ពលរដ្ឋ​៤​ភូមិ​នៅ​បាត់ដំបង​ចោទ​អាជ្ញាធរ​ថា​ធ្វើ​ប្រឡាយ​ទឹក​ប៉ះពាល់​ដី​ស្រែ​និង​មិន​ផ្ដល់​សំណង

ដោយ ហ៊ុំ ចំរើន
2015.03.03
ជីក​ប្រឡាយ​ទឹក បាត់ដំបង ៦២០ សកម្មភាព​គ្រឿងចក្រ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជីក​ដី​ធ្វើ​ប្រឡាយ​ទឹក​នៅ​ចំណុច​ភូមិ​ពុកឆ្មា ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រតិកម្ម​ទៅ​នឹង​គម្រោង​ជីក​ប្រឡាយ​ទឹក​មួយ​ខ្សែ​របស់​រដ្ឋ ថា​ជា​គម្រោង​មួយ​អភិវឌ្ឍ​តាម​អំពើ​ចិត្ត ដោយ​ពុំ​បាន​សិក្សា​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ជា​មុន​នោះ​ទេ។

អ្នក​ភូមិ​បញ្ជាក់​ថា គម្រោង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជាច្រើន​គ្រួសារ ហើយ​អាជ្ញាធរ​ពុំ​បាន​ផ្ដល់​សំណង​ឲ្យ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្កែ ហៅ​ការ​អភិវឌ្ឍ​ធ្វើ​ប្រឡាយ​ទឹក​របស់​រដ្ឋាភិបាល​នេះ ថា​ជា​សកម្មភាព​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ​ទៅ​បន្ថែម​ទៀត ដោយសារ​ពលរដ្ឋ​បាត់​បង់​ដីធ្លី​សម្រាប់​បង្កបង្កើនផល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពុកឆ្មា ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ថ្លែង​ឆ្ការ​ដៃ​ឆ្ការ​ជើង​នៅ​ខាង​ក្រោម​ផ្ទះ​នៅ​ថ្ងៃ​ទី​៣ មីនា ថា គម្រោង​អភិវឌ្ឍន៍​ធ្វើ​ប្រឡាយ​ទឹក​មួយ​ខ្សែ​របស់​រដ្ឋ​នៅ​ឃុំ​អន្លង់វិល នោះ មិន​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ទេ។ ប្រឡាយ​ទឹក​នោះ​ទទឹង​បាត​ក្រោម ៤​ម៉ែត្រ មាត់​លើ​ប្រឡាយ ១០​ម៉ែត្រ ចំណី​ដី​ប្រឡាយ​ម្ខាង ២០​ម៉ែត្រ សរុប​សាច់​ដី ៤០​ម៉ែត្រ និង​មាន​ប្រវែង​ប្រមាណ ១០​គីឡូម៉ែត្រ ដែល​ត្រូវ​ឆ្លង​កាត់​ភូមិ​ចំនួន​៤ រួម​មាន ភូមិ​អន្លង់វិល ភូមិ​ស្ពង់ ភូមិ​ពុកឆ្មា និង​ភូមិ​ខ្សោយ ឃុំ​អន្លង់វិល ស្រុក​សង្កែ។ អ្នក​ភូមិ​បញ្ជាក់​ថា គម្រោង​ធ្វើ​ប្រឡាយ​ទឹក​នេះ​ប៉ះពាល់​ស្រែ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០​គ្រួសារ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​បាន​សិក្សា​ជាមួយ​ប្រជាពលរដ្ឋ និង​ពុំ​មាន​ផ្ដល់​សំណង​អ្វី​ឡើយ៖ «ការ​ធ្វើ​ប្រឡាយ​ទឹក​នេះ ប្រជាពលរដ្ឋ​ម្ចាស់​ដី​ពុំ​បាន​ដឹង​ជា​មុន​ឡើយ ធ្វើ​ខ្ញុំ​អស់​ដី​លំនៅឋាន។ ខ្ញុំ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ធ្វើ​ប្រឡាយ​ទឹក​របស់​ក្រសួង​នេះ​ឡើយ ព្រោះ​ធ្វើ​នេះ​ពុំ​បាន​ដោះដូរ​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទេ បើ​បែប​នេះ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ពឹង​អ្វី»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង លោក ឡុង ផលគុណ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ធ្វើ​ប្រឡាយ​ទឹក​នៅ​ក្នុង​ឃុំ​អន្លង់វិល នោះ ធ្វើ​ឡើង​ដោយ​មាន​ការ​សិក្សា​ច្បាស់លាស់។ លោក​បន្ត​ថា ដី​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ពាក់ព័ន្ធ​នៅ​សេសសល់​មាន​ចំនួន​តិចតួច ហើយ​ខាង​សមត្ថកិច្ច​កំពុង​ដោះស្រាយ​លើ​ការងារ​នេះ​ឲ្យ​ពួក​គាត់​ហើយ៖ «ការ​ធ្វើ​ប្រឡាយ​ទឹក​នេះ គឺ​អាជ្ញាធរ​បាន​ផ្ដិត​មេដៃ​ឯកភាព​ពី​ប្រជាពលរដ្ឋ​អស់​ហើយ ទើប​ខាង​ក្រុម​ការងារ​ជំនាញ​ចុះ​ធ្វើ​ប្រឡាយ​ទឹក​នោះ​ទៅ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ការ​សាងសង់​ប្រឡាយ​ទឹក​នេះ គួរ​សិក្សា​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ជៀសវាង​កុំ​ឲ្យ​ពួក​គាត់​ធ្វើ​ការ​តវ៉ា​ដោយសារ​ការ​អភិវឌ្ឍ​នោះ។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​ប៉ះពាល់ សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​គួរ​ដោះស្រាយ​ជាមួយ​ពួក​គាត់​ឲ្យ​បាន​សម​ហេតុ​សម​ផល​តាម​ភាព​ជាក់ស្ដែង​ដែរ៖ «បើ​សិន​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មែន​នោះ ខ្ញុំ​ជឿ​ថា​ពួក​គាត់​មិន​និយាយ​ចោទ​ដាក់​សមត្ថកិច្ច​ឡើយ។ ដូច្នេះ​រឿង​នេះ បើ​មិន​ដោះស្រាយ​ទេ គឺ​កំហុស​នោះ​នឹង​ធ្លាក់​មក​លើ​សមត្ថកិច្ច​ខ្លួន​ឯង​ហើយ»

ប្រឡាយ​ទឹក​ឃុំ​អន្លង់វិល នេះ ជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដោយ​ចាប់​ផ្ដើម​សាងសង់​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៥ ហើយ​គម្រោង​សាងសង់​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។