ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ព្រមាន​ឡើង​តវ៉ា​ដល់​ថ្នាក់​ជាតិ​រឿង​ក្រុមហ៊ុន​ចិន​បិទ​ផ្លូវ

ដោយ​ សូត សុខប្រាថ្នា
2016.02.05
ក្រុមហ៊ុន​ចិន បិទ​ផ្លូវ ត្បូងឃ្មុំ ៨៥៥ ផ្លូវ​ធ្វើ​ដំណើរ​របស់​ភូមិ​ឆ្លង​កាត់​តាម​ដី​​​របស់​ក្រុមហ៊ុន​ចិន ឆ្ពោះ​ទៅ​ដី​ស្រែ​ចម្ការ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ចិន បិទ​មិន​ឱ្យ​ពលរដ្ឋ​នៅ​ភូមិ​ជីទ្រុន ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ឆ្លង​កាត់។ រូបថត​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៦
Photo ADHOC

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ពី​ផល​លំបាក​ធ្វើ​ដំណើរ​ទៅ​ដីស្រែ​ចម្ការ និង​រក​អនុផល​ធម្មជាតិ ព្រម​ទាំង​នេសាទ​ត្រី​ផង ក្រោយ​ពេល​ក្រុមហ៊ុន​ចិន មួយ​បិទ​ផ្លូវ​មិន​អោយ​ប្រជាពលរដ្ឋ​ទូទៅ​ឆ្លង​កាត់។ យ៉ាង​ណា​តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា ពួកគេ​មិន​បាន​បិទ​ផ្លូវ​ដែល​អ្នក​ភូមិ​ធ្លាប់​ឆ្លង​កាត់​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​មិន​អាច​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ឈ្មោះ ហាមឺនីវេន អ៊ិនវេសមេន (Hamenivent Investment ) បិទ​ផ្លូវ​សាធារណៈ​របស់​ពួកគាត់​បាន​ទៀត អ្នក​ភូមិ​នឹង​នាំ​គ្នា​តវ៉ា​ដល់​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ជាតិ​តែម្ដង។ ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​គ្មាន​លទ្ធផល​ល្អ​ឡើយ។

ប្រជា​សហគមន៍​ភូមិ​ជីទ្រុន មួយ​រូប លោក ស សុវណ្ណ មាន​ប្រសាសន៍​ថា តាំង​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជីទ្រុន តវ៉ា​ទៅ​នឹង​សកម្មភាព​ក្រុមហ៊ុន​ចិន មួយ​នេះ ចំពោះ​ការ​រំលោភ​យក​ដី​សហគមន៍​ជាង ២០​ហិកតារ និង​ដី​ចំណី​មាត់​ព្រែក​ផ្សេង​ទៀត ក្រុមហ៊ុន​ក៏​ចាប់​ផ្ដើម​បិទ​ផ្លូវ​ធ្វើ​ដំណើរ​មិន​ឱ្យ​ពលរដ្ឋ​អាច​ឆ្លង​កាត់​ដូច​ពេល​មុន​បាន។ លោក​បន្ត​ថា ការ​បិទ​ផ្លូវ​ឆ្លង​កាត់​ដី​ក្រុមហ៊ុន​ចិន គឺ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ពិបាក​ធ្វើ​ដំណើរ​ទៅ​ដីចម្ការ ព្រម​ទាំង​ទៅ​នេសាទ​ត្រី​នៅ​ព្រែក​ឆ្លូង ឬ​រក​ជីក​ទំពាំង​ជាដើម៖ «បាទ! ប្រជាពលរដ្ឋ​នៅ​ហ្នឹង គេ​មិន​បោះបង់​ការ​ទាមទារ​នោះ​ទេ គេ​នៅ​តែ​ទាមទារ​គេ​នៅ​តែ​ប្ដឹង ប៉ុន្តែ​គ្មាន​អំពើ​ហិង្សា​ទេ»

​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦ ពលរដ្ឋ ១៣៦​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ស្រុក​តំបែរ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​បើក​ផ្លូវ​សម្រាប់​អ្នក​ភូមិ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​ដីស្រែ​ចម្ការ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ ដូច​ធម្មតា​ឡើង​វិញ។ យ៉ាង​ណា ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​នៅ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

