អ្នក​ភូមិ​ភ្នំក្រោម​៨១​គ្រួសារ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​ពន្លឿន​​ដោះស្រាយ​ជម្លោះ​ដីធ្លី

ដោយ ហង្ស សាវយុត
2017.07.28
ជម្លោះ​ដី ភ្នំក្រោម សៀមរាប ៨៥៥ អ្នក​ភូមិ​ភ្នំក្រោម ក្នុង​សង្កាត់​សៀមរាប បង្ហាញ​ដីកា​​ដែល​តុលាការ​ខេត្ត​សៀមរាប កោះ​ហៅ​ពួកគេ ៤​នាក់​មក​សាកសួរ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​​ចេតនា​ដល់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៨១​គ្រួសារ នៅ​ភូមិ​ភ្នំក្រោម សង្កាត់​សៀមរាប ខេត្ត​សៀមរាប ជាមួយ​នឹង​អង្គភាព​យោធា ចំណុះ​ក្រោម​យោធភូមិភាគ​ទី​៤ មួយ​កង នៅ​តែ​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ទេ។ ​ទំនាស់​នេះ កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ ៨១​គ្រួសារ មិន​ស្ងប់​ចិត្ត ក្នុង​ពេល​ដែល​អាជ្ញាធរ​នៅ​មិន​ទាន់​ចុះ​ទៅ​ដោះស្រាយ​ដីធ្លី​ឱ្យ​ពួកគេ​វិញ​ផង ប៉ុន្តែ​បែរ​ជា​មាន​ករណី​ប្ដឹងផ្ដល់​ពី​បទ​ព្រហ្មទណ្ឌ​មួយ​ផ្សេង​ទៀត​ទៅ​លើ​តំណាង​អ្នក​តវ៉ា​ដីធ្លី​នោះ។

ក្រុម​អ្នក​ភូមិ​ភ្នំក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៃ​ខេត្ត​នេះ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួកគេ​ជាមួយ​អង្គភាព​យោធា​នៃ​យោធភូមិភាគ​ទី​៤ ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ឱ្យ​ពួកគេ​បាន​ទទួល​ដីធ្លី​សង់​លំនៅឋាន​រស់​នៅ​ស្រប​ច្បាប់​វិញ។

ការ​ទាមទារ​របស់​ក្រុម​អ្នក​ភូមិ​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​របស់​ពួកគេ និង​អ្នក​ភូមិ​ចំនួន ៤​នាក់ ត្រូវ​តុលាការ​ខេត្ត​សៀមរាប ចេញ​ដីកា​កោះហៅ​ទៅ​សាកសួរ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ជុំវិញ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នៃ​ករណី​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ទំនាស់​ដីធ្លី​ជាមួយ​ទាហាន។

អ្នក​ភូមិ​ភ្នំក្រោម​ម្នាក់ ក្នុង​ចំណោម ៣​នាក់​ផ្សេង​ទៀត​ដែល​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី​បាន​ចេញ​ដីកា​កោះហៅ​ទៅ​សាកសួរ គឺ​អ្នកស្រី យក់ តាំង។ អ្នកស្រី​មាន​ប្រសាសន៍​ក្នុង​ពេល​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា រូប​គាត់ និង​អ្នក​ភូមិ ៣​នាក់​ទៀត​ឈ្មោះ គ្រំ វេត ម៉ោញ គឹមលន់ និង​ឈ្មោះ ពេជ្រ សុខុម ត្រូវ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​កោះ​ហៅ​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ដល់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។

ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ មាន​ប្ដី​ប្រពន្ធ ២​នាក់ ឈ្មោះ រស់ យឿន និង ឈឺន ខៀន បាន​ទៅ​ខ្ចី​ដី​អ្នក​ភូមិ​របស់​គាត់​ដែល​កំពុង​មាន​ទំនាស់​ស្នាក់​នៅ​បណ្ដោះអាសន្ន ទម្រាំ​ទឹក​ទន្លេ​ឡើង​ដល់ នឹង​បណ្ដែត​ផ្ទះ​ទឹក​ចាកចេញ ប៉ុន្តែ​រហូត​ដល់​ខែ​វិច្ឆិកា ទឹក​ទន្លេ​ស្រក​អស់ ក៏​ប្ដី​ប្រពន្ធ ២​នាក់​នោះ​មិន​ព្រម​រុះរើ​ផ្ទះ​ចេញ​ពី​ដី ទើប​អ្នក​ភូមិ​របស់​គាត់​នាំគ្នា​សែង​ផ្ទះ​នោះ​ទៅ​ដាក់​នៅ​ទី​ផ្សេង។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​តុលាការ​បាន​កោះ​ហៅ​រូប​គាត់ និង​អ្នក​ភូមិ ៣​នាក់​ទៀត​ទៅ​សាកសួរ​ពី​រឿង​សែង​ផ្ទះ​នោះ​តែម្ដង។

