ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ តំណាងឲ្យពលរដ្ឋតវ៉ាកន្លងមក ៥២៤គ្រួសារ ដែលមានជម្លោះដីធ្លីនៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់។ ចំណែកអាជ្ញាធរ បានចេញលិខិតជាផ្លូវការថា នឹងពិភាក្សាគ្នាឡើងវិញជុំវិញបញ្ហានេះនៅពីរសប្ដាហ៍ខាងមុខ។
ក្បួនដង្ហែចេញពីមុខផ្សារស្ថិតក្នុងភូមិខ្នងក្រពើកើត ឃុំត្រមូង កាត់មុខក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឆ្ពោះទៅកាន់សាលាស្រុកមេមត់ រហូតឈានដល់បិទផ្លូវជាតិលេខ៧មួយសន្ទុះនៅមុខសាលាស្រុក នៅព្រឹកថ្ងៃទី៣០ តុលា ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។ នៅក្នុងការតវ៉ានោះ ពួកគាត់ថ្លែងថា ពលរដ្ឋមិនចង់ស្តាប់ការសន្យារបស់អាជ្ញាធរដោយមាត់ទទេឡើយ ប៉ុន្តែពួកគាត់ចង់ឱ្យមានការធ្វើលិខិតជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យដោះស្រាយរឿងចេញប្លង់កម្មសិទ្ធិលើលំនៅឋានរបស់ខ្លួន។
អ្នកស្រី ម៉ៅ ស្រីធា ដែលចូលរួមហែក្បួនឱ្យដឹងថា គោលបំណងដែលពួកគាត់នាំគ្នាហែក្បួនទៅសាលាស្រុក គឺដើម្បីឱ្យអាជ្ញាធរទាំងអស់ គិតគូររឿងចេញប្លង់កម្មសិទ្ធិស្របច្បាប់ ជាជាងតម្រូវឱ្យពួកគាត់ចេញទៅរស់នៅកន្លែងផ្សេង ដែលផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីកាលពីពេលកន្លងទៅនោះ៖ «ដោយសារតែអាជ្ញាធរគេមិនអើពើ គេព្រលែងយើងចោលហ្មង! និយាយទៅគេមិនខ្វល់ពេលយើងមកជួយគេអ៊ីចឹងទៅ គេអឺអើជាមួយយើងតែមួយភ្លែតអ៊ីចឹងទៅ ដល់ពេលរួចទៅគេទៅបាត់វិញទៅ គេមិនដែលមករវីរវល់ជាមួយយើង។ ប្រសិនបើរវីរវល់ប្រាំពីរប្រាំបីឆ្នាំ វាហើយរឿងដីហ្នឹងមិនមែនបន្លាយដល់ហ្នឹងទេ។ សម្ដេច ហ៊ុន សែន ក៏គាត់ធ្លាប់និយាយដែរថា ដីប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋទៅ ព្រោះរាស្ត្ររបស់យើងតើ!»។
អ្នកស្រីថា កាលពីពេលកន្លងទៅ អាជ្ញាធរបានត្រឹមតែសន្យាខ្យល់ជូនពួកគាត់ថា នឹងរកដំណោះស្រាយ ផ្ទុយទៅវិញជាង ៦ឆ្នាំទៅហើយ ដំណោះស្រាយនៅតែគ្មានដដែល រីឯពលរដ្ឋវិញ ត្រូវរស់នៅក្នុងភាពមិនស្ងប់ចិត្តរហូតមក។
អភិបាលស្រុកមេមត់ លោក ចេង ប៉ុណ្ណារ៉ា មិនមានប្រសាសន៍យ៉ាងណាទេជុំវិញរឿងនេះ ដោយលោកថាជាប់រវល់។ យ៉ាងណា លោកក៏បានចេញលិខិតជាលាយលក្ខណ៍អក្សរមួយក្នុងនាមអាជ្ញាធរខេត្ត នៅថ្ងៃទី៣០ តុលា ឱ្យទៅតំណាងប្រជាពលរដ្ឋទាំងនោះ ថានឹងលើកយកបញ្ហារបស់ពួកគាត់មកពិភាក្សាគ្នាក្នុងអំឡុងពេល ២សប្ដាហ៍បន្ទាប់ ដោយសារតែអាជ្ញាធរខេត្តជាប់រវល់ទៅនឹងពិធីបុណ្យអុំទូក។
