ពលរដ្ឋ​៦១​គ្រួសារ​នៅ​កំពង់ស្ពឺ​ចោទ​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ថា​ព័ទ្ធ​របង​លើ​ដី​សមូហភាព

ដោយ អ៊ុក សាវបូរី
2015.01.22

ជម្លោះ​ដី​រួម​ទំហំ ២៥​ហិកតារ ភូមិ​សាលាគ្រួស ឃុំ​ព្រះនិព្វាន ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កំពុង​ឡើង​ក្តី​នៅ​ក្នុង​តុលាការ ប៉ុន្តែ​ស្រប​ពេល​គ្នា​នេះ ភាគី​ម្ខាង​ទៀត​អះអាង​ថា ពួក​គេ​មាន​ប្លង់​កាន់​កាប់។ ចំណែក​ខាង​អាជ្ញាធរ​ភូមិ​វិញ បាន​ច្រាន​ចោល​ប្លង់​នោះ ព្រោះ​គាត់​ជា​មន្ត្រី​សុរិយោដី​ថ្នាក់​ក្រោម មិន​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ប្លង់​ដី​នោះ​ឡើយ។

បញ្ហា​នេះ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បំភ្លឺ​ថា អ្នក​មាន​ប្លង់​លុះត្រា​តែ​ភាគី​រស់នៅ​ជាប់​ព្រំ​ដី​ផ្ដិត​មេដៃ​យល់​ព្រម​ទាំង​សង​ខាង ទើប​ក្រសួង​នេះ​ចេញ​ប្លង់​ឲ្យ​បាន។

ពលរដ្ឋ ៦១​គ្រួសារ និង​អាជ្ញាធរ​ភូមិ​សាលាគ្រួស ឃុំ​ព្រះនិព្វាន ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ចោទ​ថា អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​របង​ព័ទ្ធ​ដី​សមូហភាព​ភូមិ​ទំហំ ២៥​ហិកតារ មិន​ឲ្យ​អ្នក​ភូមិ​អាស្រ័យ​ផល។

ការ​ចោទ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ចាញ់​ក្តី ក្នុង​ការ​ស្នើសុំ​តុលាការ​រក្សា​ការពារ​ដី​សមូហភាព​ភូមិ​ទំហំ ២៥​ហិកតារ តែ​ត្រូវ​សាលា​ឧទ្ធរណ៍​ច្រាន​ចោល​កាល​ពី​ពេល​ថ្មីៗ​នេះ។

អតីត​មេ​ភូមិ​សាលាគ្រួស លោក ព្រំ សំអុន ថ្លែង​ថា ដី ២៥​ហិកតារ​នោះ ត្រូវ​មនុស្ស ២​នាក់​រស់នៅ​ក្នុង​ភូមិ​ព្រៃខ្លា ឃុំ​ព្រះនិព្វាន អះអាង​ថា បាន​ទិញ​ដី​នោះ ហើយ​មាន​ប្លង់​កាន់​កាប់​ត្រឹមត្រូវ។ លោក​ឆ្ងល់​ថា កាល​គាត់​ធ្វើ​ជា​មេ​ភូមិ និង​ជា​មន្ត្រី​សុរិយោដី​ថ្នាក់​ក្រោម មិន​បាន​ចុះ​ហត្ថលេខា​លក់​ដី​រួម​ភូមិ​នោះ​ទេ។ លោក​ថា សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកា​រក្សា​ការពារ​ដី​ជូន​ពលរដ្ឋ ៦១​គ្រួសារ។ លោក​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​គាត់​គាំទ្រ​ពលរដ្ឋ ៦១​គ្រួសារ ក្នុង​កិច្ច​ការពារ​ដី​រួម​ភូមិ មិន​លក់​មិន​ដូរ គាត់​ត្រូវ​បញ្ឈប់​ពី​ការងារ​មេ​ភូមិ៖ «ជុំ រី ហ្នឹង​គាត់​ជា​អង្គរក្ស​សម្ដេច ហ៊ុន សែន ហើយ រស់ សំបុក ហ្នឹង​គាត់​នៅ​ភូមិ​ទេ។ ពីរ​នាក់​ហ្នឹង​គាត់​សហការ​គ្នា ឥឡូវ​ហ្នឹង​ហួងហែង គេ​ព័ទ្ធ​របង គេ​ប្រើ​អំណាច គេ​អត់​ឲ្យ​ចូល វា​ថា​បើ​អ្នក​ណា​ចូល​គេ​នឹង​ប្ដឹង រួច​ប្រជាពលរដ្ឋ​គាត់​ភ័យ​ខ្លាច​អត់​ហ៊ាន​ចូល»

