យ៉ាងនេះក្តី នៅឯខេត្តរតនគិរី មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយចំនួនបានព្យាយាមប្រើល្បិចកលធ្វើយ៉ាងណាឲ្យអ្នកភូមិដែលមានដីចុះបញ្ជីប័ណ្ណកម្មសិទ្ធិឯកជនពីគោលនយោបាយនេះ លក់ដីរបស់ខ្លួនវិញក្នុងតម្លៃថោកទៅឲ្យក្រុមហ៊ុន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស សមាគមអាដហុក (ADHOC) ខេត្តរតនគិរី នៅថ្ងៃច័ន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ អំពាវនាវឲ្យអាជ្ញាធរខេត្តចាត់វិធានការទប់ស្កាត់ចលនាបំភិតបំភ័យប្រជាពលរដ្ឋជនជាតិដើមភាគតិច ឲ្យលក់ដីដែលបានចុះបញ្ជីកម្មសិទ្ធិទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។
សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអាជ្ញាធរភូមិយ៉ាសោម ឃុំស៊ឺង ស្រុកបរកែវ ខេត្តរតនគិរី រាយការណ៍ថា មេការគ្រឿងចក្រឈូសឆាយដីរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ អេលែវ ហ្យ័ញស្តុក បានចលនាឲ្យអ្នកភូមិដែលមានដីស្រែចម្ការក្នុងបរិវេណដីក្រុមហ៊ុន ហើយបានចុះបញ្ជីកម្មសិទ្ធិដីធ្លីរួច ឲ្យលក់ដីមកឲ្យក្រុមហ៊ុនវិញ។
ប្រធានភូមិយ៉ាសោម លោក រចំ វិន មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិត្រូវគេបំភិតបំភ័យថា ការចុះបញ្ជីដីធ្លីនោះមិនទាន់ផ្លូវការទេ ហេតុនេះដីអ្នកភូមិដែលស្ថិតក្នុងបរិវេណដីក្រុមហ៊ុន នឹងត្រូវក្រុមហ៊ុនដកហូត ប្រសិនអ្នកភូមិមិនលក់ដីនោះ។ លោកបន្តថា អ្នកបម្រើការឲ្យក្រុមហ៊ុន បានព្យាយាមបញ្ចុះបញ្ចូលឲ្យអាជ្ញាធរភូមិជួយផ្សព្វផ្សាយឲ្យអ្នកភូមិលក់ដី។
លោក រចំ វិន៖ «ឲ្យខ្ញុំមកបញ្ចុះបញ្ចូលប្រជាពលរដ្ឋហ្នឹង លក់ប្លង់។ គេថា ៥០០ ខ្ញុំតមាត់ជាមួយគាត់មិញ ខ្ញុំថាខ្ញុំមេភូមិ ខ្ញុំដើម្បីឲ្យប្រជាពលរដ្ឋមាន ឲ្យប្រជាពលរដ្ឋក្រទៀត ក្រហើយលក់ដី។ អានេះថាប្លង់របស់និស្សិត ០១របស់សម្ដេច សូម្បីមិនមានប្លង់ ក៏ខ្ញុំមិនអាចបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋលក់ដីដែរ»។
សេចក្តីរាយការណ៍ពីអ្នកភូមិយ៉ាសោម ឲ្យដឹងថា ដីអ្នកភូមិដែលបានចុះបញ្ជីកម្មសិទ្ធិដោយក្រុមការងារ និងនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីកម្មសិទ្ធិរួចហើយ ក្រុមហ៊ុនសម្បទាន អេលែវ ហ្យ័ញស្តុក ទិញក្នុងតម្លៃ ២៥០ដុល្លារក្នុងដីមួយហិកតារ។
មេការគ្រឿងចក្រឈូសឆាយដីរបស់ក្រុមហ៊ុន អេលែវ ហ្យ័ញស្តុក លោក ស៊ិន សេងហួរ មានប្រសាសន៍ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាព្យាយាមរកវិធីឲ្យអ្នកភូមិលក់ដី ប៉ុន្តែអ្នកភូមិមិនយល់ព្រមលក់ទេ ដោយសារតម្លៃទិញថោកពេក។ លោកបន្តថា ដោយសារហេតុផលនេះ ទើបលោកចេញមុខទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ជាង ហើយផ្ទេរដីនោះទៅឲ្យក្រុមហ៊ុនវិញ ក៏ប៉ុន្តែការលក់ដីអាស្រ័យលើការស្ម័គ្រចិត្តលក់របស់ប្រជាពលរដ្ឋ។
លោក ស៊ិន សេងហួរ៖ «ដីហ្នឹងវាពាក់ព័ន្ធដីក្រុមហ៊ុន ក្នុងប្លង់ក្រុមហ៊ុន ហើយបងប្អូនប្រជាជនយើងទៅកាប់យក។ ដល់អ៊ីចឹង ខ្ញុំសុំទិញគាត់ ក្រុមហ៊ុនគេឲ្យខ្ញុំសុំចរចាសុំទិញ។ ក្រុមហ៊ុនកាត់ពីប្រជាពលរដ្ឋឲ្យគ្នាតែ ពីររយ ពីររយហាសិប។ គ្នាគ្រាន់តែឈ្នួលកាប់មួយហិកតារ អស់ពីរបីរយហើយ គ្នាឲ្យម៉េចកើតលក់ម៉េចកើត។ ដល់ឲ្យមិនកើត ក្រុមហ៊ុនចេះតែឡូឡារករឿងគេរករឿងឯង»។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បានកត់សម្គាល់ថា មុនមានគោលនយោបាយចុះបញ្ជីដីធ្លីប្រជាពលរដ្ឋនៅភូមិយ៉ាសោម ក៏ត្រូវក្រុមហ៊ុនចលនាឲ្យទទួលប្រាក់ជាថ្នូរនឹងការប្រគល់ដីស្រែចម្ការ និងដីចម្ការវិលជុំទៅឲ្យក្រុមហ៊ុននេះដូចគ្នា។
លោកបន្តថា ប្រសិនមិនមានវិធានការទប់ស្កាត់ចលនាបំភ័យអ្នកភូមិឲ្យប្រគល់ដីនេះទេ ជនជាតិដើមភូមិយ៉ាសោម នឹងក្លាយជាជនរងគ្រោះអស់ដីធ្វើស្រែចម្ការ៖ «ក្រុមជនជាតិដើមភាគតិចនៅយ៉ាសោម ហ្នឹង គឺជួបភាពមហន្តរាយហើយ។ បានន័យថា គាត់នឹងបាត់បង់ដីធ្លីទាំងស្រុង ហើយគាត់នឹងបាត់បង់ជីវភាពធ្វើឲ្យគាត់មិនអាចរស់នៅជាលក្ខណៈប្រពៃណីគាត់បានតទៅទៀតទេ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃច័ន្ទ ទី២៥ ខែកុម្ភៈ មិនអាចទាក់ទងអ្នកនាំពាក្យអាជ្ញាធរខេត្តរតនគិរី លោក ថង សាវុន សុំអធិប្បាយពីបញ្ហានេះបានទេ។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ អ្នកភូមិយ៉ាសោម ៥គ្រួសារ មិនមានដីធ្វើស្រែចម្ការទេ ដោយសារដីពួកគាត់ត្រូវក្រុមហ៊ុនឈូសឆាយយក ហើយផ្តល់ប្រាក់ជាថ្នូរតិចតួចមុនពេលក្រុមនិស្សិតចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។