ពលរដ្ឋ​មាន​បញ្ហា​ដី​​នៅ​ខេត្ត​ព្រះវិហារ​ហែ​ក្បួន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍

ដោយ ប្រាជ្ញ ចេវ
2014.10.16
ពលរដ្ឋ​មាន​ជម្លោះ​ដី​ពី​ខេត្ត​ព្រះវិហារ ៦២០ ពលរដ្ឋ​មាន​ជម្លោះ​ដី​ពី​ខេត្ត​ព្រះវិហារ ប្រឈម​មុខ​នឹង​សមត្ថកិច្ច​នៅ​ម្ដុំ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ជិត​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៦ តុលា ២០១៤។
RFA/Keo Nimol

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ព្រះវិហារ ចំនួន ៣៣១​គ្រួសារ ដែល​បាន​មក​ស្នាក់នៅ​វត្ត​សាមគ្គីរង្សី បាន​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ស្ថានទូត​បារាំង ស្ថានទូត​អង់គ្លេស និង​ខុទ្ទការល័យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី។

ការ​ដើរ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​តាម​បណ្តា​ស្ថានទូត​ពុំ​មាន​ការ​រារាំង​ទេ ប៉ុន្តែ​ការ​ដាក់​ញត្តិ​នៅ​ខុទ្ទការល័យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​រយ​នាក់​ប្រដាប់​ដោយ​ខែល​និង​ដំបង ដាក់​របាំង​មិន​ឲ្យ​ពួកគេ​ទៅ​ដល់​ផ្ទះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ។

ការ​ចេញ​ស្វែង​រក​អន្តរាគមន៍​របស់​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ស្រុក​ជាំក្សាន្ត និង​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ នៅ​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ពួកគេ​បាន​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រម​ទទួល​យក​បាន។

ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង មាន​លើក​បដា​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី និង​រូបភាព​អាជ្ញាធរ​រុះរើ ឈូសឆាយ​ផ្ទះសំបែង​ពលរដ្ឋ។ ការ​ទាមទារ​របស់​ពលរដ្ឋ​ជាង ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ដែល​មាន​ការ​ចូល​រួម​ពី​ព្រះសង្ឃ​ផង​ដែរ​នោះ បាន​ស្រែក​ទ្រហោ​យំ​សុំ​ដី​ផ្ទះ​ពួក​គេ​មក​វិញ។

«សំឡេង​ស្រែក​ទាមទារ»

អ្នកស្រី កែវ ញ៉ មក​ពី​ភូមិ​ស្រែជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហា មាន​ប្រសាសន៍​ថា អជ្ញាធរ​ខេត្ត​បាន​យក​ដី ផ្ទះ  ឈូសឆាយ​សាលារៀន វត្ត​អារាម​នៅ​ឃុំ​អ្នកស្រី​អស់​ហើយ ក្នុង​ហេតុផល​ថា ជា​តំបន់​របស់​អជ្ញាធរ​អប្សរា។

អ្នកស្រី កែវ ញ៉ បាន​ទាមទារ​ឲ្យ​ស្ថាប័ន​នានា ជាពិសេស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោះស្រាយ​ជូន​ពលរដ្ឋ បើ​មិន​ដូច្នេះ ក្រុម​ប្រជាពលរដ្ឋ​នឹង​ដង្ហែ​ក្បួន​ទាមទារ​រាល់​ថ្ងៃ៖ «ខ្ញុំ​សុំ​ឲ្យ ហ៊ុន សែន ដោះស្រាយ​សង​សាលារៀន សង​មន្ទីរពេទ្យ សង​វត្តអារាម។ រំពឹង​សម្តេច​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​ឆាប់ៗ ខ្ញុំ​អរគុណ​លោក​សម្តេច ជួយ​កូនចៅ​ផង ឲ្យ​ដោះស្រាយ​កូន​ឲ្យ​ឆាប់ៗ​ផង មក​ពីរ​ខែ​ហើយ»

នៅ​ក្នុង​ញត្តិ​របស់​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ក្នុង​ភូមិ​ស្រែជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ចំនួន ២៥៣​គ្រួសារ បាន​ចោទ​ប្រកាន់​ថា លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ​២០១៣ បាន​ដឹកនាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ចំនួន ៤០០​នាក់ មក​រុះរើ​ដុត​បំផ្លាញ​ផ្ទះសំបែង​ប្រជាពលរដ្ឋ ឈូសឆាយ​សាលារៀន វត្ត​អារាម ចាប់​វ៉ៃ​ព្រះសង្ឃ​បង្ខំ​ឲ្យ​សឹក និង​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​តំបន់​មាន​គ្រាប់​មីន។