ទាក់ទង​បញ្ហា​នេះ អ្នក​បកប្រែ​ភាសា​ចិន ឱ្យ​ភាគី​ក្រុមហ៊ុន ហាមឺនីវេន អ៊ិនវេសមេន លោក លី ហ៊ាង បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​មិន​បាន​បិទ​ផ្លូវ​សាធារណៈ​ដូច​ការ​ចោទ​ប្រកាន់​ទេ ប៉ុន្តែ​ពេល​ខ្លះ ខាង​ក្រុមហ៊ុន​បិទ​មិន​ឱ្យ​ពលរដ្ឋ​តំបន់​ឆ្ងាយៗ ឆ្លង​ប៉ុណ្ណោះ ព្រោះ​ប៉ះពាល់​ដល់​ការងារ​ក្រុមហ៊ុន៖ «ព្រោះ​ថា ប្រជាពលរដ្ឋ​រក​ត្រី​រក​អី ចូល​មក​វា​ស្ទះ​ផ្លូវ​ខាង​ក្រោម ព្រោះ​ផ្លូវ​ខាង​ក្រោម​ជា​ផ្លូវ​អាត្រាក់​ចេញ​ចូល»

ផ្លូវ​ឆ្លង​កាត់​តាម​ដី​ក្រុមហ៊ុន​ចិន ដែល​កំពុង​មាន​វិវាទ​ពេល​នេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ឡើង​សម្រាប់​ធ្វើ​ដំណើរ​កាល​ពី​ឆ្នាំ​២០១១។ ការ​បិទ​ផ្លូវ​កើត​ឡើង​ក្រោយ​ពេល​ប្រជាពលរដ្ឋ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ ព្រម​ទាំង​ប្រគល់​ដី​សហគមន៍​ប្រមាណ ២០​ហិកតារ​តាម​មាត់​ព្រែក​ក្បែរ​នោះ​ជូន​អ្នក​ភូមិ​វិញ កាល​ពី​ឆ្នាំ​២០១៥។

​រី​ឯ​អភិបាល​ស្រុក​តំបែរ លោក នាថ រ៉ាវុធ ឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ចិន បិទ​ផ្លូវ អាច​ដោយសារ​តែ​ពួកគេ​ព្រួយ​បារម្ភ ព្រោះ​កន្លង​មក​មាន​សកម្មភាព​តវ៉ា​ផ្សេងៗ ព្រម​ទាំង​មាន​ប្រជាជន​ចូល​ទៅ​កាប់​ឆ្ការ​ដី​ដាំ​ដំណាំ​នៅ​តំបន់​ដី​ជម្លោះ​ក្បែរ​នោះ។ យ៉ាង​ណា​លោក​ថា នឹង​ទៅ​ជួប​តំណាង​ក្រុមហ៊ុន​ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​មួយ​នេះ៖ «ទៅ​សួរ​នាំ​ក្រុមហ៊ុន​យ៉ាង​ម៉េច បាន​ជា​មាន​ការ​បិទ​ផ្លូវ ហើយ​បងប្អូន​មាន​សំណូមពរ​យ៉ាង​ម៉េច»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ចុះ​អង្កេត​បញ្ហា​នេះ លោក នាង សុវ៉ាត អះអាង​ថា កំណាត់​ផ្លូវ​ដែល​ឆ្លង​កាត់​ដី​ក្រុមហ៊ុន​ទៅ​កាន់​ដី​សហគមន៍​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ព្រែក​ឆ្លូង គឺ​បិទ​ទាំង​ស្រុង​តែម្ដង។ លោក​ថា ការ​បិទ​ផ្លូវ​សាធារណៈ គឺ​ជា​រឿង​ខុស​ច្បាប់៖ «ផ្លូវ​សាធារណៈ គឺ​ជា​ផ្លូវ​របស់​ប្រជាពលរដ្ឋ ជា​ផ្លូវ​របស់​សាធារណជន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ»

​លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន មាន​ន័យ​ថា អាជ្ញាធរ​មូលដ្ឋាន​អាច​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ក្រុមហ៊ុន ព្រម​ទាំង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​មន្ត្រី​រាជរដ្ឋាភិបាល​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។