ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​ចុះ​វាស់វែង​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​សហគមន៍​សេ.អ៊ី.ប្រាំ

ដោយ ដែន អយុធ្យា
2016-01-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វាស់​ដី​ខេត្ត​ព្រះសីហនុ ២០១៦ ៨៥៥
ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ និង​វាស់​ដី​ជូន​ពលរដ្ឋ​នៅ​សហគមន៍ សេ.អ៊ី.ប្រាំ (CI5) ឋិត​នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដឹក​នាំ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មូលដ្ឋាន ចុះ​វាស់វែង​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍ សេ.អ៊ី.ប្រាំ (CI5) ស្ថិត​ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ទៅ​តាម​សំណូមពរ​របស់​អ្នក​ភូមិ​ចំនួន ១២៦​គ្រួសារ ដែល​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​សហគមន៍ សេ.អ៊ី.ប្រាំ បាន​គាំទ្រ​ចំណាត់​ការ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​វាស់​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ពេល​នេះ។

សកម្មភាព​ចុះ​ពិនិត្យ និង​វាស់​ដី​ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍ សេ.អ៊ី.ប្រាំ របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ នៅ​ពេល​នេះ គឺ​មាន​រយៈពេល ២​ថ្ងៃ​មក​ហើយ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ដែល​បាន​ដឹក​នាំ​ក្រុម​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​នេះ ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ​មាន​លំនៅឋាន​ជាក់ស្តែង​រស់នៅ​ភូមិ​ធូធឿង ឃុំ​បិតត្រាំង មាន​ប្រសាសន៍​ថា ការ​ចុះ​វាស់​ដី​ជូន​ពលរដ្ឋ​នៅ​សហគមន៍ សេ.អ៊ី.ប្រាំ នេះ គឺ​ធ្វើ​តែ​ទៅ​លើ​ពលរដ្ឋ​មាន​ផ្ទះ​រស់នៅ​លើ​ដី​ជាក់ស្តែង​ប៉ុណ្ណោះ។ ចំណែក​ម្ចាស់​ដី​ដែល​មិន​មាន​វត្តមាន​ជាក់ស្តែង​ក្នុង​មូលដ្ឋាន ឬ​មាន​តែ​ដី​ចម្ការ អាជ្ញាធរ​មិន​ទាន់​វាស់​ជូន​ទេ។

លោក ស្រ៊ុន ស្រ៊ន់ អះអាង​ថា ក្រោយ​បញ្ចប់​សកម្មភាព​ចុះ​វាស់​ដី​ជូន​ពលរដ្ឋ​នៅ​សហគមន៍ សេ.អ៊ី.ប្រាំ ចប់​រួច​រាល់ អាជ្ញាធរ​នឹង​បន្ត​ចុះ​អនុវត្ត​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត​ទៅ​តាម​ពេលវេលា​ជាក់ស្តែង៖ «យើង​បាន​ឯកភាព​គ្នា​រួច​ហើយ គឺ​អាជ្ញាធរ​ចុះ​មក​សហគមន៍ សេ.អ៊ី.ប្រាំ នេះ គឺ​ដើម្បី​ចុះ​អនុវត្ត​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​មាន​ផ្ទះ​រស់នៅ​លើ​ដី​ជាក់ស្តែង​ទេ»

ទាក់ទិន​បញ្ហា​នេះ ស្ត្រី​ឈ្មោះ គឹម នឿន ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​សហគមន៍ សេ.អ៊ី.ប្រាំ បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​វាស់​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ទាំង ១២៦​គ្រួសារ ឲ្យ​មាន​ប្លង់​កម្មសិទ្ធិ​ទាំងអស់​គ្នា៖ «សូម​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ និង​អភិបាល​ស្រុក​ថ្មី សូម​ជួយ​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍ សេ.អ៊ី.ប្រាំ ទាំង​ពលរដ្ឋ​មាន​ផ្ទះ មាន​ដី និង​មាន​មនុស្ស​រស់​នៅ និង​អ្នក​ឈរ​ឈ្មោះ​លើ​ក្បាល​ដី ដើម្បី​វាស់វែង​ឲ្យ​បាន​ទាំងអស់​គ្នា»

ចំណែក​បុរស​ឈ្មោះ ប៉ាវ យ៉ាន ក៏​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ ឲ្យ​ពន្លឿន​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​រស់នៅ​សហគមន៍ សេ.អ៊ី.ប្រាំ ទាំង​ពលរដ្ឋ​មាន​ផ្ទះ​រស់នៅ​ជាក់ស្តែង និង​អ្នក​មាន​ដី​ចម្ការ​ដែល​គ្មាន​សង់​ផ្ទះ​រស់នៅ​ជាក់ស្តែង ឲ្យ​បាន​គ្រប់​គ្នា៖ «សូម​សម្ដេច​ជួយ​ជំរុញ​ឲ្យ​ក្រុម​ការងារ ចុះ​វាស់វែង​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​ឲ្យ​បាន​ជា​ស្ថាពរ»

