​យុត្តិធម៌​ពី​ការ​រំលោភ​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន ប៊ិញ ភឿក ១ និង​រាយការណ៍​ពី​លទ្ធផល​នៃ​ដំណោះស្រាយ​មក​សភា​វិញ។ ក៏ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​ឈូស​ឆាយ​យក​ដី ធ្វើ​ឲ្យ​អ្នក​ភូមិ​អស់​ជម្រើស​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ផ្លូវ​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​កម្មវិធី​ដីធ្លី​នៃ​សមាគម​អាដហុក (adhoc) លោក ប៉ែន ប៊ុណ្ណារ៍ កត់​សម្គាល់​ថា ការ​ពឹង​ពាក់​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​របស់​អ្នក​ភូមិ គឺ​ជា​ជម្រើស​ចុង​ក្រោយ បន្ទាប់​ពី​អ្នក​ភូមិ​អស់​ជំនឿ​លើ​វិធានការ​ច្បាប់។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ចៀសវាង​កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ជាង​នេះ៖ «ប្រសិន​គាត់​បាន​ធ្វើ​លើ​ដី​ហ្នឹង គាត់​អាច​មាន​ជីវភាព​ធូរធារ។ ប្រសិន​មិន​ដោះស្រាយ​ឲ្យ​គាត់​ទេ ទាំងអស់​ហ្នឹង​ប្រាកដ​ទទួល​ដល់​រដ្ឋាភិបាល ហើយ​វា​អាច​ឈាន​ដល់​អំពើ​ហិង្សា»

មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២ ខែ​មករា មិន​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​ដោះស្រាយ​បញ្ហា​ប្រឈម ខណៈ​អ្នក​តវ៉ា​បាន​ចាប់​គ្រឿងចក្រ​ក្រុមហ៊ុន​ជា​ចំណាប់​ខ្មាំង បង្ខំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ។ តំណាង​អ្នក​ភូមិ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សែន​ព្រេន​ដាក់​បណ្ដាសា ហើយ​អ្នក​ភូមិ​នឹង​នាំ​គ្នា​សង់​រោង​ស្នាក់នៅ​កន្លែង​តវ៉ា​ជា​ថ្មី។ ចំណែក​គ្រឿងចក្រ​ក្រុមហ៊ុន​ដែល​អ្នក​ភូមិ​ចាប់​ទុក​ជា​ចំណាប់​ខ្មាំង អ្នក​ភូមិ​ចាត់​គ្នា​យាម​ការពារ​រហូត​មាន​ដំណោះស្រាយ​សមស្រប​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។