តំណាង​ពលរដ្ឋ​ភូមិ​សាលាគ្រួស សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ដីកា​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ចេញ​ឲ្យ​មក​ពលរដ្ឋ​ភូមិ​សាលាគ្រួស ៦១​គ្រួសារ រក្សា​ការពារ​ដី​នៅ​ចុង​ឆ្នាំ​២០១២។ ប៉ុន្តែ​ខាង​ចុង​បណ្ដឹង​មាន លោក ជុំ រី និង​លោក រស់ សំបុក ដែល​អះអាង​ថា​ជា​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​នោះ បាន​ប្ដឹង​ទាស់។ នៅ​ខែ​មេសា ឆ្នាំ​២០១៣ សាលា​ឧទ្ធរណ៍ គាំទ្រ​ដីកា​សាលា​ដំបូង​រក្សា​ការពារ​ដី​ឲ្យ​ពលរដ្ឋ ៦១​គ្រួសារ​ដដែល។ ស្រាប់​តែ​ពេល​ថ្មីៗ​នេះ ភាគី​ដើម​បណ្ដឹង​ទាស់​ជា​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែរ​ជា​អះអាង​ថា ឈ្នះ​ក្តី ហើយ​បាន​ធ្វើ​របង​ព័ទ្ធ​ដី​ជម្លោះ ២៥​ហិកតារ រួច​វាស់​ដី​លក់​ដូរ៖ «ក៏ប៉ុន្តែ​ខ្ញុំ​អត់​ដែល​ឃើញ​ឯកសារ​គាត់​ឈ្នះ​ទេ អត់​ដូច​ខ្ញុំ​មាន​ឯកសារ​តុលាការ​កំពង់ស្ពឺ ក៏​ខ្ញុំ​យក​ទៅ​ឲ្យ​មេ​ឃុំ មេ​ឃុំ​យក​ទៅ​ឲ្យ​អ្នក​សាងសង់ បាន​ពី​ឧទ្ធរណ៍ ក៏​ខ្ញុំ​យក​ទៅ​ចែក​អ្នក​សាងសង់​ឲ្យ​ទៅ​មេ​ឃុំ តែ​បែរ​ជា​ចំណែក​គាត់​ដែល​ថា​គាត់​ឈ្នះ​ហ្នឹង ខ្ញុំ​អត់​ដែល​ឃើញ​ដីកា​របស់​គាត់​ទេ»

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​លេខ​ទូរស័ព្ទ លោក ជុំ រី និង​លោក រស់ សំបុក ដែល​អ្នក​ភូមិ​អះអាង​ថា​ជា​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រង​នូវ​ការ​ចោទ​ពី​អ្នក​ភូមិ​សាលាគ្រួស ៦១​គ្រួសារ គឺ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា។

