សហគមន៍​ថ្មគោល​ចង់​បាន​ព័ត៌មាន​ជាក់លាក់​ពី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ

ដោយ ថា កិត្យា
2016.12.08
សហគមន៍​ថ្មគោល ៨៥៥ ពលរដ្ឋ​សហគមន៍​ថ្មគោល រស់​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៨ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

ពលរដ្ឋ​សហគមន៍​ថ្មគោល រស់នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រមាណ​ជិត ៥០​នាក់ បាន​រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ។

តំណាង​សហគមន៍​ថ្មគោល លោក គង់ ផល្លា មាន​ប្រសាសន៍​ថា ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ពួក​គាត់​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ដក​ផ្ទាំង​ប៉ាណូ​ដែល​ដាក់​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​នោះ ចេញ​ពី​តំបន់​ពួក​គេ​រស់នៅ​វិញ។ លើស​ពី​នេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ព្រម​ទាំង​កោះ​ប្រជុំ​ជា​សាធារណៈ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ច្បាស់​ថា ឈប់​អភិវឌ្ឍ ឬ​យ៉ាង​ណា។ លោក​ថា ធ្វើ​បែប​នេះ គឺ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជួប​ហានិភ័យ និង​ភ័យ​ខ្លាច​ទៀត ព្រោះ​ថា លិខិត ស..ណ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ចេញ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ នោះ គ្រាន់​តែ​បញ្ជាក់​ថា ផ្អាក​សិន​ប៉ុណ្ណោះ មិន​ដឹង​ថា​គេ​យក​ដី​ហ្នឹង​ទៅ​អភិវឌ្ឍ​វិញ​ថ្ងៃ​ណា​ទេ៖ «គេ​គ្រាន់​តែ​ចេញ​លិខិត​ឲ្យ​យើង​ផ្អាក​សិន ប៉ុន្តែ​មិន​ដឹង​ថ្ងៃ​ណា​គេ​យក​វិញ​ទេ ព្រោះ​អី​យើ​ង​មាន​ការ​ភិតភ័យ។ អ៊ីចឹង​ហើយ​បាន​ជា​ឲ្យ​រដ្ឋាភិបាល​ហៅ​ភាគី​ទាំងអស់​ប្រជុំ​ជា​សាធារណៈ​ម្តង​ទៀត ដើម្បី​ឲ្យ​ប្រជាជន​បាន​ដឹង»

ពលរដ្ឋ​ទាំងនោះ​កំពុង​រស់នៅ​ជុំវិញ​តំបន់​សន្តិសុខ និង​សុវត្ថិភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​តម្រូវ​កាត់​ដី ឬ​ផ្ទះ​ទំហំ ៥​ម៉ែត្រ​ពី​របង​ព្រលាន​យន្តហោះ ដើម្បី​ពង្រីក​ឲ្យ​ព្រលាន​យន្តហោះ​មាន​ស្តង់ដារ​អន្តរជាតិ។

ពលរដ្ឋ​អះអាង​ថា ជិត ៤​ឆ្នាំ​ហើយ ដែល​ពួក​គាត់​រង់ចាំ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នេះ ព្រោះ​គ្រួសារ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ដីធ្លី​មិន​អាច​សាងសង់​ផ្ទះ​បាន និង​អ្នក​ដែល​មាន​ផ្ទះ ក៏​មិន​អាច​ជួសជុល​លក់ និង​បញ្ចាំ​បាន ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជំពាក់​បំណុល​គេ និង​កាន់​តែ​ធ្លាក់​ខ្លួន​ក្រ​ទៅៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។