ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​បន្ត​ទាមទារ​សំណង​សមរម្យ​ពី​លោក លី យ៉ុងផាត់

ដោយ តាំង សារ៉ាដា
2015.02.12
តវ៉ា ធនាគារ អេ.អិន.ហ្សិត ៦២០ ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ តវ៉ា​នៅ​ខាង​មុខ​ធនាគារ អេ.អិន.ហ្សិត (ANZ) នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ សីហា ២០១៤។
RFA

ពលរដ្ឋ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​ការ​ទាមទារ​សំណង​សមរម្យ និង​ដីធ្លី​របស់​ពួកគេ​ពី​ក្រុមហ៊ុន​ស្ករស ភ្នំពេញ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ពី​ធនាគារ អេ.អិន.ហ្សិត (ANZ)។ ចំណែក​មន្ត្រី​សម្របសម្រួល​រវាង​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ស្ករស ភ្នំពេញ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​មាន​ឆន្ទៈ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ដោយសារ​ការ​វិនិយោគ​ចម្ការ​អំពៅ​នោះ​ប្រកប​ដោយ​តម្លាភាព​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

តំណាង​សហគមន៍​ស្រុក​ថ្ពង លោក ចាន់ សុឃឿន អះអាង​ថា ការ​វិនិយោគ​ធ្វើ​ចំការ​អំពៅ​របស់​ឧកញ៉ា​មហា​សេដ្ឋី និង​ជា​សមាជិក​ព្រឹទ្ធ​សភា​ពី​ខាង​គណបក្ស​កាន់​អំណាច​នេះ បាន​រំលោភ​យក​ដី​កសិដ្ឋាន​របស់​គាត់​ទំហំ ៤​ហិកតារ​ដែល​តែង​ផ្តល់​ផលិត​ស្រូវ​បាន ៤​តោន​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ត​ថា ក្រៅ​ពី​បាត់បង់​ធ្លី​ដែល​ជា​ប្រភព​រក​ចំណូល​ដ៏​ធំ​បំផុត​សម្រាប់​គ្រួសារ​ហើយ កូន​របស់​លោក​បួន​នាក់​ខ្លះ​ក៏​បាន​បោះបង់​ចោល​ការ​សិក្សា​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចំការ​អំពៅ ហើយ​ខ្លះ​ទៀត​ក៏​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ព្រោះ​គ្មាន​ជម្រើស។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ចាន់ សុឃឿន នៅ​តែ​បន្ត​ទាមទារ​រក​ដំណោះស្រាយ​ជុំវិញ​ការ​បាត់បង់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​ចំការ​អំពៅ​មួយ​នេះ៖ «ជា​ដំណោះស្រាយ​ដែល​ប្រជាពលរដ្ឋ​សហគមន៍​យើងខ្ញុំ​រងគ្រោះ​ចង់​បាន​ជា​ចម្បង គឺ​ចង់​បាន​ដីធ្លី​មក​វិញ គឺ​ដីធ្លី​ដែល​គាត់​បាន​បាត់បង់។ បន្ទាប់​មក​ទៀត​នឹង​សុំ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ចេញ​សង​ការ​ខូចខាត​រយៈពេល​បួន​ឆ្នាំ ចូល​មក​ប្រាំ​ឆ្នាំ​នេះ​ឲ្យ​ចេញ​ការ​ខូចខាត​បាត់បង់​អ្វីៗ​ទាំង​អស់​កន្លង​មក។ ឲ្យ​មាន​ការ​សង​ជា​សំណង​ឲ្យ​បាន​សមរម្យ​ផ្នែក​ការ​ខូចខាត ដូចជា​ការ​បាត់បង់​មុខ​របរ​បាត់បង់​អី​ហ្នឹង​អា​ហ្នឹង​ឲ្យ​គាត់​ចេញ​សង​រយៈពេល​កន្លង​មក​ហ្នឹង»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍​មួយ​ឲ្យ​ដឹង​ថា ធនាគារ អេ.អិន.ហ្សិត ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១០ បាន​ផ្ដល់​ប្រាក់​កម្ចី​ប្រហែល​ពី ៤០ ទៅ ៥០​លាន​ដុល្លារ សហរដ្ឋអាមេរិក​ឲ្យ​ក្រុមហ៊ុន​ស្ករស ភ្នំពេញ ឬ​ហៅ​ថា ភ្នំពេញ ស៊ូហ្គើរ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។ រី​ឯ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ បាន​ផ្ដល់​ការ​ប្រាក់​ជា​ច្រើន​ដល់​ធនាគារ​មួយ​នេះ​វិញ។

ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ទាំង​ធនាគារ អេ.អិន.ហ្សិត ទាំង​ក្រុមហ៊ុន ស្ករស ភ្នំពេញ របស់​លោក លី យ៉ុងផាត់ មាន​កាតព្វកិច្ច​សង​លុយ​ចំណេញ​របស់​ខ្លួន​ទៅ​ឲ្យ​ពលរដ្ឋ​ដែល​រង​ទុក្ខ​លំបាក​ដោយសារ​ការ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំថ្ងៃ និង​ដីធ្លី​សម្រាប់​បង្កបង្កើន​ផល​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក​នោះ។

​លោក​បន្ត​ថា ប្រាក់​ដែល​ក្រុមហ៊ុន​ត្រូវ​សង​នោះ សរុប​ប្រហែល ១១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ពលរដ្ឋ​ជិត ៧០០​គ្រួសារ  ក្នុង​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ដែល​បាន​បាត់បង់​ដីស្រែ​ដី​ចំការ និង​ដី​ផ្ទះ​សម្បែង​ជិត ៣​ពាន់​ហិកតារ រួម​ទាំង​ដី​ព្រៃ​សហគមន៍​ជាង ២​ពាន់​ហិកតារ​ផ្សេង​ទៀត៖ «ចំនួន​ហ្នឹង​វា​អាច​កើន​ឡើង​ព្រោះ​មាន​គ្រួសារ​ច្រើន​ជាង​ហ្នឹង​ទៀត ដែល​រង​ផល​ប៉ះពាល់​ហ្នឹង ប៉ុន្តែ​គ្រួសារ​ទាំង​អស់​ហ្នឹង​យើង​គណនា ទី​មួយ​ទៅ​លើ​តម្លៃ​ដី​ដែល​គាត់​បាត់បង់ ទី​២ ទៅ​លើ​មុខរបរ​និង​ប្រាក់​ចំណូល​ដែល​គាត់​បាន​បាត់បង់​តាំងពី​ឆ្នាំ​២០១០ មករ​ហូត​នោះ។ ចំនួន​ហ្នឹង​យើង​ទាមទារ​ទៅ​ខាង​ធនាគារ​ហ្នឹង គឺ​ទៅ​លើ​ចំនួន​លុយ​ដែល​ធនាគារ​ឲ្យ​ក្រុមហ៊ុន​ខ្ចី​ពី ៤០ ទៅ ៥០​លាន​ដុល្លារ»

​អង្គការ​សមធម៌​កម្ពុជា គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​បញ្ហា​រំលោភ​សិទ្ធិ​ដីធ្លី​ការ​បង្ខំ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក និង​អន្តរជាតិ​ដើម្បី​ស្វែង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​បុព្វហេតុ​លើក​ស្កួយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម។

ប្រធាន​អង្គការ​សមធម៌​កម្ពុជា រូប​នេះ​បញ្ជាក់​ថា អេ.អិន.ហ្សិត នៅ​តែ​ប្រកាន់​ជំហរ​ថា ធនាគារ​មួយ​នេះ​បាន​ទទួល​ប្រាក់​សំណង​គ្រប់​ចំនួន​ហើយ​ពី​អតិថិជន​របស់​ខ្លួន ដូច្នេះ​ធនាគា​មួយ​នេះ​ប្រកាន់​ថា ខ្លួន​បាន​ចប់​កាតព្វកិច្ច​ជាមួយ​ក្រុមហ៊ុន ស្ករស ភ្នំពេញ នោះ​ហើយ។

