សង្គម​ស៊ីវិល​ពិគ្រោះ​យោបល់​ដើម្បី​ដោះស្រាយ​ជម្លោះ​ដី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​នៅ​កោះកុង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧ បាន​សហការ​រៀប​ចំ​កិច្ច​ពិគ្រោះ​យោបល់ ដើម្បី​ដោះស្រាយ​ទំនាស់​ដី​ធ្លី រវាង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​យូនៀន​ឌីវុឡុបមែន​គ្រុប (Union Development Group Co.,Ltd) នៅ​សណ្ឋាគារ​កោះកុង​ស៊ីធី ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី ២៨ តុលា។

កិច្ច​ពិគ្រោះ​យោបល់​នេះ មាន​មនុស្ស​ចូលរួម​ប្រមាណ ៥០ នាក់ មក​ពី​តំណាង​រដ្ឋាភិបាល អាជ្ញាធរ​ខេត្ត តំណាង​ក្រុមហ៊ុន និង​ពលរដ្ឋ​មាន​ជម្លោះ​ដី។

អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ដី​ធ្លី​នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ខេត្ត និង​ក្រសួង​បរិស្ថាន​មិន​អាច​ដោះស្រាយ តាម​សំណូម​ពរ​របស់​ពលរដ្ឋ ដែល​ចង់​ឆ្វៀល​យក​ដី​ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ក្រុមហ៊ុន មក​ធ្វើ​ជា​កម្មសិទ្ធិ និង​ដក​ដី​នោះ​មក​វិញ​ឡើយ ដោយ​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ចិន​នេះ ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ចាន់ សុវ៉េត បាន​អំពាវ​ដល់​រដ្ឋាភិបាល គួរ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ជៀសវាង​ការ​សន្យា​ដោះស្រាយ មិន​ច្បាស់​លាស់ ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​រងគ្រោះ​ទៅៗ ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន។

ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក ចាន់ សុវ៉េត ទីប្រឹក្សា​ក្រសួង​បរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ បាន​គូស​បញ្ជាក់​ថា ជំនួប​នៅ​ព្រឹក​មិញ​នេះ ជា​ជំហាន​ដើម្បី​ស្វែង​រក​ដំណោះស្រាយ ជូន​ពលរដ្ឋ​តាម​នីតិ​វិធី​ច្បាប់ កំណត់​ដោយ​រដ្ឋាភិបាល ប្រកប​ដោយ​ភាព​យោគយល់ តម្លាភាព និង​អព្យាក្រឹត្យ៖ «គោលការណ៍​របស់​រដ្ឋាភិបាល និង​ការ​ឯកភាព​របស់​ក្រុមហ៊ុន អត់​មាន​ការ​ពាំត្រណោត​ទេ គ្រាន់​តែ​មាន​បញ្ហា​សេសសល់ មិន​ទាន់​ដោះស្រាយ​ចប់ ហើយ​យើង​ដូច​ជា​ជជែក​គ្នា​ព្រឹក​មិញ ដូច​ជា​យល់​គ្នា​ច្រើន មិន​មែន​តែ​ព្រឹក​មិញ​ទេ កន្លង​មក​ក៏​សង្គម​ស៊ីវិល​ក៏​យល់​ច្រើន គ្រាន់​តែ​និន្នាការ​ខុស​គ្នា​តែ​ប៉ុណ្ណឹង​ទេ »

ពលរដ្ឋ​មាន​ដី​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​យូនៀន​ឌីវុឡុបមែន​គ្រុប មក​ពី​៥ឃុំ ក្នុង​ពីរ​ស្រុក​គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​គិរីសាគរ។ ​ទំនាស់ដីនោះ​​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​១ពាន់(១.១៨៤)គ្រួសារ ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​លើ​ទំហំ​ផ្ទៃ​ជាង ៤​ម៉ឺន(៤៥.១០០) ហិកតារ ដោយ​មាន​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។