សង្គម​ស៊ីវិល​សោកស្ដាយ​ដែល​ផ្ទៃ​ដី​បឹង​ព្រែក​ទប់​នៅ​សល់​ត្រឹម​១៦,៣​ហិកតារ

ដោយ ដែន អយុធ្យា
2017.08.13
ចាក់​ដី​បឹង​ព្រែក​ទប់ ព្រះសីហនុ ២០១៧ ១៤៤០ រថយន្ត​ដឹក​ដី​ចាក់​ធ្វើ​ផ្លូវ​ហ៊ុមព័ទ្ធ​ជុំវិញ​បឹង​ព្រែក​ទប់ ស្ថិត​ក្នុង​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

អ្នក​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម បង្ហាញ​ការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​អាច​រក្សា​ផ្ទៃ​រង​ទឹក​ភ្លៀង នៃ​បឹង​ព្រែក​ទប់ នា​ខេត្ត​ព្រះសីហនុ ដែល​ពី​មុន​មាន​ទំហំ​រាប់​រយ​ហិកតារ ប៉ុន្តែ​ពេល​នេះ​បាន​រួម​តូច​មក​ត្រឹម​ជាង ១៦​ហិកតារ។ ដី​បរិវេណ​មាត់​បឹង​ព្រែក​ទប់ ត្រូវ​បាន​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​រំលោភ​ធ្វើ​កម្មសិទ្ធិ ហើយ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ទទួល​ស្គាល់ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​នេះ​ស្រប​ច្បាប់។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ហួស​ចិត្ត ដោយ​ដឹង​ថា មហិច្ឆតា​របស់​បុគ្គល​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​ក្នុង​ការ​ចាក់​ដី​រំលោភ​យក​ដី​ចំណី​បឹង​ព្រែក​ទប់ គឺ​បាន​សម្រេច​តាម​បំណង​ពួក​គេ​ហើយ។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី បង្ហាញ​ការ​សោកស្ដាយ ដែល​ពេល​នេះ​ផ្ទៃ​រង​ទឹក​ភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​នៅ​សល់​ផ្ទៃ​បឹង​ត្រឹម​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) តែ​ប៉ុណ្ណោះ។ លោក​ថា បុគ្គល និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​បាន​ចាក់​ដី​រំលោភ​ធ្វើ​កម្មសិទ្ធិ​កន្លង​ទៅ គឺ​បាន​សម្រេច​បំណង​ពួក​គេ​ហើយ ដោយ​ក្រសួង​ពាក់ព័ន្ធ​បាន​សម្រេច​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​កាន់​កាប់​ស្រប​ច្បាប់៖ «ដី​ជុំវិញ​បឹង​ព្រែក​ទប់​ទាំងអស់​ហ្នឹង​វា​ជា​ដី​របស់​រដ្ឋ។ ដូច្នេះ​ស្នើ​ឲ្យ​ការ​អភិវឌ្ឍ​បឹង​នេះ សូម​ឲ្យ​ទទួល​បាន​ផល​ចំណេញ​ទាំងអស់​គ្នា។ ស្នើ​កុំ​ឲ្យ​កាត់​ឆ្វៀល​ផ្ទៃ​បឹង​ត្រឹម​តែ​ជាង ១៦​ហិកតារ​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​នៅ​សល់​ក្រៅ​ពី​នេះ ត្រូវ​កាត់​ធ្វើ​ប្លង់​ដើម្បី​ធ្វើ​ជា​ប្រយោជន៍​របស់​អ្នក​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន​នោះ»

ទាក់ទិន​បញ្ហា​នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧ បាន​ចេញ​លិខិត​ជម្រាប​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អនុញ្ញាត​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ​ដំណើរការ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ដែល​កាន់​កាប់​ដី​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ ក្នុង​សង្កាត់​លេខ​៣ បាន​ប្រើប្រាស់​ស្រប​ច្បាប់។ ទន្ទឹម​គ្នា​នេះ ក៏​តម្រូវ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រក្សា​ទីតាំង​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់​មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) ឲ្យ​ស្រប​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​ត្រូវ​រក្សា​ដី​ចំណី​ផ្លូវ​ជុំវិញ​បឹង​សងខាង​អ័ក្ស​ផ្លូវ សរុប​មាន​ទទឹង ២០​ម៉ែត្រ សម្រាប់​រៀបចំ​ជា​ផ្លូវ​ទំនប់ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​តាម​បណ្ដោយ​ដី​ចំណី​ផ្លូវ​ព័ទ្ធ​ជុំវិញ​បឹង និង​ត្រូវ​ការពារ​ប្រឡាយ​ធម្មជាតិ​ដែល​តភ្ជាប់​ទៅ​នឹង​បឹង​ធម្មជាតិ​មួយ​នេះ ដោយ​រៀបចំ​ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កខ្វក់​នៅ​ខាង​មុខ​ប្រឡាយ​នោះ មុន​នឹង​បង្ហូរ​ទឹក​ចេញ​ពី​ប្រឡាយ​ចូល​ទៅ​ក្នុង​បឹង​ព្រែក​ទប់។