ប៉ុន្តែ ពលរដ្ឋថា ប្រសិនបើពីរសប្ដាហ៍នៅតែមិនឃើញការឆ្លើយតបទេ ពួកគាត់នឹងនាំគ្នាឡើងទៅភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នធំៗរបស់ជាតិតែម្តង។
សមាជិកក្រុមប្រឹក្សាស្រុកមេមត់ មកពីគណបក្សសង្គ្រោះជាតិ លោក គង់ សំអាន យល់ថា ពាក់ព័ន្ធរឿងជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នោះ អាចមានជាប់សែស្រឡាយរបស់អ្នកធំនៅពីក្រោយ បានជាអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត មិនអាចដោះស្រាយបានសោះ ព្រោះខ្លាចប៉ះពាល់ប្រយោជន៍របស់ខ្លួន៖ «ប្រជាពលរដ្ឋគាត់ចង់បានតែសិទ្ធិកាន់កាប់ដីហ្នឹង គាត់ចង់បានលិខិតស្នាមត្រឹមត្រូវមកឱ្យគាត់ធ្វើអ៊ីចឹង គាត់ពិបាកណាស់! គាត់ជួសជុលក៏មិនបាន គាត់ធ្វើផ្ទះថ្មីផ្ទះចាស់ក៏មិនបាន។ គាត់ចាប់បានទទួលស្គាល់ ពិសេសចង់បានសិទ្ធិកាន់កាប់ដីធ្លីមានលិខិតស្នាមបញ្ជាក់គាត់ត្រឹមត្រូវ»។
ប្រជាពលរដ្ឋ បានបំបែកការជួបជុំនៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ ក្រោយពេលទទួលបានលិខិតជាលាយលក្ខណ៍អក្សរពីអាជ្ញាធរស្រុករួច។
ដោយឡែកមន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម លោក នាង សុវ៉ាត យល់ថា រឿងនេះគឺវាពិបាកក្នុងការដោះស្រាយណាស់ ពីព្រោះអ្នករំលោភយកដីពីពលរដ្ឋ គឺធំជាងអាជ្ញាធរដែលជាអ្នកដោះស្រាយ៖ «ហើយហេតុអត់ដោះមិនបានឆ្ងល់ទេ ព្រោះអ្នកដោះស្រាយតូចជាងអ្នកយក។ អ្នកមកយកដីប្រជាពលរដ្ឋ អ្នកមកគូរប្លង់ហ្គេវយកពីប្រជាពលរដ្ឋវិញហ្នឹង គឺអ្នកធំ ឯអ្នកទៅដោះស្រាយត្រឹមតែចៅហ្វាយស្រុក ត្រឹមតែតំណាងរាស្ត្រហ្នឹង ទៅដោះម៉េច បើអ្នកយកធំជាងនោះ ដោះមួយរយឆ្នាំទៀតក៏ដោះវាមិនចេញដែរ ពិសេសទៅសុំអ្នកយកថា លោកអើយឈប់យកទៅ គេឱ្យហើយ។ បើថាឱ្យដោះហ្នឹងដោះប៉ុន្មានទៀតក៏ដោះអត់ចេញដែរ! អារឿងដោះស្រាយនេះមិនមែនចេះតែដោះបានណាស្រុកខ្មែរ ទាល់តែអ្នកធំមកដោះ។ ហើយអនុសាសន៍នាយករដ្ឋមន្ត្រីនោះ បានតែរឿងតូចៗ បានតែរឿងជិតបោះឆ្នោតអីទេ មកដល់ពេលនេះដោះម៉េចចេញ ដោះអត់ចេញទេ»។
លោកបន្ថែមថា បញ្ហាដីធ្លីនៅស្រុកមេមត់ មានតែនាយករដ្ឋមន្ត្រីទេដែលអាចដោះស្រាយបាន ដោយចេញលិខិតមួយតម្រូវឱ្យក្រុមហ៊ុនទាំងនោះកាត់ដីជូនពលរដ្ឋ។ ប្រសិនបើបញ្ហានេះមិនអាចដោះស្រាយបានទេ លោកបារម្ភថាការតវ៉ានឹងរីករាលដាលកាន់តែធំថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
