តំណាងប្រជាពលរដ្ឋ លោក សួរ ឆេងធី ឲ្យដឹងនៅថ្ងៃទី២០ មិថុនា ថា ប្រធានគណៈកម្មការបែងចែកដីសម្បទានសង្គមកិច្ចខេត្តបានព្យាយាមដកហូតដីប្រមាណជាង ២០០ហិកតារ ចុះបញ្ជីជាដីសម្បទានសង្គមកិច្ច។
ទាក់ទិនចំណាត់ការនេះ ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារតវ៉ាសុំឲ្យមានការដោះស្រាយឲ្យបានត្រឹមត្រូវ ព្រោះដីទាំងនោះជាដីរបស់ពួកគាត់ដែលចំណាយលុយជាច្រើន ដើម្បីទិញដីទាំងនោះ។ លោកថ្លែងបន្តថា ប្រជាពលរដ្ឋដែលមករស់នៅតំបន់នោះភាគច្រើនមកពីបណ្ដាខេត្តផ្សេងៗ ហើយដីដែលប្រជាពលរដ្ឋទាំងនោះកាន់កាប់ភាគច្រើន ពួកគាត់បានទិញពីប្រជាពលរដ្ឋចាស់រស់នៅតំបន់នោះ។
កាលពីថ្ងៃ១៥ ខែមិថុនា កន្លងទៅ លោកបានដាក់ពាក្យបណ្ដឹង សុំឲ្យអាជ្ញាធរខេត្តជួយធ្វើអន្តរាគមន៍ចំពោះបញ្ហានេះ ប៉ុន្តែលោកពុំទាន់បានទទួលដំណោះស្រាយពីចៅហ្វាយខេត្តនៅឡើយ។
ឆ្លើយតបទៅនឹងបញ្ហានេះដែរ អភិបាលស្រុកសន្ទុក លោក ពេជ្រ សុធា អះអាងថា ដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់នោះជាដីឯកជនរបស់រដ្ឋ ដូច្នេះរដ្ឋត្រូវដកហូតយកខ្លះ ដើម្បីចែកឲ្យអ្នកដែលអត់ដី។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះអ្នកខ្លះបានកាន់កាប់ដី ២០ ទៅ ៣០ហិកតារឯណោះ។ តាមពិតប្រជាពលរដ្ឋដែលមានដីច្រើនហិកតារ ភាគច្រើនពួកគាត់បានទិញដីឯកជនរបស់រដ្ឋដោយខុសច្បាប់។ ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលតវ៉ានោះ មានប្រមាណត្រឹម ២០គ្រួសារ។
ទោះយ៉ាងនេះក្ដី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តកំពង់ធំ លោក ញូង សាមឿង ផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលគួរប្រឹងប្រែងធ្វើយ៉ាងណាផ្ដល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យគ្រប់ក្បាលដីទាំងអស់ ទើបអាចដោះស្រាយបញ្ហាជម្លោះដីធ្លីនេះបាន។
លោកបន្ថែមថា សមាគមរបស់លោកមិនដែលឃើញប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ដាក់ពាក្យបណ្ដឹងប្ដឹងមកសមាគមលោកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។