ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ២០នាក់ មកពីឃុំក្បាលត្រាច និងឃុំស្នាអន្សា នៃស្រុកក្រគរ និងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាំគ្នាធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិមួយចំនួន លើរឿងដីធ្លីរបស់ពួកគាត់។
តំណាងពលរដ្ឋអះអាងថា ក្រុមពលរដ្ឋរងគ្រោះក្នុងរឿងដីធ្លីជាមួយក្រុមហ៊ុនឯកជន និងជាមួយអាជ្ញាធរមកពីតំបន់ផ្សេងៗគ្នា នឹងដាក់ញត្តិរួមគ្នាទៅអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អឹម.ឌី.អែស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ចំនួន ៤នាក់ និងតំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយអាជ្ញាធរ ទាក់ទងនឹងដីព្រៃសហគមន៍ចំនួន ១៦នាក់ ក្នុងស្រុកក្រគរ និងស្រុកវាលវែង បានចេញដំណើរផ្សេងៗគ្នា ទៅកាន់រាជធានីភ្នំពេញតាមរថយន្តឈ្នួល នៅព្រឹកថ្ងៃទី២៨ តុលា។ ក្រុមអ្នកតវ៉ា មានបំណងរកកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅតាមវត្ត ឬផ្ទះបងប្អូននៅភ្នំពេញ ដើម្បីមានឱកាសបានដាក់ញត្តិដល់ដៃថ្នាក់ដឹកនាំ ឬស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន។
តំណាងពលរដ្ឋម្នាក់មកពីឃុំក្បាលត្រាច ស្រុកក្រគរ អ្នកស្រី អាន ឡៃ មានប្រសាសន៍ថា អាជ្ញាធរភូមិឃុំ បានយកដីរបស់ពលរដ្ឋ ៤៦គ្រួសារទំហំជាង ១៧៥ហិកតារ ដែលធ្លាប់កាន់កាប់ និងបង្កបង្កើនផល ទៅដាក់ជាដីព្រៃសហគមន៍ ប៉ុន្តែដីដែលអ្នកភូមិធ្លាប់ស្នើសុំដាក់ជាដីព្រៃសហគមន៍នោះ បែរជាវាស់វែងចេញប្លង់កម្មសិទ្ធិឯកជន ឲ្យទៅអ្នកមកពីក្រៅស្រុកទៅវិញ។ អ្នកស្រីបន្តថា តាំងពីឆ្នាំ២០១៣ មក អាជ្ញាធរបានហាមឃាត់មិនឲ្យគ្រួសារគាត់កាន់កាប់លើដីស្រែ និងដីផ្ទះរបស់អ្នកស្រីសរុបទំហំពីរហិកតារ៖ «ប្រជាពលរដ្ឋខ្ញុំហ្នឹងវា ៤៦គ្រួសារ ហើយក្នុងឃុំក្បាលត្រាច គឺទៅ (តវ៉ា) ចំនួន ១៣នាក់។ ខ្ញុំចង់សំណូមពរឲ្យស្ថាប័នទាំងអស់ឃើញប្រជាពលរដ្ឋខ្ញុំទៅហ្នឹង ដើម្បីឲ្យទទួលយកញត្តិពីពួកខ្ញុំ ពីព្រោះប្រជាពលរដ្ឋខ្ញុំរស់នៅសមស្របនៅក្នុងឃុំហ្នឹង»។
យោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋឃុំក្បាលត្រាច ដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា កាលពីឆ្នាំ២០០៩ មានពលរដ្ឋចំនួន ៩ភូមិ នៃឃុំក្បាលត្រាច បានស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីទុកដីទំហំ ៥ពាន់ហិកតារ ឋិតនៅចំណុចភ្នំតាដុល ជាដីព្រៃសហគមន៍។ ប៉ុន្តែក្រោយមក តំណាងពលរដ្ឋអះអាងថា អាជ្ញាធរមិនបានសម្រេចតាមការស្នើសុំរបស់ប្រជាពលរដ្ឋនោះទេ ហើយបានកាត់ដីនៅកន្លែងផ្សេងទំហំ ៥០០ហិកតារ ឋិតនៅចំណុចភូមិក្រឡាញ់ ដែលជាប្រភេទដីកសិកម្ម និងដីព្រៃរេចរឹលទៅជាដីព្រៃសហគមន៍ បណ្ដាលឲ្យប៉ះពាល់ដល់ដីពលរដ្ឋ។
អភិបាលរងខេត្តពោធិ៍សាត់ និងជាអ្នកទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ខួយ រីដា ចាត់ទុកសកម្មភាពដាក់ញត្តិរបស់ក្រុមពលរដ្ឋនាពេលនេះថា ក្រុមពលរដ្ឋមិនទាន់យល់ដឹងច្បាស់អំពីច្បាប់ និងមានអ្នកញុះញង់នៅពីក្រោយខ្នង។ លោកបន្តថា អាជ្ញាធរមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ពួកគាត់ ប៉ុន្តែត្រូវការពេលវេលាខ្លះក្នុងការដោះស្រាយតាមនីតិវិធី គឺមិនបង្ខំភ្លាមៗតាមចិត្តចង់បានរបស់ពួកគាត់នោះទេ៖ «ខ្ញុំយល់ឃើញថាមានអ្នកនៅពីក្រោយខ្នងញុះញង់ បញ្ហានេះមិនកើតចេញពីគំនិតរបស់គាត់ទេ ជារួម គឺយើងបានកំណត់ច្បាស់លាស់រួចហើយ ប៉ុន្តែគ្រាន់ថាចង់ឲ្យបានគ្រប់ជ្រុងជ្រោយសិន ចំពោះអ្នកនៅញុះញង់ពីក្រោយហ្នឹង គឺយើងដឹងមុខសញ្ញាអស់។ ហើយនៅក្នុងគោលការណ៍របស់អាជ្ញាធរខេត្ត គឺរកដំណោះស្រាយជូនគាត់ មិនមែនដោះមិនចេញទេ យើងដោះបាន»។
លោកបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ រូបលោក និងអភិបាលខេត្ត បានចុះពិនិត្យមើលទីតាំងដីមានជម្លោះ និងពិភាក្សាផ្ទាល់ជាមួយនឹងពលរដ្ឋនៅស្រុកក្រគរ ហើយប្រាប់ពួកគាត់ឲ្យរង់ចាំការដោះស្រាយ ដោយអាជ្ញាធរសុំថយមួយជំហានសិន ដើម្បីជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងដីរដ្ឋ ឬសុំគោលការណ៍យ៉ាងណាទៅថ្នាក់លើក្នុងការដោះស្រាយបញ្ហា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា ការឆ្លើយតបដោយចោទប្រកាន់ថាមានអ្នកនៅពីក្រោយក្នុងរឿងដីធ្លីរបស់ប្រជាពលរដ្ឋនោះ គឺគ្រាន់តែជាលេសមួយប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង អាជ្ញាធរមិនទាន់មានយន្តការ ឬគណៈកម្មការច្បាស់លាស់ក្នុងការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅឡើយ៖ «កន្លងមក ពួកគាត់បានខិតខំប្រឹងប្រែងដាក់ញត្តិទៅខាងអភិបាលស្រុក ឬមួយអភិបាលខេត្ត ប៉ុន្តែហាក់បីដូចជាគ្មានដំណោះស្រាយទាំងអស់។ អ៊ីចឹងអ្វីដែលជាជម្រើស និងសង្ឃឹមរបស់គាត់ចុងក្រោយ គឺគាត់ដាក់ញត្តិទៅសភា ហើយនិងនាយករដ្ឋមន្ត្រីផ្ទាល់តែម្ដង»។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណជា ១៥០នាក់ មកពីស្រុកផ្សេងៗនៃខេត្តពោធិ៍សាត់ នាំគ្នាដាក់ញត្តិទៅសាលាស្រុកភ្នំក្រវាញ និងសាលាខេត្តពោធិ៍សាត់។ ក្រុមពលរដ្ឋមានគម្រោងយកញត្តិនោះ ទៅដាក់នៅស្ថាប័នជាតិមួយចំនួនទៀតនៅរាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធរខេត្ត ចេញមុខទទួលយកញត្តិ និងសូមឲ្យពលរដ្ឋត្រឡប់ទៅផ្ទះវិញ ដោយសន្យាថានឹងជួយដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរបស់ពួកគាត់ ប៉ុន្តែក្រុមពលរដ្ឋហាក់គ្មានជំនឿលើការសន្យាដោះស្រាយរបស់អាជ្ញាធរនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
