ពលរដ្ឋ​មាន​បញ្ហា​ដី​មក​ពី​​៤​ខេត្ត​រាជធានី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​តំណាងរាស្ត្រ

ដោយ ប្រាជ្ញ ចេវ
2014.10.31
ជម្លោះ​ដីធ្លី បឹងប្រាំ បាត់ដំបង ៦២០ អ្នក​ភូមិ​មក​ពី​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ដាក់​ញត្តិ​នៅ​រដ្ឋសភា ទាមទារ​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Rann Samnang

តំណាង​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន មកពី ៤​រាជធានី​ខេត្ត បាន​ប្រមូល​ផ្តុំគ្នា​ដាក់​ញត្តិ​មុខ​មន្ទីរ​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​ពី​តំណាង​រា​ស្ត្រី​ទាំង​ពីរ​គណបក្ស។ ការ​ស្វែងរក​អន្តរាគមន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។

​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​តំណាង​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ពោធិ៍សាត បាត់ដំបង ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​ជាង ១០០​នាក់ នៅ​មុខ​មន្ទី​រដ្ឋសភា អ្នក​ខ្លះ​បាន​លើក​បដា​សរសេរ​សុំ​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី អ្នក​ខ្លះ​បង្ហាញ​រូប​ក្រុម​ប្រជាពលរដ្ឋ​រង​របួស​ដោ​យ​ការ​តវ៉ា​កន្លង​មក ហើយ​ពួកគេ​ក៏​មិន​ភ្លេច​បង្ហាញ​រូប​ក្រុម​អជ្ញាធរ​ដែល​រំលោភ​ដី​ពួកគេ​ដែរ។ ខណៈ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ស្រែក​ហៅ​តំណាង​មក​ទទួល​ញត្តិ ប៉ុន្តែ​គ្មាន​អ្នក​មក​ទទួល អ្នក​ខ្លះ​បាន​គប់​ពង​មាន់​នៅ​មុខ​ខ្លោងទ្វារ​រដ្ឋ​សភា អ្នក​ខ្លះ​ឡើង​លើ​របង​រដ្ឋ​សភា​លើក​ក្រវី​បង្ហាញ​ញត្តិ។

អ្នកស្រី ប្រាក់ សុផល មាន​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន ទ្រី ភាព មក​ពី​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចាប់​តាំង​ពី​ឆ្នាំ​២០១០ ឲ្យ​ដឹង​ថា អ្នកស្រី​ក៏​ដូចជា​ប្រជាពលរដ្ឋ​មាន​បញ្ហាដីធ្លី​ផ្សេង​ទៀត ជា​ញឹកញយ​ត្រូវ​រត់​ចូល​ព្រៃ​ដើម្បី​គេច​ចេញ​ពី​ការ​គំរាម​កំហែង​របស់​ក្រុម​អាជ្ញាធរ ហើយ​អ្នកស្រី​ក៏​មិន​អាច​ចូល​បង្កបង្កើន​ផល​លើ​ដី​អ្នកស្រី​បាន​ឡើយ។ ក្រៅ​ពី​បង្ហាញ​ឯកសារ​ថា​ដី​មាន​ជម្លោះ​នោះ​ជា​ដី​អ្នក​របស់​អ្នកស្រី អ្នកស្រី ប្រាក់ សុផល ក៏​ប្រកាស​ស្បថ​ដាក់​ជីវិត​ថា​ដី​នោះ​ជា​ដី​របស់​អ្នកស្រី​ពិត​មែន៖ «ធ្វើ​ផ្ទះ​គេ​រុះ​ចោលៗ គេ​យក​កម្លាំង​បរិស្ថាន​ទាំង​ឡានៗ។ កំពុង​ច្រូត​ស្រូវ​ក៏​ដេញ​ដែរ​ខ្ញុំ។ ដេក​ព្រៃ​អស់ ១៣​ថ្ងៃ​ដែរ ខ្នោះ​គេ​ពីរ​កេះ​ក្នុង​មួយ​ឡានៗ មួយ​ឡាន​មួយ​កេះ។ អ៊ីចឹង​យើង​ខ្លាច​ខ្នោះ យើង​អត់​ដឹង​ថា ច្បាប់​ជួយ​អី​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច...»

ក្រោយ​ពី​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​បណ្តា​ក្រុមហ៊ុន​នានា បញ្ហា​ដីធ្លី​បាន​កើត​ឡើង​ស្ទើរ​ពេញ​ប្រទេស។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​លុបចោល​កិច្ច​កិច្ចសន្យា​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៩ និង​បាន​យក​ដី​នោះ​មក​គ្រប់គ្រង​វិញ ប៉ុន្តែ​បញ្ហា​ដីធ្លី​នៅ​តែ​កើត​មាន​ដដែល។

​អ្នកស្រី ជួន ផល្លី តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​បាត់ដំបង បាន​ចោទ​ប្រកាន់​ថា មេ​ឃុំ​បឹងប្រាំ លោក ឈា នី បាន​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ជាន់​លើ​ប្លង់​នៃ​ដី​សមាហរណកម្ម​របស់​យោធា​ខ្មែរ​ក្រហម​កាត់​រំសាយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​នឹង​គ្នា ដោយ​អ្នកខ្លះ​មាន​ដី​គ្មាន​ប្លង់​កម្មសិទ្ធិ ចំណែក​អ្នក​មាន​ប្លង់​កម្មសិទ្ធិ​បែរ​ជា​គ្មាន​ដី​កាន់កាប់។

អ្នកស្រី ជួន ផល្លី មាន​ក្តី​រំពឹង​ថា តំណាងរាស្ត្រ​ទាំង​ពីរ​គណបក្ស​នឹង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្តល់​ដី​ឲ្យ​ពួក​គេ​មក​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​លោក​រដ្ឋ​សភា​ហ្នឹង​ជួយ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ហ្នឹង​ឲ្យ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចាស់​ដែល​អត់​ប្លង់ ធ្វើ​កម្មសិទ្ធិ ជួយ​ខ្ញុំ​ផង ជួយ​ដោះស្រាយ​ខ្ញុំ​ផង ព្រោះ​ពួកខ្ញុំ​រង​គ្រោះ​ច្រើន មិន​មែន​ត្រឹម​តែ​ប្អូន​ខ្ញុំ​ស្លាប់​ទេ មាន​អ្នក​ដែល​វ៉ៃ​ហែក​អាវ​ហែក​ខោ​គ្នា​មនុស្ស​ស្រី យក​គោយន្ត​គ្នា​អត់​ឲ្យ​នៅ​សព្វថ្ងៃ អត់​ដឹង​អង្គការ​ណា​ណី​ទេ ចូល​ទៅ​យក​ហើយ​មិន​ឲ្យ​ទៀត​គោយន្ត​ហ្នឹង ថា​ទាល់តែ​ឲ្យ​ដី​វា​បាន​វា​ឲ្យ»

​ក្រោយ​ការ​ស្រែក​ទាមទារ​ពី​ក្រុម​ប្រជាពលរដ្ឋ​ជាង ៣​ម៉ោង តំណង​រាស្ត្រី​ទាំង​ពីរ​គណបក្ស ក្នុង​នាម​ជា​គណៈកម្មាធិកា​ទី​១​សភា ទទួល​បន្ទុក​ទទួល​ពាក្យ​បណ្តឹង បាន​ចេញ​ទទួល​ញត្តិ​ប្រជាពលរដ្ឋ និង​បាន​សុំទោស​ចំពោះ​ការ​យឺតយ៉ាវ។

​លោកស្រី ឡោ ខេង តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​ទទួល​ញត្តិ​ពលរដ្ឋ​មាន​ប្រសាសន៍​ថា គណៈកម្មការ​ទី​១​រដ្ឋ​សភា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ។ ប៉ុន្តែ​លោកស្រី​បាន​ទាមទារ​សុំ​ពេល​វេលា​សមរម្យ​មួយ​ក្នុង​ការ​ដោះស្រាយ។ ទោះ​បែប​នេះ​ក្តី លោកស្រី​បញ្ជាក់​ថា ដំណោះស្រាយ​មិន​ចំណាយ​រាប់​ឆ្នាំ​ឡើយ។

លោកស្រី ឡោ ខេង មាន​ប្រសាសន៍​ទៀត​ថា បន្ទាប់​ពី​ទទួល​ញត្តិ​នេះ គណៈកម្មាធិការ​រដ្ឋ​សភា​នឹង​ធ្វើ​ការ​ពិនិត្យ ស្រាវជ្រាវ​ដល់​កន្លែង​កើត​ហេតុ​ទើប​ធ្វើការ​ដោះស្រាយ៖ «ចា! វា​មិន​យូរ​ទៅ​ដល់​បួន​ដប់​ឆ្នាំ​ដូច​បង​ប្អូន​បាន​តស៊ូ​ទេ តែ​វា​ត្រូវ​ការ​រយៈពេល​យូរ ហើយ​ឥឡូវ​គណៈកម្មការ​ទី​១ គឺ​សុំ​បង​ប្អូន​មេត្ត​យោគយល់ យើង​ខ្ញុំ​ធ្វើការ​រាល់​ថ្ងៃ​នេះ សឹង​ដាច់​បាយ​ហើយ​ថ្ងៃ។ យើង​មិន​ចង់​ឲ្យ​បង​ប្អូន​យើង​មួយ​ណា​មាន​ភាព​លំបាក​ទេ។ អ៊ីចឹង​ដែល​យើង​ខំ​ដោះ ឥឡូវ​នេះ​សុំ​ទុក​ឧកាស​សំណុំ​រឿង​ច្រើន​ជាង​មួយ​រយ​ករណី​ដែល​យើង​កំពុង​អង្គុយ​បំបែក​សំណុំ​រឿង​ណា​ពាក់ព័ន្ធ​សំណុំរឿង​ពាកព័ន្ធ​ខេត្ត​ណា»

​បញ្ហា​ដីធ្លី​បាន​ធ្វើ​ឲ្យ​មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើ (Richard Rogers) ប្តឹង​ក្រុមមន្ត្រី​ធំៗ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អ្នក​ជំនួញ​ទៅ​តុលាការ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) កាល​ដើម​ខែ​តុលា ឆ្នាំ​២០១៤។ ក្នុង​ពាក្យ​បណ្តឹង​នោះ លោក​មេធាវី​រក​ឃើញ​ថា ក្នុង​រយៈពេល ១៤​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ដែល​ស្មើ​ប្រមាណ ៦% នៃ​ពលរដ្ឋ​សរុប រងគ្រោះ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា ដោយ​ការបណ្ដេញ​ដោយ​បង្ខំ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។