ជនជាតិ​ភាគ​តិច​ព័រ​ខេត្ត​ពោធិ៍សាត់​ផ្ដិត​មេដៃ​ស្នើសុំ​កាន់​កាប់​ដី​ជា​សមូហភាព

ដោយ ជិន ជេដ្ឋា
2015.07.27
ជម្លោះ​ដីធ្លី ពោធិ៍សាត់ ៦២០ ផ្ទះ​ពលរដ្ឋ​ក្នុង​ព្រៃ​ក្បែរ​ល្អាង​បុរាណ​ធម្មជាតិ​រំលេច ឋិត​នៅ​ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ រូប​ថត​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥
RFA/Chin Chetha

តំណាង​ជនជាតិ​ភាគ​តិច​ព័រ និង​អាជ្ញាធរ​ខ្លះ​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អះអាង​ថា ផ្ទៃ​ដី​ព្រៃ​រាប់​រយ​ហិកតារ​នៅ​ចំណុច​ស្រែ​យក្ស ស្រែ​តា​ស៊ូ និង​ចំណុច​ស្រែ​ថ្មី ឋិត​ក្នុង​ទឹក​ដី​រដ្ឋបាល​ឃុំ​ប្រមោយ និង​ឃុំ​ក្រពើ២ ត្រូវ​ឈ្មួញ និង​អាជ្ញាធរ​មូលដ្ឋាន​ដណ្ដើម​គ្នា​ចូល​កាន់​កាប់​យ៉ាង​អនាធិបតេយ្យ។

ជនជាតិ​ភាគ​តិច​ព័រ និង​ខ្មែរ​រស់នៅ​ឃុំ​ប្រមោយ និង​ឃុំ​ក្រពើ២ ស្រុក​វាលវែង នាំ​គ្នា​ផ្ដិត​មេដៃ​សុំ​ទុក​ដី​ព្រៃ​ទំហំ ៥០០​ហិកតារ ដើម្បី​ប្រើប្រាស់​ជា​សមូហភាព។ តំណាង​ពលរដ្ឋ​អះអាង​ថា បច្ចុប្បន្ន​អ្នក​ភូមិ​ស្ទឹងថ្មី នៃ​ឃុំ​ប្រមោយ ចំនួន ៧០​គ្រួសារ បាន​ផ្ដិត​មេដៃ​រួច​ហើយ។ ពួក​គេ​នឹង​ប្រមូល​ស្នាម​មេដៃ​ជនជាតិ​ភាគ​តិច​ជាច្រើន​ទីតាំង​ទៀត ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ឃុំ​រហូត​ដល់​ខេត្ត នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៥។

តំណាង​ជនជាតិ​ភាគ​តិច​ព័រ នៅ​ចំណុច​ទួល​កកោះ នៃ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ លោក ហេង ហួន ថ្លែង​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា ដី​ព្រៃ​សហគមន៍ ដី​អាស្រ័យ​ផល​សមូហភាព និង​ដី​បញ្ចុះ​សព​របស់​ជនជាតិ​ភាគ​តិច​ព័រ របស់​លោក ត្រូវ​បាន​អ្នក​មាន​លុយ និង​អាជ្ញាធរ​ភូមិ​ឃុំ​រំលោភ​យក។ លោក​ថា ក្រុម​តំណាង​ពលរដ្ឋ​ឡើង​ពិភាក្សា​ការងារ និង​រៀបចំ​លិខិត​ស្នើសុំ​ជាមួយ​អង្គការ​លីកាដូ (Licadho) ឲ្យ​បាន​ត្រឹម​ត្រូវ​សិន មុន​នឹង​ដាក់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិនិត្យ និង​ដោះស្រាយ៖ «សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​គេ​អត់​វាស់​ឲ្យ​ទេ​ដី​ស្រែ​នោះ បាន​តែ​ដី​ភូមិ​ម្នាក់​បន្តិចៗ ហើយ​ដី​ស្នើសុំ​ហ្នឹង​ជា​ដី​ចាស់​បុរាណ​ធ្វើ​ស្រែ​អី​នៅ​ក្នុង​ហ្នឹង។ សំណូមពរ ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មេត្តា​ជួយ​ពិនិត្យ​មើល​ឲ្យ​ពិត​ប្រាកដ ចុះ​វាស់វែង​ឲ្យ​ចំ​គោលដៅ ដើម្បី​ឲ្យ​ពួក​ខ្ញុំ​គ្រប់គ្រង​ត​ដល់​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត»

លោក​បញ្ជាក់​ថា ផ្ទៃ​ដី​ព្រៃ និង​ដី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ដែល​គ្រោង​ស្នើសុំ​ប្រើប្រាស់​ជា​សមូហភាព​នោះ អាជ្ញាធរ​ត្រូវ​តែ​ចេញ​ប្លង់​កម្មសិទ្ធិ​តែ​មួយ​ទុក​ឲ្យ​តំណាង​សហគមន៍។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​ចូល​កាន់​កាប់​ដី​ខុស​ច្បាប់ ដូច​ដែល​កំពុង​កើត​មាន​នៅ​ចំណុច​ទាំង​បី​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា ដើម្បី​បំភ្លឺ​តប​ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ ប្រាប់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ តែ​លោក​នឹង​ទាក់ទង​ទៅ​លោក​អភិបាល​ស្រុក​ភ្លាម ដើម្បី​ដឹង​រឿង ហើយ​ថា​នឹង​ផ្ដល់​ព័ត៌មាន​មក​វិទ្យុ​អាស៊ីសេរី ពេល​ក្រោយ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ហួន ផន ថ្លែង​គាំទ្រ​បំណង​របស់​ជនជាតិ​ភាគ​តិច ដែល​ចង់​ចុះ​បញ្ជី​ដី​ព្រៃ​សហគមន៍ ដើម្បី​ការពារ​ពី​ការ​ឈ្លាន​ពាន​របស់​អ្នក​មាន​លុយ​នៅ​តំបន់​ផ្សេងៗ។ លោក​ថា នឹង​ជួយ​រៀបចំ​ឯកសារ និង​ប្រឹក្សា​ផ្លូវ​ច្បាប់​ជូន​ពួក​គាត់៖ «សហគមន៍​របស់​គាត់ (ជនជាតិ​ព័រ) មាន​ដី​សម្រាប់​ប្រកប​កសិកម្ម ដី​កប់​សព និង​ដី​ឡើង​អ្នក​តា។ ដល់​អ៊ីចឹង ដី​គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​ពួក​គាត់ ហើយ​បើ​គាត់​អត់​ដី​ហ្នឹង​ទេ គាត់​នឹង​បាត់បង់​ការ​អនុវត្ដ​តាម​បែប​រស់នៅ​របស់​ពួក​គាត់»

ក្រុម​ពលរដ្ឋ​បារម្ភ​ថា ដី​ព្រៃ និង​ដី​ធ្លាប់​ប្រើប្រាស់​កន្លង​មក នឹង​ត្រូវ​បាត់បង់​កាន់​តែ​ច្រើន បើ​ពន្យារពេល​ចុះ​បញ្ជី​ដី​សមូហភាព។ បើ​ដី​បាត់បង់​នោះ អត្តសញ្ញាណ​ជនជាតិ​ភាគ​តិច​ព័រ នឹង​ត្រូវ​បាត់បង់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។