អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​លើ​ពលរដ្ឋ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ

ដោយ អ៊ុំ រង្សី
2016.01.16
ជម្លោះ​ដី ជាំក្សាន្ត ព្រះវិហារ ៨៥៥ ពលរដ្ឋ​មាន​ជម្លោះ​ដី​មក​ពី​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ តវ៉ា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦។
RFA/Sem Pisey

អាជ្ញាធរ​ជាតិ​​​ព្រះវិហារ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ លើក​ឡើង​ថា សកម្មភាព​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ គឺ​ជា​ការ​ទាមទារ​ដោយ​ខុស​ច្បាប់ ព្រោះ​ពលរដ្ឋ​ទាំង​នោះ​បាន​ទទួល​យក​គោលនយោបាយ​សំណង​របស់​រដ្ឋាភិបាល​រួច​ហើយ។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ព្រមាន​ថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ពលរដ្ឋ បើ​នៅ​ចចេស​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​នេះ​បន្ត​ទៀត។

អាជ្ញាធរ​ជាតិ​​ព្រះវិហារ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ អះអាង​ថា ការ​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​លើ​ពលរដ្ឋ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ក្នុង​គោលបំណង​ពង្រឹង​គោលនយោបាយ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ និង​រក្សា​បាន​នូវ​ប្រព័ន្ធ​សន្តិសុខ​ជាតិ​តាម​បណ្ដោយ​ព្រំដែន។

ការ​លើក​ឡើង​របស់​អាជ្ញាធរ​ជាតិ​​ព្រះវិហារ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា។

សេចក្ដី​ប្រកាស​នោះ អាជ្ញាធរ​ជាតិ​​ព្រះវិហារ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា កាល​ពី​ពេល​កន្លង​ទៅ រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​ថ្នាក់​ជាតិ ដើម្បី​ដោះស្រាយ​ការ​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​អភិរក្ស មក​តាំង​ទីលំនៅ​ភូមិ​ថ្មី​ឈ្មោះ​ថា ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ចំនួន ១.០៤៥​គ្រួសារ។ ក្រុម​ការងារ​នេះ​មាន​សមាសភាព​ចូល​រួម​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ អាជ្ញាធរ​ជាតិ​​ព្រះវិហារ អាជ្ញាធរ​ខេត្ត​ព្រះវិហារ គណៈ​បញ្ជាការ​សមរភូមិ​ទិស​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​ក្រសួង និង​ស្ថាប័ន​នានា។

សេចក្ដី​ប្រកាស​ដដែល​អះអាង​បន្ត​ថា ការ​ផ្លាស់ប្ដូរ​នេះ កន្លង​មក​រដ្ឋាភិបាល​បាន​ផ្ដល់​គោលនយោបាយ​សំណង ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​ថវិកា ២​លាន​រៀល ឈើ​សម្រាប់​សង់​ផ្ទះ​ចំនួន ៧,៥២​ម៉ែត្រ​គូប ដី​ឡូត៍​សម្រាប់​សាងសង់​ផ្ទះ​ទំហំ ៥០​ម៉ែត្រ គុណ ១០០​ម៉ែត្រ ស័ង្កសី ៥០​សន្លឹក និង​ដី​សម្រាប់​បង្កបង្កើន​ផល​ទំហំ ២​ហិកតារ ហើយ​បាន​ផ្ដល់​ដី​ឡូត៍ សម្រាប់​អភិវឌ្ឍ​ជូន​គ្រួសារ​កងទ័ព​ចំនួន ២.០០០​គ្រួសារ​ផង​ដែរ។

លើស​ពី​នេះ សេចក្ដី​ប្រកាស​នេះ​បន្ត​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ចោទ​គ្រួសារ​របស់​ លោក ផាន់ ធឿន លោក កាន់ ងឹម និង​លោក តិន ចន្ថា ដែល​ជា​តំណាង​ពលរដ្ឋ​ដឹកនាំ​តវ៉ា​ទាមទារ​កន្លង​មក គឺ​ជា​មេខ្លោង​ក្នុង​ចលនា​តវ៉ា​ទាមទារ​ទៅ​កាន់​តំបន់​អភិរក្ស​ចំណុច​ស្វាយជ្រំ នេះ ថា​បាន​ទទួល​យក​គោលនយោបាយ​សំណង​រួច​ហើយ។ ហេតុ​នេះ អាជ្ញាធរ​នឹង​ចាត់​វិធាន​តាម​ច្បាប់​ជា​ធរមាន ​បើ​ពលរដ្ឋ​ណា​ម្នាក់​នៅ​តែ​បន្ត​តវ៉ា។

