អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ថា​មិន​ឈូស​ប៉ះពាល់​ផ្ទះ​គ្រួសារ​នាយ​ទាហាន​នៅ​តំបន់​ថ្មដា

ដោយ ជិន ជេដ្ឋា
2014.11.27
ជម្លោះ​ដី ខេត្ត​ពោធិ៍សាត់ ៦២០ ផ្ទះ និង​ផល​ដំណាំ​របស់​ពលរដ្ឋ​រស់នៅ​ចំណុច​អូរ​ដើម​គរ ឋិត​នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍​សាត់ រូបថត​ថ្ងៃ​ទី ២៣ វិច្ឆិកា ២០១៤។ P
hoto Provided

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ អះអាង​ថា នឹង​ពុំ​មាន​ការ​បណ្ដេញ​ចេញ ឬ​ឈូស​ឆាយ​ប៉ះពាល់​ផ្ទះ​សម្បែង​គ្រួសារ​នាយ​ទាហាន​ណា​ម្នាក់​នៅ​តំបន់​ថ្មដា ស្រុក​វាលវែង ឡើយ។

ការ​បញ្ជាក់​របស់​អាជ្ញាធរ​នេះ គឺ​បន្ទាប់​ពី​មាន​គ្រួសារ និង​នាយ​ទាហាន​ការពារ​ព្រំដែន​ខ្មែរ-ថៃ នៅ​ច្រក​ថ្មដា ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ឈូស​ឆាយ​ផ្ទះ និង​ខ្ទម​របស់​ពលរដ្ឋ​ចំនួន ១២​ខ្នង ដែល​គេ​ដឹង​ថា នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ មាន​ក្រុម​គ្រួសារ​នាយ​ទាហាន​មួយ​ចំនួន​ដែរ។

សកម្មភាព​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​អ្នក​ភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បាន​ធ្វើ​ឲ្យ​នាយ​ទាហាន​ខ្លះ​កំពុង​ឈរ​ជើង​ការពារ​ព្រំដែន​ខ្មែរ-ថៃ បារម្ភ​ខ្លាច​អាជ្ញាធរ​រំលោភ​យក​ដីធ្លី ដែល​កូន​ប្រពន្ធ​របស់​ខ្លួន​កាន់​កាប់​នៅ​ភូមិ​ឯកភាព និង​ភូមិ​កណ្ដាល ទៅ​ឲ្យ​ក្រុមហ៊ុន ដូច​សកម្មភាព​ធ្វើ​នៅ​ភូមិ​សង្គមថ្មី ដែរ។ ប៉ុន្តែ​អាជ្ញាធរ ថា​នឹង​មិន​ប៉ះពាល់​ដី​គ្រួសារ​នាយ​ទាហាន​ឡើយ។

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ថា អាជ្ញាធរ​មាន​វិធានការ​ការពារ​ដី​របស់​រដ្ឋ ពី​ការ​កាប់​រាន​ដោយ​ក្រុម​អនាធិបតេយ្យ​នៅ​តំបន់​នោះ ប៉ុន្តែ​ចំពោះ​គ្រួសារ​នាយ​ទាហាន​ដែល​កាន់​កាប់​ដីធ្លី​ជាក់ស្ដែង និង​មាន​ការ​ដឹង​ឮ​ពី​មេ​បញ្ជាការ​របស់​ខ្លួន ឬ​អាជ្ញាធរ​មូលដ្ឋាន​ជា​យូរ​មក​ហើយ​នោះ​មិន​ប៉ះពាល់​ឡើយ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ប្លង់​កាន់​កាប់​ស្រប​ច្បាប់​ក៏ដោយ ក៏​អាជ្ញាធរ​នឹង​សម្រួល​លើ​បញ្ហា​នេះ​ដែរ។ លោក​បញ្ជាក់​ថា រឿង​ឈូស​ផ្ទះ និង​ខ្ទម​ចំនួន ១២​ខ្នង​កន្លង​ទៅ គឺ​ជា​រឿង​ដាច់​ដោយ​ឡែក​ពី​គ្រួសារ​នាយ​ទាហាន​ចូល​កាន់​កាប់​ដោយ​ត្រឹមត្រូវ និង​មិន​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​បន្ថែម​នោះ៖ «គ្រួសារ​កងទ័ព និង​អ្នក​ដែល​នៅ​ក្នុង​បន្ទាយ អត់​ទាន់​មាន​ដី​លំនៅឋាន​នេះ មេ​គេ​បាន​មក​ជជែក​រួច​ហើយ ប៉ុន្តែ​ខេត្ត​មាន​ភារកិច្ច​រក​ដី​ជូន​ប្រជាពលរដ្ឋ​ខ្លួន»