​លើស​ពី​នេះ​ទៅ​ទៀត​ធនាគារ​នេះ បាន​ទម្លាក់​បន្ទុក​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្ដល់​សំណង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​លោក អៀង វុទ្ធី បញ្ជាក់​ថា ធនាគារ​អន្តរជាតិ​មួយ​នេះ នឹង​មិន​អាច​រួច​ខ្លួន​ទេ ពីព្រោះ អេ.អិន.ហ្សិត បាន​រួម​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ស្ករស ភ្នំពេញ ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស ដោយសារ​តែ​មហិច្ឆតា​នៃ​ការ​វិនិយោគ​របស់​ពួកគេ៖ «បញ្ហា​ដែល​កើត​ឡើង​គឺ​ដោយសារ​ការ​វិនិយោគ ដោយសារ​តែ​ការ​ផ្ដល់​ប្រាក់​កម្ចី​ពី​ខាង​ធនាគារ​នេះ​ដល់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ខាង​សីលធម៌ ខាង​ផ្លូវ​ច្បាប់ ខាង​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ម៉េច​ត្រូវ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទៅ​លើ​បញ្ហា​ដែល​ខ្លួន​បាន​បង្ក​ឡើង​ហ្នឹង ហើយ​ខ្លួន​មិន​អាច​រួច​ពី​កាតព្វកិច្ច​ហ្នឹង​បាន​ទេ។ អ៊ីចឹង​បន្ទាប់​ពី​ហ្នឹង ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប្រទេស​អូស្ត្រាលី ទៅ​យន្តការ​សម្របសម្រួល OECD។ ឥឡូវ​ហ្នឹង​គេ​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ​ទៅ​លើ​ពាក្យ​បណ្ដឹង​ហ្នឹង»

​លោក​បន្ត​ថា ទាំង​លោក លី យ៉ុងផាត់ និង​ធនាគារ អេ.អិម.ហ្សិត ត្រូវ​ចូល​តុ​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​រក​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​ពួក​គេ។

ទាក់ទិន​បញ្ហា​នេះ លោក សិន សត្ថា អ្នក​សម្របសម្រួល​រវាង​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ ខាង​ផ្នែក​អភិវឌ្ឍន៍ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​កុម្ភៈ ថា ភាគី​ក្រុមហ៊ុន​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំណង និង​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ក្នុង​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​សមរម្យ។ ​លោក​បន្ត​ថា រហូត​មក​ទល់​ពេល នេះ​ភាគី​ក្រុមហ៊ុន​កំពុង​រង់ចាំ​មើល​របាយការណ៍​ស្រាវជ្រាវ​របស់​តំណាង​សហគមន៍​អឺរ៉ុប ដែល​បាន​ចុះ​អង្កេត​តំបន់​នោះ កាល​ពី​កន្លង​ទៅ​នោះ​ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ដោះស្រាយ​យ៉ាង​ណា​បន្ត​ទៀត។

​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សិន សត្ថា អះអាង​ថា ក្រុមហ៊ុន​សុខ​ចិត្ត​ធ្វើ​ការ​ដោះស្រាយ​ជា​ក្រុម​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី៖ «អ៊ីចឹង​ក្រុមហ៊ុន​គាត់​ក៏​មិន​មាន​ន័យ​ថា គាត់​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​ដែរ ប៉ុន្តែ​យើង​អាស្រ័យ​ទៅ​លើ​ការ​យល់​ព្រម​ពី​គ្រប់​ភាគី​ផង​ដែរ។ ការ​ដោះស្រាយ​របស់​យើង​ខ្ញុំ​ចុង​ក្រោយ​នេះ គឺ​មិន​មែន​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី ឬ​តែ​គាត់​ហើយ​និង​ខ្ញុំ​ដែរ គឺ​យើង​ធ្វើ​ពិនិត្យ​ជា​រួម​ជាមួយ​នឹង​អង្គការ និង​មេ​សហគមន៍ ជាមួយ​នឹង​អាជ្ញាធរ​ដែនដី​ដើម្បី​ឲ្យ​គាត់​បាន​ដឹង»

ប៉ុន្តែ​លោក​បញ្ជាក់​ថា ទំហំ​នៃ​ការ​ប៉ះពាល់​ដីធ្លី​ទៅ​លើ​ប្រជាពលរដ្ឋ ដោយសារ​ចំការ​អំពៅ​នោះ​ពុំ​មាន​ទំហំ​ធំធេង​រហូត​ដល់​ទៅ​ជាង ១០​លាន​ដុល្លារ​នោះ​ឡើយ។

​លោក សិន សត្ថា ឲ្យ​ដឹង​ថា ទិន្នន័យ​របស់​ក្រុមហ៊ុន​មាន​ការ​វាយ​តម្លៃ​ខុស​គ្នា​ពី​ទិន្នន័យ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដែនដី​ក្នុង​ការ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ ហើយ​តាម​ការ​ប៉ាន់​ស្មាន​សំណង​ដែល​ត្រូវ​សង​ទៅ​ប្រជាពលរដ្ឋ​មាន​ប្រហែល​ពី ១​លាន ទៅ ២​លាន​ដុល្លារ​ប៉ុណ្ណោះ៖ «សំណង​ហ្នឹង​ដោយសារតែ​វា​អាស្រ័យ​ទៅ​លើ​ទិន្នន័យ​ដែល​យើង​ទទួល​បាន​ជា​រួម​ពី​តំបន់​ហ្នឹង​ឯង។ ទិន្នន័យ​ដែល​យើង​ទទួល​បាន​ហ្នឹង គឺ​អត់​មាន​តម្លាភាព​ជាមួយ​នឹង​ទិន្នន័យ​របស់​អង្គការ និង​អាជ្ញាធរ​ដែនដី​ដែល​គាត់​ធ្វើ​ហ្នឹង គឺ​អត់​ត្រូវ​គ្នា​ទាំង​អស់។ អ៊ីចឹង​នៅ​ក្នុង​ដំណាក់កាល​អ៊ីចឹង យើង​មិន​អាច​ថា គួរ​ចំណាយ​ប៉ុន្មាន​អី​ប៉ុន្មាន​នោះ​គឺ​អត់​ដឹង​អី​ទាំង​អស់។ អ៊ីចឹង​ខ្ញុំ​គិត​ថា ដោយសារតែ​រង់ចាំ​តែ អ៊ី.យូ (EU) គាត់​ឲ្យ​របាយការណ៍​មក​យើង​ចុង​ក្រោយ​មក​ទើប​បាន​យើង​វាយ​តម្លៃ​ត្រូវ។ តើ​តាម​ឲ្យ​ខ្ញុំ​វ៉ៃ​ក៏​ខុស ព្រោះ​អី​ខ្ញុំ​វ៉ៃ​ជាមួយ​សហគមន៍​ផ្ទាល់​តែម្ដង​នោះ​គឺ​វា​មិន​ដល់​ប៉ុណ្ណឹង​ទេ ប្រហែល​ខ្ទង់ ១​លាន ទៅ ២​លាន​ហ្នឹង​ចង់​ច្រើន​ពេក​ផង»

​ប៉ុន្តែ​ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​តួលេខ​សំណង​របស់​ក្រុមហ៊ុន​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការកំណត់​កត្តា​មូលដ្ឋាន​អ្វី​នោះ​ឡើយ៖ «សំខាន់​ពី ១​លាន ទៅ ២​លាន​ហ្នឹង​គាត់​សំអាង​ទៅ​លើ​អី? តើ​គាត់​សិក្សា​ទៅ​លើ​ផល​ប៉ះពាល់​យ៉ាងម៉េច​​បាន​ជា​ចេញ​តួលេខ​នេះ?  ជាក់​ស្ដែង​ប្រសិនបើ​តួលេខ​ពិត​ប្រាកដ​ចំនួន​គ្រួសារ​ដែល​ប៉ះពាល់​ទំហំ​ដី​ដែល​បាត់បង់ ក៏​ដូចជា​អ្វី​ដែល​គាត់​ធ្លាប់​បាត់​កន្លង​មក​ហ្នឹង គួរ​តែ​មាន​ការ​ដាក់​បញ្ចូល ហើយ​ទូទាត់​ឲ្យ​បាន​ជាក់លាក់ អ៊ីចឹង​ទើប​វា​មាន​ភាព​សុក្រឹត»

