ពលរដ្ឋ​នៅ​បុរីកីឡា​បដិសេធ​គោល​នយោបាយ​ដោះស្រាយ​ផ្ទះ​សម្បែង​របស់​គណៈកម្មការ​ចម្រុះ

ដោយ ខែ សុណង
2016-01-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​រស់នៅ​តំបន់​បុរីកីឡា សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ចូលរួម​ពិធី​ប្រកាស​ផ្ដល់​ដំណោះស្រាយ​គោល​នយោបាយ​របស់​គណៈកម្មការ​ចម្រុះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
ពលរដ្ឋ​រស់នៅ​តំបន់​បុរីកីឡា សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ចូលរួម​ពិធី​ប្រកាស​ផ្ដល់​ដំណោះស្រាយ​គោល​នយោបាយ​របស់​គណៈកម្មការ​ចម្រុះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​បុរីកីឡា សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​តវ៉ា​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​ដោះស្រាយ​ដីធ្លី ពី​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋាភិបាល​ទេ។ ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​គណៈកម្មការ​ចម្រុះ ចុះ​ធ្វើ​ពិធី​ប្រកាស​ផ្ដល់​ដំណោះស្រាយ​គោល​នយោបាយ​ជូន​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា។

គណៈកម្មការ​ចម្រុះ បាន​បិទ​ពិធី​ប្រកាស​ផ្ដល់​ដំណោះស្រាយ​គោល​នយោបាយ​ផ្ទះ​សម្បែង​ជូន​ពលរដ្ឋ​ភ្លាម ដោយ​លើក​ពេល​ទៅ​ប្រជុំ​ដោះស្រាយ​ជូន​ពលរដ្ឋ​ម្នាក់​ម្ដង នៅ​ថ្ងៃ​ទី​២០ មករា នៅ​សាលា​ខណ្ឌ​៧មករា វិញ។

«សំឡេង​ពលរដ្ឋ​តវ៉ា»

ការ​លើក​ពេល​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រតិកម្ម​តវ៉ា​នឹង​គណៈកម្មការ​ចម្រុះ​នេះ ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន មិន​បាន​ទទួល​សំណង​ផ្ទះ​នៅ​តំបន់​បុរីកីឡា​នៅ​ឡើយ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា លោកស្រី សោម សុម៉ាលី ថ្លែង​ថា លោកស្រី​មាន​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ​បែរ​ជា​ចេញ​ការ​វាយ​តម្លៃ​មួយ​មិន​ត្រឹមត្រូវ​របស់​គណៈកម្មការ​ដោះស្រាយ​នេះ ហើយ​បែរ​ជា​ផ្ដល់​សំណង​គោល​នយោបាយ​ឲ្យ​លោកស្រី​នៅ​ភូមិ​អណ្ដូង ជាយ​ក្រុង​ទៅ​វិញ។ លោកស្រី​មិន​អាច​ទទួល​យក​គោល​នយោបាយ​នេះ​បាន​ទេ៖ «ខ្ញុំ​ផ្ដិត​មេដៃ​ទៅ​សម្ដេច សម្បទាន​អ្នក​ក្រីក្រ​នៅ​បុរីកីឡា។ ខ្ញុំ​មាន​រួច​ហើយ​លេខ​រៀង​ខ្ញុំ​៤៤។ ខ្ញុំ​ជា​សមាជិក​សហគមន៍​នៅ​បុរីកីឡា ខ្ញុំ​មាន​លេខ​អង្កេត លេខ​ខ្មៅ​១៤១​កា (K) លេខ​ក្រហម​គ​៥៨ របស់​ខ្ញុំ​ច្បាស់លាស់​នៅ​បុរីកីឡា នរណា​ក៏​ស្គាល់​ខ្ញុំ​ដែរ។ ខ្ញុំ​ក្រីក្រ​ខ្លាំង​ណាស់ សុខ​ចិត្ត​កូន​ដើរ​រើស​អេតចាយ កូន​ទៅ​សុំ​ទាន​ដុត​ទាន​ត្រឡោក​នៅ​ព្រះអង្គ​ដងកើ ដើម្បី​យក​លុយ​មក​សន្សំ​សៀវភៅ​សហគមន៍​ក្រីក្រ ដើម្បី​ចង់​បាន​ផ្ទះ​នៅ​នឹង​គេ។ ទីបំផុត រុញ​ខ្ញុំ​ទៅ​អណ្ដូង ខ្ញុំ​មិន​សុខ​ចិត្ត​ទេ។ ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ស្លាប់​នៅ​បុរីកីឡា ឲ្យ​គេ​សម្លាប់​ខ្ញុំ​ចោល​នៅ​កន្លែង​ហ្នឹង។ ខ្ញុំ​នៅ​ក្រាញ​ននៀល​នៅ​កន្លែង​ហ្នឹង»

ការ​តវ៉ា​នេះ នៅ​គ្រា​ដែល​គណៈកម្មការ​ចម្រុះ​មាន​សមាសភាព​ពី​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន ភាគី​ក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) របស់ អ្នកស្រី ស៊ុយ សុផាន និង​ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន ចុះ​ធ្វើ​ពិធី​ប្រកាស​ផ្ដល់​ដំណោះស្រាយ​គោល​នយោបាយ​ជូន​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា ដឹក​នាំ​ដោយ​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា។

