អភិបាលខេត្ត​កំពង់ធំ​កំពុង​ពិនិត្យ​លើ​លិខិតស្នើ​សុំ​ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ស្រុក​ស្ទោង

ដោយ សូត សុខប្រាថ្នា
2015.01.23

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​លិខិត​មួយ​ជូន​អភិបាលខេត្ត​កំពង់ធំ ដើម្បី​ស្នើ​ឱ្យ​ចាត់វិធានការ​លើ​បញ្ហា​ដីធ្លី ពលរដ្ឋ​ជិត​១០​ភូមិ ស្មើ​និង​ជាង ២​រយ​គ្រួសារ (២៥៩) នៅ​ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ។ យ៉ាងណា​អភិបាល​ខេត្ត​កំពង់ធំ​បញ្ជាក់​ថា លោក​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លិខិត​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផ្ញើ​ជូន​អភិបាលខេត្ត​កំពង់ធំ គឺ​លោក អ៊ុត សំអន កាលពី​ថ្ងៃ​ទី​១៩ មករា ស្នើ​ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពលរដ្ឋ នៅ​ឃុំ​ចំណារ​លើ​ស្រុក​ស្ទោង​នោះ គឺ​បាន​ដល់​ដៃ​អភិបាលខេត្ត​នៅ​ថ្ងៃ​ទី ២២ មករា។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍ថា​មូលហេតុ​ដែល​ខាង​លោក សម្រេច​ផ្ញើ​លិខិត​ជូន​អភិបាលខេត្ត ឱ្យ​ជួយ​អន្តរាគមន៍​គឺ បន្ទាប់ពី​មាន​ពលរដ្ឋ​ជាច្រើន​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​របស់​ពួកគាត់​ក្នុង​ការ​រស់នៅ ខណៈ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ បញ្ហា​ជម្លោះដីធ្លី​ជូន​ពួកគាត់​បាន។ បន្ថែម​ពី​នេះ លោ​កថា គឺ​មាន​មន្ត្រី​ធ្វើការ​នៅ​សាលាខេត្ត​មួយ​ចំនួន ពាក់ព័ន្ធ​រឿង​នេះ​ថែមទៀត​ផង៖ «ឯកឧត្ដម​អភិបាលខេត្ត ក្នុង​ដែន​សមត្ថកិច្ច​របស់​គាត់​នឹង​អាច​ដោះស្រាយ បញ្ហា​ហ្នឹង​ជូន​ប្រជាពលរដ្ឋ​បាន ក៏ប៉ុន្តែ​ប្រសិនបើ​មាន​មន្ត្រី​ណា​នៅ​ពី​ក្រោយខ្នង មន្ត្រី​ខេត្ត​ទាំង​ពីរ​រូប​ហ្នឹង​ទៀត ការ​ដោះស្រាយ​បាន ឬ​មិនបាន​គឺ​អាស្រ័យ ការសម្រេចចិត្ត​របស់​ខេត្ត»

ក្នុង​លិខិត​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត បញ្ជាក់​ដោយ​យោង​លើ​លិខិត របស់​ពលរដ្ឋ​ផ្ញើ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​គណៈកម្មាធិការ​ទី១ នៃ​រដ្ឋសភា​ថា​បញ្ហា​ដីធ្លី ពលរដ្ឋ​នៅ​ឃុំ​ចំណារ​លើ​ជាមួយ​ឈ្មួញ​ឯកជន​ឈ្មោះ គាំ សារឿន គឺ​មាន​មន្ត្រី​កំពុង​បម្រើ​នៅ​ក្នុង​សាលាខេត្ត និង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​នៅ​ពីក្រោយ​ដូចជា​លោក ឡង គីសឺង ជា​នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ លោក លី គឹមពាវ ជា​នាយក​ទីចាត់ការ​ផ្នែក​អន្តរ​វិស័យ លោក ឡុច ប៊ុនធត មេឃុំ​ចំណារ​លើ និង​លោក ខាត់ ភាច ជា​ក្រុមប្រឹក្សា​ឃុំ​ចំណារ​លើ។ ក្នុង​លិខិត​បន្ថែម​ថា អ្នក​ទាំងនេះ​ហើយ​ដែល​បាន​ឃុបឃិត បន្លំ​លិខិតស្នាម គំរាមកំហែង​ប្រជាពលរដ្ឋ​យក​ដីស្រែ ពួកគាត់​ជាង ៧​រយ​ហិកតារ (៧៧០) ទៅ​ឱ្យ​ឈ្មួញ។ លើស​ពី​នេះ​ទៀត ថែម​ទាំង​ឃុបឃិត​ជាមួយ​មន្ត្រី តុលាការ​ខេត្ត​ឱ្យ​ចេញ​ដីកា ចោទប្រកាន់ និង​ដកហូត​ដីស្រែ​ពួកគាត់ ដោយ​រំលោភ​លើ​សេចក្ដី​ជូន​ដំណឹង​របស់​ខេត្ត សេចក្ដី​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល និង​រំលោភ​លើ​ចំណារ​របស់​លោកនាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី ២២ កក្កដា ២០១៤ ដែល​តម្រូវ​ឱ្យ​កាត់​ផ្ទៃដី​ជូន​ពលរដ្ឋ ធ្លាប់​អាស្រ័យ​ផល​កន្លង​មក។

ទាក់ទង​បញ្ហា​នេះ អភិបាលខេត្ត​កំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍​នៅ​ថ្ងៃ​ទី ២២ មករា ថា លោក​ទើបតែ​ទទួល​បាន​លិខិត​នោះ ហើយ​កំពុង​ពិនិត្យមើល ដើម្បី​ចុះ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ។ លោក​បន្ថែម​ថា ដំណោះស្រាយ​មាន​ជា​ហូរហែ​មក ហើយ​ខាង​ខេត្ត គឺ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ដែល​តម្រូវ​ឱ្យ​ដោះស្រាយ​ជូន​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ជាក់ស្ដែង ប៉ុន្តែ​គឺ​ត្រូវ​ចុះ​ពិនិត្យ​ឱ្យ​បាន​ជាក់លាក់​ជា​មុន​សិន។ អភិបាលខេត្ត​ដដែល​បញ្ជាក់ ថា​មិន​មាន​មន្ត្រី​ខេត្ត​ណា​នៅ​ពីក្រោយ ដូច​ការ​លើក​ឡើង​នោះ​ឡើយ ប៉ុន្តែ​អាច​ជា​ការ​យល់​ច្រឡំ​ទៅវិញ​ទេ៖ «នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​យល់ថា ប្រហែល​មានការ​យល់​ច្រឡំ​ទេ»

លោក​បន្ថែម​ថា ប្រសិន​រក​ឃើញ​ថា ពល​រដ្ឋ​ពិតជា​បាន​អាស្រ័យ​ផល​ជាក់ស្ដែង​ពិតមែន គោល​នយោបាយ​របស់​រដ្ឋាភិបាល នឹង​ប្រគល់​ដី​ជូ​ន​ពួកគាត់ ដោយ​មិន​អាច​ប្រគល់​ជូន​ក្រុមហ៊ុន ឬ​ការ​ប្រមូល​ផ្ដុំ​ដី​ធំៗ របស់​បុគ្គល​ណា​ឡើយ។ យ៉ាងណា លោក ស៊ុន ចន្ធី សង្ឃឹម​ថា ប្រសិនបើ​មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ធំ​ណា​នៅ​ពីក្រោយ​ទេ ដំណោះស្រាយ​នឹង​មាន​សម្រាប់​ពលរដ្ឋ។ ដោយឡែក​តំណាង​ពលរដ្ឋ សុំ​មិន​ឱ្យ​ប្រាប់​ឈ្មោះ​ម្នាក់ គឺ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត អនុវត្ត​តាម​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២២​កក្កដា នោះ​ទើប​ពលរដ្ឋ​ព្រម។ ប៉ុន្តែ​បើ​មិន​មាន​ដំណោះស្រាយ ពលរដ្ឋ​នឹង​ឡើង​ទៅ​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ថ្នាក់​ជាតិ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។