ពលរដ្ឋ​នៅ​តាម​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​រឿង​វៀតណាម​ហាម​មិន​ឱ្យ​ធ្វើ​ចម្ការ​នៅ​ដី​របស់​ខ្លួន

ដោយ​ សូត សុខប្រាថ្នា
2015.03.05
ជម្លោះ​ដីធ្លី​ជាមួយ​វៀតណាម ត្បូងឃ្មុំ ៦១០ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០​នាក់​នៅ​ក្នុង​ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រជុំ​គ្នា​ដើម្បី​ប្រាប់​ពី​ទុក្ខ​កង្វល់​ដល់​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក លីកាដូ និង​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ពាក់ព័ន្ធ​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​វៀតណាម កាល​ពី​ថ្ងៃ​១៨ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​ខ្មែរ-​វៀតណាម នៅ​ឃុំ​ទ្រៀក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឱ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម បាន​ហាម​ពួកគាត់​មិន​ឲ្យ​ធ្វើ​ចម្ការ​លើ​ដី​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ​ចម្ងាយ​ពី​បង្គោល​ព្រំដែន​ជា​ច្រើន​រយ​ម៉ែត្រ។ អាជ្ញាធរ​ព្រំដែន​ខ្មែរ​បញ្ជាក់​ថា បើ​ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​មែន ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ប្រាប់​ពលរដ្ឋ​ឲ្យ​បន្ត​ធ្វើ​ចម្ការ​ជា​បន្ត​ទៀត ពីព្រោះ​ដី​នោះ​ពុំ​មែន​ជា​ដី​ស្ថិត​នៅ​តំបន់​ហាម​ឃាត់​នោះ​ទេ។

ក្រោយ​ពេល​ពលរដ្ឋ​នៅ​ឃុំ​ទ្រៀក នាំ​គ្នា​ទៅ​ធ្វើចម្ការ​នៅ​ក្បែរ​ព្រំដែន ដែល​មាន​ប្រវែង​ប្រមាណ ៥​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​​លេខ ១០៥, ១០៦ អាជ្ញាធរ​ព្រំដែន​វៀតណាម បាន​ដើរ​មក​ប្រាប់​ពួកគាត់​មិន​ឱ្យ​បន្ត​ភ្ជួរ​ដី​ដាំ​ដំណាំ​របស់​ខ្លួន​បាន​​ទេ ដោយ​អះអាង​ថា ដី​តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​នៅ​ឡើយ។ ពលរដ្ឋ​ថា ដី​ស្រែ​ចម្ការ គឺ​ពួកគាត់​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​បញ្ហា​ចោទ​ឡើង​ទេ ប៉ុន្តែ​ពេល​នេះ​បែរ​ជា​អាជ្ញាធរ​វៀតណាម​មក​ហាម​ឃាត់​ពួក​គាត់​ទៅ​វិញ។

ពលរដ្ឋ​នៅ​ភូមិ​ព្រៃ ឃុំ​ទ្រៀក លោក ម៉ូន នឿន មាន​ប្រសាសន៍​ថា ការ​ហាមឃាត់​ពួក​គាត់​គឺ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១ មីនា បន្ទាប់​ពី​ពលរដ្ឋ​ជួល​អាត្រាក់​ទៅ​ភ្ជួរ​និង​កាយ​ដី​សម្រាប់​ដាំ​ដំណាំ​ម្រេច បែរ​ជា​ត្រូវ​សមត្ថកិច្ច​ព្រំដែន​វៀតណាម មក​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​ពួក​គាត់​ក៏​ដក​ឃ្លា​មួយ​រយៈ​សិន។

