ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ការ​បង្កើត​សមាគម​សង្គ្រោះ​ជន​ពិការ​នៅ​ខេត្ត​កំពង់ស្ពឺ

ពលរដ្ឋ​ចំនួន​៤៥​គ្រួសារ ស្ថិត​នៅ​ភូមិ​វាលធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បង្កើត​ឡើង​វិញ នៃ​សមាគម​សង្គ្រោះ​ជន​ពិការ។
ដោយ វិជ័យ អានន្ទ
2012-09-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពលរដ្ឋ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១២ ថា ការ​បើក​សមាគម​សង្គ្រោះ​ជន​ពិការ​ឡើង​វិញ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​របស់​សមាគម​រឹប​អូស​យក​ដី​ពួក​គាត់​ជា​ថ្មី​ម្ដង​ទៀត ព្រោះ​កន្លង​មក​សមាគម​នេះ មិន​បាន​សង្គ្រោះ​ជន​ពិការ ឬ​ជួយ​អ្នក​ក្រីក្រ​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត សមាគម​មាន​តែ​ឆ្លៀត​ឱកាស​ជិះ​ជាន់​ជន​ពិការ និង​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ចំណេះ​ដឹង ដើម្បី​រំលោភ​យក​ដីធ្លី​ពួក​គេ។

នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១២ សមាគម​សង្គ្រោះ​ជន​ពិការ​កោះ​ហៅ​សមាជិក​នៃ​សមាគម​របស់​ខ្លួន​មក​ជួប​ប្រជុំ​គ្នា នៅ​ភូមិ​វាលធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ដើម្បី​បង្កើត​សមាគម​ឡើង​វិញ បន្ទាប់​ពី​ប្រធាន​សមាគម​នេះ គឺ​លោក ទូច សឿលី ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​នា​ពេល​កន្លង។ សកម្មភាព​របស់​សមាគម​បាន​ផ្អាក​មួយ​រយៈ បន្ទាប់​ពី​ប្រធាន​របស់​ខ្លួន​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​នោះ។

ពលរដ្ឋ​បញ្ជាក់​ថា កន្លង​មក សមាគម​នេះ​មាន​សិទ្ធិ​អំណាច​ដក​ហូត​ដី​ពលរដ្ឋ​តាម​អំពើ​ចិត្ត យក​ទៅ​លក់​ដូរ​ឲ្យ​ឈ្មួញ ដោយ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ក្នុង​ការ​យក​រូបភាព​ជា​សមាគម​កាន់​កាប់​ដីធ្លី​របស់​ពលរដ្ឋ ហើយ​សមាគម​ហាក់​មាន​អំណាច​ច្រើន ព្រោះ​សូម្បី​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​ហ៊ាន​ប៉ះពាល់​សមាគម​នេះ​ឡើយ។

ពលរដ្ឋ​មាន​ចម្ងល់​ថា ហេតុ​អ្វី​ទើប​សមាគម​នេះ មាន​ឈ្មោះ​ជា​សមាគម​សង្គ្រោះ​ជន​ពិការ តែ​បែរ​ជា​មាន​សិទ្ធិ​ចាត់​ចែង​រឿង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​នោះ៖ «ខ្ញុំ​ចង់​ធ្វើ​យ៉ាង​ណា សំណូម​ពរ​កុំ​ឲ្យ​បង្កើត​សមាគម​ហ្នឹង​ទៅ​ទៀត ព្រោះ​សមាគម​ហ្នឹង​ធ្វើ​ឡើង វា​អត់​មាន​ផ្ដល់​ផល​ប្រយោជន៍​អី​ប្រជាពលរដ្ឋ​នៅ​នេះ​ទេ។ វា​បាន​តែ​អ្នក​មាន​អំណាច​មួយ​ចំនួន អ្នក​មាន​បុណ្យ​ស័ក្ដិ​មួយ​ចំនួន អ្នក​មាន​លុយ​មួយ​ចំនួន ហើយ​និង​ក្រុម​សមាជិក​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ទេ ដែល​បាន​ប្រយោជន៍ ចំពោះ​ប្រជាពលរដ្ឋ គឺ​រងគ្រោះ​ដោយ​សារ​គេ​ដក​ដី​ហ្នឹង​ឯង យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ មួយ​លក់​ឲ្យ​ឈ្មួញ អ៊ីចឹង​ហើយ​ខ្ញុំ​ចង់​ថា​កុំ​ឲ្យ​មាន​សមាគម​ជា​បន្ត​ទៀត ដូច្នេះ​ខ្ញុំ​ចង់​សំណូម​ពរ ចង់​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ឲ្យ​លោក​ពិនិត្យ​មើល​ក្នុង​លក្ខន្តិកៈ បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សមាគម បើ​ធ្វើ​ខុស​ឆ្គង​អីចឹង សូម​ឲ្យ​លោក​លុប​សមាគម​ចោល​កុំ​ឲ្យ​មាន​បន្ត​ទៀត»

ឆ្លើយ​តប​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក កង ហ៊ាន មាន​ប្រសាសន៍​ថា លោក​មិន​អនុញ្ញាត​ឲ្យ​សមាគម​នេះ​បន្ត​សកម្មភាព​ជា​បន្ត​ទៀត​នោះ​ទេ ព្រោះ​លោក​បាន​រាយការណ៍​ពី​សកម្មភាព​របស់​សមាគម​នេះ ដល់​ក្រសួង​មហាផ្ទៃ​រួច​រាល់​ហើយ ដូច្នេះ​សមាគម​នេះ​មិន​អាច​បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​បាន​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល