ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង​ខ្វែង​គំនិត​គ្នា​រឿង​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង

ដោយ ប្រាជ្ញ ចេវ
2016.12.09
ពលរដ្ឋ ប៊ូឌីង ៨៥៥ ២០១៦ ពលរដ្ឋ​រស់​នៅ​លើ​អគារ​ប៊ូឌីង រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង បង្ហាញ​ពី​ការ​ចង់​បាន​ផ្សេងៗ​គ្នា​ទាក់ទង​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​នេះ។ មតិ​ខ្លះ​ចង់​បាន​លុយ​រួច​ហើយ​ចាកចេញ​ពី​អគារ​តែម្តង។ ចំណែក​មតិ​ផ្សេង​ទៀត ចង់​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដោយ​យល់​ព្រម​ឲ្យ​សាងសង់​អគារ​ថ្មី។ ការ​បង្ហាញ​ការ​ចង់​បាន​របស់​ក្រុម​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង​បែប​នេះ ខណៈ​ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី​ កំពុង​ធ្វើ​ស្ថិតិ​រក​ចំនួន​ពិត​នៃ​ពលរដ្ឋ​រស់​នៅ​តំបន់​នេះ។

​ការមន្ទិល​សង្ស័យ​លើ​គម្រោង​អភិវឌ្ឍន៍​អគារ​ថ្មី​នៅ​តំបន់​ប៊ូឌីង ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​រារែក​ក្នុង​ការ​សម្រេច​ចិត្ត។ ការ​មិន​ទុក​ចិត្ត​ថា ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​ដូច​ការ​អភិវឌ្ឍ​តំបន់​បឹងកក់ ឬ​បុរីកីឡា ការ​យល់​ថា ការ​រង់ចាំ​ ៤​ឆ្នាំ​ដើម្បី​សាងសង់​អគារ និង​ការ​យល់​ថា ការ​រស់​នៅ​លើ​បន្ទប់​អគារ ឬ​ហៅ​ថា ខុនដូ ត្រូវ​ចំណាយ​ច្រើន​លើ​សេវា​នានា​ជាដើម ចម​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង មួយ​ចំនួន​ចង់​បាន​លុយ​ហើយ​ចាកចេញ​តែម្តង ទោះ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ប្រកាស​ក្តែងៗ​ថា ពលរដ្ឋ​ទ្រាំ​រង់​ចាំ ៤​ឆ្នាំ​ទៀត ពួកគេ​នឹង​មាន​ជីវភាព​ធូរធារ​រស់​នៅ​បាន​សមរម្យ​ក្តី។

ពលរដ្ឋ​ម្នាក់​រស់​នៅ​អគារ​ប៊ូឌីង លោកស្រី រ៉ី ចាន់នី ប្រាប់​ថា លោកស្រី​ជ្រើស​រើស​យក​ទឹក​ប្រាក់​ព្រោះ​មិន​ចង់​រង់ចាំ​យូរ។ លោកស្រី​ព្រួយ​បារម្ភ​ថា ក្នុង​ពេល​រង់ចាំ​ជិត ៤​បួន​ឆ្នាំ បើ​សិន​មិន​បាន​ជោគជ័យ​នឹង​ធ្វើ​លោកស្រី​ជួប​បញ្ហា​លំបាក៖ «ជំហរ​ខ្ញុំ​ចង់​បាន​លុយ​អត់​ចង់​បាន​ផ្ទះ​ទេ ព្រោះ​នៅ​ទី​នេះ​ឆ្អែត ហើយ​ឃើញ​សព្វ​បែប​យ៉ាង​ជា​ខុនដូ គឺ​ល្អ​ហើយ ប៉ុន្តែ​ចូល​ទៅ​រស់​នៅ​ទី​នោះ​ត្រូវ​បង់​សេវា​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​អស់»

