ពលរដ្ឋ​សហគមន៍​អូរខ្សាច់​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​អង្កេត​ការ​រំលោភ​ដីធ្លី​ដោយ​មន្ត្រី​មាន​អំណាច

ដោយ ដែន អយុធ្យា
2015.03.06
ជម្លោះ​ដីធ្លី​អូរខ្សាច់ ព្រះសីហនុ ៦២០ ពលរដ្ឋ ៤​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី នា​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ៤​នាក់​នៅ​សហគមន៍​អូរខ្សាច់ មាន​ទីតាំង​នៅ​ភូមិ​៣ សង្កាត់​១ ក្រុង​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​មន្ត្រី​មាន​អំណាច ដែល​បាន​ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន​ពួក​គាត់ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​តាម​គ្រប់​រូបភាព។

បញ្ហា​នេះ មន្ត្រី​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​កើត​ឡើង ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​សហគមន៍​អូរខ្សាច់ ជាមួយ​មន្ត្រី​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​បរិស្ថាន។

ប្រជាពលរដ្ឋ ៤​នាក់ ឋិត​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ចំនួន ១៦​គ្រួសារ នៃ​សហគមន៍​អូរខ្សាច់ កំពុង​ព្រួយ​បារម្ភ​ចំពោះ​អំណាច​សាល​ដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​របស់​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល​មាន​ដើម​បណ្ដឹង​ឈ្មោះ ប៊ុន សារឿន អតីត​ជា​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។

លោក ប៊ុន សារឿន បាន​ដាក់​ពាក្យ​បណ្ដឹង​មនុស្ស ៤​នាក់​ទៅ​កាន់​តុលាការ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវ​តុលាការ​ចោទ​ពី​បទ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០០៨។ ហើយ​បទល្មើស​នេះ​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល។

