យាយ​តា​អាយុ​ជិត​៨០​ឆ្នាំ​បន្ត​សុំ​ឲ្យ​លោក​ហ៊ុន​សែន​លើ​ករណី​ក្រុមហ៊ុន​អៀង​សុធារ៉ា​រំលោភ​យក​ដីធ្លី

ដោយ ដែន អយុធ្យា
2015.03.29
តាយាយ​​ទំនាស់​ដី ខេត្ត​ព្រះសីហនុ ៦២០ លោកតា នាង ឃិន (ស្ដាំ) និង​លោក​យាយ លាង យី (ឆ្វេង) រស់​នៅ​សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុអាស៊ីសេរី កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Den Ayuthyea

ប្ដី​ប្រពន្ធ​វ័យ​ជិត ៨០​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ស្ថិត​ក្នុង​សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ជួយ​រក​យុត្តិធម៌​លើ​វិវាទ​ដីធ្លី។ ពួកគាត់​អះអាង​ថា ត្រូវ​ក្រុមហ៊ុន​អៀង​សុធា​រ៉ា បាន​ឃុបឃិត​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​កសិកម្ម​ជាង ៥​ហិកតារ ធ្លាប់​រស់​អាស្រ័យ​ផល​ក្រោយ​ឆ្នាំ​១៩៨៩ នៅ​ឃុំ​កែវផុស។

បញ្ហា​នេះ តំណាង​ក្រុមហ៊ុន អៀង សុធារ៉ា បដិសេធន៍​ថា ក្រុមហ៊ុន​នេះ មិន​បាន​រំលោភបំពាន​ដីធ្លី​កសិកម្ម ឬ​ដី​លំនៅឋាន​មនុស្ស​ចាស់​ទាំង​ពីរ​នាក់ ប្ដី​ប្រពន្ធ​ដូច​ការ​ចោទ​ទេ ដោយ​អះអាង​ថា សកម្មភាព​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ ប្រកបដោយ​សុចរិត នៅ​លើ​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់។ ជាពិសេស​ជម្លោះដីធ្លី​នេះ ក្រុមហ៊ុន​បាន​ឈ្នះ​ក្ដី ជា​រហូត​នៅ​តុលាការ​គ្រប់​ជាន់ថ្នាក់ នា​ពេល​កន្លងមក​។

ប្រជាពលរដ្ឋ​៤​ភូមិ រស់នៅ​សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ បាន​ត្រៀម​ផ្ដិត​ស្នាម​មេដៃ និង​ធ្វើ​សាក្សី ជូន​ប្ដី​ប្រពន្ធ វ័យ​ចាស់ គឺ​ឈ្មោះ​លោកតា នាង ឃិន និង​លោកយាយ លាង យី មនុស្ស​ទាំងពីរ ថា​ពិតជា​ធ្លាប់​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​កសិកម្ម មាន​ទំហំ​ជាង​៥​ហិកតារ នៅ​ឃុំ​កែវផុស ក្រោយ​ឆ្នាំ​១៩៨៩ ដែល​កាលណោះ​ស្ថិត​ក្នុង​រដ្ឋបាល​ខេត្ត​កោះកុង​ពិតប្រាកដ​មែន។

ក្រុម​ប្រជាពលរដ្ឋ បាន​ចោទ​ក្រុមហ៊ុន អៀង សុធារ៉ា ថា​បាន​ឃុបឃិត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​កសិកម្ម និង​បំផ្លាញ​ផ្ទះ​ប្ដី​ប្រពន្ធ​វ័យ​ចាស់​ទាំងពីរ​នាក់ និង​បាន​ប្រើ​កម្លាំង​ទាហាន ដើម្បី​គំរាម​បណ្ដេញ​មនុស្ស​វ័យ​ចាស់​ទាំងពីរ​នាក់ ឲ្យ​ចេញពី​លំនៅឋាន កាលពី​ឆ្នាំ​២០០៤ ហើយ​ថែមទាំង​ប្ដឹង​ប្ដី​ប្រពន្ធ​ពីរ​នាក់ រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ ទៅកាន់​តុលាការ​ថែមទៀត។