​លោក​បន្ត​ថា តួលេខ​ដែល​លោក​ទទួល​បាន គឺ​ផ្អែក​លើ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ប្ដឹង​មក​អង្គការ​របស់​លោក​ដោយ​គណនា​ទៅ​នឹង​តម្លៃ​ដី​លើ​ទីផ្សារ និង​ការ​បាត់បង់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សិន សត្ថា អ្នក​សម្របសម្រួល​រវាង​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ អំពាវនាវ​ឲ្យ​មាន​ការ​អង្គុយ​ធ្វើការ​រួម​គ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ពី​ខាង​មន្ត្រី​សង្គម​ស៊ីវិល​អាជ្ញាធរ​ដែនដី​តំណាង​សហគមន៍​តំណាង​ក្រុមហ៊ុន និង​អ្នក​សារព័ត៌មាន​នានា ក្នុង​ការ​ស្វែង​រក​ទិន្នន័យ​នៃ​ការ​ខូចខាត​ពិត​ប្រាកដ​ដើម្បី​ងាយស្រួល​ផ្ដល់​សំណង​ឲ្យ​បាន​ច្បាស់លាស់​ដល់​សហគមន៍​តែម្ដង។

​ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី សាទរ និង​ស្វាគមន៍ ហើយ​ក្រុម​របស់​លោក​នឹង​ចូល​រួម​ក្នុង​កិច្ច​សហការ​នេះ​ប្រកប​ដោយ​តម្លាភាព។

សហភាព​អឺរ៉ុប​កាល​ពី​ដើម​ឆ្នាំ​២០១៤ បាន​ចុះ​ស៊ើប​អង្កេត​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ក្រុមហ៊ុន​ស្ករអំពៅ​មួយ​នេះ​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​រំលោភ​យក​ដី​របស់​ពួកគេ​តាម​រយៈ​ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល។
សហភាព​អឺរ៉ុប និង​ប្រទេស​បញ្ជា​ទិញ​ស្ករស​អន្តរជាតិ បាន​ប្រកាស​ថា នឹង​លុបចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ក្នុង​ករណី​សង្វាក់​ផលិតកម្ម​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ការ​ទន្ទ្រាន​យក​ដីធ្លី និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។

របាយការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា "ការ​ប្រមូល​ផល​ផ្អែម​តែ​ល្វីង" ដែល​ចេញផ្សាយ​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដីធ្លី ផ្ទះសម្បែង និង​ស្រែចម្ការ ដោយសារ​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករអំពៅ​របស់​លោក​ឧកញ៉ា​មហាសេដ្ឋី លី យ៉ុងផាត់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ។

របាយការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា ឲ្យ​ដឹង​ថា លោក លី យ៉ុងផាត់ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ចំនួន ៩​ពាន់​ហិកតារ នៅ​ស្រុក​ថ្ពង ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០១០។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ៍ (Sugar) របស់​អ្នកស្រី គឹម ហៀង ភរិយា​របស់​លោក លី យ៉ុងផាត់ ក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៩.០០០​ហិកតារ នៅ​ស្រុក​ឱរ៉ាល់ និង​ផ្ទៃដី​អភិវឌ្ឍន៍​សត្វព្រៃ​ចំនួន ៤.៧០០​ហិកតារ​បន្ថែម​ទៀត។

​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​គ្រួសារ​មហាសេដ្ឋី​មួយ​នេះ​មាន​ផ្ទៃដី​សរុប​ចំនួន ២៣.០០០​ហិកតារ ដែល​ជា​ទំហំ​លើស​ពី​ច្បាប់​អនុញ្ញាត​អម​ដោយ​រោងចក្រ​ធ្វើ​ស្ករស​ទាំង​មូល​របស់​លោក លី យ៉ុងផាត់ ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មាន​តម្លៃ​ជាង ២២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ថែម​ទៀត។ តាម​គម្រោង​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​នោះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​តាម​រយៈ​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​នេះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​ហិកតារ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។