អ្នក​មាន​ទំនាស់​ដី​ប្រមូល​ផ្ដុំ​តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ស្នើ​ដោះ​លែង​តំណាង

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៣​ភូមិ​មាន​គ្នា​ប្រមាណ​ជា ៦០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​តុលាការ​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​ម្នាក់​ដែល​តុលាការ​ខេត្ត​នេះ ចាប់​ដាក់​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឲ្យ​មាន​សេរីភាព​វិញ។

មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កោះកុង បាន​រិះគន់​តុលាការ​ចំពោះ​ការ​ឃុំ​ខ្លួន​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ទៅ​តាម​បណ្ដឹង​របស់​តំណាង​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​គ្នា​ជិត ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ១៣៥​គ្រួសារ មក​ពី​បី​ភូមិ គឺ​ភូមិ​ព្រែកខ្សាច់ ភូមិ​សំរុងតាកែវ និង​ភូមិ​យាយសែន ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង អះអាង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា នឹង​មិន​លះ​បង់​ការ​តវ៉ា​របស់​ខ្លួន​ទេ ដរាប​ណា​តុលាការ​មិន​ដោះ​លែង​តំណាង​ឈ្មោះ លោក ផន ណុល ពី​ពន្ធនាគារ​នោះ​ទេ។

នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ លោក រៀម រុំ និង​អ្នកស្រី ឆុន មករា ជា​តំណាង​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ៣​ភូមិ នៅ​ឃុំ​ព្រែកខ្សាច់ ក៏​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​តំណាង​ឈ្មោះ ផន ណុល ជា​ជន​ពិការ​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ។ ជាង​នេះ ក៏​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ ជួយ​រក​យុត្តិធម៌​លើ​ករណី​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត ផ្តល់​ដីធ្លី​ជូន​ពលរដ្ឋ​បាន​បង្កបង្កើនផល​ឡើង​វិញ៖ «ពួក​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​តាំង​ពី​ឆ្នាំ​២០១០ ដាក់​ជូន​គណៈរដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម ចូល​គ្រប់​កន្លែង​ទាំងអស់ មាន​រដ្ឋសភា ជាដើម ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ​ទេ រហូត​ដល់​ឆ្នាំ​២០១៤ នេះ។ ជួយ​អន្តរាគមន៍ សូម​ឲ្យ​ខាង​បង​វិទ្យុ​អាស៊ីសេរី និង​សម្ដេច​តេជោ​ទាំង​៣ សូម​ជួយ​ឲ្យ លោក ផន ណុល ចេញ​ពី​ពន្ធនាគារ​ឲ្យ​បាន​ឆាប់​មក ព្រោះ​អី​គាត់​គ្មាន​កំហុស​ទេ។ គេ​ចាប់​គាត់​ទៅ​ដាក់​ពន្ធនាគារ​ហ្នឹង គឺ​គាត់​ការពារ​ដី​ខ្លួន​ឯង ហើយ​គាត់​ពិការ​ដៃ​ទៀត។ ខ្ញុំ​សំណូមពរ​ប៉ុណ្ណឹង»

ក្រុម​ប្រជាពលរដ្ឋ បាន​ចោទ​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ថា​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់ តាំង​ពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ។ ហើយ​ទំនាស់​នេះ ពលរដ្ឋ​ធ្លាប់​ស្នើ​កិច្ច​អន្តរាគមន៍ និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត តុលាការ និង​ដល់​ស្ថាប័ន​កំពូលៗ មាន​រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​ខុទ្ទកាល័យ​ប្រមុខ​ដឹក​នាំ ជាដើម ប៉ុន្តែ​គ្មាន​មន្ត្រី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ជួយ​ដោះស្រាយ​បាន ហើយ​អូស​បន្លាយ​មក​ដល់​ពេល​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា។

ចំណែក​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង លោក ខាំ សុផារី ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ដែរ។

ទោះ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា លោក ខាំ សុផារី ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង ដែល​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចោទ​ថា​មាន​ល្បិចកល​ខ្លាំង បាន​សម្រេច​ឃុំ​ខ្លួន លោក ផន ណុល ក្រោយ​ពេល​កោះ​ឲ្យ​មក​បំភ្លឺ​លើ​បណ្ដឹង​ពី​បទ​លួច​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។

ទាក់ទិន​បញ្ហា​នេះ លោក ឡុង លន់ មេធាវី​ការពារ​ក្តី លោក ផន ណុល ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា លោក​បាន​ដាក់​ពាក្យ​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កោះកុង ស្នើសុំ​ឲ្យ លោក ផន ណុល បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ៖ «ក្នុង​នាម​យើង​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឈ្មោះ ផន ណុល ដែល​គាត់​ជា​តំណាង​ជន​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ហ្នឹង គឺ​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​ទៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៨ តុលា រួច​ហើយ។ ជា​ធម្មតា កាល​ណា​ដែល​យើង​ដាក់​ពាក្យ​ទៅ​ក្នុង​រយៈពេល ៥​ថ្ងៃ ចៅក្រម​គាត់​នឹង​ឆ្លើយ​ប្រាប់​យើង​ថា តើ​គាត់​ឲ្យ​ឬ​មិន​ឲ្យ? ចឹង​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ៣​ថ្ងៃ​ហើយ ខ្ញុំ​ដាក់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា»

លោក​មេធាវី ឡុង លន់ បន្ត​ថា ការ​ឃុំ​ខ្លួន លោក ផន ណុល គឺ​ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ៣​នាក់​ផ្សេង​ទៀត ដែល​តុលាការ​លើក​មក​ចាត់​ការ​ទៅ​តាម​បណ្ដឹង​លួច​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ ឲ្យ​ដឹង​ដែរ​ថា ក្រុម​ពលរដ្ឋ​ដែល​តុលាការ​ចោទ​នោះ គ្រាន់​តែ​បាន​រក្សា​ទុក​សម្ភារៈ​សំណង់​ក្រុមហ៊ុន​ដែល​សង់​របង​លើ​ដី​ធ្លី និង​បិទ​ផ្លូវ​ទៅ​ស្រែ​ចម្ការ​របស់​ពួក​គាត់ កាល​ពី​ដើម​ឆ្នាំ​២០១៤។ ហើយ​ថា ករណី​នេះ ពលរដ្ឋ​បាន​ចេញ​លិខិត​ធានា​អះអាង​ថា នឹង​មិន​មាន​ការ​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​ទាំង​នោះ​ទេ ល្គឹកណា​ក្រុមហ៊ុន​បញ្ឈប់​រំលោភ​លើ​ដីធ្លី​ពួក​គាត់។

បន្ថែម​លើ​នេះ លោក នាង បូរ៉ាទីណូ ក៏​បាន​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ ពិសេស​មន្ត្រី​ស្ថាប័ន​កំពូលៗ មាន​ខុទ្ទកាល័យ​ប្រមុខ​ដឹក​នាំ និង​រដ្ឋសភា ជាដើម ថា​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ ហើយ​ទុក​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាម​កំហែង ជាដើម៖ «ខ្ញុំ​ផ្ទាល់​ជាមួយ​លោក​មេធាវី​ជន​រងគ្រោះ បាន​តស៊ូ​មតិ​ជាមួយ​លោក​ចៅក្រម​ស៊ើបសួរ លោក ខាំ សុផារី ហ្នឹង​ដែរ ប៉ុន្តែ​លោក​ចៅក្រម​ថា ប្រជាពលរដ្ឋ​ហ្នឹង​ឲ្យ​តែ​មាន​ការ​កោះ​ហៅ​ឡើង គាត់​តែង​តែ​ប្រមូល​គ្នា​មក​ស្រែក​ឡូឡា ច្រៀង​ដាក់​មេក្រូ លើក​បដា​រញ៉េរញ៉ៃ​ខូច​សណ្ដាប់ធ្នាប់​ខេត្ត។ អ៊ីចឹង​គាត់​សម្រេច​ឃុំ​ខ្លួន​សិន ទុក​ឲ្យ​ខាង​សិទ្ធិ​មនុស្ស មេធាវី​ជាដើម​ហ្នឹង ចាំ​រក​យុត្តិធម៌​ឲ្យ​គាត់​តាម​ក្រោយ​ទៅ»

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ចាត់​ទុក​ករណី​ចៅក្រម លោក ខាំ សុផារី សម្រេច​ឃុំ​ខ្លួន លោក ផន ណុល និង​ចោទ​ពលរដ្ឋ ៣​នាក់​ទៀត ពី​បទ​លួច​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​ទៅ​តាម​បណ្ដឹង​ក្រុមហ៊ុន ថា​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​តវ៉ា​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ាៗ ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន។

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី មិន​ចាក​ចេញ​ពី​មុខ​តុលាការ​ទេ គឺ​នាំ​គ្នា​សំរាក​នៅ​មុខ​តុលាការ​ខេត្ត​កោះកុង ហើយ​ពួក​គាត់​បាន​អះអាង​ថា នឹង​បន្ត​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ​រហូត​តុលាការ​ខេត្ត​កោះកុង ឬ​ផ្នែក​ពាក់ព័ន្ធ ដោះ​លែង​តំណាង​របស់​ខ្លួន​ឈ្មោះ លោក ផន ណុល ចេញ​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ ទើប​ប្រកាស​រំសាយ​ការ​ប្រមូល​ផ្តុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។