មេធាវី​ការពារ​ក្តី លោក ជួង ជូងី ឲ្យ​ដឹង​ថា សាលា​ឧទ្ធរណ៍​បាន​សម្រេច​ទទួល​ស្គាល់​ឯកសារ លោក ជុំ រី និង រស់ សំបុក ពិត​ជា​បាន​ទិញ​ដី​ដោយ​មាន​ប្លង់​ត្រឹមត្រូវ​ថែម​ទៀត៖ «ចំណុច​សំខាន់​ត្រង់​ថា​មាន​អនុក្រឹត្យ មាន​ប្រកាស​អន្តរ​ក្រសួង ដែល​បញ្ជាក់​ច្បាស់​ថា កាល​ណា​ដី​អត់​ប្លង់​អ៊ីចឹង ឈ្លោះ​គ្នា​អ៊ីចឹង ត្រូវ​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី ប៉ុន្តែ​បែរ​ជា​ចៅក្រម​ទទួល​យក​លិខិត​ទិញ​លក់ យក​លិខិត​ផ្ទេរ​សិទ្ធិ​ដែល​ធ្វើ​ឡើង​ក្នុង​កំឡុង​ពេល​ឈ្លោះ​គ្នា​ហ្នឹង យក​មក​បន្លែបន្លំ រួច​ប្រកាស​ថា​ការ​ទិញ​លក់​ហ្នឹង​ត្រឹមត្រូវ លិខិត​ផ្ទេរ​សិទ្ធិ​ហ្នឹង​ត្រឹមត្រូវ ហើយ​ភាគី​ខាង​ឈ្មួញ​ក៏​ចូល​ទៅ​កាន់​កាប់​ដី​ហ្នឹង ធ្វើ​សកម្មភាព​លក់​ដូរ​ជា​បន្តបន្ទាប់​ទៅ​ទៀត»

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡោ ដាវុធ បំភ្លឺ​ថា មុន​នឹង​ក្រសួង​នេះ​ចេញ​ប្លង់​កម្មសិទ្ធិ លុះត្រា​តែ​មន្ត្រី​ជំនាញ​ចុះ​វាស់​ដី​សិន។ បើ​ដី​មាន​ជម្លោះ​នៅ​តុលាការ​ទៀត​នោះ រឹត​តែ​ក្រសួង​នេះ​មិន​អាច​ចេញ​ប្លង់​ឲ្យ​ទេ។ លោក​បន្ត​ថា ការ​ចេញ​ប្លង់​នីមួយៗ​ទាល់​តែ​មាន​ការ​យល់​ព្រម​ពី​អ្នក​រស់នៅ​ជាប់​ព្រំ​ដី​គ្នា ដោយ​ការ​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ព្រំ​ដី​ទាំង​សង​ខាង។

ជំទប់​ទី​១ ឃុំ​ព្រះនិព្វាន លោក ឃឹម ភន ឲ្យ​ដឹង​ថា ដី​ទំហំ ២៥​ហិកតារ​នោះ ជា​ដី​វាល​គ្រាប់​បែក ហើយ​អាជ្ញាធរ​ភូមិ​បាន​ចែក​ឲ្យ​ពលរដ្ឋ​នៅ​ប៉ែក​ខាង​លិច​ចំនួន ១១​គ្រួសារ។ អ្នក ១១​គ្រួសារ​នោះ បាន​វាត​យក​ដី​រួម​ភូមិ​ប៉ែក​ខាង​កើត​បន្ថែម​ទៀត។ នៅ​អំឡុង​ឆ្នាំ​២០០៦ អ្នក​បាន​ដី ១១​គ្រួសារ នៅ​វាល​គ្រាប់បែក​លក់​ដី​ឲ្យ​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​កើត​ជា​ជម្លោះ​ដី ប្ដឹង​ឡើង​តុលាការ។ លោក​បន្ត​ថា បច្ចុប្បន្ន​អ្នក​ភូមិ ៦១​គ្រួសារ នៅ​តែ​ជួយ​ការពារ​ដី និង​បាន​ធ្វើ​ស្រែ តែ​ត្រូវ​ភាគី​អះអាង​មាន​ប្លង់ ទៅ​ច្រូត​ស្រូវ​ខ្ចី​ចោល ហើយ​បាន​បោះ​បង្គោល​ថ្ម​ធ្វើ​របង​ក្នុង​ដី​ដែល​តុលាការ​មិន​ទាន់​កាត់​ក្តី​រួច​រាល់។ លោក​ថា ទោះ​ជា​យ៉ាង​ណា ជម្លោះ​ដី​រួម​ភូមិ​នេះ​ហួស​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ដែនដី​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។