យ៉ាង​ណា នាយ​ទាហាន​កំពុង​ឈរ​ជើង​ការពារ​ព្រំដែន​ខ្មែរ-ថៃ ម្នាក់ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា រូប​លោក និង​នាយ​ទាហាន​ប្រហែល ៣០​នាក់​ផ្សេង​ទៀត ក្នុង​វរ​ការពារ​ព្រំដែន​លេខ​១៤៥ ចំណុះ​ឲ្យ​កង​ពល​តូច​អន្តរាគមន៍​លេខ​១៤ នឹង​ដោះ​ឯកសណ្ឋាន​យោធា រួច​ប្រគល់​អាវុធ​ទៅ​ឲ្យ​មេបញ្ជាការ​របស់​ខ្លួន ប្រសិន​បើ​ផ្ទះ ឬ​ដីធ្លី​ដែល​កូន​ប្រពន្ធ​កំពុង​រស់នៅ និង​អាស្រ័យ​ផល ត្រូវ​អាជ្ញាធរ​រឹប​អូស​យក​ទៅ​ឲ្យ​ក្រុមហ៊ុន។ លោក​ថា គ្រួសារ​នាយ​ទាហាន​ភាគ​ច្រើន មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​នៅ​ឡើយ។ ដូច្នេះ អាជ្ញាធរ​អាច​រំលោភ​យក​ដោយ​ប្រើ​លេស​ផ្សេងៗ ដើម្បី​យក​ដី​ពួក​គាត់​ដូច​នៅ​ភូមិ​សង្គមថ្មី ដែរ៖ «នៅ​ក្នុង​ជួរ​កងទ័ព​នេះ ការពារ​កុំ​ឲ្យ​ថៃ ឡើង​មក​ឈ្លាន​ពាន។ ឥឡូវ​ថៃ មិន​ឡើង​ផង ខ្មែរ​មក​ដី​ខ្មែរ​គ្នា​ឯង។ តស៊ូ​ដើម្បី​ជាតិ​មាតុភូមិ ដល់​ពេល​គេ​យក​ដី​អស់​ចឹង មិន​ដឹង​តស៊ូ​ដើម្បី​អី​ទេ ចិត្ដ​បង​ចិត្ដ​ខ្ញុំ​ដូច​គ្នា»

ឃុំ​ថ្មដា ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បង្កើត​ជា​ឃុំ​រដ្ឋបាល​របស់​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោយ​សមាហរណកម្ម​ទាហាន​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៩៨។ ឃុំ​នេះ​មាន​ភូមិ​ចំនួន​បី គឺ​ភូមិ​សង្គមថ្មី ឯកភាព និង​ភូមិ​កណ្ដាល។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ភាគ​ច្រើន​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម ហើយ​ពួក​គេ​ទទួល​បាន​របប​ដី​ពី​អាជ្ញាធរ​មូលដ្ឋាន​បែង​ចែក​នៅ​ក្នុង​ឆ្នាំ​១៩៩៩ និង​ខ្លះ​នៅ​ឆ្នាំ​២០០០ បន្ទាប់​ពី​កង​កម្លាំង​រាជ​រដ្ឋាភិបាល​កម្ពុជា ទៅ​បោះ​ទីតាំង​ឈរ​ជើង​នៅ​តំបន់​នោះ ដោយ​បាន​នាំ​គ្រួសារ​របស់​ពួក​គេ​ទៅ​រស់នៅ​ជាមួយ។ ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ចាប់​ផ្ដើម​មាន​រឿង​ដីធ្លី​ជា​បន្តបន្ទាប់​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​នៅ​តំបន់​នោះ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម​កាល​ពី​ឆ្នាំ​២០១០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។