ពលរដ្ឋ​នៅ​ក្រចេះ​ថា​ក្រុមហ៊ុន​ឯកជន​មួយ​កំពុង​រំលោភ​បំពាន​យក​ដី​អ្នក​ភូមិ

ដោយ ប្រាជ្ញ ចេវ
2015.02.23

ពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥ មក​ទល់​ពេល​នេះ ក្រុមហ៊ុន សៀងបៃ អុបទិច កំពុងតែ​រំលោភ​បំពាន​ដី​ចំការ​របស់​ពួកគេ។ ពលរដ្ឋ​ថា ទោះ​បី​ពួកគេ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ណា​ក្ដី ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

ពលរដ្ឋ​អះអាង​ថា ដី​ចំការ​មាន​ដំណាំ​ស្រូវ ចេក និង​អំពៅ ជាង ២០០​ហិកតារ នៅ​ភូមិ​អាជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ របស់​ប្រជាពលរដ្ឋ ៤០​គ្រួសារ កំពុង​រង​ការ​ខូចខាត​ដោយ​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​សៀងបៃ អុបទិច។ ក្រោយ​ជួប​រឿង​ដដែលៗ​ដូច​នេះ ក្រុម​ពលរដ្ឋ​ទទូច​ឲ្យ​ស្ថាប័ន​ថ្នាក់​ជាតិ​ចុះ​អង្កេត​រឿង​នេះ​ដល់​ទី​កន្លែង និង​ជួយ​អន្តរាគមន៍។

​តំណាង​ប្រជាពលរដ្ឋ លោក តុក សុខជា រៀបរាប់​ថា ក្រុម​ពលរដ្ឋ​មក​រស់​នៅ​លើ​ដី​ចំការ​នោះ​មុន​ពេល​ក្រុមហ៊ុន​ចូល​មក​​វិនិយោគ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ចោទ​ប្រកាន់​ថា ពលរដ្ឋ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន។ ពលរដ្ឋ​រូប​នេះ​ថា នៅ​ពេល​ពលរដ្ឋ​ប្ដឹង​សុំ​អន្តរាគមន៍​​ពី​អាជ្ញាធរ​ភូមិ ឃុំ ក្រុម​អាជ្ញាធរ​មិន​ចុះ​មក​ដោះស្រាយ​ឲ្យ​នោះ​ទេ ដោយ​លើក​ឡើង​ថា ក្រុម​ពលរដ្ឋ​ហៅ​ពួកគេ​មក​ម្តងៗ មិន​ដែល​ផ្ដល់​កម្រៃជើងសា ឬ​ថ្លៃ​សាំង​ម៉ូតូ​ឲ្យ​ពួកគេ៖ «ពួក​ខ្ញុំ​ប្រជាជន​តំបន់​នេះ​ក្រីក្រ​ណាស់ ហៅ​គេ (អាជ្ញាធរ​មូលដ្ឋាន) ម្តងៗ​គេ​មិន​មក ប៉ុន្តែ​បើ​ក្រុមហ៊ុន​បាន​ពួកគេ​មក»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ តំណាង​ក្រុមហ៊ុន​សៀងបៃ អុបទិច លោក លី សុមេធា ទទួល​ស្គាល់​ថា ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​លោក​ពិត​ជា​ប៉ះពាល់​ដី​ពលរដ្ឋ​មែន ប៉ុន្តែ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ស្ទើរ​តែ​អស់​ទៅ​ហើយ។ តំណាង​ក្រុមហ៊ុន​រូប​នេះ​ប្រាប់​ថា រាល់​ការ​ប៉ះពាល់​ម្តងៗ ក្រុមហ៊ុន​តែងតែ​អញ្ជើញ​ពលរដ្ឋ​រួម​ទាំង​វត្តមាន​អាជ្ញាធរ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ដើម្បី​ផ្ដល់​ដំណោះស្រាយ៖ «ត្រូវ​យល់​ថា ពាក្យ​ធ្វើ​គឺ​មាន​ប៉ះពាល់​ហើយ ប៉ុន្តែ​យើង​ដោះស្រាយ​ឲ្យ​ពួកគេ»

ទោះ​បែប​នេះ​ក្តី ពលរដ្ឋ​និយាយ​ថា រាល់​កិច្ចប្រជុំ​ដោះស្រាយ​ម្តងៗ ក្រុមហ៊ុន​តែងតែ​ប្រើ​ពាក្យ​សម្ដី​គំរាមកំហែង​ពលរដ្ឋ ហើយ​មាន​មន្ត្រី​អាជ្ញាធរ​ភាគ​ច្រើន​ថ្លែង​ការពារ​ក្រុមហ៊ុន។

មេ​ឃុំ​កំពង់ចាម ស្រុក​សំបូរ លោក ឈិត ណន បដិសេធ​ការ​ចោទ​របស់​ពលរដ្ឋ និង​ថា ដី​ដែល​ប៉ះពាល់​គឺ​តំបន់​ដី​របស់​រដ្ឋ​ដែល​ក្រុម​ពលរដ្ឋ​រស់​នៅ។ ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​តំណាង​ក្រុមហ៊ុន​សៀងបៃ អុបទិច  លោក​ជា​មេ​ឃុំ​ថា អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ស្ទើរ​ចប់​រួច​រាល់​ហើយ៖ «យើង​តាម​មើល​រហូត​មិន​ឲ្យ​ក្រុមហ៊ុន​ប៉ះពាល់​ប្រជាពលរដ្ឋ​ទេ»

​ក្រុមហ៊ុន​សៀងបៃ អុបទិច បាន​ចាប់​ផ្ដើម​ដាំ​កូន​ឈើ​អាកាស្យា ម៉ៃសាក់ និង​គ្រញូង ក្នុង​តំបន់​មាន​ជម្លោះ​ចាប់​តាំង​ពី​ឆ្នាំ​២០១២។ ប៉ុន្តែ​ក្រុមហ៊ុន​ផ្ដើម​ឈូស​ឆាយ ប៉ះពាល់​ដី​ពលរដ្ឋ​ខ្លាំង​នៅ​ឆ្នាំ​២០១៥​នេះ។

អភិបាល​ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក សូរ សារិន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ក្រោម​មិន​ទាន់​រាយការណ៍​ឲ្យ​លោក​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។ លោក​អភិបាល​ស្រុក​បញ្ជាក់​ថា ក្រោយ​ដឹង​រឿង​នេះ លោក​នឹង​ចុះ​ស៊ើប​អង្កេត​ផ្ទាល់​ដល់​ទីតាំង៖ «ខ្ញុំ​នឹង​ចុះ​ស្រាវជ្រាវ​ព្រោះ​ក្រុមហ៊ុន​មិន​អាច​រំលោភ​បំពាន​ដី​ពលរដ្ឋ​ដែល​គាត់​រស់​នៅ​ស្រប​ច្បាប់​បាន​ទេ»

​ក្រុម​ពលរដ្ឋ​អះអាង​ថា ប្រសិន​អាជ្ញាធរ​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​របស់​គេ​ទៀត ពួកគេ​នឹង​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការ​បំពាន​នោះ ឬ​នាំ​គ្នា​បិទ​ផ្លូវ​ធ្វើ​បាតុកម្ម​ដើម្បី​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​អន្តរាគមន៍។

មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ភាគី​ទាំង​អស់​ដោះស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌ ព្រមទាំង​ផ្ដល់​ដំណោះស្រាយ​មួយ​ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។