ជម្លោះ​ដី​រវាង​អ្នក​ភូមិ​និង​​ក្រុមហ៊ុន​ឯកជន​នៅ​រតនគិរី

ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​ផ្សព្វផ្សាយ​មិន​ឲ្យ​មាន​កម្មសិទ្ធិ​ដី​ដូនតា​សំរាប់​ជន​ជាតិ​ដើម​ភាគ​តិច​ដូច​ពី​សម័យ​មុនៗ​នោះ​ទេ ក៏​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​ចុះ​ហត្ថលេខា​លើ​ឯកសារ​លក់​ដី​ដូន​តា​របស់​អ្នក​ភូមិ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ទំនាស់​លក់​ដី​ជន​ជាតិ​ដើម​ភាគ​តិច​កើត​មាន​ច្រើន​ករណី។
ដោយ រដ្ឋា វីសាល
2012-04-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​លោម ឃុំ​ម៉ាលិច ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ចំនួន​បី​គ្រួសារ កំពុង​រង​គ្រោះ​ដោយសារ​ដី​ចំការ​ពួកគាត់​ត្រូវ​ម្ចាស់​កសិដ្ឋាន​ចំការ​កៅស៊ូ​មួយ កាប់​ផល​ដំណាំ​ចោល ហើយ​ហ៊ុមព័ទ្ធ​យក​ដី។

ប្រជាពលរដ្ឋ​ភូមិ​លោម លោក កាឡាន ជូត មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ចំការ​គាត់​ចំនួន​បី​ហិកតារ​ពេល​នេះ ត្រូវ​ម្ចាស់​កសិដ្ឋាន​ចំការ​កៅស៊ូ​ថ្មី​ជួល​កម្មករ​កាប់​រាន​យក​ជា​កម្មសិទ្ធិ ដោយ​សំអាង​ថា ដី​នោះ​ម្ចាស់​កសិដ្ឋាន​បាន​ទិញ​តាំង​ពី​ឆ្នាំ​២០០៨ ពី​ប្រជាពលរដ្ឋ​ជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ម៉ាលិច ជា​អ្នក​លក់​ដី​ដូន​តា​របស់​ពួកគេ។

ដី​ដែល​គេ​កាប់​នេះ​ថិត​ក្នុង​ចំណោម​ដី ៦​ហិកតារ​របស់​អ្នក​ភូមិ​ពីរ​គ្រួសារ​ផ្សេង​ទៀត ដែល​បាន​កាប់​រាន​ព្រៃ​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​មាន​ចំការ​ស្វាយចន្ទី ចេក ល្ហុង​ជា​ដើម តាំង​ពី​ឆ្នាំ​១៩៩៩​មក។

លោក​បន្ត​ថា សកម្មភាព​កាប់​រាន​យក​ដី​ចំការ​នេះ ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១២។ ករណី​នេះ​លោក​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ ក៏​ប៉ុន្តែ​មន្ត្រី​ភូមិ​ឃុំ​បាន​គំរាម​លោក​វិញ​ថា ដី​នោះ​អាជ្ញាធរ​បាន​ចុះ​ហត្ថលេខា​លក់​រួច​ហើយ អ្នក​តវ៉ា​ត្រូវ​មាន​ទោស៖ «ដី​ខ្ញុំ​នៅ​ជាង ១០​ឆ្នាំ​ហើយ មុន​នឹង​លក់​ហ្នឹង​ប្រាប់​ខ្ញុំ​ផង មេ​ភូមិ មេ​ឃុំ ខ្ញុំ​ថា​អត់​យក​លុយ​ទេ​យក​ដី​ហ្នឹង​វិញ ហើយ​ប្រពន្ធ​ខ្ញុំ​ទៅ​យំ​ហ្នឹង​គ្នា»

ម្ចាស់​កសិដ្ឋាន លោកស្រី លី ណៃអាន ហៅ​យាយ​កាណាដា មាន​ប្រសាសន៍​បញ្ជាក់​ថា លោកស្រី​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ម៉ាលិច ចំនួន ១០០​ហិកតារ និង​មាន​អាជ្ញាធរ​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៨។

លោកស្រី​បន្ត​ថា បាន​អញ្ជើញ​ភាគី​អ្នក​លក់​ដី មន្ត្រី​ភូមិ​ឃុំ និង​ភាគី​ប្រជាពលរដ្ឋ​បី​គ្រួសារ​មក​សម្របសម្រួល​គ្នា ក្នុង​នោះ​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​យល់​ព្រម និង​មួយ​គ្រួសារ​មិន​យល់​ព្រម៖ «មាន​ផែនទី មាន​ទាំង​ក្រដាស​ស្នាម​លក់​ទិញ ហើយ​និង​ប្រជាពលរដ្ឋ​មួយ​ភូមិ​ហ្នឹង​គេ​ផ្ដិត​មេដៃ​ហើយ ទាំង​មេ​ឃុំ​មេ​ភូមិ ទាំង​ចៅហ្វាយ​ស្រុក​ចាស់ អ្នក​ទទួល​ខុស​ត្រូវ អ្នក​ធ្វើ​ក្រដាស​ស្នាម​ឲ្យ​ណា!»

