អ្នក​មាន​ជម្លោះ​ដី​ជាមួយ​ចម្ការ​កៅស៊ូ​មេមត់​ហែ​ក្បួន​បិទ​ផ្លូវ​ស្នើសុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​តវ៉ា​កន្លង​មក ៥២៤​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់។ ចំណែក​អាជ្ញាធរ បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​ថា នឹង​ពិភាក្សា​គ្នា​ឡើង​វិញ​ជុំវិញ​បញ្ហា​នេះ​នៅ​ពីរ​សប្ដាហ៍​ខាង​មុខ។

ក្បួន​ដង្ហែ​ចេញ​ពី​មុខ​ផ្សារ​ស្ថិត​ក្នុង​ភូមិ​ខ្នង​ក្រពើ​កើត ឃុំ​ត្រមូង កាត់​មុខ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ឆ្ពោះ​ទៅ​កាន់​សាលា​ស្រុក​មេមត់ រហូត​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​លេខ​៧​មួយ​សន្ទុះ​នៅ​មុខ​សាលា​ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់។ នៅ​ក្នុង​ការ​តវ៉ា​នោះ ពួក​គាត់​ថ្លែង​ថា ពលរដ្ឋ​មិន​ចង់​ស្តាប់​ការ​សន្យា​របស់​អាជ្ញាធរ​ដោយ​មាត់​ទទេ​ឡើយ ប៉ុន្តែ​ពួក​គាត់​ចង់​ឱ្យ​មាន​ការ​ធ្វើ​លិខិត​ជា​លាយលក្ខណ៍​អក្សរ ដើម្បី​ឱ្យ​ដោះស្រាយ​រឿង​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​លំនៅឋាន​របស់​ខ្លួន។

អ្នកស្រី ម៉ៅ ស្រីធា ដែល​ចូលរួម​ហែ​ក្បួន​ឱ្យ​ដឹង​ថា គោល​បំណង​ដែល​ពួក​គាត់​នាំ​គ្នា​ហែ​ក្បួន​ទៅ​សាលា​ស្រុក គឺ​ដើម្បី​ឱ្យ​អាជ្ញាធរ​ទាំងអស់ គិតគូរ​រឿង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ជា​ជាង​តម្រូវ​ឱ្យ​ពួក​គាត់​ចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង ដែល​ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​ពេល​កន្លង​ទៅ​នោះ៖ «ដោយសារ​តែ​អាជ្ញាធរ​គេ​មិន​អើពើ គេ​ព្រលែង​យើង​ចោល​ហ្មង! និយាយ​ទៅ​គេ​មិន​ខ្វល់​ពេល​យើង​មក​ជួយ​គេ​អ៊ីចឹង​ទៅ គេ​អឺ​អើ​ជាមួយ​យើង​តែ​មួយ​ភ្លែត​អ៊ីចឹង​ទៅ ដល់​ពេល​រួច​ទៅ​គេ​ទៅ​បាត់​វិញ​ទៅ គេ​មិន​ដែល​មក​រវីរវល់​ជាមួយ​យើង។ ប្រសិន​បើ​រវីរវល់​ប្រាំពីរ​ប្រាំបី​ឆ្នាំ វា​ហើយ​រឿង​ដី​ហ្នឹង​មិន​មែន​បន្លាយ​ដល់​ហ្នឹង​ទេ។ សម្ដេច ហ៊ុន សែន ក៏​គាត់​ធ្លាប់​និយាយ​ដែរ​ថា ដី​ប្រជាពលរដ្ឋ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ ព្រោះ​រាស្ត្រ​របស់​យើង​តើ!»

អ្នកស្រី​ថា កាល​ពី​ពេល​កន្លង​ទៅ អាជ្ញាធរ​បាន​ត្រឹម​តែ​សន្យា​ខ្យល់​ជូន​ពួក​គាត់​ថា នឹង​រក​ដំណោះស្រាយ ផ្ទុយ​ទៅ​វិញ​ជាង ៦​ឆ្នាំ​ទៅ​ហើយ ដំណោះស្រាយ​នៅ​តែ​គ្មាន​ដដែល រីឯ​ពលរដ្ឋ​វិញ ត្រូវ​រស់នៅ​ក្នុង​ភាព​មិន​ស្ងប់​ចិត្ត​រហូត​មក។

អភិបាល​ស្រុក​មេមត់ លោក ចេង ប៉ុណ្ណារ៉ា មិន​មាន​ប្រសាសន៍​យ៉ាង​ណា​ទេ​ជុំវិញ​រឿង​នេះ ដោយ​លោក​ថា​ជាប់​រវល់។ យ៉ាង​ណា លោក​ក៏​បាន​ចេញ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​មួយ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត នៅ​ថ្ងៃ​ទី​៣០ តុលា ឱ្យ​ទៅ​តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ ថា​នឹង​លើក​យក​បញ្ហា​របស់​ពួក​គាត់​មក​ពិភាក្សា​គ្នា​ក្នុង​អំឡុង​ពេល ២​សប្ដាហ៍​បន្ទាប់ ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​ជាប់​រវល់​ទៅ​នឹង​ពិធី​បុណ្យ​អុំទូក។

