សហគមន៍​ដី​ធ្លី​ស្នើ​ស្ថានទូត​បរទេស​ឃ្លាំមើល​សវនាការ​សាលាឧទ្ធរណ៍​លើ​ស្ត្រី​១០​នាក់

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ប្រមាណ ៨០​នាក់ និង​ព្រះសង្ឃ​ប្រមាណ ២០​អង្គ ដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា តាម​ស្ថានទូត​មួយ​ចំនួន និង​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៥ ខែ​មករា។

ស្ថានទូត​ទាំង​នោះ​មាន ស្ថានទូត​បារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ សហភាព​អឺរ៉ុប អូស្ត្រាលី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​ស្នើសុំ​ឯកអគ្គរដ្ឋទូត និង​រាជទូត​ទាំងអស់ ចូលរួម​ឃ្លាំ​មើល​សវនាការ​កាត់​ទោស​ស្ត្រី​សកម្មជន​ដីធ្លី​ទាំង ១០​នាក់ នៅ​សាលា​ឧទ្ធរណ៍​ថ្ងៃ​ទី​២២ ខែ​មករា។

អ្នកស្រី ឆាយ គឹមហ៊ន តំណាង​អ្នក​បុរីកីឡា ដែល​ចូលរួម​ដាក់​ញត្តិ​នៅ​ព្រឹក​នេះ​ថ្លែង​ថា មន្ត្រី​តំណាង​ទូត​បាន​ឆ្លើយ​តប​ថា ពួក​គេ​នឹង​ចូលរួម​តាម​ដាន​រឿង​នេះ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ខ្មែរ។ ក្រុម​សហគមន៍​សង្ឃឹម​ថា មន្ត្រី​តំណាង​ទូត​ទាំងអស់ នឹង​តាម​ដាន​សវនាការ​ដើម្បី​ជា​សក្ខីភាព​មួយ​ផ្តល់​យុត្តិធម៌​ឲ្យ​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំ៖ «ខ្ញុំ​សង្ឃឹម​ថា គ្រប់​ទូត​ទាំងអស់​នឹង​រួម​តាម​ដាន​ករណី​នេះ ហើយ​ក៏​សង្ឃឹម​ថា តុលាការ​នឹង​ដោះ​លែង​ពួក​គាត់​ជា​បន្ទាន់ ព្រោះ​គាត់​តែ​ទាមទារ​នូវ​សិទ្ធិ និង​ដីធ្លី​របស់​គាត់»

ការ​ដើរ​ហែ​ក្បួន​នេះ មាន​ការ​ឃ្លាំ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​ពី​នគរបាល​ស្លៀកពាក់​ស៊ីវិល និង​ឯក​សណ្ឋាន ហើយ​ក៏​មាន​ការ​ដាក់​រនាំង​ដែក​ពីរ​ជាន់​ឈរ​អម​ដោយ​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ នៅ​ពី​មុខ និង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល និង​ដំបង​នៅ​ពី​ក្រោយ នៅ​ពេល​ពលរដ្ឋ​ដើរ​ដាក់​ញត្តិ​ដល់​ស្ថានទូត​សហភាព​អឺរ៉ុប ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។