មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​ញត្តិ​រឿង​ជម្លៀស​ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2015.10.10
អាជីវករ​ផ្សារ​ក្រោម កំពង់ឆ្នាំង ៦២០ សកម្មភាព​លក់​ដូរ​បន្លែ ត្រី សាច់ នៅ​អែប​មាត់​ច្រាំង​ទន្លេ​ផ្សារ​ក្រោម ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Chin Chetha

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​រូប គ្រោង​ធ្វើ​ញត្តិ​រួម​គ្នា​ដាក់​ជូន​ក្រុម​គណៈ​អភិបាល​ខេត្ត ដើម្បី​ឲ្យ​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​សួន​ច្បារ និង​ផែនការ​ជម្លៀស​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​នៅ​ច្រាំង​ទន្លេ​ផ្សារក្រោម។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា តាម​រយៈ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ស្ដីពី​ផែនការ​អភិវឌ្ឍ​សួនច្បារ​ប្រវែង​ជិត ៣​គីឡូម៉ែត្រ ចាប់​ពី​ចំណុច​មុខ​វត្ត​លោកយាយទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) គណៈ​អភិបាល​ខេត្ត​មិន​បាន​បញ្ជាក់​ពី​សំណង និង​ទីតាំង​ដោះដូរ​ថ្មី​នោះ​ទេ។ មន្ត្រី​ទាំង​នោះ​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍ ប៉ុន្តែ​មិន​ចង់​ឃើញ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដើម្បី​អភិវឌ្ឍ​ឡើយ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ ថ្លែង​ថា សំណើ​របស់​សមាជិក​បក្ស​ប្រឆាំង​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់ ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​ទុក្ខ​កង្វល់​ប្រាប់​លោក ហើយ​បញ្ហា​ទាំង​នោះ​លោក​បាន​លើក​នៅ​ក្នុង​អង្គ​ប្រជុំ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​ពី​ប្រធាន​ក្រុម​ប្រឹក្សា ឬ​ពី​គណៈ​អភិបាល​ខេត្ត​ឡើយ។

លោក​ថា ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​លោក​នឹង​រៀបចំ​ញត្តិ​មួយ៖ «ដោយសារ​យើង​សំឡេង​ភាគ​តិច មិន​អាច​ទៅ​អះអាង ឬ​ទៅ​ធ្វើ​សេចក្ដី​សម្រេច​ជា​ឯកច្ឆាន​បាន ម្ល៉ោះ​ហើយ​មាន​តែ​ធ្វើ​ញត្តិ​សំណើ ហើយ​យើង​នឹង​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច មតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាប ដើម្បី​ឲ្យ​គេ​ជួយ​ឃ្លាំមើល​ចៀសវាង​រំលោភ​សិទ្ធិមនុស្ស ឬ​រំលោភ​សិទ្ធិ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ»

គម្រោង​អភិវឌ្ឍន៍​សួនច្បារ និង​ច្រាំង​ទន្លេ​ផ្សារក្រោម ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​ដល់​ពលរដ្ឋ​ចំនួន ១២១​ផ្ទះ និង​តូប​លក់​ដូរ​ចំនួន ២០៣​តូប។ អាជ្ញាធរ​ខេត្ដ​កំពង់ឆ្នាំង ចាប់​ផ្ដើម​អនុវត្ត​គម្រោង​អភិវឌ្ឍ​នេះ ដោយ​ផ្អែក​លើ​សេចក្ដី​សម្រេច​លេខ ១៨៧ ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​ក្រុមប្រឹក្សា​ខេត្ត ស្ដីពី​ការ​ដាក់​ឲ្យ​អនុវត្ត​ផែនការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ សោភ័ណភាព និង​អភិវឌ្ឍ​តំបន់​មាត់​ទន្លេ​ផ្សារក្រោម ដោយ​ប្រើ​រយៈពេល ៥​ឆ្នាំ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​រៀបចំ​សណ្ដាប់ សោភ័ណភាព​ក្រុង​លោក ស៊ុន សុវណ្ណារិទ្ធិ ធ្លាប់​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​សួនច្បារ និង​ច្រាំង​ទន្លេ​ផ្សារ​ក្រោម​នេះ គឺ​ផ្អែក​គោលការណ៍​ច្បាស់​លាស់ ហើយ​ការ​ផ្ដល់​សំណង​នោះ​នឹង​ធ្វើ​ឡើង​តាម​ច្បាប់​អស្សាមិករណ៍ ដោយ​មាន​ក្រុម​ជំនាញការ​ឯករាជ្យ​ចុះ​វាយ​តម្លៃ​ផល​ប៉ះពាល់​ជាក់​ស្ដែង​តាម​ដំណាក់​កាល​នីមួយៗ៖ «ផ្ទះ​ធំៗ​នេះ គេ​នឹង​ដោះស្រាយ​ផ្នែក​នីមួយៗ មាន​ន័យ​ថា ផ្ទះ​ទឹក​គេ​ដោះស្រាយ​តាម​ផ្ទះ​ទឹក អាជីវករ​គេ​ដោះស្រាយ​របៀប​សង់​ផ្សារ​អ៊ីចឹង​ទៅ។ អ្វី​ដែល​ក្រុម​ការងារ​បាន​អនុវត្ត​នេះ គឺ​ថា ក្រុម​ការងារ​បាន​ចុះ​ស្ទាបស្ទង់​មតិ​ជាមួយ​បង​ប្អូន និង​ប្រជុំ​ជា​ច្រើន​លើក​ច្រើន​សា​ហើយ»

ច្បាប់​អស្សាមិករណ៍​ត្រង់​ជំពូក​១ មាត្រា​២ បាន​ធានា​ការ​ដក​សិទ្ធិ​ស្រប​ច្បាប់​លើ​កម្មសិទ្ធិ​ឯកជន​ដោយ​សមរម្យ និង​យុត្តិធម៌។ ច្បាប់​នេះ ក៏​ធានា​ការ​ទូទាត់​សំណង​ជា​មុន​ដោយ​សមរម្យ និង​យុត្តិធម៌ ហើយ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ និង​ផល​ប្រយោជន៍​ជាតិ ដោយ​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។