សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មានរិទ្ធិ​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​ដី​សម្បទាន​អាច​មិន​បាន​ដល់​ពលរដ្ឋ

ដោយ សូត សុខប្រាថ្នា
2015.11.24
ផែនទី​ខេត្ត​កំពង់ធំ ៨៥៥ ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មានរិទ្ធិ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា សកម្មភាព​ឈូស​ឆាយ​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​យក​ទៅ​លក់​បន្ត គឺ​កំពុង​កើត​មាន​ឡើង។ បញ្ហា​នេះ ពួក​គាត់​បារម្ភ​ថា ដី​សម្បទាន​សង្គមកិច្ច​ដែល​នឹង​ផ្តល់​ជូន​ពលរដ្ឋ បាក់​ច្រាំង​ទន្លេ​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ គឺ​ប្រាកដ​ជា​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​មាន​អំណាច និង​ឈ្មួញ​តែ​ម្តង។

ប្រជាពលរដ្ឋ រួម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង រស់នៅ​ឃុំ​មានរិទ្ធិ ខេត្ត​កំពង់ធំ អះអាង​ថា រយៈពេល​ប្រមាណ ២​ឆ្នាំ​មក​ហើយ គ្មាន​ឡើយ​វត្តមាន​ប្រជាពលរដ្ឋ​មក​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទទួល​យក​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ​ខេត្ត។

ពួក​គាត់​បញ្ជាក់​ថា មាន​តែ​មេការ ឬ​ឈ្មួញ​កំពុង​បែង​ចែក​យក​ដី​តំបន់​នោះ​ទៅ​លក់​បន្ត​ឲ្យ​អ្នក​ផ្សេង​តែ​ប៉ុណ្ណោះ ដោយ​ពួក​គេ​លក់​ក្នុង​មួយ​ហិកតារ​ចន្លោះ​ពី ៨០០​ដុល្លារ​ទៅ​ជាង ១​ពាន់​ដុល្លារ ហើយ​ពួក​គេ​លក់​ចាប់​ពី​ចំនួន ១០​ហិកតារ​ឡើង។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មានរិទ្ធិ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុខ ម៉ាប់ មាន​ប្រសាសន៍​ថា ចំនួន​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ត្បូងឃ្មុំ អាច​មាន​តែ​ឈ្មោះ ឬ​មាន​តែ​នៅ​លើ​ក្រដាស ពីព្រោះ​លោក​មិន​ដែល​ឃើញ​វត្តមាន​ពួក​គាត់​មក​ទទួល​ដី​សម្បទាន​សោះ។ លោក​បន្ត​ថា អ្នក​ដែល​ត្រូវ​ទទួល​បាន​ដី​ពិត​ប្រាកដ​មិន​ដែល​ឃើញ រីឯ​សកម្មភាព​ឈូស​ឆាយ និង​កាប់​ឈើ​នៅ​តំបន់​ដី​សម្បទាន​មាន​រហូត​មក៖ «ពាក់ព័ន្ធ​រឿង​នេះ សូម​ដោះស្រាយ​ជូន​ប្រជារាស្ត្រ​បាក់​ច្រាំង​ពិត​ប្រាកដ​ជា​បន្ទាន់ ពិត​ដូច​ការ​ស្នើសុំ​ពី​សម្ដេច​តេជោ កុំ​បោកប្រាស់​គាត់»

