ពលរដ្ឋតំណាងសហគមន៍ចំនួន៥ ដែលនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤។ ពួកគេបង្ហាញពីលិខិតផ្សេងៗបញ្ជាក់ថា ពួកគាត់រស់នៅទីនោះដោយស្របច្បាប់។
ពលរដ្ឋដែលរស់នៅសហគមន៍ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រតិកម្មចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមកថា ពលរដ្ឋដែលរស់នៅតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាការរស់នៅបណ្ដោះអាសន្ន មិនស្របច្បាប់។
តំណាងសហគមន៍ត្រពាំងល្វា លោក កៅ សុវណ្ណ មានប្រសាសន៍ដោយសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី នឹងបញ្ជូនតំណាងរបស់លោកដើម្បីសិក្សាស្រាវជ្រាវលម្អិត និងដោះស្រាយជូនពលរដ្ឋពីករណីនេះ ដោយសារតែដីធ្លីដែលពួកគាត់រស់នៅ គឺស្របតាមច្បាប់ មានឯកសារ មានលិខិតបទដ្ឋានពីអាជ្ញាធរមូលដ្ឋាន៖ «យើងខ្ញុំមានប័ណ្ណកម្មសិទ្ធិ យើងខ្ញុំមានលិខិតបង់ពន្ធដី និងលិខិតបទដ្ឋានផ្សេងៗទៀត ដែលពាក់ព័ន្ធជាមួយនឹងការផ្ទេរសិទ្ធិរបស់អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ គឺធ្វើឲ្យយើងបានកាន់កាប់ប្រើប្រាស់ជាលក្ខណៈច្បាប់។ ហេតុអ៊ីចឹងហើយហេតុអ្វីបានជាមានរបាយការណ៍ដល់សម្ដេចថា យើងស្នាក់នៅសំណង់បណ្ដោះអាសន្ន? បាទ! ដូច្នេះយើងចង់ផ្សព្វផ្សាយគោលការណ៍ហ្នឹងឲ្យប្រជាពលរដ្ឋបានដឹងតា តើយើងរស់នៅក្នុងសំណង់បណ្ដោះអាសន្នមែន ឬមិនមែន? បើយើងមើលទៅតាមគោលការណ៍ច្បាប់ យើងឃើញថា មិនមែនរស់នៅក្នុងតំបន់បណ្ដោះអាសន្នទេ គឺជាតំបន់ដែលកាន់កាប់ដោយស្របច្បាប់»។
តំណាងសហគមន៍ត្រពាំងល្វា លោក កៅ សុវណ្ណ មានប្រសាសន៍ថា ពលរដ្ឋប្រមាណ ៦០០គ្រួសារ នៅក្នុងភូមិចំនួន៥ រងផលប៉ះពាល់ពីគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នោះ។ ការពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវលោកនាយករដ្ឋមន្ត្រីថ្លែងនៅពេលសម្ពោធការដ្ឋានស្ពានអាកាសតិចណូ ដោយលើកឡើងពីការវាយតម្លៃខុសពីសន្ទុះកំណើនប្រជាពលរដ្ឋ និងសន្ទុះនៃការអភិវឌ្ឍប្រទេស ដូចជា ត្រូវពង្រីកផ្លូវ ឬពង្រីកអាកាសយានដ្ឋាន ជាដើមនោះ៖ «សូម្បីតែព្រលានយន្តហោះ យើងក៏វាយតម្លៃខុសដែរ ដោយសារតែយើងមិនដឹងថា វាមានការរីកចម្រើនដល់កម្រិតប៉ុណ្ណឹង បានជាព្រលានយន្តហោះឥឡូវទទឹងវាតូច។ មិនមែនទទឹងវាតូចទេ បានសេចក្ដីថា តំបន់នៅព័ទ្ធជុំវិញហ្នឹងផ្ទះប្រជាពលរដ្ឋនៅណែនណាន់តាន់តាប់ ដែលយើងឲ្យរស់នៅបណ្ដោះអាសន្ន ហើយបណ្ដោះអាសន្នហ្នឹងបណ្ដោយ អាហ្នឹង គឺមានតែអ៊ីចឹង ឲ្យចេញវាមិនចេញ ស្រេចតែទារលុយ ហើយទារលុយទាល់តែច្រើន បើមិនច្រើនមិនចេញ នៅត្រង់ហ្នឹង រួចហើយប្រធានាធិបតីអាមេរិក មកប្រជុំនៅភ្នំពេញ ហើយសរសេរដាក់លើដំបូលផ្ទះ អែស.អូ.អែស (SOS) ទៀតនោះ រឿងវាអ៊ីចឹង»។
ទោះយ៉ាងណា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក សយ សុខាន់ ធ្លាប់មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នេះ ធ្វើឡើងដើម្បីកំណត់គ្រប់គ្រងសន្តិសុខ និងតំបន់គ្រប់គ្រងសុវត្ថិភាពនៅជុំវិញបរិវេណអាកាសយានដ្ឋាន ដោយយោងទៅលើច្បាប់ ស្ដីពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ច្បាប់ស្ដីពីអាកាសចរណ៍ស៊ីវិលជាតិ បទបញ្ញត្តិស្ដីពីសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ស៊ីវិលកម្ពុជា ពុំមែនរដ្ឋាភិបាលចង់ធ្វើតែឯកឯងនោះទេ។
ប៉ុន្តែ លោក កៅ សុវណ្ណ តំណាងសហគមន៍ត្រពាំងល្វា ថ្លែងថា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងបញ្ជូនតំណាង ដើម្បីសិក្សាឡើងវិញពីតំបន់ដែលប៉ះពាល់ពីការអភិវឌ្ឍ ដើម្បីឲ្យដំណើរការអភិវឌ្ឍនេះ ធ្វើដោយរលូនមិនមានការតវ៉ាពីពលរដ្ឋ៖ «ប្រសិនបើប្រជាពលរដ្ឋមិនសហការទេបានន័យថា ព្រលានយន្តហោះនេះមិនអាចក្លាយទៅជាព្រលានមានលក្ខណៈស្តង់ដារអន្តរជាតិ ហើយអង្គការអាយកាវ ដែលជាអង្គការសមាគមអាកាសចរណ៍ពិភពលោកហ្នឹង គេដាក់ព្រលានហ្នឹងនៅក្នុងបញ្ជីខ្មៅ ប៉ុន្តែប្រសិនបើការអភិវឌ្ឍដោយមានការបណ្ដេញចេញដោយបង្ខំ ខ្ញុំគិតថា ព្រលានយន្តហោះនេះនឹងនៅចូលក្នុងបញ្ជីខ្មៅដដែល។ បាទ! ដោយសារតែការអភិវឌ្ឍមិនអាចប៉ះពាល់ដល់ប្រជាពលរដ្ឋបានទេ កាលណាប៉ះពាល់ ត្រូវមានសំណងតាមទីផ្សារសេរី ឬសំណងដែលអាចទទួលយកបាន។ បើប៉ះពាល់ធ្ងន់ធ្ងរ គឺគេត្រូវតែបញ្ចៀសតែម្ដង គេមិនអាចធ្វើបានទេ»។
ពលរដ្ឋភាគច្រើន ដែលរស់នៅតំបន់ប៉ះពាល់ពីការអភិវឌ្ឍនោះ គឺចង់បានសំណងដោយទិញលក់ មិនចង់បានការដោះដូរទីតាំងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។