លោក​បញ្ជាក់​ថា ដី​របស់​លោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ ស្ថិត​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ និង​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ស​ឡើយ៖ «បាទ! ខ្ញុំ​បារម្ភ​ដែរ បារម្ភ​ថា ខ្ញុំ​ធ្វើ​លើ​ដី​របស់​ខ្លួន​ប៉ុណ្ណឹង​ហើយ ដល់​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​គេ​មក​ធ្វើ​ទៀត​ទៅ​ គេ​យក​មិន​ដឹង​យក​មក​ដល់​ណា​ទេ»

ប្រភព​ដដែល​បន្ត​ថា ខាង​វៀតណាម គេ​មិន​មាន​តំបន់​ស​អី​នោះ​ទេ ព្រោះ​ឃើញ​ពលរដ្ឋ​វៀតណាម មក​ធ្វើ​ស្រែ ឬ​ចម្ការ​មក​ដល់​ព្រំដែន ប៉ុន្តែ​ចម្លែក​តែ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​អាច​ធ្វើ​ដូច​គេ​បាន។ លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​វៀតណាម មក​ហាម​ឃាត់​ក៏ដោយ ក៏​លោក​រួម​និង​ពលរដ្ឋ​ផ្សេង​ទៀត នឹង​នៅ​តែ​បន្ត​ធ្វើ​ចម្ការ​លើ​ដី​របស់​ខ្លួន​ត​ទៅ​ទៀត។ តែ​យ៉ាង​ណា​​ លោក​ចង់​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ឱ្យ​បាន​ច្បាស់លាស់​ ជៀស​វាង​បញ្ហា​កើត​ឡើង​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ទ្រៀក លោក អ៊ូច យ៉ាន់ មាន​ប្រសាសន៍​ថា លោក​ទើប​ទទួល​បាន​ព័ត៌មាន​នេះ ប៉ុន្តែ​លោក​ត្រូវ​ការ​ព័ត៌មាន​ឱ្យ​ច្បាស់​ជា​មុន​សិន​ ដើម្បី​ឈាន​ទៅ​ដោះ​ស្រាយ។ លោក​បញ្ជាក់​ថា កន្លង​មក​នៅ​ឃុំ​លោក​គ្រប់គ្រង មិន​ធ្លាប់​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ។

ដោយ​ឡែក​មន្ត្រី​សមត្ថកិច្ច​ទទួល​បន្ទុក​ឃ្លាំមើល​ព្រំដែន នៅ​ប៉ុស្តិ៍​នគរបាល​ដូនរ័ត្ន លោក ជួន សម្បត្តិ ​បញ្ជាក់​ថា ពិត​ជា​មាន​សមត្ថកិច្ច​វៀតណាម មក​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​ពួក​គេ​ទៅ​ធ្វើ​ចម្ការ​មែន ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​បាន​ដោះស្រាយ​ទៅ​វិញ​ហើយ ដោយ​បង្គាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើ​ចម្ការ​លើ​ដី​ពួក​គេ​ដូច​ដើម។

លោក​បន្ថែម​ថា ដី​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ហាមឃាត់​ គឺ​មាន​ចម្ងាយ​ពី​បង្គោល​លេខ ១០៦ ប្រវែង​ប្រមាណ ៥០០​ម៉ែត្រ និង​ឆ្ងាយ​ពី​តំបន់​ស​នៃ​ប្រទេស​ទាំង​ពីរ​ប្រវែង ២០០​ម៉ែត្រ ដូច​នេះ​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​វៀតណាម លោក​យល់​ថា ជា​រឿង​មិន​ត្រឹមត្រូវ៖ «វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​វៀតណាម​គេ​យល់​ឃើញ​អ៊ីចេះ។ គេ​មិន​ហាម​ឃាត់​ការ​ដាំ​ដំឡូង​ដាំ​អី​ដដែល​ទេ ប៉ុន្តែ​គេ​ឃើញ​មាន​អីស្ការ​កកាយ»