ខណៈ​ដែល​ពលរដ្ឋ​យក​ញត្តិ​ទៅ​ដាក់​នៅ​បណ្តា​ស្ថានទូត​ប្រទេស​ធំៗ រួម​មាន​អាមេរិក បារាំង អង់គ្លេស ក្រុម​អ្នក​ទាមទារ​មិន​បាន​ជួប​ការ​រារាំង​ឡើយ ប៉ុន្តែ​ក្បួន​ដង្ហែ​មក​ដល់​ណុច​មហាវិថី​សុធារស កែង​នឹង​មហាវិថី​ព្រះសុរាម្រិត នៅ​ខាង​កើត​ផ្ទះ​លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន ជាង ១០០​ម៉ែត្រ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​រយ​នាក់​ចេញ​មក​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត។

ក្រោយ​ពី​ការ​រាំង​ខ្ទប់​ជិត ២​ម៉ោង ទើប​មន្រ្តី​ខុទ្ទការល័យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លោក គង់ ចំរើន ចេញ​មក​ទទួល​ញត្តិ​ពលរដ្ឋ ប៉ុន្តែ​លោក គង់ ចំរើន មិន​បាន​ថ្លែង​អ្វី​ទៅ​កាន់​អ្នក​កាសែត​ទេ។

អ្នកស្រី ថោង ឡាន់ រស់​នៅ​ភូមិ​សាអែម ឃុំ​ស្វាយជ្រំ ស្រុក​ជាំក្សាន្ត មាន​ក្តី​រំពឹង​ថា ញត្តិ​ដែល​មន្រ្តី​ខុទ្ទការល័យ​លោក ហ៊ុន សែន ចេញ​មក​ទទួល​នៅ​ពេល​នេះ នឹង​បាន​ទៅ​ដល់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

អ្នកស្រី ថោង ឡាន់ ដែល​អះអាង​ថា បាត់​បង់​ដីធ្លី និង​ផ្ទះសំបែង កាល​ពី​២០១១ មាន​ជំនឿ​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ៖ «ពួកខ្ញុំ​ហែ​ដាក់​វា​ច្រើន​ដង​ណាស់​ទៅ​ហើយ ប៉ុន្តែ​លើក​នេះ គឺ​សង្ឃឹម​ថា នឹង​បាន​ទៅ​ដល់​ឲ្យ​សម្តេច​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្មែរ​ខ្ញុំ​ផង ព្រោះ​អី​ពួក​ខ្ញុំ​អត់​មាន​ដី​នៅ​ទេ បើសិន​លោក​នាយករដ្ឋមន្រ្តី​ជួយ​ឲ្យ​ពួក​ខ្ញុំ​បាន​ដី​វិញ ខ្ញុំ​មិន​ភ្លេច​គុណ​លោក​ជា​រៀង​រហូត»

ប្រជាពលរដ្ឋ​ចំនួន ៧៨​គ្រួសារ នៅ​ភូមិ​ហ្មសែត សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា បាន​បង្ខំ​ឲ្យ​ពួកគេ​ទៅ​រស់​នៅ​តំបន់​ផ្សេង​ដែល​មាន​ទឹក​លិច​ឆ្ងាយ​ពី​ក្រុង។ អាជ្ញាធរ​លើក​ហេតុផល​ពី​ការ​បណ្តេញ​ចេញ​នេះ​ថា ដី​ដែល​ពួកគេ​រស់​នៅ​ប៉ះពាល់​តំបន់​ព្រលានយន្តហោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។ មន្រ្តី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) មាន​ប្រសាសន៍​ថា ការ​បណ្តេញ​ចេញ​របស់​អាជ្ញាធរ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​លោក​អង្កេត​ឃើញ​ថា ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ កន្លង​មក មិន​សមស្រប​នឹង​ការ​បាត់បង់​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «យើង​ឃើញ​ថា បញ្ហា​ដីធ្លី​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​សន្ទុះ​កើន​ឡើង មាន​ន័យ​ថា ការ​កើត​មាន​បញ្ហា​ដីធ្លី​ច្រើន​ជាង​មុន ហើយ​យើង​ឃើញ​ថា អាជ្ញាធរ​គាត់​មាន​ការ​ដោះស្រាយ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ចប់​សព្វគ្រប់​ទេ»

បន្ទាប់​ពី​ពលរដ្ឋ​បាន​ដាក់​ញត្តិ​គ្រប់​ស្ថាប័ន​តាម​គម្រោង​នៅ​ថ្ងៃ​នេះ ពួកគ​បាន​បំបែក​ក្បួន​ដង្ហែ និង​សន្យា​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ផ្តល់​ដំណោះស្រាយ​ទេ​នោះ ពួកគេ​នឹង​ដង្ហែ​ក្បួន​ជា​រៀង​រាល់​ថ្ងៃ។

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះវិហារ បាន​ទទួល​យក​គោល​នយោបាយ​ពី​អាជ្ញាធរ​ខេត្ត ដែល​ឲ្យ​ដី​ទំហំ ៣០ គុណ​នឹង ១០០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ។ ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​ថា ទីកន្លែង​នោះ​ជា​តំបន់​ព្រៃ និង​ចម្ការ​មីន ហើយ​គ្មាន​ហេដ្ឋារចនាសម្ពន្ធ​ដែល​ពួកគេ​មិន​អាច​រស់​នៅ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​និង​ធ្វើ​ស្រែ​ចម្ការ​បាន៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។