ពលរដ្ឋ​ចំនួន ១៥៤​គ្រួសារ ដែល​គណៈកម្មការ​បាន​វាយ​តម្លៃ​ឲ្យ​ពួក​គេ​បាន​ទទួល​យក​សំណង​គោល​នយោបាយ​ទាំង​៣ រួម​មាន ទី​១ គឺ​ពលរដ្ឋ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់ ទទួល​បាន​សិទ្ធិ​ទទួល​យក​ផ្ទះ​មួយ​បន្ទប់ គឺ​នៅ​ក្នុង​អគារ​ដែល​ក្រុមហ៊ុន​សង់​ឲ្យ​នៅ​តំបន់​បុរីកីឡា មាន​ចំនួន ៣៥​គ្រួសារ។ គោល​នយោបាយ​ទី​២ គឺ​អ្នក​ដែល​ពុំ​មាន​ឯកសារ​រឹងមាំ ពួក​គាត់​នឹង​ទទួល​បាន​ផ្ទះ​ទំហំ ៤​គុណ​នឹង ៥​ម៉ែត្រ នៅ​ភូមិ​អណ្ដូង ជាយ​ទីក្រុង ឬ​យក​ថវិកា ៥​ពាន់​ដុល្លារ​មាន ៨៥​គ្រួសារ និង​គោល​នយោបាយ​ទី​៣ អ្នក​ដែល​គ្មាន​ឯកសារ​សោះ គេ​ផ្ដល់​ថវិកា ៣​ពាន់​ដុល្លារ​សម្រាប់​ការ​ចាក​ចេញ​មាន​ចំនួន ៣៤​គ្រួសារ។

ទាក់ទង​នឹង​ការ​តវ៉ា​សំណង​គោល​នយោបាយ​នេះ តំណាង​ពលរដ្ឋ​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ថ្លែង​ថា ពួក​គាត់​នឹង​បន្ត​តវ៉ា​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​សហគមន៍​បុរីកីឡា​ទាំង ១៥៤​គ្រួសារ​ដែល​នៅ​សេសសល់ បាន​ទទួល​យក​គោល​នយោបាយ​ដោយ​យុត្តិធម៌៖ «ពួក​យើង​មាន​តែ​ផ្លូវ​ម្យ៉ាង​ទេ គឺ​យើង​ទាមទារ​នៅ​សាលា​រាជធានី​ភ្នំពេញ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គាត់ ១៥៤​គ្រួសារ​នេះ​ទៀត។ រយៈពេល ៤​ឆ្នាំ​ហើយ​ដែល​យើង​រស់នៅ​ពិបាក​បំផុត យើង​រស់នៅ​លើ​គំនរ​សំរាម រស់នៅ​ក្រោម​សំយាប​គេ រស់នៅ​លើ​អគារ​ចាស់​បាក់​បែក មួយ​ចំនួន​ទៀត​ជួល​តូប​ជួល​ផ្ទះ​គេ​នៅ មាន​ការ​ពិបាក​ខ្លាំង​មែន​ទែន»

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បញ្ជាក់​ថា គណៈកម្មការ​នេះ​នឹង​ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​បន្ត​តវ៉ា ហើយ​គណៈកម្មការ​នេះ​នឹង​ពិនិត្យ​លើ​ឯកសារ និង​សាក្សី​បន្ថែម​ទៀត មិន​បោះ​បង់​ពួក​គាត់​ចោល​នៅ​ឡើយ​ទេ៖ «យើង​នៅ​តែ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែន​ដី ក្រុមហ៊ុន ដើម្បី​ជំរុញ​ឲ្យ​លទ្ធផល​នេះ​បាន​បញ្ចប់​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ពួក​គាត់​អាច​មាន​ពេលវេលា​ទៅ​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​គ្រួសារ​របស់​គាត់ កុំ​ឲ្យ​គាត់​រ៉ាំរ៉ៃ​យ៉ាង​ដូច្នេះ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន ផាន អ៊ីម៉ិច និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ចំនួន ៣៨៧​គ្រួសារ។ អាជ្ញាធរ បាន​ដឹក​អ្នក​បុរីកីឡា​ខ្លះ​ទៅ​ទម្លាក់​ចោល​នៅ​ទួល​សំបូរ និង​ភ្នំ​បាត ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ ដោយ​អ្នក​ខ្លះ​បាន​ទទួល​សំណង​ដី ៤​គុណ ៥​ម៉ែត្រ។ នៅ​ទួល​សំបូរ និង​ភ្នំ​បាត អាជ្ញាធរ​មិន​បាន​សង់​ផ្ទះ​ឲ្យ​អ្នក​ភូមិ​ទេ ទឹក​ក៏​គ្មាន​ប្រើ មន្ទីរពេទ្យ​ក៏​គ្មាន សាលា​រៀន​ក៏​នៅ​ឆ្ងាយ។

រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល ៤​ឆ្នាំ​ហើយ បន្ទាប់​ពី​ការ​បណ្ដេញ​ចេញ។ សព្វថ្ងៃ មាន​អ្នក​បុរីកីឡា ១៥៤​គ្រួសារ​ដែល​នៅ​មិន​ទាន់​ទទួល​សំណង បន្ត​ក្រាញ​រស់នៅ​លើ​គំនរ​សំរាម ក្រោម​កៅស៊ូ​តង់​ក្ដៅ និង​ក្រោម​ជណ្ដើរ​អគារ​នៅ​បុរីកីឡា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច សង់​អគារ​ស្នាក់នៅ​ពីរ​បន្ថែម​ទៀត​ទៅ​តាម​កិច្ចសន្យា ដែល​ក្រុមហ៊ុន​នេះ​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខំដោះស្រាយផ្ទះឲ្យអ្នកគ្មានផ្ទះនៅជារឿងមួយស្រួល តែនេះជារឿងផ្ទះមែនឫជារឿងនយោបាយនៅពីក្រោយ?

Jan 19, 2016 07:58 PM

គេហទំព័រ​ទាំងមូល