រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​សន្យា​ដោះស្រាយ​ជម្លោះ​ដី​នៅ​​កោះកុង​ដោយ​យុត្តិធម៌

ដោយ ថា កិត្យា
2015.05.05
សាយ សំអាល់ ៦២០ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ (ឆ្វេង​ទី​១) ចូល​ឆ្លើយ​បំភ្លឺ​គណៈកម្មការ​ទី​១ រដ្ឋ​សភា អំពី​​ការ​ដោះស្រាយ​ជម្លោះ​ដី​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Tha Kitya

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចូល​ឆ្លើយ​បំភ្លឺ​អំពី​លទ្ធផល​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង តាម​កោះ​ហៅ​របស់​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ម្សិលមិញ។ ក្រោយ​ជំនួប​បិទ​ទ្វារ​រយៈពេល​ប្រមាណ ៣​ម៉ោង​កន្លះ​រួច​មក រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ក្រសួង​នឹង​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ចិន យូញៀន ឌីវើលឡុប មែន គ្រុប (Union Development Group) និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​គីរីសាគរ និង​ស្រុក​បទុមសាគរ អោយ​មាន​យុត្តិធម៌​ទាំង​សង​ខាង។

ស្រប​ពេល​គ្នា​នេះ ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ក៏​បាន​ស្នើ​អោយ​ក្រសួង​បរិស្ថាន កុំ​ប្រើ​វិធានការ​ក្ដៅ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​យក​សំណង​ក្នុង​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​នោះ។

ក្រសួង​បរិស្ថាន បាន​បញ្ចា​ក់ថា នឹង​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ក្បាល​នាគ ខេត្ត​កោះកុង ឲ្យ​មាន​តម្លាភាព ដោយ​មិន​លម្អៀង​ទៅ​ភាគី​ខាង​ណា​មួយ​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ក៏​បាន​ច្រានចោល​ការ​រិះគន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​តែង​រិះគន់​ថា ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ចិន យូញៀន ឌីវើលឡុប មែន គ្រុប និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មាន​អំពើ​ពុករលួយ៖ «ជៀង​វាង​ណាស់​នូវ​បញ្ហា​មិន​ប្រក្រតី​នេះ ព្រោះ​យើង​ដោះស្រាយ​បញ្ហា ចង់​ឲ្យ​មាន​តម្លាភាព ហើយ​មាន​ភាព​យុត្តិធម៌​ជូន​អ្នក​ទាំង​អស់​គ្នា គឺ​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​នោះ»

ទោះ​យ៉ាង​ណា​ក៏ដោយ ភាគី​ពាក់ព័ន្ធ​ទាំង​ឡាយ ជាពិសេស​រដ្ឋាភិបាល រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​រយៈពេល ៨​ឆ្នាំ​មក​នេះ​បាន​នៅ​ឡើយ​ទេ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ជំនួប​បិទ​ទ្វារ​រយៈពេល ៣​ម៉ោង​កន្លះ​ជាមួយ​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា ឬ​ហៅ​កាត់​ថា គណៈកម្មការ​ទី​១ នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ ឧសភា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដោះស្រាយ​ទំនាស់​ដីធ្លី លោក សាយ សំអាល់ បាន​រាយការណ៍​ជា​ច្រើន​អំពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ចិន យូញៀន ឌីវើលឡុប មែន គ្រុប និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​គីរីសាគរ និង​ស្រុក​បទុមសាគរ ខេតុ្ត​កោះកុង។

កន្លង​មក ក្រុមហ៊ុន យូញៀន ឌីវើលឡុប មែន ដែល​វិនិយោគ​វិស័យ​ទេសចរណ៍​រមណីយដ្ឋាន និង​សណ្ឋាគារ​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ក្ដៅ​គគុក ដោយ​បាន​ដុត​បំផ្លាញ និង​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង។

ទាក់ទិន​បញ្ហា​នេះ លោក អ៊ិន គង់ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង នៅ​តែ​រិះគន់​ភាព​យឺតយ៉ាវ​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​នេះ ហើយ​លោក​ក៏​គ្មាន​ជំនឿ​ចិត្ត​ឡើយ​ចំពោះ​ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ព្រោះ​រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ចិន នៅ​តែ​យាយី​ប្រជាជន​ដើម្បី​បង្ខំ​អោយ​ទទួល​យក​សំណង៖ «រហូត​មក​ពេល​នេះ ក្រុមហ៊ុន​ចិន បាន​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត ហើយ​គណៈកម្មការ​អន្តរក្រសួង បាន​ចុះ​ទៅ​​តំបន់​ហ្នឹង គឺ​ជួប​តែ​ក្រុមហ៊ុន​ចិន អភិបាល​ស្រុក ជួប​មេ​ឃុំ។ គាត់​អត់​បាន​ចុះ​ទៅ​ជួប​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ផ្ទាល់​ទេ»

​នៅ​ចំពោះ​មុខ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋ​សភា ក៏​បាន​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចំនួន ៤​ចំណុច រួម​មាន ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ប្រមាណ ៣១៨​គ្រួសារ នៅ​ក្នុង​ស្រុក​ទាំង​ពីរ ដែល​មិន​ព្រម​ទទួល​យក​សំណង។ ទី​២ ស្នើ​អោយ​ក្រសួង​កុំ​មាន​វិធានការ​គំរាមកំហែង ឬ​ប្រើប្រាស់​វិធាន​តុលាការ​ចំពោះ​ពលរដ្ឋ​ទាំង​នោះ។ ទី​៣ ស្នើ​អោយ​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​កន្លង​មក។ ទី​៤ គណៈកម្មការ​នេះ បាន​ស្នើ​សុំ​របាយការណ៍ និង​ឯកសារ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន។

ផ្ដើម​ចេញ​ជា​ជម្លោះ​ដីធ្លី​នេះ គឺ​កាល​ឆ្នាំ​២០០៨ រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​ដី​ទំហំ ៣៦.០០០​ហិកតារ ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ ក្នុង​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ជូន​ក្រុមហ៊ុន យូញៀន ឌីវើលឡុបមែន គ្រុប ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​ទំនើប​មួយ​នៅ​តំបន់​អាស៊ី​លើ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ធម្មជាតិ​លំដាប់​អន្តរជាតិ។

​ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួកគាត់​ភាគ​ច្រើន​បាន​មក​តាំងទី​លំនៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​តំបន់​នេះ​ចំនួន ៣​ជំនាន់ គឺ​ចាប់​តាំង​ពី​ជំនាន់​សង្គមរាស្ត្រនិយម ក្រោម​ការ​ដឹកនាំ​របស់​អតីត​ព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម សីហនុ រហូត​មក​ដល់​ពេល​នេះ​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។