ស្ថានភាព​រស់នៅ​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង​នៅ​ស្រុក​មេមត់​បន្ទាប់​ពី​បាត់បង់​ដី​ចម្ការ​វិល​ជុំ

ដោយ សូត សុខប្រាថ្នា
2015.05.12
ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង ត្បូងឃ្មុំ ៦២០ ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង នៅ​ភូមិ​ចង្គុំកណ្ដាល ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចូលរួម​សិក្ខាសាលា​របស់​សមាគម​អាដហុក (Adhoc) កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​ជនជាតិ​ដើម​ភាគ​តិច នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាន់​តែ​មាន​ជីវភាព​លំបាក​នា​ពេល​បច្ចុប្បន្ន ក្រោយ​ពេល​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គេ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល ផ្ដល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ ពលរដ្ឋ​ត្រូវ​នាំ​គ្នា​ស៊ី​ឈ្នួល​ឲ្យ​ពលរដ្ឋ​វៀតណាម ឬ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ទីនោះ និង​ខ្លះ​ត្រូវ​ចំណាក​ស្រុក​ស្វែងរក​ការងារ​កន្លែង​ផ្សេង​សម្រាប់​ធ្វើ ជាដើម។

ក្រៅ​ពី​មាន​ដី​ស្រែ​ចម្ការ​ផ្ទាល់​ខ្លួន​ដែល​នៅ​សេសសល់ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ចំណែក​ខ្លះ​បាន​ទៅ​អ្នក​មាន​ប្រាក់​ហើយ​នោះ ពលរដ្ឋ​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង នៅ​ភូមិ​ចង្គុំកណ្ដាល និង​ចង្គុំទី១ ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ ពលរដ្ឋ​អះអាង​ថា មុន​ពេល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ទីនោះ​ចាប់​ដំណើរ​ការ ពួក​គាត់​អាច​ប្រើប្រាស់​ដី​បម្រុង​ទុក​របស់​អ្នក​ភូមិ​សម្រាប់​ធ្វើ​ចម្ការ​វិល​ជុំ​ជា​រៀង​រាល់​ឆ្នាំ។

លើស​ពី​នេះ ពួក​គាត់​មិន​ពិបាក​ឡើយ​ក្នុង​ការ​ស្វែង​រក​ត្រី​សាច់ ពិសេស​បន្លែ​បង្ការ​នានា ពីព្រោះ​បន្លែ​ផ្លែ​ឈើ​ជាច្រើន គឺ​មាន​ស្រាប់​ក្នុង​ដី​ចម្ការ​វិល​ជុំ។ ជាង​នេះ​ទៀត ការ​ផ្តល់​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាត់បង់​មុខ​របរ​ជា​ប្រពៃណី​ទៀត​ផង។