ចំណែក​ឯ​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ពីរ​នាក់​ទៀត ដែល​ជា​អាជ្ញាធរ​ចោទ​ថា ពលរដ្ឋ​ដឹកនាំ​តវ៉ា និង​បាន​ទទួល​យក​គោលនយោបាយ​សំណង​រួច លោក ផាន់ ធឿន ប្រតិកម្ម​ចំពោះ​ការ​ចោទ​នេះ​ថា គ្រួសារ​លោក និង​ពលរដ្ឋ​ដែល​តវ៉ា មិន​ធ្លាប់​ទទួល​បាន​សំណង​នោះ​ទេ។ លោក​យល់​ថា ការ​ព្រមាន​របស់​អាជ្ញាធរ​ពេល​នេះ គឺ​ជា​ចេតនា​ចង់​គេចវេះ មិន​ដោះស្រាយ​បញ្ហា​ប៉ុណ្ណោះ៖ «ខ្ញុំ​មិន​ដែល​ទទួល​បាន​សំណង​ណា​មួយ​ពី​អាជ្ញាធរ​ណា​មួយ​នោះ​ឡើយ គួរ​តែ​ក្លាហាន​ហ៊ាន​មក​និយាយ​ជាមួយ​ពលរដ្ឋ​ផ្ទាល់ កុំ​គេចវេះ​បន្ត​ទៀត»

​តំណាង​អ្នក​ភូមិ និង​ជា​អតីត​មេភូមិ​នៅ​តំបន់​ស្វាយជ្រំ ដែល​អាជ្ញាធរ​ចោទ​ម្នាក់​ទៀត លោក កាន់ ញឹម ឲ្យ​ដឹង​ថា កន្លង​មក​ពិត​ជា​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ទទួល​យក​គោលនយោបាយ​សំណង​ពី​អាជ្ញាធរ​ខេត្ត​ដែល​ឲ្យ​ដី​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ១០០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ ពី​ទីតាំង​ចាស់​ជិត ១០​គីឡូម៉ែត្រ ប៉ុន្តែ​ការ​ទទួល​យក​នេះ​ជា​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ។ ម្យ៉ាង ​ទីតាំង​ថ្មី​នោះ​ជា​ទី​កន្លែង​តំបន់​ព្រៃ និង​ចម្ការ​មីន ហើយ​គ្មាន​ហេដ្ឋារចនាសម្ពន្ធ​ផង​ដែរ។

លោក​អះអាង​ថា លោក​មិន​ព្រួយបារម្ភ​ចំពោះ​ការ​ព្រមាន​នេះ​នោះ​ទេ ព្រោះ​រូប​លោក​ផ្ទាល់​មិន​បាន​ធ្វើ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «បើ​ពួក​ខ្ញុំ​ខុស​ច្បាប់​មែន ឲ្យ​ច្បាប់​គេ​ចាប់​គេ​ចង​ខ្ញុំ​ចុះ តែ​​ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​ខ្ញុំ​តវ៉ា​ដើម្បី​ផ្ទះសម្បែង និង​ដី​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ប៉ុណ្ណោះ»

​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត នៅ​តែ​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ​តំបន់​នោះ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​ស្ថានភាព​នោះ​យ៉ាង​ណា​ខ្លះ ដើម្បី​កុំ​ឲ្យ​វិបត្តិ​ដីធ្លី​កាន់​តែ​មាន​ភាព​តានតឹង​បន្ត​ទៀត។

​តំណាង​ពលរដ្ឋ​ទាំង​អស់​ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី  នៅ​តែ​អះអាង​ថា ការ​តវ៉ា​ទាមទារ​របស់​ពួកគេ​មិន​ខុស​ច្បាប់​នោះ​ទេ។ ពលរដ្ឋ​ប្រកាន់​ជំហរ នឹង​បន្ត​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លុះ​ណា​មាន​ដំណោះស្រាយ​ជាក់លាក់​ជូន​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។