ពលរដ្ឋ​បុរីកីឡា​ដែល​ទទួល​បាន​ផ្ទះ​ពី​សាលាក្រុង​គ្មាន​លុយ​ត​បណ្ដាញ​ទឹក​ភ្លើង

ដោយ សន ចាន់រដ្ឋា
2018.01.12
ស ស៊ន បុរីកីឡា ២០១៧ ៨៥៥ តំណាង​ពលរដ្ឋ​បុរីកីឡា លោកស្រី ស ស៊ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ពលរដ្ឋ​សហគមន៍​បុរីកីឡា ដែល​ទទួល​បាន​ផ្ទះ​ពី​សាលាក្រុង​ភ្នំពេញ នឹង​ត្រូវ​ទៅ​រស់​នៅ​ទីតាំង​ថ្មី​ជាយ​ក្រុង​ភ្នំពេញ។ ពួកគេ​ត្អូញត្អែរ​ថា ពួកគេ​គ្មាន​លុយ​ត​បណ្ដាញ​ទឹក​ភ្លើង​នៅ​ទីតាំង​ថ្មី​នោះ​ទេ។ ក្រុម​ពលរដ្ឋ​ស្នើ​ទៅ​សាលាក្រុង​ភ្នំពេញ ឬ​ក្រុម​ ផានអ៊ីម៉ិច (Phan Imex) ជួយ​ផ្ដល់​ថវិកា​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​រស់នៅ​កន្លែង​ថ្មី​មាន​ទឹក​ភ្លើង​ប្រើប្រាស់​សមរម្យ។

ពលរដ្ឋ​បុរីកីឡា ចំនួន ១៧​គ្រួសារ បាន​ផ្ទះ​ពី​សាលាក្រុង​ភ្នំពេញ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​គ្មាន​មុខ​របរ​ច្បាស់លាស់​ដែល​អ្នក​ខ្លះ​ដើរ​រើស​អេតចាយ ដើរ​ស៊ី​ឈ្នួល​បោក​ខោអាវ ទើប​ពួកគេ​គ្មាន​លុយ​ត​បណ្ដាញ​ទឹក​ភ្លើង​សម្រាប់​ជម្រក​ថ្មី​របស់​ខ្លួន។

​ពលរដ្ឋ​បុរីកីឡា​ម្នាក់​ដែល​ទទួល​បាន​ផ្ទះ​ពី​សាលាក្រុង​លោកស្រី ប៉ែន ស្រីល័ក្ខ ប្រាប់​អាស៊ីសេរី​ថា លោកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​សាលាក្រុង​ភ្នំពេញ ប្រគល់​ផ្ទះ​ដល់​លោកស្រី​នៅ​ពេល​នេះ។ ប៉ុន្តែ​ស្ត្រី​ក្រីក្រ​រូប​នេះ​ស្នើ​ទៅ​សាលាក្រុង​ភ្នំពេញ ជួយ​ផ្ដល់​ថវិកា ឬ​សម្របសម្រួល​ឲ្យ​លោកស្រី និង​ពលរដ្ឋ​ដទៃ​ទៀត​អាច​ត​បណ្ដាញ​ទឹក​ភ្លើង​ដោយ​មិនបាច់​បង់​ប្រាក់។ លោកស្រី​បញ្ជាក់​ថា ដោយសារ​លោកស្រី​គ្មាន​មុខ​របរ​ច្បាស់លាស់ ដូច្នេះ​ទោះ​លោកស្រី​ទៅ​ខ្ចី​លុយ​គេ​ដើម្បី​យក​មក​ត​បណ្ដាញ​ទឹក​ភ្លើង​ក៏​គេ​មិន​ឲ្យ​ដែរ៖ «»។

​តាម​ការ​បញ្ជាក់​របស់​ពលរដ្ឋ​បុរីកីឡា ថ្លៃ​ត​បណ្ដាញ​ទឹក​ភ្លើង​នៅ​កន្លែង​រស់​នៅ​ថ្មី​របស់​ពួកគេ គឺ​ត្រូវ​ចំណាយ​ទឹក​ជាង ២០​ម៉ឺន​រៀល។ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា សាលាក្រុង​ភ្នំពេញ ចាប់​ផ្ដើម​ផ្ដល់​ផ្ទះ​ជា​ប្រភេទ​ផ្ទះ​ផ្ទាល់​ដី​ដល់​ពលរដ្ឋ​សហគមន៍​បុរីកីឡា ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ ខណៈ​អ្នក​ទាំង​នោះ​ស៊ូទ្រាំ​រស់​ក្បែរ​គំនរ​សំរាម​នៃ​អគារ​បាក់បែក​ក្នុង​តំបន់​បុរីកីឡា ជាង ៦​ឆ្នាំ។ ដំបូង​ឡើយ​សាលាក្រុង​ផ្ដល់​ឲ្យ​ពលរដ្ឋ​ចំនួន ៩​គ្រួសារ។