នៅ​ពេល​នេះ ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​វាស់វែង​ពី​ទំហំ​ផ្ទះ និង​សម្ភាស​អ្នក​ដែល​រស់​នៅ​ក្នុង​អគារ​ស ឬ​អគារ​ប៊ូឌីង ដើម្បី​រក​ចំនួន​ពិត​ប្រាកដ​អ្នក​រស់​នៅ​អគារ​នេះ​ពិត​ប្រាកដ។  ចំណែក​ភាគី​ក្រុមហ៊ុន​ជប៉ុន ដែល​ទទួល​សិទ្ធិ​វិនិយោគ​តំបន់​នេះ មិន​ទាន់​បញ្ជាក់​ជំហរ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ពលរដ្ឋ​មួយ​រូប​ទៀត លោក ម៉ម ច័ន្ទណាឫទ្ធិ បង្ហាញ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត។ លោក​ប្រាប់​ថា ប្រសិនបើ​ក្នុង​រយៈពេល​រង់ចាំ​សាងសង់​អគារ​ថ្មី​ជិត​បួន​ឆ្នាំ​នោះ ក្រុមហ៊ុន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ដល់​លោក លោក​នឹង​យល់​ព្រម​ចំពោះ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ក្រុមហ៊ុន ឬ​ក្រសួង​មិន​ផ្តល់​ការ​ឧបត្ថម្ភ លោក​នឹង​យក​លុយ​ហើយ​ដើរ​ចេញ​ពី​អគារ​តែម្តង៖ «កន្លែង​រស់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ទោះ​ពួក​ខ្ញុំ​ទៅ​រស់​នៅ​ក៏​ខ្វះ​ថវិកា​ដែរ ព្រោះ​ឆ្ងាយ​ពី​ផ្ទះ ឆ្ងាយ​ពី​កន្លែង​លក់​ដូរ បើ​ក្រសួង​គេ​មាន​ឲ្យ​លុយ ឬ​ប្រាក់ខែ​ត្រឹមត្រូវ​ខ្ញុំ​ប្រហែល​យក​ផ្ទះ​ដែរ»

ដោយ​ឡែក​ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី កែវ សុផល ប្រាប់​ថា សុខ​ចិត្ត​រង់ចាំ​បួន​ឆ្នាំ​ដើម្បី​ចូល​រស់​នៅ​អគារ​ថ្មី ព្រោះ​លោកស្រី​ជឿ​ទុក​លើ​រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ដែល​ចេញ​មុខ​ធ្វើ​ការងារ​នេះ និង​ជឿជាក់​ក្រុមហ៊ុន​ជប៉ុន ដែល​ទទួល​សិទ្ធិ​វិនិយោជក​តំបន់​នេះ៖ «ខ្ញុំ​ចង់​បាន​ផ្ទះ ព្រោះ​ចង់​បាន​ផ្ទះ​ល្អ​នៅ​ហើយ​មួយ​ចំនួន​ទៀត ចង់​បាន​លុយ ព្រោះ​គេ​ខ្លាច​ចាញ់​បោក​គេ (ក្រុមហ៊ុន) ប៉ុន្តែ​ខ្ញុំ​អត់​ខ្លាច​ទេ»

ទីតាំង​ដី​របស់​ក្រុមហ៊ុន​អារ៉ាកាវ៉ា (Arakawa) សម្រាប់​សង់​ជម្រក​អោយ​ពលរដ្ឋ​នៅ​ប៊ូឌីង រស់​នៅ​បណ្ដោះអាសន្ន នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
ទីតាំង​ដី​របស់​ក្រុមហ៊ុន​អារ៉ាកាវ៉ា (Arakawa) សម្រាប់​សង់​ជម្រក​អោយ​ពលរដ្ឋ​នៅ​ប៊ូឌីង រស់​នៅ​បណ្ដោះអាសន្ន នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

បើសិន​គម្រោង​អភិវឌ្ឍន៍​នេះ ជោគជ័យ​ក្រុមហ៊ុន​របស់​ជប៉ុន មួយ​ឈ្មោះ អារ៉ាកាវ៉ា (Arakawa) នឹង​សាងសង់​អគារ​កម្ពស់ ២១​ជាន់​ នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ​ដែល​ត្រូវ​ចំណាយ​ពេល​ជិត ៤​ឆ្នាំ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៨០​លាន​ដុល្លារ។ អគារ​វ័យ​ចំណាស់​សល់​ពី​សម័យ​រាស្ត្រ​និយម​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន សព្វថ្ងៃ​មាន​ពលរដ្ឋ​ជិត ៦០០​គ្រួសារ​កំពុង​រស់​នៅ។ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ ពលរដ្ឋ​នៅ​ទី​នេះ​នាំ​គ្នា​រត់​ចេញ​ពី​អគារ​ទាំង​យប់​ឃើញ​មាន​ស្នាម​ប្រេះ ព្រោះ​មាន​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​បុក​គ្រឹះ​នៅ​ក្បែរ​នឹង​ដី​អាគារ។ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ប្រឆាំង​ទាស់​នឹង​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ សកម្មភាព​បុកគ្រឹះ​ក៏​ត្រូវ​ផ្អាក ហើយ​ពលរដ្ឋ​នៅ​គ្នា​រស់​នៅ​លើ​អគារ​ជា​ធម្មតា​ឡើង​វិញ។

ក្នុង​ពេល​សាងសង់​អគារ​ថ្មី ក្រុមហ៊ុន​នេះ មាន​ដី​មួយ​កន្លែង​ក្នុង​ទីប្រជុំជន​នៅ​សង្កាត់​ទឹកថ្លា ខណ្ខសែនសុខ ក្រោយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ (Royal Phnom Penh) ដើម្បី​សង់​ផ្ទះ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ជា​បណ្តោះអាសន្ន។ ប៉ុន្តែ ខណៈ​គម្រោង​នេះ​មិន​ទាន់​ចេញ​ពន្លឺ​នៅ​ឡើយ​ដី​នោះ​ក្រុមហ៊ុន​អារ៉ាកាវ៉ា បាន​ចាក់​ខ្សាច់​ព័ទ្ធ​របង ប៉ុន្តែ​មិន​ទាន់​សាង់សង​អ្វី​នៅ​ឡើយ​ទេ។

ទាក់ទង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សារុន ឫទ្ធា មាន​ប្រសាសន៍​ថា ពេល​នេះ​មន្ត្រី​ជំនាញ​ផ្នែក​លំនៅឋាន​កំពុង​ធ្វើ​ការងារ។ ចំពោះ​សំណើ​ផ្សេងៗ​របស់​ក្រុម​ពលរដ្ឋ​លោក​មិន​ទាន់​អាច​បំភ្លឺ​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ដដែល​ថ្លែង​ដូច​គ្នា​ទៅ​នឹង​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ដែរ គឺ​ចង់​ឲ្យ​ពលរដ្ឋ​ទទួល​យក​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង៖ «ឥឡូវ​នេះ​យើង​ថា ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា នឹង​អាច​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា សិន»

ចំណែក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅដ្ឋាន​នៃ​ក្រសួង​ដែនដី  លោក បេង ហុង សុជាតិខេមរូ ដែល​ធ្វើ​ការងារ​ផ្នែក​ធ្វើ​ជំរឿន និង​ស្រង់​ស្ថិតិ​ពលរដ្ឋ​នៅ​អគារ​ប៊ូឌីង បដិសេធ​អត្ថាធិប្បាយ។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ដែល​តាមដាន​ដំណើរ​រឿង​នេះ​យល់​ថា ការ​ជ្រើសរើស​យក​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ជា​ជម្រើស​ល្អ។ លោក​យល់​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត ភាគី​ក្រុមហ៊ុន ភាគី​ក្រសួង​ដែនដី និង​ភាគី​ពលរដ្ឋ ត្រូវ​មាន​មេធាវី​ជាតិ អន្តរជាតិ ចុះ​ហត្ថលេខា​លើ​គម្រោង​នេះ​ដើម្បី​មាន​ផ្លូវ​ច្បាប់​ការងារ​ពលរដ្ឋ៖ «តំណាង​រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា អាច​ធ្វើ​ជា​សាក្សី ហើយ​បើ​ថ្ងៃ​ក្រោយ​មាន​ភាគី​ណា​មួយ​ក្បត់​កិច្ច​សន្យា រដ្ឋាភិបាល និង​រដ្ឋាភិបាល​អាច​ប្តឹង​គ្នា​បាន»

​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អគារ​ប៊ូឌីង អះអាង​ប្រហាក់ប្រហែល​គ្នា​ថា ពួកគេ​អាច​នឹង​យល់​ព្រម​ទទួល​យក​សំណង​ចន្លោះ​ពី ៧​ម៉ឺន ទៅ ៨​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

ប្រធាន​ក្រុមហ៊ុន​អារ៉ាកាវ៉ា លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto) ថ្លែង​ក្នុង​ពេល​ជួប​ក្រុម​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង និង​ភាគី​ក្រសួង​ដែនដី កាល​ពី​ថ្ងៃ​៨ ខែ​វិច្ឆិកា បង្ហាញ​ពី​ឆន្ទៈ​អភិវឌ្ឍន៍​អគារ​ប៊ូឌីង។

លោក ជា សុផារ៉ា បាន​ប្រកាស​ផ្ដល់​ជម្រើស​២ ទៅ​ដល់​ពលរដ្ឋ គឺ​ទទួល​យក​សំណង​ហើយ​ចាកចេញ និង​ជម្រើស​មួយ​ទៀត គឺ​យល់​ព្រម​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ប៉ុន្តែ​លោក​បង្ហាញ​ជំហរ​ចង់​ឲ្យ​ក្រុម​ពលរដ្ឋ​រង់ចាំ​ការ​សាងសង់​អគារ​ថ្មី ដើម្បី​ទទួល​បាន​កន្លែង​រស់​នៅ​សមរម្យ​ដែល​ជា​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ជា​រឿង​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។