ក្នុង​កាយវិការ​លើកដៃ​សំពះ​ទាំង​ញ័រញាក់​ដោយ​វ័យ​ជរា លោកតា នាង ឃិន ស្នើសុំ​កិច្ច​អន្តរាគមន៍ ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់ ដែល​ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា រំលោភ​យក​ដី​កសិកម្ម​ជាង ៥​ហិកតារ (៥២,៤០០​ម៉ែត្រការ៉េ) នៅ​តំបន់​ពយ​យាយ​ម៉ី ប្រគល់​ជូន​គាត់​គ្រប់គ្រង​វិញ។

ផ្ដល់​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោម​ខ្ទម​ប្រក់​ស័ង្កសី​ក៏​តូច​ចង្អៀត ដែល​សង់​នៅ​លើ​ភក់ជ្រាំ ក្នុង​សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​នេះ មាន​ក្ដី​រំពឹង​ទៅលើ​ដំណោះស្រាយ របស់​ប្រមុខ​ដឹកនាំ និង​ភរិយា ថា អាច​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់ មុន​ត្រូវ​សង្ខារ​លាចាក​ពី​លោក​នេះ​ទៅ។

យាយ​តា​ទាំងពីរ​នាក់ បាន​អះអាង​ថា ដី​ជាង​៥​ហិកតារ របស់​ពួកគាត់ ដែល​បាន​កាប់​រុក​នា​ដី​ព្រៃ​តាំងពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​២០០៤ គឺ​មាន​ដាំ​កសិកម្ម ឬ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ ក្នុង​នោះ មាន​ដាំ​ដើម​ដូង​រាប់​រយ​ដើម ប៉ុន្តែ​នៅ​ពេល​ត្រូវ​ឈ្មួញ ឬ​ក្រុមហ៊ុន​អៀង សុធារ៉ា ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​យក ក៏​ត្រូវ​គេ​កាប់​បំផ្លាញ​ភស្តុតាង​អស់​គ្មាន​សល់ និង​បាន​ដាំ​ដើម​ឫស្សី​ជំនួស​វិញ​ពេល​បច្ចុប្បន្ន​នេះ។

លោកតា នាង ឃិន បាន​បន្ត​ថា កាលពី​សម័យ​រដ្ឋ​កម្ពុជា លោក​បាន​ផ្ដល់​បន្លែ​ផ្លែឈើ ឬ​ត្រី​សាច់​ជូន​កងទ័ព​រដ្ឋាភិបាល ដែល​ប្រចាំការ​នៅ​តំបន់​នោះ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ។ ជាពិសេស​ក៏​ធ្លាប់​ជា​អ្នក​ផ្ដល់​ដំណឹង​អំពី​វត្តមាន​កងទ័ព​ខ្មែរក្រហម​នៅ​តំបន់​នោះ ជូន​កងទ័ព​រដ្ឋាភិបាល នៅ​តំបន់​ពយ​យាយ​ម៉ី ភូមិ​កែវផុស ដែល​កាលណោះ​ស្ថិត​ក្នុង​ដែន​រដ្ឋបាល​ខេត្ត​កោះកុង ដើម្បី​កម្ចាត់​ខ្មាំងសត្រូវ​ថែមទៀត៖ «សូម​សម្ដេច​អាណិត​មេត្តា​ជួយ​ដល់​ខ្ញុំ​ផង។ ចំពោះ​ខ្ញុំ​ក៏បាន​ជួយ​ជាតិ​ក៏បាន​ច្រើន​ដែរ រហូតដល់​ខ្ញុំ​ធ្វើ​ចម្ការ​នៅ​តំបន់​ពយ​យាយ​ម៉ឺ បាន​ផ្ដល់​បន្លែ​ត្រី​សាច់​ដល់​កងទ័ព​ជា​អាហារ រាល់​ខែ​រាល់​ថ្ងៃជា​ហូរហែ​មក​ដែរ»

ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥ មាន​មនុស្ស​ក្មេង​ចាស់​ប្រមាណ​ជិត ១​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ក្នុង​បរិវេណ​សាលាស្រុក​ស្ទឹងហាវ ដើម្បី​ជួយ​ធ្វើ​សាក្សី​ជូន​មនុស្ស​ចាស់ ២​នាក់​ប្ដី​ប្រពន្ធ ដោយ​ចោទ​ថា ក្រុមហ៊ុន​អៀង សុធារ៉ា ពិតជា​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​ប្រពន្ធ​តុលាការ ដើម្បី​ប្លន់​យក​ដី​ពី​មនុស្ស​ចាស់​ទាំង​ពីរ​រូប​ពិតមែន។

ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​អៀង សុធារ៉ា លោក សម ចេក បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុមហ៊ុន​នេះ មិនបាន​រំលោភបំពាន​ដីធ្លី​កសិកម្ម ឬ​លំនៅឋាន​ប្ដី​ប្រពន្ធ​វ័យ​ចាស់​ទាំងពីរ​នាក់ ដូច​ការ​ចោទ​នោះ​ទេ។ ហើយ​ថា សកម្មភាព​អភិវឌ្ឍ របស់​ក្រុមហ៊ុន​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ គឺ​ដីធ្លី​ទាំងនោះ​មាន​ម្ចាស់​កម្មសិទ្ធិ​ចំនួន ១០​នាក់ ហើយ​ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់។ លោក​បដិសេធន៍​រាល់​ការ​ចោទ​ដែល​ថា ក្រុមហ៊ុន​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ទៅ​គំរាម​រុះរើ​ផ្ទះ​មនុស្ស​ចាស់​ទាំង​ពីរ​រូប​ជា​រឿង​មិន​ពិត។ ផ្ទុយ​ពី​នេះ លោក​ថា មនុស្ស​វ័យ​ចាស់​ទាំង​ពី​រ​នាក់ និង​គូកន​មួយ​ចំនួន​ទៅវិញ​ទេ ទើប​ជា​អ្នក​បង្ក​ព្យុះភ្លៀង​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន។

លោក សម ចេក តំណាង​ក្រុមហ៊ុន​អៀង សុធារ៉ា បាន​ចាត់​ទុក​ការ​លើក​យក​បញ្ហា​ដី​ធ្លី​នេះ របស់​លោកតា នាង ឃិន និង​លោកយាយ លាង យី ដែល​ក្រុមហ៊ុន​បាន​ឈ្នះ​ក្ដី​ជា​រហូត​កន្លងមក លើក​មក​សើរើ​ពេលនេះ អាច​មាន​បុគ្គល​ផ្សេង​នៅ​ពីក្រោយ​ការ​តវ៉ា​នេះ៖ «ដី​នេះ​គេ​មាន​ម្ចាស់​ត្រឹមត្រូវ និង​មាន​ប្រភព​លទ្ធកម្ម​ត្រឹមត្រូវ និង​មិនមែន​ជា​របស់​ក្រុមហ៊ុន​ទេ។ ដី​នៅ​ភូមិ​កែវ​ផុស​នេះ​ប្រវត្តិ​ក្រុមហ៊ុន​ទិញ​មក​ជា​ដី​ទំនេរ ត្រូវ​ភ្លើង​ឆេះ​ទៅតាម​រដូវ​កាល​នៃ​ខែប្រាំង​ចូល​មក​ដល់។ ប្រសិនបើ​ខ្ញុំ​ឃើញ​ថា ដី​នេះ​មាន​ចម្ការ ឬ​មាន​ផ្ទះ​តា​យាយ រួចហើយ​ទៅវិញ​វាស់​យក គឺ​មិន​អាច​ធ្វើ​ទៅ​កើត​ទេ​។ បើ​ធ្វើ​ដូច្នេះ​គឺ​អាច​កើតមាន​រឿងរ៉ាវ តាំងពី​ថ្ងៃ​វាស់​ហ្នឹង​មក​ម្ល៉េះ​មិនមែន​រង់ចាំ​ដល់​ឆ្នាំ​២០១៥​នេះ​ទេ»

យ៉ាង​នេះ​ក្ដី ទាំង​មេបញ្ជាការ​កងទ័ព និង​ប្រជាពលរដ្ឋ រស់នៅ​មូលដ្ឋាន​ឃុំ​ទប់​នប់​រលក ស្រុក​ស្ទឹងហាវ បាន​ចេញ​មុខ​ជួយ​ធ្វើ​សាក្សី​ជូន​ប្ដី​ប្រពន្ធ​វ័យ​ចាស់​ទាំងពីរ​នាក់​នេះ​ដែរ។ សាក្សី​បញ្ជាក់​ថា ដោយ សារ​តែ​មនុស្ស​វ័យ​ចាស់​ទាំង​២​នាក់ មិន​មាន​លទ្ធភាព ឬ​គ្មាន​ថវិកា ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី ធ្លាប់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៩​មក ក៏​ត្រូវ​ក្រុមហ៊ុន​អៀង សុធារ៉ា ឃុបឃិត​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ និង​បណ្ដេញ​ពី​លំនៅឋាន។

ទំនាស់​ដីធ្លី​នេះ បាន​ឈាន​ដល់ ក្រុមហ៊ុន​អៀង សុធារ៉ា បាន​ដាក់​ពាក្យ​ប្ដឹង​មនុស្ស​ចាស់​ទាំង ២​នាក់​ប្ដី​ប្រពន្ធ និង​អ្នក​ឈឺឆ្អាល​មួយ​ចំនួន ទៅកាន់​តុលាការ ដោយ​ចោទ​ពី​បទ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ។ ហើយ​ក្រុមហ៊ុន បាន​ឈ្នះ​ក្ដី​នៅ​តុលាការ​គ្រប់​ជាន់ថ្នាក់​ជា​រហូត ព្រោះ​តុលាការ​សំអាង​ក្រុមហ៊ុន​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ត្រឹមត្រូវ។

មនុស្ស​ជរា​ទាំង ២​នាក់​ប្ដី​ប្រពន្ធ ដែល​បច្ចុប្បន្ន​ប្រឹង​ត្រដរ​រស់ ដោយ​ធ្វើ​របរ​នេសាទ​សមុទ្រ បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល កាលបើ​ដី​សង់​លំនៅឋាន និង​ដី​កសិកម្ម​ធ្លាប់​ដាំ​ដំណាំ ឬ​បន្លែ ជួយ​ផ្គត់ផ្គង់​កងទ័ព​រដ្ឋាភិបាល កាល​ពី​សម័យ​រដ្ឋ​កម្ពុជា ធ្វើជា​អាហារ ដើម្បី​កម្ចាត់​ខ្លាំង​សត្រូវ​នោះ ប៉ុន្តែ​មកដល់ ស្រុក​មាន​សន្តិភាព បែរជា​ដី​កសិកម្ម​ពួកគាត់ ត្រូវ​ឈ្មួញ ឬ​ក្រុមហ៊ុន​ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​យក​ទាំង​អយុត្តិធម៌​បំផុត។

ត្រង់​ចំណុច​នេះ លោក ទឹម យ៉ុន បច្ចុប្បន្ន​ជា​នាយរង​សេនាធិការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​ព្រះសីហនុ និង​ជា​អតីត​ជា​មេបញ្ជាការ​យោធា ខណ្ឌ​ស្ទឹងហាវ អះអាង​ថា ដីធ្លី​របស់​លោកតា នាង ឃិន និង​លោកយាយ លាង យី ទាំង ២​នាក់​ប្ដី​ប្រពន្ធ រូប​គាត់​ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួកគាត់​ទៅ​កាប់​រុករាន​ធ្វើ​ចម្ការ និង​សង់ផ្ទះ​នៅ​តំបន់​ពយ​យាយ​ម៉ី កាលពី​ឆ្នាំ​១៩៨៩។ លោក​ថា ការរំលោភ​ដី​លំនៅឋាន និង​ដី​ចម្ការ​ប្ដី​ប្រពន្ធ​វ័យ​ចាស់​ទាំងពីរ​នាក់ ថា​ជា​រឿង​អយុត្តិធម៌​បំផុត។

មេទ័ព​រូប​នេះ បាន​អះអាង​ថា ទាំងពីរ​នាក់ ពិតជា​ធ្លាប់​បាន​ផ្ដល់​បន្លែ​ត្រី​សាច់ និង​ជា​អ្នកស៊ើប​ក​ការណ៍​ផ្ដល់​ព័ត៌មាន​ពី​វត្តមាន​កងទ័ព​ខ្មែរក្រហម ដែល​ឆ្លងកាត់​តំបន់​ពយ​យាយ​ម៉ី ភូមិ​កែវផុស ជូន​កងកម្លាំង​ទ័ព​របស់​លោក ប្រចាំការ​នៅ​សមរភូមិ​ជួរមុខ ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ពិតមែន។