​អាស៊ីសេរី មិន​អាច​សុំ​បញ្ជាក់​ផ្លូវការ​ពី​ចំនួន​ពលរដ្ឋ​ដែល​សាលាក្រុង​ភ្នំពេញ សម្រេច​ផ្តល់​ឲ្យ និង​សំណើ​របស់​ពលរដ្ឋ​ស្នើសុំ​ឲ្យ​សាលាក្រុង​ផ្ដល់​ថវិកា​ក្នុង​ការ​ត​បណ្ដាញ​ទឹក​ភ្លើង​ដល់​ពលរដ្ឋ​ក្នុង​ពេល​នេះ​បាន​ឡើយ។

​អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត យល់​ថា សាលាក្រុង​គួរ​ផ្ដល់​ថវិកា​ដល់​ពល​រដ្ឋ​ក្នុង​ការ​ត​បណ្ដាញ​ទឹក​ភ្លើង​នៅ​ទីតាំង​ថ្មី​របស់​ពួកគេ។ លោក​ថា ជា​គោលការណ៍​សិទ្ធិមនុស្ស​អាជ្ញាធរ​ត្រូវ​រៀបចំ​ឲ្យ​ពលរដ្ឋ​អាច​រស់​នៅ​បាន​សមរម្យ។ លោក​បន្ត​ថា បើ​សាលាក្រុង​មិន​បាន​រៀបចំ​កន្លែង​ថ្មី​សម្រាប់​ពលរដ្ឋ​អាច​រស់​នៅ​បាន​សមរម្យ​ទេ ពលរដ្ឋ​អាច​នឹង​នាំ​គ្នា​មក​រស់នៅ​បុរីកីឡា ម្ដង​ទៀត៖ «»។

​ពលរដ្ឋ​បុរីកីឡា ឲ្យ​ដឹង​ថា ចាប់​តាំងពី​សាលាក្រុង​ប្រកាស​ផ្ដល់​ផ្ទះ​ឲ្យ​ពលរដ្ឋ​បុរីកីឡា ក្រុម​មន្ត្រី​សាលាក្រុង​តែង​ជំរុញ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ទៅ​រស់​នៅ​កន្លែង​ថ្មី​ឲ្យ​ឆាប់។

​ចំណែក​តំណាង​ពលរដ្ឋ​បុរីកីឡា ទាំង ១១​គ្រួសារ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ផ្ទះ​ពី​សាលាក្រុង គឺ​លោកស្រី ស ស៊ន សង្ឃឹម​ថា សាលាក្រុង​នឹង​ផ្ដល់​សំណង​សមរម្យ​មួយ​ដល់​ក្រុម​ពលរដ្ឋ​បុរីកីឡា ទាំង ១១​គ្រួសារ ដែល​មាន​ឯកសារ​គ្រប់គ្រាន់ ខណៈ​ពលរដ្ឋ​បុរីកីឡា ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​បាន​ទទួល​ផ្ទះ៖ «»។

ជា​ញឹកញាប់​ក្រុម​ពលរដ្ឋ​ទាំង ១១​គ្រួសារ​តែង​នាំគ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​អភិបាល​ក្រុង​ថ្មី​លោក ឃួង ស្រេង ដើម្បី​ឆ្លើយ​តម​នឹង​ការ​ទាមទារ​របស់​ពួកគេ​គឺ​ទាមទារ​សំណង​ជា​ប្រាក់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អាមេរិក (២៥.០០០) ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​បុរីកីឡា។  ប៉ុន្តែ​មក​ទល់​ពេល​នេះ សាលាក្រុង​ភ្នំពេញ មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

​អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត យល់​ថា ក្រោយ​ពេល​សាលាក្រុង​ផ្ដល់​ផ្ទះ​ដល់​ពលរដ្ឋ​បុរីកីឡា ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ចប់​សព្វគ្រប់ សាលាក្រុង​គួរ​ចាប់​ផ្ដើម​គិតគូរ​ដល់​ពលរដ្ឋ​បុរីកីឡា ទាំង ១១​គ្រួសារ​ដើម្បី​ដោះស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​នៅ​បុរីកីឡា ទី​នេះ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។