ពលរដ្ឋ​ជនជាតិ​ដើម​ស្ទៀង រស់នៅ​ឃុំ​ទន្លូង អ្នកស្រី យ៉ង់ យ៉ូន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បាត់បង់​ដី​ចម្ការ​វិល​ជុំ អ្នកស្រី​នៅ​សេសសល់​ដី​មួយ​ហិកតារ​ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ចម្ការ​ជាមួយ​សមាជិក​ក្នុង​គ្រួសារ​ផ្សេង​ទៀត។ អ្នកស្រី​បន្ថែម​ថា សម្រាប់​ដី ១​ហិកតារ គឺ​មិន​គ្រប់គ្រាន់​ឡើយ​ក្នុង​ជីវភាព​រស់នៅ ទើប​ទាមទារ​ឲ្យ​អ្នកស្រី និង​កូនៗ ត្រូវ​ទៅ​ស៊ី​ឈ្នួល​ក្រុមហ៊ុន​នៅ​ក្បែរៗ​នោះ ដោយ​ទទួល​កម្រៃ​បាន​មួយ​ថ្ងៃ​ពី ១៥.០០០​រៀល ដល់ ២​ម៉ឺន​រៀល និង​មាន​កូន​ខ្លះ​ត្រូវ​ចំណាក​ស្រុក ជាដើម៖ «ស៊ី​ឈ្នួល​ទាំង​ម្តាយ​ទាំង​កូន។ រក​អី​បើ​មិន​ចេះ​រក​អី​ផង ហើយ​កូនៗ​ប្រុសៗ​ទៅ​ឆ្ងាយៗ​នៅ​ខាង​ស្រុក​ស្នួល ទៅ​អី»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត លោក យ៉ែម គង់ ឲ្យ​ដឹង​ថា មុន​ឆ្នាំ​២០០៥ ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច គឺ​មាន​ដី​បម្រុង​ទុក​សម្រាប់​ធ្វើ​ចម្ការ​វិល​ជុំ​ប្រមាណ ៤​ពាន់​ហិកតារ ប៉ុន្តែ​ក្រោយ​ពី​ដី​ទាំង​នោះ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ដៃ​ក្រុមហ៊ុន តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល និង​មួយ​ចំណែក​បាន​ទៅ​អ្នក​មាន​អំណាច​ផង​នោះ ពលរដ្ឋ​ត្រូវ​ប្រឈម​ស្ថានភាព​ពិបាក​រហូត​មក៖ «ការ​ប្រឈម​នឹង​ការ​ពិបាក​ទៅ​ថ្ងៃ​មុខ​នេះ សម្រាប់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង ក៏ដូចជា​ខ្មែរ​អាច​ប្រឈម​បញ្ហា​ច្រើន ដរាប​ណា​ដី​ទាំងអស់​ហ្នឹង​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​មាន​អំណាច»

ប្រភព​ដដែល​បន្ត​ថា កន្លង​មក​ពលរដ្ឋ​តែង​តវ៉ា​ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល​នេះ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទេ។ ជាង​នេះ​ទៀត ពលរដ្ឋ​តែង​ស្នើសុំ​ដី​សម្រាប់​ធ្វើ​ចម្ការ​ក្រោយ​ពី​ដី​របស់​ពួក​គាត់​ត្រូវ​បាន​បាត់បង់ ប៉ុន្តែ​បែរ​ជា​មាន​ក្រុមហ៊ុន​ខ្លះ​យក​ដី​សម្បទាន​របស់​ខ្លួន​ទៅ​ជួល​បន្ត​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ធ្វើ​ទៅ​វិញ។

បន្ថែម​លើ​នេះ អនុប្រធាន​ភូមិ​ចង្គុំកណ្តាល លោក សំ សាយ បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ដី​ចម្ការ​វិល​ជុំ​របស់​អ្នក​ភូមិ​ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច​ស្ទៀង ដែល​ពួក​គាត់​ពឹង​អាស្រ័យ​ផល​លើ​ការ​ធ្វើ​ចម្ការ ប៉ុន្តែ​ឥឡូវ​នេះ គឺ​គ្មាន​ដី​ទៀត​ឡើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក ហើយ​ពលរដ្ឋ​ក្នុង​ភូមិ​ត្រូវ​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ពិបាក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ទាក់ទង​បញ្ហា​នេះ ជំទប់​ទី​១ ឃុំ​ទន្លូង ទទួល​បន្ទុក​ដីធ្លី លោក ពឹង ប៊ុនថន មាន​ប្រសាសន៍​ថា វត្តមាន​ក្រុមហ៊ុន​ដែល​ទទួល​ដី​សម្បទាន​នៅ​ក្នុង​ឃុំ​ទន្លូង និង​ឃុំ​ជាំក្រវៀន ដែល​នៅ​ជាប់​គ្នា គឺ​មាន​ប្រមាណ​ជា ៥ ទៅ ៦​ក្រុមហ៊ុន ដូចជា​ក្រុមហ៊ុន ម៉ែន សារុន ក្រុមហ៊ុន កុយ សុខងួន ក្រុមហ៊ុន ស៊ុន សុខឡេង ជាដើម ប៉ុន្តែ​លោក​មិន​បាន​ចាំ​ផ្ទៃដី​សរុប​របស់​ក្រុមហ៊ុន​ទាំង​នោះ​ទេ គ្រាន់​តែ​ចាំ​ថា ក្រុមហ៊ុន ម៉ែន សារុន ទទួល​បាន​ដី​សម្បទាន​ជិត ៥​ពាន់​ហិកតារ​នៅ​តំបន់​នោះ ហើយ​ក្រោយ​មក​ក៏​កាត់​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ​ទៅ​ឲ្យ​ពលរដ្ឋ​វិញ បន្ទាប់​ពី​រក​ឃើញ​ផល​ប៉ះពាល់។ លោក​ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទន្លូង គឺ​មិន​សូវ​មាន​អ្នក​ចំណាក​ស្រុក​ឡើយ ដោយ​ពួក​គេ​អាច​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន​បាន។ លោក​បញ្ជាក់​ថា ដី​បម្រុង​ទុក​របស់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង គឺ​មិន​មាន​ច្រើន​ដូច​ការ​លើក​ឡើង​ទេ៖ «ខាង​ខ្ញុំ​ហ្នឹង​ក៏​មាន​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​ដែរ។ បើ​ពួក​គាត់​ពិត​ជា​គ្មាន​ដី​ធ្វើ​ដំណាំ​ធ្វើ​អី​មែន ឲ្យ​មក​ដាក់​ពាក្យ​នៅ​សាលា​ឃុំ​ដើម្បី​ស្នើសុំ​ទៅ​លើ​រក​ដី​សម្បទាន​សង្គម​កិច្ច​ចែក​ជូន​ពួក​គាត់»