អតីត​អភិបាល​ស្រុក​អណ្តូងមាស គឺ​លោក រម៉ាម ពុញ និង​បច្ចុប្បន្ន​លោក​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​អណ្ដូងមាស។ លោក​បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​លក់​ដី​នោះ​មែន ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា អ្នក​ភូមិ​ម៉ាលិច លក់​ដី​ដែល​អ្នក​ភូមិ​លោម បាន​គ្រប់គ្រង​ដាំ​ដុះ​ដោយ​សំអាង​ថា ដី​ដូន​តា​នោះ​ឡើយ។

លោក រម៉ាម ពុញ៖ «ខ្ញុំ​អត់​ដឹង ខ្ញុំ​ស៊ីញ៉េ ខ្ញុំ​ថា អា​ដី​ចំការ​ដី​ដើម​ហ្នឹង ខ្ញុំ​អត់​ដឹង​ថា ប៉ះ​ដី​អ្នក​ណា​ទេ ព្រោះ​ខ្ញុំ​ឃើញ​មេដៃ​អ្នក​ភូមិ មេ​ភូមិ​ចុះ​ហត្ថលេខា ឃុំ​ខ្ញុំ​ក៏​ចារ​ហ្នឹង​ហើយ។ និយាយ​តាម​ច្បាប់​វា​ខុស ឥឡូវ​ធ្វើ​ម៉េច​អ្នក​ភូមិ​គេ​លក់​ទៅ​ហើយ»

ចំណែក​អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា រឿង​លក់​ដី​ដូន​តា​នេះ​បន្សល់​តាំង​ពី​អាណត្តិ​អភិបាល​ស្រុក​មុន និង​ជា​បញ្ហា​ស្មុគស្មាញ​កើត​មាន​ច្រើន​ករណី ហើយ​សុទ្ធ​តែ​ជា​ករណី​ខុស​ច្បាប់។

លោក​បន្ត​ថា បាន​ចាត់​មន្ត្រី​ចុះ​អង្កេត​ករណី​កាប់​បំផ្លាញ​ផល​ដំណាំ​អ្នក​ភូមិ​នោះ​ហើយ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ពី​លទ្ធផល​អង្កេត​នោះ​នៅ​ឡើយ៖ «ដី​សាធារណៈ​របស់​រដ្ឋ​យក​ទៅ​លក់​ដូរ​គាំទ្រ​យ៉ាង​ម៉េច? ហើយ​យើង​ទៅ​ទិញ​ជា​ឯកជន​ហ្នឹង តើ​វា​ត្រូវ​ច្បាប់​ដែរ ឬ​អត់? ឃើញ​ដើម​ចន្ទី​របស់​ពួក​គាត់​ដាំ​ហើយ​នៅ​តែ​កាប់​របស់​គេ​ទៀត ពិត​ជា​អំពើ​រំលោភ​ហើយ​អា​ហ្នឹង»

បុគ្គលិក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បាន​កត់​សំគាល់​ថា ការ​លក់​ដី​ធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​គឺ​ជា​អំពើ​ខុស​ច្បាប់ ទោះ​ក្នុង​រូបភាព​បែប​ណា​ក៏ដោយ។

ចំណែក​ម្ចាស់​កសិដ្ឋាន​បាន​ប្រើ​កម្មករ​កាប់​ផល​ដំណាំ​ប្រជាពលរដ្ឋ​បាន​ដាំដុះ​រួច​ហើយ ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​ម្ចាស់​ទ្រព្យ ឬ​មាន​ដីកា​សំរេច​ពី​តុលាការ គឺ​ជា​ប្រការ​ខុស​ច្បាប់​ដូច​គ្នា៖ «ប្រសិន​ជា​អាជ្ញាធរ​មាន​ការ​ចុះ​ហត្ថលេខា​អ្នក​ភូមិ​លក់​ដូរ​ហ្នឹង បាន​ន័យ​ថា ដូច​បាន​ចុះ​ហត្ថលេខា​លក់​ដី​រដ្ឋ​អ៊ីចឹង។ អ្វី​ដែល​ពាក់ព័ន្ធ​ទំនាស់​ហើយ យើង​បាន​ទៅ​កាប់​របស់​អ្នក​ដទៃ​ចូល​បទ​បំផ្លាញ​ទ្រព្យ​ដោយ​ចេតនា»

យ៉ាង​នេះ​ក្ដី អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ បាន​អះអាង​ថា នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​មេសា ឆ្នាំ​២០១២​នេះ លោក​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ជួប​ជុំ​គ្នា​ដោះស្រាយ​បញ្ហា​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល