សាលា​ដំបូង​ខេត្ត​ក្រចេះ​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​១​គ្រួសារ​រុះរើ​លំនៅឋាន

ដោយ ម៉ែន សុធីរ
2016.01.26
ជម្លោះ​ដីធ្លី ក្រចេះ ២០១៦ ៨៥៥ អ្នក​ជិត​ខាង​ផ្ទះ​របស់ លោក ជា សុន ជួយ​ធ្វើ​សាក្សី​ទាក់ទង​នឹង​លិខិត​បង្គាប់​របស់​សាលា​ដំបូង​ខេត្ត​ក្រចេះ ឲ្យ​រុះរើ​ផ្ទះ​ឋិត​នៅ​ភូមិ​អូរឫស្សីទី១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦។
Photo Provided

ពលរដ្ឋ​មួយ​គ្រួសារ បារម្ភ​ពី​ការ​បណ្ដេញ​ចេញ បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ក្រចេះ ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​ដី​សព្វថ្ងៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៨ មករា តាម​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ផ្សេង​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​លិខិត​ជូន​ដំណឹង​ដោយ​យោង​អំណាច​សាល​ដីកា​របស់​សាលា​កំពូល នេះ​ថា មិន​ផ្អែក​លើ​ច្បាប់​ភូមិបាល​ទេ។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​អូរឫស្សីទី១ សង្កាត់​អូរឫស្សី អំពាវនាវ​ឲ្យ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍ បន្ទាប់​ពី​គ្រួសារ​គាត់​រង​ការ​បណ្ដេញ​ដោយ​បង្ខំ​តាម​បណ្ដឹង​ឈ្មោះ សា ជាង កាល​ពី​ឆ្នាំ​១៩៩៧។ ពួក​គាត់​ចាត់​ទុក​លិខិត​ជូន​ដំណឹង​នេះ ថា​ជា​រឿង​អយុត្តិធម៌។

ពលរដ្ឋ​រស់នៅ​ភូមិ​អូរឫស្សីទី១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ លោក ជា សុន រៀបរាប់​ថា កាល​ពី​ឆ្នាំ​១៩៩២ លោក​ទិញ​ដីធ្លី​ពី​ឈ្មោះ សា ជាង ទំហំ ១៥​ម៉ែត្រ បណ្តោយ ២៤​ម៉ែត្រ តម្លៃ​មាស​ជាង ៣​ជី ស្មើ​ប្រាក់​ជាង ១០​ម៉ឺន​រៀល ឋិត​នៅ​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ហើយ​បាន​សាងសង់​លំនៅឋាន​លើ​ដី​នោះ តែ​រហូត​ដល់​ឆ្នាំ​១៩៩៧ លោក សា ជាង បាន​ប្ដឹង​លោក ដោយ​ចោទ​លោក​ថា​កាន់​កាប់​ដី​ខុស​ច្បាប់។ លោក​ថា លោក​បាន​ទិញ​ដី លោក សា ជាង ដោយ​ពុំ​ធ្វើ​លិខិត​ស្នាម​អ្វី​ទេ ក៏ប៉ុន្តែ​លោក​អះអាង​ថា មាន​អ្នក​ភូមិ​ដឹង​ឮ៖ «អនុវត្ត​របស់​តុលាការ ខ្ញុំ​ដឹង​ថា មិន​រុះ​ខ្ញុំ​សុខ​ចិត្ត​នៅ​ដី​ហ្នឹង​ស្លាប់ អត់​មាន​រុះ​ទេ​ដាច់​ខាត ព្រោះ​ដី​ខ្ញុំ​ទិញ​ពិត​ប្រាកដ មាន​ដឹង​ឮ​ពិត​ប្រាកដ មួយ​ភូមិ​គេ​ដឹង​ឮ​ទាំងអស់​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ឌិន ស៊ីវុទ្ធី ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ មករា។

ទាក់ទង​បញ្ហា​នេះ អ្នក​ជិត​ខាង លោក ជា សុន គឺ​លោកស្រី សៅ សារឿន យល់​ថា ការ​សម្រេច​ក្តី​របស់​តុលាការ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ បន្ទាប់​ពី​ពលរដ្ឋ​បាន​តាំង​ទី​លំនៅ​លើ​ដី​នោះ​ជាច្រើន​ឆ្នាំ​កន្លង​មក។ លោកស្រី​ព្រមាន​ថា អ្នក​ភូមិ​ជាច្រើន​នាក់ នឹង​លើក​គ្នា​តវ៉ា​ប្រឆាំង​ការ​រុះរើ​ដោយ​បង្ខំ ប្រសិន​អាជ្ញាធរ​អនុវត្ត​ការ​រុះរើ​ផ្ទះ​នោះ៖ «ធ្វើ​ពាង​ធ្វើ​ក្រឡ​មក​ទិញ​ដី​ហ្នឹង ដោយ​កម្លាំង​ញើស​ឈាម​គាត់​ទេ ហើយ សា ជាង គាត់​បាន​ទទួល​ប្រាក់​ពី​គាត់​គ្រប់​ចំនួន ដែល​និយាយ​ត្រូវរ៉ូវ​គ្នា។ ឥឡូវ​មក​ចង់​សើរើ​ម៉េច​ទៅ​វិញ​កើត។ ឥឡូវ​គិត​មើល តាំង​ពី ១៩៩២ ដល់ ២០១៦ វា ២៤​ឆ្នាំ»

លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១៣ មករា របស់​សាលា​ដំបូង​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា លោក ជា សុន ដែល​ជា​កូន​បំណុល ត្រូវ​រុះរើ​ផ្ទះ​មុន​ថ្ងៃ​ទី​២៨ មករា តាម​អំណាច​សាល​ដីកា​របស់​សាលា​កំពូល ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១០។ សាលា​ដីកា​របស់​សាលា​កំពូល ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១០ បាន​សម្រេច​ក្តី​តាម​សាលា​ឧទ្ធរណ៍ ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០០៥ សម្រេច​ប្រគល់​ដី​នេះ​ឲ្យ​ដើម​ចោទ​ឈ្មោះ សា ជាង ឈ្នះ ដោយ​ត្រូវ​បង់​ប្រាក់​ជូន​ចុង​ចោទ​នូវ​មាស ៦​ជី។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ឌិន ខន្នី ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​យល់​ថា សាលា​ដំបូង​ខេត្ត​ក្រចេះ បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​រុះរើ​ផ្អែក​លើ​សាលា​ដីកា​របស់​សាលា​កំពូល ថា​ជា​រឿង​អយុត្តិធម៌ ផ្ដោត​លើ​ច្បាប់​ភូមិបាល ព្រោះ​ការ​ផ្តល់​សំណង​មិន​សមរម្យ។ លោក​ថា ពលរដ្ឋ​រស់នៅ​រយៈពេល ២៤​ឆ្នាំ គួរ​តែ​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដោយ​ស្រប​ច្បាប់​ផ្អែក​លើ​ច្បាប់​ភូមិបាល ហើយ​ការ​បណ្ដេញ​ចេញ ក៏​ត្រូវ​ផ្តល់​សំណង​សមរម្យ​ដែរ៖ «យើង​ពិបាក​ខ្លាំង​ជាង​គេ គឺ​ពិបាក ព្រោះ​គេ​មាន​ប្លង់ ក៏ប៉ុន្តែ​មូលហេតុ​ដែល​យើង​អាច​ឈ្នះ ខ្ញុំ​អង្កេត​មើល​ឃើញ​ថា ទោះ​បី​គាត់​គ្មាន​ប្លង់ តែ​គាត់​បាន​កាន់​កាប់​ដី​ហ្នឹង​ជាប់​មក​រហូត បើ​សិន​ជា​កាន់​កាប់​បែប​ហ្នឹង គាត់​នឹង​អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់។ ចំណុច​ឈ្នះ​របស់​គាត់​មាន​ក្នុង​ច្បាប់​ភូមិបាល»

ច្បាប់​ភូមិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣៨ ឆ្នាំ​២០០១ ចែង​ថា បុគ្គល​ទាំងឡាយ​ណា​ដែល​បាន​កាន់​កាប់​ដី​ចាប់​ពី ៥​ឆ្នាំ​ឡើង​ទៅ​ដោយ​សុចរិត មាន​ការ​ដឹង​ឮ​ជា​សាធារណៈ គ្មាន​ការ​ប្ដឹង​ទាស់ កាន់​កាប់​ដោយ​មិន​អាក់ខាន បុគ្គល​នោះ​អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។