យ៉ាង​ណា ជំទប់​ឃុំ​ដដែល​មិន​ទាន់​ទទួល​ដំណឹង​ថា មាន​ក្រុមហ៊ុន​ខ្លះ​យក​ដី​សម្បទាន​របស់​ខ្លួន​ទៅ​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម នោះ​ទេ ប៉ុន្តែ​លោក​ថា នឹង​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ជា​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន គឺ​ដើម្បី​រួម​ចំណែក​ឲ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ និង​ដើម្បី​បាន​ចំណូល​ជាតិ ជា​ជាង​ទុក​ដី​ទំនេរ​ចោល។ ក៏ប៉ុន្តែ​កន្លង​មក លោក​មើល​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​ទាំង​នោះ​តែង​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ បាត់បង់​មុខ​របរ និង​រឹត​តែ​ក្រីក្រ​ទៅ​វិញ ពីព្រោះ​ដី​សម្បទាន​ទាំង​ឡាយ គឺ​តែង​តែ​ប៉ះពាល់​ដី​ប្រជា​សហគមន៍​ធ្លាប់​អាស្រ័យ​ផល។ លោក​អះអាង​ថា មូលហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ដោយសារ​របាយការណ៍​ស្ដីពី​ការ​ផ្តល់​ដី​សម្បទាន​របស់​អាជ្ញាធរ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​សិក្សា​ត្រឹមត្រូវ គ្មាន​តម្លាភាព និង​អាច​មាន​អំពើ​ពុក​រលួយ​ទៀត​ផង ហើយ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​មិន​ព្រម​អនុវត្ត​គោល​នយោបាយ​ស្បែក​ខ្លា​របស់​រដ្ឋាភិបាល ជាដើម៖ «ថា​តើ​ការ​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​សង្គមកិច្ច​ហ្នឹង​តម្លាភាព​ឬ​អត់? មិន​មែន​រដ្ឋាភិបាល​មិន​ដឹង​អី​ណា ព្រោះ​គាត់​មាន​ខ្សែ​តាំង​ពី​លើ​ដល់​ក្រោម។ ប៉ុន្តែ​ក្រុម​ដែល​មក​ធ្វើ​ការងារ​ហ្នឹង ខ្ញុំ​ជឿ​ថា ជា​ក្រុម​ដែល​មិន​ល្អ ប្រព្រឹត្ត​អំពើ​ពុក​រលួយ»

ចំណែក​ការ​រំលោភ​ដី​សមូហភាព​វិញ លោក នាង សុវ៉ាត លើក​ឡើង​ថា គឺ​ការ​រំលោភ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​ពិភពលោក​កំពុង​ការពារ​ពួក​គាត់ រួម​ទាំង​កម្ពុជា ដែរ។ លោក​យល់​ថា រាជ​រដ្ឋាភិបាល​គប្បី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ស្រុក​មេមត់ ពីព្រោះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។