យ៉ាង​នេះ​ក្តី អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល គួរ​ពិចារណា​ជួយ​រក្សា​បរិវេណ​ទាំង​ផ្ទៃ​រង​ទឹក​ភ្លៀង ទាំង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ឲ្យ​មាន​ទំហំ​ធំ​ដូច​ដើម​វិញ ដោយ​មិន​គួរ​អនុញ្ញាត​ឲ្យ​ជន​ឆក់​ឱកាស​អាច​ឈាន​ដល់​រំលោភ​យក​មាត់​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ​ឯកជន​កន្លង​ទៅ អាច​សម្រេច​មហិច្ឆតា​របស់​គេ​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម អ្នកស្រី សុធារី ស្នើ​ដល់​មន្ត្រី​ជំនាញ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​បំពេញ​ការងារ និង​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​សំខាន់ ហើយ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​ការ​ឃុបឃិត​ណា​មួយ​ឈាន​ទៅ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ ដើម្បី​បម្រើ​ប្រយោជន៍​បក្សពួក ឬ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ទេ។

អ្នកស្រី​ឲ្យ​ដឹង​ថា អ្នក​មាន​ឈ្មោះ​កាន់​កាប់ ឬ​មាន​ចំណែក​ក្បាល​ដី​នៅ​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ ភាគច្រើន​គឺ​ជា​មន្ត្រី​មាន​ឋានៈ​បុណ្យ​ស័ក្តិ​ខ្ពស់​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​បម្រើ​ការងារ​នៅ​តាម​ក្រសួង និង​មាន​មន្ត្រី​ខ្លះ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ​ថ្នាក់​ជាតិ ជាដើម។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ មាន​ប្រសាសន៍​ថា កន្លង​ទៅ ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត បាន​ចុះ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​បង្កើត​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់ ដែល​មាន​ផ្ទៃដី​រង​ទឹក​ភ្លៀង​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) ដើម្បី​ធានា​ថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​ជំនាញ​បាន​ចុះ​បោះ​បង្គោល​កំណត់​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ទឹក​សាប​ព្រែក​ទប់ ដោយ​អនុវត្ត​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការងារ​ថែរក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នា​ខេត្ត​ព្រះសីហនុ។ លោក​បន្ត​ថា សកម្មភាព​ចុះ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​នេះ បាន​ឈាន​ទៅ​រៀបចំ​ស្ថាបនា​ផ្លូវ សង់​ទំនប់​ការពារ​ផ្ទៃ​បឹង និង​ដាំ​ដើមឈើ​ជុំវិញ​មាត់​បឹង ដើម្បី​កែលំអ​បឹង​ទឹក​សាប​មួយ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​តំបន់​នេះ​នា​ថ្ងៃ​ខាង​មុខ។

លោក នួន ប៉ុក ឲ្យ​ដឹង​ទៀត​ថា តំបន់​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ នឹង​ត្រូវ​ធានា​ថែរក្សា​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ និង​អភិរក្ស​បឹង​ព្រែក​ទប់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​រួម​របស់​សាធារណជន​ទូទៅ។

របាយការណ៍​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា មុន​ពេល​មាន​ការ​រំលោភ ផ្ទៃ​បឹង​ព្រែក​ទប់​មាន​ផ្ទៃ​បឹង រួម​ទាំង​ផ្ទៃ​រង​ទឹក​ភ្លៀង ដី​ហ៊ុមព័ទ្ធ​ជុំវិញ​មាត់​បឹង​សរុប​មាន​ចំនួន​ប្រមាណ ២៧០​ហិកតារ។ ក្រោយ​មក​ពេល​មាន​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​ខុស​ច្បាប់​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ផ្ទៃ​បឹង​ព្រែក​ទប់​បាន​រួម​នៅ​សល់​ជាង ៩០​ហិកតារ ដែល​កាលណោះ​ក្នុង​អាណត្តិ​លោក សាយ ហាក់ ធ្វើ​ជា​អភិបាល​ខេត្ត។ ក្រោយ​មក​ដល់​អាណត្តិ​ទី​៤ ដែល​លោក ស្បោង សារ៉ាត់ ដឹកនាំ​ខេត្ត​ព្រះសីហនុ វិញ ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​ដែល​នៅ​សេសសល់​ជាង ៩០​ហិកតារ ត្រូវ​មន្ត្រី និង​ឈ្មួញ​ឃុបឃិត​គ្នា​រំលោភ​ធ្វើ​ជា​កម្មសិទ្ធិ​គ្មាន​សល់ ដោយ​កាលណោះ​លោក ស្បោង សារ៉ាត់ បាន​សម្រេច​រក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់​ចន្លោះ​ពី ១៥ ទៅ ១៦​ហិកតារ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ករណី​បឹង​ព្រែក​ទប់​នេះ ក្រុម​ការងារ​របស់​រដ្ឋាភិបាល នឹង​ចុះ​អនុវត្ត​ឈាន​ដល់​អភិរក្ស​បឹង​ធម្មជាតិ​មួយ​នេះ ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ ឲ្យ​ស្រប​តាម​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។