អ្នកស្រី យក់ តាំង យល់​ថា ទំនាស់​ដីធ្លី​ធំដុំ​រវាង​អ្នក​ភូមិ​ចំនួន ៨១​គ្រួសារ ជាមួយ​នឹង​អង្គភាព​យោធា​នៃ​យោធភូមិភាគ​ទី​៤ នៅ​ទី​នោះ មិន​ទាន់​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដោះស្រាយ​ផង បែរ​ជា​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ពី​រឿង​ព្រហ្មទណ្ឌ​មួយ​ផ្សេង​ទៀត គឺ​វា​ហាក់​ដូចជា​មាន​ការ​បង្វែរ​មិន​ចង់​ដោះស្រាយ​ទំនាស់​ដីធ្លី​ធំដុំ ហើយ​បង្កើត​ឱ្យ​ទៅ​ជា​រឿង​មួយ​ផ្សេង​ទៀត។

អ្នកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​កង​ទាហាន​ឱ្យ​បាន​ឆាប់រហ័ស៖ «ចង់​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឱ្យ​បាន​ឆាប់ៗ ពីព្រោះ​អី​រឿង​នេះ​វា​វែង​អន្លាយ​ជា​យូរ​ណាស់​មក​ហើយ»

អ្នក​ភូមិ​ភ្នំក្រោម ជា​ច្រើន​នាក់ ងឿង​ឆ្ងល់​ថា តុលាការ​បាន​កោះហៅ​ពួកគេ​ទៅ​សាកសួរ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ដោយសារ​តែ​ពួកគេ​បាន​នាំ​គ្នា​ទៅ​សែង​ខ្ទម​របស់​ឈ្មោះ រស់ យឿន យក​ទៅ​ដាក់​កន្លែង​ផ្សេង ប៉ុន្តែ​តាម​ការ​សាកសួរ គឺ​ឈ្មោះ រស់ យឿន បាន​ឆ្លើយ​ថា គាត់​មិន​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​អ្នក​ភូមិ​ក្នុង​រឿង​នោះ​ទេ ដូច្នេះ​តើ​អ្នក​ណា​ជា​ដើម​បណ្ដឹង?

លោក រស់ យឿន ជា​ម្ចាស់​ខ្ទម​ដែល​ត្រូវ​អ្នក​ភូមិ​ភ្នំក្រោម នាំ​គ្នា​សែង​ចេញ​យក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​នោះ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ពិត​ជា​បាន​នាំ​គ្នា​សែង​ខ្ទម​របស់​លោក​ចេញ​ពី​ដី​ដែល​លោក​សុំ​គេ​ស្នាក់នៅ​នោះ​មែន ប៉ុន្តែ​លោក​មិន​បាន​ប្ដឹងផ្ដល់​រឿង​នេះ​ទេ។ បុរស​ដដែល​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ ជីវភាព​គ្រួសារ​របស់​លោក​ក្រីក្រ​ខ្លាំង ដោយ​មួយ​ថ្ងៃៗ លោក​តែង​ចេញ​ទៅ​រាវ​ខ្យង និង​បេះ​បន្លែ ក្នុង​បឹង​ទន្លេសាប យក​មក​លក់ ដើម្បី​ទិញ​អង្ករ​ដាំបាយ​ចែក​កូន​ហូប តើ​លោក​មាន​ពេល​ឯណា​ទៅ​ប្ដឹង​អ្នក​ភូមិ​ទាំង​នោះ៖ «ខ្ញុំ​មិន​ដែល​ដាក់ពាក្យ​បណ្ដឹង គឺ​អត់​មាន​ទេ។ ខ្ញុំ​មិន​ដឹង​ដែរ ខ្ញុំ​នៅ​តែ​ក្នុង​ព្រៃ រាវ​ខ្យង ខែ​នេះ​បេះ​បន្លែ​លក់​គ្រាន់​បាន​ប្រាក់​ទិញ​អង្ករ​ដាំ​បាយ​ហូប»

អ្នក​ភូមិ​ភ្នំក្រោម និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ផ្សេង​ទៀត​លើក​គ្នា​ទៅ​តុលាការ​ក្នុង​ពេល​ដែល​តុលាការ​សៀមរាប កោះ​ហៅ​ពួកគេ ៤​នាក់​មក​សាកសួរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អ្នក​ភូមិ​ភ្នំក្រោម និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ផ្សេង​ទៀត​លើក​គ្នា​ទៅ​តុលាការ​ក្នុង​ពេល​ដែល​តុលាការ​សៀមរាប កោះ​ហៅ​ពួកគេ ៤​នាក់​មក​សាកសួរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំរឿង​ក្តី​នេះ លោក ស៊ិន សុវណ្ណរ័ត្ន ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

តំណាង​អ្នកភូមិ​ភ្នំ​ក្រោម យល់​ថា ករណី​ដែល​តុលាការ​ខេត្ត​សៀមរាប កោះ​ហៅ​ពួកគាត់​ទៅ​សាកសួរ​ពី​បទ​ព្រហ្មទណ្ឌ​នេះ ហាក់​ដូច​ជា​មាន​ជន​ណា​មួយ​ចង់​បង្វែរ​រឿង​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ ៨១​គ្រួសារ​ជាមួយ​អង្គភាព​យោធា​នៃ​យោធភូមិភាគ​ទី​៤ ដោយ​មិន​ចង់​ដោះស្រាយ​ដីធ្លី​ទាំង​នោះ​មក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់​នៅ​ស្រប​ច្បាប់​លើ​ដី​របស់​ខ្លួន​វិញ។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី ភូមិ​ភ្នំក្រោម លោក គ្រំ វេត មាន​ប្រសាសន៍​ថា ទោះ​បី​ជា​មាន​រឿង​ជា​ច្រើន​ទៀត​កើត​ឡើង​ធ្វើ​ឱ្យ​ស្មុគស្មាញ​ក៏ដោយ ក៏​អ្នក​ភូមិ​របស់​លោក​មិន​ភ្លេច​រឿង​ទាមទារ​ដី​ពី​អង្គភាព​យោធា​នោះ​ឡើយ។

លោក គ្រំ វេត បញ្ជាក់​ថា រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ អ្នក​ភូមិ​របស់​គាត់​គ្មាន​ដី​រស់​នៅ​ដោយសារ​តែ​ទាហាន​ខ្ចី​ដី​ធ្វើ​ជា​ឃ្លាំង ប៉ុន្តែ​កាល​ពី​២-​៣​ឆ្នាំ​មុន ដី​របស់​ពួកគាត់​បែរ​ជា​គេ​យក​ទៅ​លក់​ដូរ​មិន​មែន​សម្រាប់​បម្រើ​ការ​ឱ្យ​វិស័យ​យោធា​ទៀត​ទេ៖ «ខ្ញុំ​ថា​អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ បើ​សិន​ជា​មាន​ឆន្ទៈ​ដោះស្រាយ គឺ​មិន​ពិបាក​ទេ តែ​ឥឡូវ​បែរ​ជា​យក​តុលាការ​មក​ដាក់​បន្ទុក​លើ​ពួក​ខ្ញុំ​ថែម​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​អ្នក​ភូមិ​ភ្នំ​ក្រោម​នេះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

អ្នក​ភូមិ​ភ្នំក្រោម ៨១​គ្រួសារ​អះអាង​ថា កាល​ពី​ឆ្នាំ​១៩៨៧ អាជ្ញាធរ​ភូមិ​បាន​ស្នើ​ឱ្យ​ពួកគាត់​ចាក​ចេញ​ពី​លំនៅឋាន ដែល​នៅ​លើ​ផ្ទៃ​ដី ១០​ហិកតារ ជាប់​ជើងភ្នំ​មួយ​រយៈ ដោយសារ​តែ​ពេល​នោះ​កងទ័ព​វៀតណាម ដែល​ចូល​ទៅ​បោះ​ទី​តាំង​បាន​បាញ់​បំបែក​ថ្ម​ជា​ច្រើន ខ្លាច​ក្រែង​មាន​គ្រោះថ្នាក់។ នៅ​ឆ្នាំ​១៩៩២ បន្ទាប់​ពី​ចប់​សង្គ្រាម អ្នក​ភូមិ​បាន​ទាមទារ​ដី​នោះ​មក​វិញ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ភូមិ ឃុំ​មិន​យល់​ព្រម ដោយ​ប្រាប់​ថា ស្ថានភាព​ស្រុក​ទេស​មិន​ទាន់​ស្រួល​នៅ​ឡើយ។ លុះ​ដល់​ឆ្នាំ​២០១៤ ស្រាប់តែ​ឃើញ​ដី​ភូមិ​របស់​ពួកគាត់​នៅ​ទី​នោះ ត្រូវ​គេ​ដាក់​ស្លាក​លក់ និង​មាន​ម្ចាស់​ថ្មី​ខ្លះ​ចូល​ទៅ​រស់​នៅ​បាន​ទើប​ក្រុម​អ្នក​ភូមិ​ភ្នំ​ក្រោម ចាប់​ផ្ដើម​ទាមទារ​យក​ដី​មក​វិញ​យ៉ាង​ស្វិតស្វាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។