កាល​ពី​ឆ្នាំ​២០១៣ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​រាជ​រដ្ឋាភិបាល ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​កាត់​ចេញ​ជា​ខេត្ត​ត្បូងឃ្មុំ ដែល​រងគ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ រួម​នឹង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​កំពង់ធំ ជាច្រើន​គ្រួសារ​ផ្សេង​ទៀត។ បន្ទាប់​មក នៅ​ឆ្នាំ​២០១៤ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ផ្ទៃ​ដី​ជាង ២​ពាន់​ហិកតារ (២.៣០០​ហិកតារ) ជូន​ពលរដ្ឋ​ទាំង​នោះ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្រ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា ដំណើរ​ការ​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង​នោះ បាន​បួន​ដំណាក់​កាល​ហើយ​ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ។ លោក​បញ្ជាក់​ថា នៅ​សល់​ជាង ១០០​គ្រួសារ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​បាន​ចែក​ជូន ហើយ​ពួក​គាត់​ក៏​មិន​ទាន់​ចូល​ទៅ​បង្កបង្កើនផល​ដែរ ពីព្រោះ​ពួក​គេ​កំពុង​ជួល​គ្រឿងចក្រ​ឈូស​ឆាយ​សម្អាត​ដី​នោះ។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​ខ្លះ​បាន​យក​ដី​សម្បទាន​ទៅ​លក់​បន្ត ប៉ុន្តែ​លោក​ថា គឺ​ជា​ការ​លក់ និង​ទិញ​ដោយ​ខុស​ច្បាប់ ពីព្រោះ​គោលការណ៍​ទទួល​បាន​សម្បទាន​សង្គមកិច្ច ពលរដ្ឋ​អាច​មាន​សិទ្ធិ​លក់​ដី​របស់​ខ្លួន​បាន គឺ​ទាល់​តែ​ពួក​គាត់​រស់នៅ ឬ​អាស្រ័យ​ផល​បាន ៥​ឆ្នាំ។ លោក​បដិសេធ​ថា ខាង​អាជ្ញាធរ​មិន​បាន​ពាក់ព័ន្ធ​ជុំវិញ​រឿង​លក់ ឬ​ទិញ​ដី​សម្បទាន​សង្គមកិច្ច​ឡើយ ប៉ុន្តែ​ខាង​លោក​មាន​តែ​ណែនាំ​ពលរដ្ឋ ពិសេស​ឈ្មួញ មិន​ឲ្យ​ទិញ​ដី​តំបន់​នោះ​ទៅ​វិញ៖ «អាជ្ញាធរ​បាន​ត្រឹម​ចែក​ដល់​ដី​ប្រជាជន​ទេ យើង​បាន​ចែក​ផុត​ហើយ អ៊ីចឹង​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​លក់​ដូរ​គ្នា​គាត់ គឺ​ជា​នីតិវិធី​របស់​ភូមិបាល»

ការ​លើក​ឡើង​របស់​អភិបាល​ស្រុក គឺ​ផ្ទុយ​ទៅ​នឹង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អះអាង​ថា ពលរដ្ឋ​មក​ពី​ខេត្ត​ត្បូងឃ្មុំ មិន​បាន​មក​ទទួល​យក​ដី​សម្បទាន​សង្គមកិច្ច​ទេ គឺ​មាន​តែ​ឈ្មួញ​នាំ​គ្នា​ឈូស​ឆាយ ហើយ​បែង​ចែក​គ្នា​ដោយ​ម្នាក់ៗ​បាន​រាប់​រយ​ហិកតារ។

អាជ្ញាធរ​ឃុំ​មានរិទ្ធិ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​អះអាង​ថា ដី​សម្បទាន គឺ​ឈ្មួញ ឬ​អ្នក​គ្រប់គ្រង​កំពុង​បែង​ចែក​គ្នា​កាន់​កាប់ ហើយ​ពួក​គេ​នាំ​គ្នា​យក​ដី​នោះ​ទៅ​លក់​បន្ត​ថែម​ទៀត​ផង រីឯ​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បាក់​ច្រាំង​ទន្លេ និង​ពលរដ្ឋ​ក្រីក្រ គឺ​គេ​យក​ធ្វើ​ជា​ខែល​តែ​ប៉ុណ្ណោះ៖ «បាទ! គ្រាន់​តែ​បំភ័ន្ត​ភ្នែក​ថា​ឲ្យ​តែ​សម្ដេច​ស៊ីញេ​មក ក៏​បែង​ចែក​ប្លង់​ចែក​គ្នា ហើយ​សុទ្ធតែ​អ្នក​មាន»

មន្ត្រី​អាជ្ញាធរ​ឃុំ​ដដែល​លើក​ឡើង​ថា បើ​ចង់​ឲ្យ​ថ្នាក់​ឃុំ​ធ្វើ​សំណើ​សុំ​អន្តរាគមន៍​ទៅ​ថ្នាក់​លើ គឺ​គ្មាន​សង្ឃឹម​ឡើយ ត្បិត​អី​អាច​មាន​អាជ្ញាធរ​ខេត្ត ឬ​រហូត​ដល់​មន្ត្រី​ថ្នាក់​ជាតិ​ខ្លះ​ទៀត​ផង ដែល​បាន​ឃុបឃិត​គ្នា​ដើម្បី​ធ្វើ​រឿង​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។