ទាក់ទិន​បញ្ហា​នេះ ប្រធាន​សហគមន៍ សេ.អ៊ី.ប្រាំ លោក ស៊ុន សុផាត ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​ថា ការ​ចុះ​អនុវត្ត​សកម្មភាព​វាស់វែង​ដី​ជូន​ពលរដ្ឋ​ពេល​នេះ អាជ្ញាធរ​ខេត្ត​អនុវត្ត​តែ​ទៅ​លើ​ពលរដ្ឋ​មាន​ផ្ទះ​រស់នៅ​លើ​ដី​ជាក់ស្តែង។ ចំណែក​ពលរដ្ឋ​ដែល​មាន​ដី​ចម្ការ ឬ​មាន​ដី​ហ៊ុមព័ទ្ធ​របង​ទុក​ចោល ដែល​ម្ចាស់​មិន​បាន​មក​រស់នៅ​ជាក់ស្តែង អាជ្ញាធរ​អះអាង​ថា នឹង​ចុះ​វាស់​នៅ​ពេល​ក្រោយ​ទៀត៖ «បញ្ហា​នេះ​ខ្ញុំ​ក៏​បាន​ស្នើសុំ​ទៅ​ឯកឧត្តម​អភិបាល​ខេត្ត​ដែរ គឺ​ចង់​ឲ្យ​គាត់​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាំងអស់​គ្នា គឺ​ទាំង ១២៦​គ្រួសារ ឬ​ក្បាល​ដី។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​និយាយ​ថា ក្រុម​ការងារ​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍ ឬ​នីតិវិធី​នៃ​កិច្ច​ប្រជុំ​របស់​អាជ្ញាធរ​ខេត្ត និង​តំណាង​ក្រុម​ការងារ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​សហគមន៍ សេ.អ៊ី.ប្រាំ ទទូច​ដល់​អាជ្ញាធរ​ខេត្ត​នេះ ត្រូវ​វាស់​ចំណែក​ដី​ទាំង​អ្នក​មាន​ផ្ទះ​រស់នៅ​លើ​ដី​ជាក់ស្តែង និង​អ្នក​មាន​តែ​ដី​ចម្ការ ទៅ​តាម​ក្បាល​ដី​ជាក់ស្តែង​ទាំង ១២៦​គ្រួសារ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ក្នុង​សហគមន៍​នេះ៖ «ក្នុង​ដំណាក់​កាល​ទី​១ នេះ អាជ្ញាធរ​វាស់វែង​ដី​ជូន​តែ​ពលរដ្ឋ​មាន​ផ្ទះ​នៅ​លើ​ដី​ជាក់ស្តែង​ទេ។ ចំណែក​ឯ​ពលរដ្ឋ​ដែល​មាន​ដី​ព័ទ្ធ​របង មិន​មាន​ផ្ទះ​រស់នៅ​ជាក់ស្តែង នឹង​វាស់​នៅ​ពេល​ក្រោយ ប៉ុន្តែ​បញ្ហា​នេះ ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ថា តើ​ពួក​គាត់​អាច​ទទួល​បាន​ប្លង់​ដី​ទាំងអស់​នោះ​ស្រប​ច្បាប់​ដែរ​ឬ​ទេ»

យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​សាទរ​ចំពោះ​សកម្មភាព​ចុះ​វាស់វែង​ចំណែក​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ជូន​ពលរដ្ឋ​សហគមន៍ សេ.អ៊ី.ប្រាំ ពេល​នេះ។ លោក​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ត្រូវ​ចុះ​អនុវត្ត​សកម្មភាព​នេះ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាង ២០​សហគមន៍​ទៀត ដើម្បី​ឈាន​ដល់​បញ្ចប់​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​កន្លង​មក៖ «ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ សេ.អ៊ី.ប្រាំ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ សប្បាយ​រីក​រាយ​ក្រៃលែង នៅ​ពេល​អភិបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ក្រុម​ការងារ​ចុះ​វាស់វែង​ចំណែក​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ពេល​នេះ។ ជាង​នេះ ក៏​រំពឹង​ថា នៅ​ពេល​អាជ្ញាធរ​ចុះ​វាស់​ដី​នៅ​សហគមន៍ សេ.អ៊ី.ប្រាំ រួច​ហើយ នឹង​ចុះ​វាស់​ដី​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត​ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់»

ប្រធាន​សហគមន៍ សេ.អ៊ី.ប្រាំ លោក ស៊ុន សុផាត បាន​ឲ្យ​ដឹង​ថា ដី​លំនៅឋាន និង​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​ទាំង ១២៦​គ្រួសារ នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ មាន​ផ្ទៃ​ដី​សរុប​ជាង ១១១​ហិកតារ។ ប្រជាពលរដ្ឋ​ខ្លះ បាន​មក​រស់នៅ​លើ​ទីតាំង​នេះ​តាំង​ពី​ឆ្នាំ​១៩៩៣ មក ប៉ុន្តែ​កន្លង​មក​នេះ មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន មាន​មហិច្ឆតា​ប៉ុនប៉ង​ឃុបឃិត​រំលោភ​យក​ដី ដែល​នាំ​ឲ្យ​ពលរដ្ឋ​សហគមន៍​នេះ​មាន​ការ​ព្រួយ​បារម្ភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល