អាជ្ញាធរ​ខេត្ត​រតនគិរី ផ្អាក​បណ្ដេញ​ពលរដ្ឋ​ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​ដី​រដ្ឋ

ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ផ្អាក​បណ្ដេញ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​ដី​រដ្ឋ នៅ​ជិត​តំបន់​ព្រំដែន ក្នុង​ស្រុក​អូរយ៉ាដាវ វិញ​ហើយ។
ដោយ រដ្ឋា វីសាល
2012-08-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​ផ្អាក​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​ដី​នៅ​ទីនោះ​ជា​សម្បទាន​សង្គម​កិច្ច ដល់​ពួក​គាត់ ដើម្បី​រស់នៅ​បម្រើ​វិស័យ​ព្រះពុទ្ធសាសនា នៅ​ជុំវិញ​វត្ត​សុវណ្ណគិរីបព្វត មាន​ទីតាំង​នៅ​ជិត​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា និង​ប្រទេស​វៀតណាម។

មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​សីហា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​កំពុង​រៀបចំ​របាយការណ៍​ដាក់​ជូន​អភិបាល​ខេត្ត សុំ​ការ​សម្រេច​លើ​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង​៣០​គ្រួសារ ដែល​បាន​ចូល​បោះ​ទីតាំង​រស់នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ ដែល​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាយ ដុងយឿង ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។

ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា បាន​កំណត់​ពេល​មួយ​សប្ដាហ៍​ឲ្យ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ រុះរើ​លំនៅឋាន​ចេញ​ពី​ដី​ដែល​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ចូល​បោះ​ទីតាំង​ថ្មីៗ រស់នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ ដែល​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម បើ​មិន​ដូច្នេះ​ទេ ក្រុម​អាជ្ញាធរ​នឹង​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ ដោយ​មិន​ទទួល​ខុស​ត្រូវ​ការ​ខូច​ខាត។

ស្នងការ​រង​នគរបាល​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​សម្រេច​ផ្អាក​ថ្ងៃ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​រុះរើ​លំនៅឋាន​ជា​បណ្ដោះ​អាសន្ន​សិន បន្ទាប់​ពី​ក្រុម​មន្ត្រី​មក​ពី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​មើល​ទិដ្ឋភាព​ជាក់ស្តែង​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​តាំង​ទីលំនៅ។

លោក​បន្ត​ថា សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ​នោះ មាន​ចំនួន​ជាង​៣០​គ្រួសារ ក្នុង​នោះ ២១​គ្រួសារ​តាំង​ទីលំនៅ​តាំង​ពី​ឆ្នាំ​២០០៩ និង​១០​គ្រួសារ​ទៀត ចូល​មក​សង់​រោង​ប្រក់​តង់​កៅស៊ូ ក្នុង​ឆ្នាំ​២០១២ នេះ៖ «គោលការណ៍​យើង គឺ​យើង​សុំ​ទៅ​ខេត្ត ដើម្បី​ឲ្យ​គាត់​សម្រេច​ថា​គួរ​តែ​ឲ្យ​ប្រជាជន​រស់នៅ​ទីនោះ ឬ​ក៏​យ៉ាង​ម៉េច។ យើង​រង់ចាំ​ការ​ពិភាក្សា​គ្នា​ក្នុង​គណៈកម្មការ​ហ្នឹង។ ដល់​ពិភាក្សា​គ្នា​ហើយ បាន​ធ្វើ​របាយការណ៍​មួយ​ដាក់​ជូន​គណៈ​អភិបាល​ខេត្ត​ហ្នឹង»

ប្រជាពលរដ្ឋ​អ្នក​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ​មួយ​រូប សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​តាំង​ទីលំនៅ គឺ​ជា​ដី​ព្រៃ​សេសសល់​ពី​ការ​កាប់​រាន​របស់​ជន​ជាតិ​ដើម​ភាគ​តិច នៅ​តំបន់​នោះ មាន​ចំងាយ​៥០០​ម៉ែត្រ​ពី​ព្រំដែន​ប្រទេស​វៀតណាម មិន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទេ។ លោក​បន្ត​ថា បច្ចុប្បន្ន​វត្ត​ព្រះពុទ្ធសាសនា​មួយ​បាន​កកើត​នៅ​ទីនោះ​រួច​ហើយ ដូច្នេះ​អាជ្ញាធរ​គួរ​ផ្តល់​ដី​នោះ​ជា​ដី​សម្បទាន​សង្គម​កិច្ច ជូន​ប្រជាពលរដ្ឋ​រួម​ជាមួយ​ព្រះសង្ឃ​រស់នៅ ដើម្បី​រក្សា​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​រស់នៅ​លើ​ដី​ខ្មែរ​នា​តំបន់​ព្រំដែន​ជា​ការ​ប្រសើរ៖ «ឥឡូវ​ហ្នឹង គេ​អត់​មាន​ប្រតិកម្ម​អ្វី​ទាំង​អស់ ពី​មុន​គេ​ឲ្យ​ប្រជាជន​រុះរើ​ផ្ទះ។ ប្រជាពលរដ្ឋ​យើង​ខ្ញុំ​នៅ​រង់ចាំ​មើល​ការ​ស្នើសុំ​ហ្នឹង។ កាល​ថ្ងៃ​ទី​១៨ ហ្នឹង គេ​ចុះ​មក​ធ្វើ​ស្ថិតិ​ប្រជាពលរដ្ឋ អ្នក​ណា​ដែល​អត់​ហ្នឹង ហើយ​ម្សិលមិញ​ហ្នឹង ប្រជាពលរដ្ឋ​ទៅ​ឃុំ​ថត​រូប​ហ្នឹង»

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ដក ស មាន​ប្រសាសន៍​ថា គោល​បំណង​របស់​អាជ្ញាធរ​មូលដ្ឋាន គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ចំណាក​ស្រុក ត្រូវ​វិល​ត្រឡប់​ទៅ​អតីត​ភូមិ​ស្រុក​របស់​ខ្លួន រក​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ជុំវិញ​តម្រូវ​ការ​ដី​សម្បទាន​សង្គម​កិច្ច តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល។ លោក​មិន​ទាន់​ប្រាកដ​ថា តើ​អាជ្ញាធរ​ខេត្ត​នឹង​សម្រេច​បែប​ណា ជុំវិញ​ស្ថានភាព​ប្រជាពលរដ្ឋ​ចូល​មក​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ​នោះ​ទេ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ចាត់​ទុក​ការ​ផ្អាក​បណ្ដេញ​ប្រជាពលរដ្ឋ​ថា ជា​កត្តា​សំខាន់​មួយ​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ដី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត។ លោក​បន្ត​ថា តំបន់​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ឡំ មិន​សូវ​មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ទេ ក្រៅ​ពី​ជន​ជាតិ​ដើម​ភាគ​តិច​ចារាយ​ខ្មែរ​នោះ៖ «ការ​ដោះស្រាយ​នេះ ជា​វិធី​មួយ​ល្អ​ហើយ ពីព្រោះ​វា​បាន​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ជម្រក ជាពិសេស​គាត់​បាន​នៅ​ជិត​ព្រំដែន​ផង ដែល​ជា​កន្លែង​ដែល​យើង​ត្រូវ​ការ​ឲ្យ​មាន​ប្រជាពលរដ្ឋ​យើង​រស់នៅ​ច្រើន​កុះករ»

យ៉ាង​នេះ​ក្តី អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​មិន​ទាន់​បាន​ផ្តល់​របាយការណ៍​ពី​ករណី​នេះ​មក​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ ក៏​ប៉ុន្តែ​លោក​កត់​សម្គាល់​ថា ការ​តាំង​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ខ្លះ ទើប​តែ​កើត​មាន​នៅ​ពេល​ថ្មីៗ​នេះ​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល