ប្រជាពលរដ្ឋ៧សហគមន៍ រស់នៅតាមបណ្ដោយផ្លូវដែក ក្នុងរាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅពីមុខការិយាល័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ អេ.ឌី.ប៊ី (ADB) នៅថ្ងៃទី២០ តុលា ទាមទារកុំឲ្យអាជ្ញាធរ បណ្ដេញពួកគាត់ចេញ ដោយសារគម្រោងស្ថាបនាផ្លូវដែកនៅកម្ពុជា។
គេហទំព័រធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញថា គម្រោងស្ថាបនាផ្លូវរទេះភ្លើង ២ខ្សែ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ មានចម្ងាយជាង ៤០០គីឡូម៉ែត្រ។
គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះ សម្រាប់ខ្សែរថភ្លើងនៅរាជធានីភ្នំពេញ គឺមានទំហំ ៧ម៉ែត្រ ៣ម៉ែត្រកន្លះម្ខាងៗ ពីអ័ក្សនៃផ្លូវរថភ្លើង។ សម្រាប់ទំហំនៃខ្សែរថភ្លើងនៅផ្នែកខាងជើង និងផ្នែកខាងត្បូងគឺទំហំនៃផលប៉ះពាល់មានចាប់ពី ៨ ទៅ ១០ម៉ែត្រ នៅទីជនបទ និង៧ម៉ែត្រនៅក្នុងក្រុងមានដូចជា ក្រុងពោធិ៍សាត់ បាត់ដំបង ក្រុងសិរីសោភ័ណ និងខេត្តព្រះសីហនុ ជាដើម។
ពលរដ្ឋស្នើឲ្យធនាគារអេ.ឌី.ប៊ី និងរដ្ឋាភិបាល អភិវឌ្ឍតំបន់នោះសម្រាប់ប្រជាជនគ្រប់គ្នាដែលរស់នៅ ដោយជៀសវាងការបណ្ដេញចេញ ហើយផ្ដល់ព័ត៌មានលំអិតទាក់ទងគម្រោងអភិវឌ្ឍន៍ផ្លូវដែកជូនដល់ពលរដ្ឋ ឲ្យច្បាស់លាស់មុននឹងអនុវត្តន៍គម្រោងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។