ដោយ​ផ្នែក​លើ​គុណបំណាច់​ពី​អតីតកាល​ក្នុងនាម​មេទ័ព​ម្នាក់ លោក​សូម​អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​លោកតា នាង ឃិន និង​លោកយាយ លាង យី ដោយ​អនុគ្រោះ​៖ «យាយ​តា​ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់ បាន​ដាំ​ដំណាំ​លើ​ដី​ចម្ការ របស់​គាត់​មាន​ដំណាំ​ជាច្រើន​មុខ។ មាន​ចេក និង​ដូង​ជាដើម​រាប់​រយ​ដើម។ កាលដែល​ខ្ញុំ​ប្រគល់​ឲ្យ​គាត់​កាប់​រុករាន​នៅ​ឆ្នាំ​១៩៨៩ គឺ​គាត់​រុករាន​បាន​ដី​ប្រមាណ ៥​ហិកតារ ឬ​ច្រើនជាង​នេះ ហើយ​ខ្ញុំ​ក៏​ឲ្យ​គាត់​ដាំ​ដំណាំ​លើ​ដី​ចម្ការ​នៅ​តំបន់​ពយ​យាយ​ម៉ី ក្នុង​គោលបំណង​ពីរ​យ៉ាង។ ទី​១ គឺ​ដើម្បី​បម្រើ​ដល់​ជីវភាព​ក្រុម​គ្រួសារ​គាត់​ផង និង​ទី​២ ឲ្យ​គាត់​ធ្វើជា​ភ្នាក់ងារ​ផ្ដល់​ដំណឹង​គ្រប់ពេលវេលា នៃ​ដំណើរ​ចេញចូល​របស់​កងទ័ព​ខ្មែរក្រហម​នៅ​តំបន់​នោះ។ ព្រោះ​កាលណោះ​តំបន់​នេះ​មាន​បញ្ហា​ស្មុគស្មាញ ឬ​ប្រឈម​មុខ​ខ្លាំង រវាង​កម្លាំង​កងទ័ព​រដ្ឋាភិបាល​សម័យ​រដ្ឋ​កម្ពុជា ជាមួយ​កងទ័ព​ខ្មែរក្រហម។ ដូច្នេះ​យាយ​តា​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ពួកគាត់​បាន​ទៅ​ធ្វើ​ចម្ការ​នៅ​លើ​ដី ភូមិ​កែវផុស ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​អៀង សុធារ៉ា ជា​យូរ​មក​ហើយ គឺ​ចាប់​តាំងពី​ឆ្នាំ​១៩៨៩​រហូត​មក»

ទាក់ទិន​បញ្ហា​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​មាន​លោក ម៉ក់ សម្បត្តិ ជា​ប្រធាន ក៏​បាន​ចេញ​លិខិតស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី រវាង​លោកតា នាង ឃិន និង​លោក យា លាង យី ជាមួយ​លោក អៀង សុធា​រ៉ា​នេះ​ដែរ។

កិច្ច​អន្តរាគមន៍​នេះ ធ្វើឡើង​តាម​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍ របស់​មនុស្ស​វ័យ​ចាស់​ទាំងពីរ ដែល​បាន​ស្នើសុំ​ជួយ​ឲ្យ​ពួកគាត់​ទទួល​បាន​ដី​កាន់កាប់​ស្របច្បាប់​ឡើងវិញ។

លិខិត​អន្តរាគមន៍ មាន​ចុះហត្ថលេខា លោក ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​សង្កត់​ធ្ងន់​ថា ទំនាស់​ដីធ្លី​នេះ ស្ថាប័ន​ខ្លួន ធ្លាប់​បាន​ចាត់​មន្ត្រី​ចុះ​ស៊ើបអង្កេត​ចំនួន​២​លើក​រួច​មក​ហើយៗ រក​ឃើញ​ថា ករណី​នេះ ស្ថិត​ក្នុង​សមត្ថកិច្ច របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ត្រូវ​ដោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មានការ​ជួយ​ពិនិត្យ​ដោះស្រាយ​ជូន​យាយ​តា​ទាំង ២​នាក់​ប្ដី​ប្រពន្ធ​នៅឡើយ​ទេ។

ឆ្លើយតប​បញ្ហា​នេះ លោក ឈិត សុខុន កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា បញ្ជាក់​ថា នឹង​ពិនិត្យ​លើ​ករណី​ទំនាស់​ដីធ្លី ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ស្នើ​ឡើង​ពេលនេះ។ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ជួប​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​នៅឡើយ​ទេ។

បញ្ហា​នេះ​ដែរ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ឬ​ហៅថា គណៈកម្មការ​ទី​១ នៅ​ក្នុង​បេសកកម្ម​ដឹកនាំ​ប្រតិភូ ចុះ​មក​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា បាន​បញ្ជាក់​ថា នឹង​ពិនិត្យ​ទៅលើ​ទំនាស់​ដីធ្លី រវាង​លោកតា នាង ឃិន និង​លោកយាយ លាង យី នៅ​ឃុំ​កែវផុស ជាមួយ​ក្រុមហ៊ុន​អៀង សុធារ៉ា ដោយ​យកចិត្តទុកដាក់។ ជាង​នេះ​ក៏​នឹង​ពិនិត្យ​ឲ្យ​ប្រាកដ​ថា ប្លង់​កម្មសិទ្ធិ​ដែល​ក្រុមហ៊ុន​មាន គឺ​ទទួល​បាន​ដោយ​សុចរិត​ត្រឹមត្រូវ ឬមួយ​ក៏​ជា​ការ​ឃុបឃិត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ៖ «គណៈកម្មការ​ទី​១ នឹង​ជំរុញ​លើ​ករណី​ទំនាស់​ដីធ្លី រវាង​លោកតា នាង ឃិន និង​លោកយាយ លាង យី​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​អៀង សុធារ៉ា ដើម្បី​ឲ្យ​មានការ​ស្រាវជ្រាវ​ទំនាស់​នេះ ឲ្យ​បាន​ពេញលេញ និង​ត្រឹមត្រូវ។ ហើយ​រឿង​នេះ បើ​ពិនិត្យមើល​សវនា​កាន់​កាប់​ដី គឺ​មាន​ភាព​អយុត្តិធម៌​សម្រាប់​មនុស្ស​ចាស់​ទាំង​ពី​រ​នាក់​ប្ដី​ប្រពន្ធ ដែល​បាន​មក​កាន់កាប់​ដី​កសិកម្ម​យូរ​ឆ្នាំ ប៉ុន្តែ​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដីធ្លី បែរជា​ទៅ​ធ្លាក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៅវិញ?»

ទាក់ទិន​ទំនាស់​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥ អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ធ្លាប់​បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល រវាង​លោកតា នាង ឃិន និង​លោកយាយ លាង យី ជាមួយ​តំណាង​ក្រុមហ៊ុន​អៀង សុធារ៉ា ដឹកនាំ​ដោយ​អ្នកស្រី ឈុន ដារី អភិបាលរង​ស្រុក​ស្ទឹងហាវ ម្ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បា​លទ្ធផល​ទេ ដោយ​ក្រុមហ៊ុន​សំអាង​ថា​កាន់កាប់​ដី​នេះ​ស្របច្បាប់។

តំណាង​ក្រុមហ៊ុន​អៀង សុធារ៉ា លោក ប៊ុនថន បាន​អះអាង​ថា ក្រុមហ៊ុន​ខ្លួន មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ដើម្បី​កាន់កាប់​ផ្ទៃដី​ចំនួន ៣៨​ហិកតារ នៅ​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយ​មិនបាន​រំលោភបំពាន ឬ​គំរាម​ប្លន់​យក​ដី​ពលរដ្ឋ​ណា​ម្នាក់​ទេ។

យ៉ាង​នេះ​ក្ដី លោកតា នាង ឃិន និង​លោកយាយ លាង យី និង​សាក្សី​រស់នៅ​សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​វាស់​ទំហំ​ផ្ទៃដី របស់​ក្រុមហ៊ុន​អៀង សុធារ៉ា​ជាថ្មី ដើម្បី​ឲ្យ​ប្រាកដ​ថា ក្រុមហ៊ុន​នេះ​មាន​ផ្ទៃដី​ពិតប្រាកដ​ចំនួន​ប៉ុន្មាន​ហិកតារ​នៅ​តំបន់​ពយ​យាយម៉ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។