មន្ត្រី​ការពារ​ព្រំដែន​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជា​រៀងរាល់​ឆ្នាំ​តែង​មាន​បញ្ហា​នេះ​កើត​ឡើង ដោយសារ​អាជ្ញាធរ​វៀតណាម ចេះ​តែ​​មក​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ ៣ ឬ ៤​គ្រួសារ​ មិន​ឱ្យ​ធ្វើស្រែ​ចម្ការ​បាន។ តែ​យ៉ាង​ណា​ខាង​លោក​ក៏​ធ្លាប់​ហាមឃាត់​ពលរដ្ឋ​វៀតណាម ដូច​គ្នា​ដែរ នៅ​ពេល​​ពួកគេ​ចូល​មក​ដល់​តំបន់​ហាមឃាត់។ លោក​បន្ថែម​ទៀត​ថា​ ការ​ដោះស្រាយ​របស់​អាជ្ញាធរ​កន្លង​មក គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​រវាង​ភាគី​ប្រទេស​ទាំង​ពីរ។

លោក​បញ្ជាក់​ថា មូលហេតុ​​តំបន់​នោះ​នៅ​មាន​តំបន់​ស​ទៀត ពីព្រោះ​បង្គោល​ព្រំដែន ទាំង​បង្គោល​ធំ និង​បង្គោល​រណប គឺ​មិន​ទាន់​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កន្លង​មក​ការ​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​​នៅ​ខេត្ត​ត្បូងឃ្មុំ មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការលើ​ដី​ខ្លួន​តែង​កើត​មាន​ឡើង​ ដូចជា​នៅ​ឃុំ​រូង ឃុំ​ទ្រៀក ឃុំ​ច័ន្ទមូល ស្ថិត​នៅ​ក្នុង​ស្រុក​មេមត់ ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ជា​ដើម។ លើស​ពី​នេះ មាន​តំបន់​ខ្លះ សមត្ថកិច្ច​វៀតណាម មក​បោះ​ទីតាំង​លើ​ដី​ខ្មែរ​ថែម​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន លោក វ៉ា គឹមហុង ធ្លាប់​មាន​ប្រសាសន៍​ថា បើ​តំបន់​ណា​បាន​បោះ​បង្គោល​ព្រំដែន​រួច​រាល់​ហើយ តំបន់​នោះ​គឺ​លែង​​មាន​ជា​តំបន់​ស​ទៀត​ហើយ។

ទាក់ទិន​រឿង​នេះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ លោក ស៊ូ យាន គត់​សម្គាល់​​ថា កន្លង​មក​អាជ្ញាធរ​វៀតណាម តែង​បំពាន​លើ​បូរណភាព​​ដែន​ដី​កម្ពុជា បើ​ទោះ​បី​ជា​កន្លែង​ខ្លះ​ មាន​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ​ទៅ​ហើយ​ក្តី។ លោក​យល់​ថា មូលហេតុ​នាំ​ឱ្យ​វៀតណាម ចេះ​តែ​មើល​ងាយ​ខ្មែរ ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា ហាក់​នៅ​ក្រោម​ឥទ្ធិពល​របស់​វៀតណាម៖ «ខ្ញុំ​ថា ដោយសារ​ថ្នាក់​ដឹក​នាំ​ខ្មែរ​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅ​ឆ្នាំ​១៩៧៩ ,៨២,៨៣,៨៥ ហាក់​នៅ​ពី​ក្រោម។ ពាក្យ​ខ្មែរ​ថា ជា​អាយ៉ង​បរទេស»

លោក​បន្ត​ថា ​នឹង​ដាក់​សំណើ​នេះ​ជូន​ទៅ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ពេល​ប្រជុំ​ខាង​មុខ​ ឱ្យ​មាន​ការ​ជួប​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​​ដោះស្រាយ​លើ​បញ្ហា​នេះ និង​បង្កើត​ឱ្យ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ម្យ៉ាង​ទៀត ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្បែរ​ខ្សែ​បន្ទាត់​ព្រំដែន​មាន​ភាព​កក់ក្ដៅ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។