សហគមន៍ទំនាស់ដីធ្លីមកពីស្រុកបន្ទាយស្រី និងស្រុកស្វាយលើ កំពុងទាមទារឲ្យតុលាការខេត្តសៀមរាប ដោះលែងតំណាងសហគមន៍ដីធ្លីម្នាក់នៅចំបក់បីដើម ដែលតុលាការបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នរយៈពេល ៤ថ្ងៃមកហើយ។
ក្រុមប្រជាពលរដ្ឋទាំងនោះចោទប្រកាន់ថា តុលាការខេត្តសៀមរាប ដែលចាប់ខ្លួនតំណាងសហគមន៍ទំនាស់ដីធ្លីចំបក់បីដើម គឺជាការគំរាមកំហែង ព្រមទាំងគាបសង្កត់ទៅលើអ្នកតស៊ូមតិ និងសេរីភាពនៃការបញ្ចេញមតិ។
ប្រជាពលរដ្ឋចំនួនជាង ៦០នាក់មកពីឃុំត្បែង នៃស្រុកបន្ទាយស្រី និងភូមិរលំទូក នៃស្រុកស្វាយលើ បាននាំគ្នាស្នាក់នៅមុខតុលាការខេត្តសៀមរាប ដោយមានទាំងស្បៀងអាហារ ព្រមទាំងចង្ក្រាន ចាន ឆ្នាំង មកជាមួយផង។
ពួកគេមានគម្រោងស្នាក់នៅជាច្រើនថ្ងៃ ដើម្បីតវ៉ាឲ្យតុលាការដោះលែងតំណាងសហគមន៍ដីធ្លីតំបន់ចំបក់បីដើម ឈ្មោះលោក ចាន់ រិទ្ធ ដែលតុលាការបានសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្ដោះអាសន្នរយៈពេល ៤ថ្ងៃមកហើយនោះ។
ភរិយារបស់តំណាងសហគមន៍ទំនាស់ដីធ្លីចំបក់បីដើម គឺលោកស្រី ឃី ភារម្យ។ លោកស្រីមានប្រសាសន៍ក្រោយពីចូលជួបតំណាងអយ្យការនៃសំណុំរឿងក្តី នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមករា ថា តុលាការបានចោទប្រកាន់ប្ដីរបស់លោកស្រីពីបទឆបោក ក្នុងរឿងលក់ដីធ្លីទៅឲ្យឈ្មួញ។ លោកស្រីបានបដិសេធចំពោះរឿងនេះ ហើយថាប្ដីរបស់គាត់មិនដែលឆបោកនរណាម្នាក់ ក្នុងរឿងលក់ដីធ្លីដូចការចោទប្រកាន់នោះទេ។
លោកស្រី ឃី ភារម្យ យល់ថា ការចាប់ខ្លួនប្ដីរបស់គាត់នេះ អាចជាការគំរាមកំហែងទៅលើក្រុមអ្នកតវ៉ាដីធ្លី ហើយលោកស្រីទាមទារឲ្យតុលាការត្រូវតែដោះលែងមកវិញ៖ « មានមេដៃមេអីរបស់គាត់ក្នុងកិច្ចសន្យាលក់ដីធ្លីហ្នឹង ដោយសារតែគាត់ជាតំណាងសហគមន៍ផ្ដិតលើពាក្យបណ្ដឹងតវ៉ាផ្សេងៗ។ ការចាប់ខ្លួនប្ដីរបស់ខ្ញុំនេះ ខ្ញុំយល់ថាគឺជាការបំភិតបំភ័យទៅលើអ្នកតវ៉ាដីធ្លី ដូចគេថាអារកស្វា ១ ដើម្បីគំរាមដល់ស្វា ១ . ០០០ទេដឹង ?»។

ទោះបីជាយ៉ាងណា តំណាងអយ្យការនៃសំណុំរឿងក្តីនេះ លោក កើត សុវណ្ណារ៉េត បានបដិសេធមិនធ្វើការអធិប្បាយជុំវិញការចោទប្រកាន់តំណាងសហគមន៍ទំនាស់ដីធ្លី លោក ចាន់ រិទ្ធ នោះយ៉ាងណាឡើយ។
ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ឲ្យដឹងថា ករណីចាប់ខ្លួនតំណាងសហគមន៍ទំនាស់ដីធ្លីចំបក់បីដើមនៅស្រុកបន្ទាយស្រី គឺជារឿងឆបោកលុយពីអ្នកទិញដីសុទ្ធសាធ មិនមែនជារឿងពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លីទេ។ លោក យិន ស្រាង បញ្ជាក់ថា តំណាងសហគមន៍ចំបក់បីដើម លោក ចាន់ រិទ្ធ មានជាប់ពាក់ព័ន្ធនឹងការឆបោកលុយពីអ្នកទិញដីម្នាក់ ដែលលោកសុំមិនប្រាប់ឈ្មោះ ចំនួនជាង ២ម៉ឺនដុល្លារអាមេរិក ប៉ុន្តែគ្មានដីឲ្យគេ៖ « រឿងនេះដោះស្រាយយូរហើយ គេហៅឲ្យគាត់ចូលខ្លួនមកដោះស្រាយ គាត់មិនទាំងចូលដោះស្រាយផង »។
អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក ចៅ ល័ក្ខវណ្ណា ដែលតាមស្រាវជ្រាវករណីនេះ រកឃើញថា ថ្វីត្បិតតែលោក ចាន់ រិទ្ធ ជាតំណាងសហគមន៍ទំនាស់ដីធ្លីមែន ប៉ុន្តែករណីចាប់ខ្លួន គឺស្ថិតនៅលើរឿងផ្ទាល់ខ្លួន ច្រើនជាងរឿងតវ៉ាសម្រាប់ប្រយោជន៍សហគមន៍។ លោក ចៅ ល័ក្ខវណ្ណា បញ្ជាក់ថា អង្គការរបស់លោកកំពុងសិក្សា និងស្រាវជ្រាវឲ្យស៊ីជម្រៅក្នុងរឿងនេះ ដើម្បីពិចារណាទៅលើបញ្ហាដែលថា តើគួរផ្ដល់មេធាវីការពារ ឬក៏មិនផ្ដល់?៖ « យើងគ្រាន់តែមកឃ្លាំមើលប្រជាពលរដ្ឋដែលគាត់ឡើងមកទាមទារ និងតវ៉ានៅថ្ងៃនេះ។ តាមពិតទៅ រឿងនេះតុលាការបានចាត់ការទៅតាមដើមបណ្ដឹងដែលបានប្ដឹង »។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលឲ្យដឹងថា រឿងរបស់តំណាងសហគមន៍ដីធ្លីចំបក់បីដើមនោះ គឺមានបណ្ដឹងចោទប្រកាន់រឿងឆបោកលុយពីអ្នកទិញដីតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៦ ម្ល៉េះ។
ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ធ្លាប់បានអញ្ជើញតំណាងសហគមន៍ទំនាស់ដីធ្លី លោក ចាន់ រិទ្ធ ឲ្យចូលខ្លួនទៅដោះស្រាយនៅថ្ងៃទី៥ ខែកញ្ញា ប៉ុន្តែត្រូវបានលោកបដិសេធ ហើយកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី៤ ខែកញ្ញា ពេលដែលលោកកំពុងដេកលក់នៅក្នុងផ្ទះ គឺមានជនប្រដាប់អាវុធមួយក្រុមមិនស្គាល់មុខ បានលួចចូលទៅបាញ់រះប៉ុនប៉ងសម្លាប់ ធ្វើឲ្យលោក ចាន់ រិទ្ធ ព្រួយបារម្ភចំពោះសុវត្ថិភាព ហើយក៏គេចខ្លួនចេញពីផ្ទះរហូតមក។
ចាប់តាំងពីថ្ងៃចាប់ខ្លួនតំណាងសហគមន៍ដីធ្លីចំបក់បីដើមរយៈពេល ៤ថ្ងៃមក ក្រុមសហគមន៍នៅតែបន្តស្នាក់នៅមុខតុលាការ ដោយមិនមានអាជ្ញាធរណាទៅដេញពួកគេឲ្យចាកចេញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។