ប៉ុន្តែ ពលរដ្ឋ​ថា ប្រសិន​បើ​ពីរ​សប្ដាហ៍​នៅ​តែ​មិន​ឃើញ​ការ​ឆ្លើយ​តប​ទេ ពួក​គាត់​នឹង​នាំ​គ្នា​ឡើង​ទៅ​ភ្នំពេញ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ធំៗ​របស់​ជាតិ​តែ​ម្តង។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន យល់​ថា ពាក់ព័ន្ធ​រឿង​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ នោះ អាច​មាន​ជាប់​សែស្រឡាយ​របស់​អ្នក​ធំ​នៅ​ពី​ក្រោយ បាន​ជា​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត មិន​អាច​ដោះស្រាយ​បាន​សោះ ព្រោះ​ខ្លាច​ប៉ះពាល់​ប្រយោជន៍​របស់​ខ្លួន៖ «ប្រជាពលរដ្ឋ​គាត់​ចង់​បាន​តែ​សិទ្ធិ​កាន់​កាប់​ដី​ហ្នឹង គាត់​ចង់​បាន​លិខិត​ស្នាម​ត្រឹមត្រូវ​មក​ឱ្យ​គាត់​ធ្វើ​អ៊ីចឹង គាត់​ពិបាក​ណាស់! គាត់​ជួសជុល​ក៏​មិន​បាន គាត់​ធ្វើ​ផ្ទះ​ថ្មី​ផ្ទះ​ចាស់​ក៏​មិន​បាន។ គាត់​ចាប់​បាន​ទទួល​ស្គាល់ ពិសេស​ចង់​បាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​មាន​លិខិត​ស្នាម​បញ្ជាក់​គាត់​ត្រឹមត្រូវ»

ប្រជាពលរដ្ឋ បាន​បំបែក​ការ​ជួប​ជុំ​នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់ ក្រោយ​ពេល​ទទួល​បាន​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ពី​អាជ្ញាធរ​ស្រុក​រួច។

ដោយ​ឡែក​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត យល់​ថា រឿង​នេះ​គឺ​វា​ពិបាក​ក្នុង​ការ​ដោះស្រាយ​ណាស់ ពីព្រោះ​អ្នក​រំលោភ​យក​ដី​ពី​ពលរដ្ឋ គឺ​ធំ​ជាង​អាជ្ញាធរ​ដែល​ជា​អ្នក​ដោះស្រាយ៖ «ហើយ​ហេតុ​អត់​ដោះ​មិន​បាន​ឆ្ងល់​ទេ ព្រោះ​អ្នក​ដោះស្រាយ​តូច​ជាង​អ្នក​យក។ អ្នក​មក​យក​ដី​ប្រជាពលរដ្ឋ អ្នក​មក​គូរ​ប្លង់​ហ្គេវ​យក​ពី​ប្រជាពលរដ្ឋ​វិញ​ហ្នឹង គឺ​អ្នក​ធំ ឯ​អ្នក​ទៅ​ដោះស្រាយ​ត្រឹម​តែ​ចៅហ្វាយ​ស្រុក ត្រឹម​តែ​តំណាង​រាស្ត្រ​ហ្នឹង ទៅ​ដោះ​ម៉េច បើ​អ្នក​យក​ធំ​ជាង​នោះ ដោះ​មួយ​រយ​ឆ្នាំ​ទៀត​ក៏​ដោះ​វា​មិន​ចេញ​ដែរ ពិសេស​ទៅ​សុំ​អ្នក​យក​ថា លោក​អើយ​ឈប់​យក​ទៅ គេ​ឱ្យ​ហើយ។ បើ​ថា​ឱ្យ​ដោះ​ហ្នឹង​ដោះ​ប៉ុន្មាន​ទៀត​ក៏​ដោះ​អត់​ចេញ​ដែរ! អា​រឿង​ដោះស្រាយ​នេះ​មិន​មែន​ចេះ​តែ​ដោះ​បាន​ណា​ស្រុក​ខ្មែរ ទាល់​តែ​អ្នក​ធំ​មក​ដោះ។ ហើយ​អនុសាសន៍​នាយក​រដ្ឋមន្ត្រី​នោះ បាន​តែ​រឿង​តូចៗ បាន​តែ​រឿង​ជិត​បោះ​ឆ្នោត​អី​ទេ មក​ដល់​ពេល​នេះ​ដោះ​ម៉េច​ចេញ ដោះ​អត់​ចេញ​ទេ»

លោក​បន្ថែម​ថា បញ្ហា​ដីធ្លី​នៅ​ស្រុក​មេមត់ មាន​តែ​នាយក​រដ្ឋមន្ត្រី​ទេ​ដែល​អាច​ដោះស្រាយ​បាន ដោយ​ចេញ​លិខិត​មួយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ​កាត់​ដី​ជូន​ពលរដ្ឋ។ ប្រសិន​បើ​បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ លោក​បារម្ភ​ថា​ការ​តវ៉ា​នឹង​រីក​រាល​ដាល​កាន់​តែ​ធំ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។