ពលរដ្ឋ​ទាំង ៤​នាក់​នោះ​មាន​ឈ្មោះ លុច ទូច ឃឹម មុំ អេង វ៉ាន់ និង​កៅ ហួរ។ ហើយ​ថា ពលរដ្ឋ​ទាំង ៤​នាក់​នេះ គឺ​ឋិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន ១៦​គ្រួសារ រស់នៅ​ភូមិ​៣ សង្កាត់​១ ក្រុង​ព្រះសីហនុ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ លោក ប៊ុន សារឿន ដែល​ពលរដ្ឋ​ចោទ​ថា លោក ប៊ុន សារឿន បាន​ឃុបឃិត​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​លំនៅឋាន និង​ចម្ការ​ពួក​គាត់ ហើយ​ដាក់​ពាក្យ​ប្ដឹង​ពួក​គាត់​ទៅ​តុលាការ ដោយ​ចោទ​ប្រើ​ហិង្សា​ទៅ​លើ​ខ្លួន ទាំង​ពួក​គាត់ ៤​នាក់​ដែល ៣​នាក់​ជា​ស្ត្រី ហើយ​បច្ចុប្បន្ន​មាន​អាយុ​ជាង ៥០​ឆ្នាំ​ទៅ​ហើយ​នោះ ទាំង​មិន​បាន​ដឹង​ខ្លួន ប៉ុន្តែ​ត្រូវ​តុលាការ​គ្រប់​ជាន់​ថ្នាក់ កាត់​ឲ្យ​មាន​ទោស​ទាំង​មិន​បាន​ចុះ​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​ការ​ពិត​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ទាក់ទិន​បទ​ចោទ​របស់​តុលាការ​តាម​បណ្ដឹង លោក ប៊ុន សារឿន ប្ដឹង​ពី​បទ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​ទុច្ចរិត លោក ឃុន សាវឿន មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ហាក់​មិន​យល់​អត្ថន័យ​នៃ​បទ​ចោទ​របស់​តុលាការ ដែល​ចោទ​ពលរដ្ឋ​ទាំង ៤​នាក់​ពី​បទ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​ទុច្ចរិត។ បទ​ចោទ​នេះ លោក ឃុន សាវឿន បង្ហាញ​ទស្សនៈ​ថា តុលាការ ឬ​ផ្នែក​ពាក់ព័ន្ធ ហាក់​មិន​បាន​ចុះ​ស៊ើប​អង្កេត​ដល់​មូលដ្ឋាន​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន ឬ​ក៏​ធ្វេសប្រហែស​ក្នុង​ការងារ។ លោក​បន្ត​ថា ដោយសារ​តែ​អំណាច​សាល​ដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​របស់​តុលាការ​កំពូល គឺ​គ្មាន​ស្ថាប័ន ឬ​អ្នក​ណា​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​បាន​នោះ។ ដូច្នេះ ក្នុង​នាម​សង្គម​ស៊ីវិល លោក​គ្រាន់​តែ​ទទូច​ដល់​ប្រមុខ​រដ្ឋាភិបាល ឬ​ក៏​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ជាដើម ស្នើ​ឲ្យ​ជួយ​ពិនិត្យ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​មាន​ភាព​មិន​ប្រក្រតី​មួយ​នេះ ឬ​យ៉ាង​ហោច​ណាស់ ក៏​បាន​ដឹង​ក្នុង​ចិត្ត​ថា ការ​ពិត​វា​យ៉ាង​ម៉េច?៖ «អ៊ីចឹង​បាន​ន័យ​ថា នៅ​ក្នុង​រឿង​ហ្នឹង គឺ​លោក ប៊ុន សារឿន បាន​កាន់​កាប់​អចលនវត្ថុ​ហ្នឹង​ដោយ​ទុច្ចរិត។ ខ្ញុំ​គ្រាន់​តែ​លើក​សាល​ដីកា​របស់​តុលាការ​កំពូល ដែល លោក ប៊ុន សារឿន បាន​ប្ដឹង​ចាប់​ពី​តុលាការ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រហូត​ដល់​តុលាការ​សាលា​កំពូល គឺ​ចំណុច​បទ​ចោទ​នេះ គឺ​នៅ​មិន​មាន​ការ​កែ​សម្រួល​ឡើយ។ ដូច្នេះ ទាក់ទង​ទុច្ចរិត​បាន​ន័យ​ថា វា​មិន​មែន​ដោយ​សន្តិភាព។ អ៊ីចឹង​ចាប់​ពី​តុលាការ​សាលា​ដំបូង ដល់​កំពូល នៅ​តែ​ថា​អ្នក​ទាំង ៤​នាក់​ហ្នឹង គឺ​បាន​ប្រើ​ហិង្សា​ទៅ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​ទុច្ចរិត​ដដែល»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង លោក ប៊ុន សារឿន ជា​ដើម​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជាមួយ​ពលរដ្ឋ​ទាំង ៤​នាក់ រស់នៅ​ភូមិ​៣ សង្កាត់​១ ក្រុង​ព្រះសីហនុ បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មីនា។ ប៉ុន្តែ​តាម​ដីកា​បង្គាប់​ឲ្យ​អនុវត្ត​ដោយ​ស្ម័គ្រ​ចិត្ត​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ មាន​ហត្ថលេខា និង​ត្រា​របស់ អ្នកស្រី ចាតសូ រស្មី តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​នេះ បាន​ជម្រាប​ឲ្យ​ពលរដ្ឋ​ចំនួន ៤​នាក់ មាន​ឈ្មោះ លុច ទូច ឃឹម មុំ អេង វ៉ាន់ និង​កៅ ហួរ ត្រូវ​សង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ឈ្មោះ ប៊ុន សារឿន ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល ទៅ​តាម​អំណាច​សាល​ដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​របស់​តុលាការ​កំពូល លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ។ ហើយ​ថា ប្រាក់​សង​ជំងឺ​ចិត្ត​នេះ ត្រូវ​យក​ទៅ​តម្កល់​ទុក​នៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​មួយ​ខែ​ជា​កំហិត គិត​ចាប់​ពី​ពេល​បាន​ទទួល​ដីកា​នេះ ប៉ុន្តែ​បើ​ក្នុង​ករណី​មិន​អនុវត្ត​តាម​ទេ នឹង​ចាត់​ការ​តាម​ច្បាប់​ជា​ធរមាន។

ប្រតិកម្ម​តប​អំណាច​សាល​ដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​របស់​តុលាការ​កំពូល ប្រជាពលរដ្ឋ​ទាំង ៤​នាក់ បាន​ចាត់​ទុក​សាល​ដីកា​នេះ ថា​មាន​ភាព​អយុត្តិធម៌​បំផុត និង​បាន​រិះគន់​ចំណាត់​ការ​តុលាការ​គ្រប់​ជាន់​ថ្នាក់​នៅ​កម្ពុជា ថា​មាន​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម។ ជាង​នេះ ពលរដ្ឋ​ក៏​បាន​ចោទ​ថា រាល់​ការ​កាត់​ក្តី មន្ត្រី​តុលាការ​មិន​បាន​ចុះ​ស៊ើប​អង្កេត​ដល់​មូលដ្ឋាន​មាន​ទំនាស់​ទេ និង​កាត់​ក្តី​មាន​ទំនោរ​ទៅ​ភាគី​មាន​ទ្រព្យធន ឬ​មាន​អំណាច ជាដើម។

លោកស្រី លុច ទូច ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៤​នាក់ និង​ធ្លាប់​ត្រូវ​តុលាការ​ចាប់​ដាក់​គុក​ម្ដង​រួច​មក​ហើយ ដោយសារ​ហ៊ាន​ចេញ​មុខ​ការពារ​ដីធ្លី​របស់​ខ្លួន ថ្លែង​រិះគន់​ខ្លាំងៗ​ចំពោះ​សាល​ដីកា​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់ ដែល​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ពួក​គាត់ និង​បាន​ចាញ់​ក្តី​ជា​រហូត។

ស្ត្រី​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​អូរខ្សាច់ រស់នៅ​ភូមិ​៣ សង្កាត់​១ ក្រុង​ព្រះសីហនុ ឲ្យ​ដឹង​ថា ដី​ចម្ការ និង​ដី​សង់​លំនៅឋាន​របស់​គាត់​មាន​ដំណាំ​ហូប​ផ្លែ​រាប់​រយ​មុខ និង​មាន​ទំហំ​ដើម​រុក្ខជាតិ​ស្ទើរ​មួយ​ឱប​ទៅ​ហើយ ប៉ុន្តែ​នៅ​ត្រូវ​មាន​គេ​រំលោភ​បំពាន និង​ចោទ​ប្រកាន់​តាម​គ្រប់​រូបភាព។ ស្ត្រី​ដែល​មាន​សក់​ស្កូវ​ពេញ​ក្បាល​រូប​នេះ បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ឬ​មន្ត្រី​គណៈកម្មការ​ជំនាញ​រដ្ឋសភា ជួយ​ពិនិត្យ​តាម​ដាន​រាល់​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​លើ​ករណី​ជម្លោះ​ដីធ្លី​នា​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​នា​ថ្ងៃ​អនាគត៖ «ចៅហ្វាយ​ខេត្ត​គាត់​ចារ​ថា ផ្ទះ​នាង​ខ្ញុំ​ដុះ​ស្មៅ​ជុក ហើយ​គ្មាន​មនុស្ស​រស់នៅ​ទេ។ ប៉ុន្តែ​ជាក់ស្តែង ខ្ញុំ​បាន​ហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទៅ​ពិនិត្យ​មើល​ដល់​ផ្ទះ គឺ​ឃើញ​មាន​ដើម​ឈើ ឬ​ដំណាំ​ដាំ​ដុះ​របស់​ខ្ញុំ មាន​ទំហំ​ឱប​មិន​ជុំ​ទេ និង​បាន​លក់​ផល​ដំណាំ ឬ​ផ្លែ​ឈើ​របស់ខ្ញុំ​ជាង ១០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​តុលាការ​កំពូល​ថ្មីៗ​នេះ បាន​ចេញ​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លើ​ពួក​ខ្ញុំ ៤​នាក់ ដោយ​តម្រូវ​ឲ្យ​ពួក​ខ្ញុំ​ម្នាក់ៗ​ឲ្យ​បង់​លុយ​ចំនួន ២​លាន​រៀល ឬ​សរុប​ស្មើ​នឹង ២​ពាន់​ដុល្លារ។ អ៊ីចឹង​នាង​ខ្ញុំ​មិន​មាន​លុយ ២​ពាន់​ដុល្លារ ដើម្បី​បង់​ជូន​ទៅ​ភាគី​ម្ខាង​ទៀត ឬ​តុលាការ​ទេ គឺ​រក​តែ​លុយ ១​ម៉ឺន​រៀល​ដាក់​ក្នុង​ហោប៉ៅ​ពុំ​បាន​ផង»

ពលរដ្ឋ​ផ្សេង​ទៀត​ដែល​អះអាង​ថា កំពុង​ប្រឈម​ជាប់​គុក​ច្រវាក់ ដោយ​អំណាច​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្ដឹង​ដោយ​ភាគី​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ឈ្មោះ ប៊ុន សារឿន ក៏​បាន​អំពាវនាវ​ស្វែងរក​យុត្តិធម៌​ពី​ប្រមុខ​ដឹក​នាំ ឬ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ លើ​ករណី​ទំនាស់​ដីធ្លី​នៅ​ភូមិ​៣ សង្កាត់​១ ក្រុង​ព្រះសីហនុ នេះ​ដែរ។

ត្រង់​ចំណុច​នេះ លោក ឃុន សាវឿន មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ៤​នាក់ នៅ​ក្នុង​សហគមន៍​អូរខ្សាច់ ឋិត​នៅ​ភូមិ​៣ សង្កាត់​១ ក្រុង​ព្រះសីហនុ ថ្មីៗ​នេះ ក៏​បាន​រិះគន់​ថា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដែល​កើត​មាន​ជាមួយ​ភាគី​ទំនាស់ លោក ប៊ុន សារឿន តាំង​ពី​ឆ្នាំ​២០០៨ មក​នោះ អាជ្ញាធរ​ថ្នាក់​ខេត្ត​នេះ​មិន​បាន​ចុះ​ស៊ើប​អង្កេត​ដល់​ទីតាំង​ទំនាស់​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​គណៈកម្មការ​ជំនាញ​ក្នុង​រដ្ឋសភា ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ជួយ​តាម​ដាន ឬ​ស៊ើប​អង្កេត​ការ​ឃុបឃិត​រំលោភ​យ​ក​ដីធ្លី​ប្រជាពលរដ្ឋ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ផ្ដើម​ដោយ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច ដោយ​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​ពលរដ្ឋ​ហ៊ាន​ចេញ​មុខ​តវ៉ា​លើ​ទំនាស់​ដីធ្លី​ដាក់​គុក​ច្រវាក់​នា​ពេល​កន្លង​មក៖ «រឿង​ក្តី​នេះ ឈ្មោះ ប៊ុន សារឿន បាន​អះអាង​ថា គាត់​បាន​ទិញ​ដី​នេះ​ពី​ឈ្មោះ គឹម ចន្នី ហើយ គឹម ចន្នី បាន​ទិញ​ពី​ឈ្មោះ កើត រី ហើយ គឹម ចន្នី បាន​ទិញ​ពី​ឈ្មោះ ឡុញ តាយ ដែល​មាន​ប្រពន្ធ​ឈ្មោះ នី សារុន។ ប៉ុន្តែ​ជាក់ស្តែង ប្រពន្ធ​របស់ ឡុញ តាយ មិន​មែន​ឈ្មោះ នី សារុន ទេ គឺ​ឈ្មោះ អេង វ៉ាន់។ ត្រង់​កន្លែង​នេះ គឺ​មាន​កំហុស​ឆ្គង ឬ​មាន​ភាព​មិន​ប្រក្រតី​ទី​១។ ហើយ​ចំណុច​មិន​ប្រក្រតី​ទី​២ ទៀត គឺ​ឈ្មោះ ឡុញ តាយ នេះ បាន​ស្លាប់​តាំង​ពី​ខែ​កុម្ភៈ ហើយ​នៅ​ក្នុង​ពាក្យ ឬ​ឯកសារ​ទិញ​លក់​ដី​របស់ លោក ប៊ុន សារឿន គឺ​បាន​ទិញ​លក់​នៅ​ក្នុង​ខែ​កក្កដា។ ដូច្នេះ ឯកសារ​នេះ គឺ​ខុស​គ្នា​ស្រឡះ។ មាន​ន័យ​ថា មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ គឺ​ខ្មោច​ហ្នឹង​បាន​ឡើង​មក​ផ្ដិត​មេដៃ​លក់​ដី ឬ​បែប​ណា? ចំណុច​ទាំង​នេះ​ជា​ភាព​មិន​ប្រក្រតី»

ឆ្លើយ​តប​បញ្ហា​នេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី មាន​ប្រសាសន៍​ថា រាល់​ទំនាស់​ដីធ្លី​កើត​មាន​នៅ​តាម​សហគមន៍​នានា​ក្នុង​មូលដ្ឋាន​នេះ មន្ត្រី​ពាក់ព័ន្ធ​មាន​ការ​ស៊ើប​អង្កេត​បាន​ត្រឹមត្រូវ និង​ចុះ​ដល់​មូលដ្ឋាន​មាន​ទំនាស់។ លោក ស្រ៊ុន ស្រ៊ន់ ដែល​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​ចោទ​ថា ជា​មនុស្ស​ម្នាក់​ឋិត​នៅ​ពី​ក្រោយ​នៃ​ការ​បង្កើត​ឲ្យ​មាន​ជម្លោះ​ដីធ្លី​នៅ​តាម​សហគមន៍​ខ្លះ​ក្នុង​ខេត្ត​នេះ បាន​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​កំពុង​ឋិត​ក្នុង​ដៃ​តុលាការ ឬ​ក៏​ទំនាស់​ដីធ្លី​ដែល​ភាគី​ទំនាស់​មាន​ប្លង់​កម្មសិទ្ធិ​រួច​ហើយ អាជ្ញាធរ​ខេត្ត​មិន​អាច​លូក​ដៃ​ចូល​បាន​ទេ ព្រោះ​វា​ហួស​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ៖ «រឿង​នេះ​វា​ឋិត​ក្នុង​ដៃ​តុលាការ។ ចំណែក​សាលា​ខេត្ត​គ្រាន់​តែ​បាន​ចេញ​លិខិត​មួយ​ជម្រាប​ជូន​ពលរដ្ឋ​ថា វា​ឋិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ គឺ​មិន​ឋិត​នៅ​ក្នុង​យន្តការ​របស់​គណៈកម្មការ​សុរិយោដី​ទេ។ រឿង​នេះ វា​ដូច្នេះ គឺ​មិន​មែន​ខេត្ត​ចេញ​លិខិត ដើម្បី​ធ្វើ​បាប​ប្រជាពលរដ្ឋ​នោះ​ទេ»

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​អូរខ្សាច់ ថ្លែង​រិះគន់​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច ហើយ​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​ចាប់​ពលរដ្ឋ​ដាក់​គុក ជា​ថ្នូរ​មិន​ឲ្យ​តវ៉ា​លើ​ទំនាស់​ដីធ្លី​តាម​សហគមន៍​នីមួយៗ។

មន្ត្រី​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា សហគមន៍​មាន​ទំនាស់​ដីធ្លី​ជិត ២០​សហគមន៍ បាន​កើត​មាន​រ៉ាំរ៉ៃ​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ។ ហើយ​ទំនាស់​នេះ អាជ្ញាធរ​ថ្នាក់​ខេត្ត រហូត​ដល់​ថ្នាក់​ជាតិ មិន​ទាន់​រក​ដំណោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​តាម​សហគមន៍​ទាំង​នោះ ទៅ​តាម​ការ​ស្នើសុំ​នៅ​ឡើយ​ទេ។ ជាង​នេះ ជម្លោះ​ខ្លះ គឺ​បាន​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។