អាជ្ញាធរ​ខេត្ត​រតនគិរី​បណ្ដេញ​ពលរដ្ឋ​សង់​លំនៅ​ខុស​ច្បាប់​លើ​ដី​សម្បទាន

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​កំណត់​ពេល ៧​ថ្ងៃ ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ១០​គ្រួសារ រុះរើ​លំនៅឋាន​ចេញ​ពី​ដី​ជុំវិញ​បរិវេណ​វត្ត​ព្រះពុទ្ធ​សាសនា​មួយ មាន​ទីតាំង​នៅ​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ ពី​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា និង​ប្រទេស​វៀតណាម ក្នុង​ខេត្ត​រតនគិរី ដោយសារ​តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​ចូល​មក​ចាប់​ដី​សង់​រោង​ធ្វើ​លំនៅឋាន​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ។
ដោយ រដ្ឋា វីសាល
2012-08-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​ជាង ១០​គ្រួសារ រស់​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួក​គាត់ ដើម្បី​រស់​នៅ​បំរើ​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​ជុំវិញ​វត្ត​សុវណ្ណគិរី​បព្វតា មាន​ទីតាំង​នៅ​ជិត​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា និង​ប្រទេស​វៀតណាម ក្នុង​ខេត្ត​រតនគិរី។

សេចក្ដី​អំពាវនាវ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា បាន​ដាក់​ឱសានវាទ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​រុះរើ​លំនៅឋាន​ចេញ​ពី​ដី​ដែល​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ចូល​បោះ​ទីតាំង​រស់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​ដែល​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាយ ដុងយឿង បើ​មិន​ដូច្នេះ​ទេ ក្រុម​អាជ្ញាធរ​នឹង​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ការ​ខូច​ខាត។

ប្រជាពលរដ្ឋ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពួក​គាត់​សុទ្ធសឹងតែ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​ដី​ធ្វើ​ស្រែ​ចំការ ហេតុ​នេះ​បាន​ធ្វើ​ចំណាក​ស្រុក​មក​កាន់​តំបន់​ដាច់​ស្រយាល​មួយ​នេះ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​បាន​រស់​នៅ​ទ្រទ្រង់​វត្ត​ខ្មែរ​ដែល​មាន​ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​ក្នុង​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម​នេះ។

ប្រជាពលរដ្ឋ​នោះ​បន្ត​ថា ពួកគាត់​មិន​មាន​ជម្រើស​ស្វែង​រក​ដី​រស់​នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទេ ដូច្នេះ​ការ​បណ្ដេញ​ឲ្យ​រុះរើ​លំនៅឋាន​ចេញ​របស់​ពួក​គាត់​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់​នៅ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង៖ «ខ្ញុំ​ចង់​សំណូមពរ​ដល់​សម្ដេច​តេជោ ថា​សុំ​មួយ​ជុំវិញ​វត្ត​ហ្នឹង​ឲ្យ​ប្រជាជន​រស់​នៅ​ដើម្បី​ជា​ទី​សក្ការបូជា។ ម្តុំ​ហ្នឹង​កកើត​វត្ត​ហើយ​ដល់​កកើត​វត្ត​អត់​ប្រជាពលរដ្ឋ​នៅ​លោក​បាន​ចង្ហាន់​ឯ​ណា​ឆាន់»

ប្រធាន​ភូមិ​ឡំ លោក សេវ លីន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​ទើប​ចូល​មក​បោះ​រោង​ប្រក់​សំពត់​កៅស៊ូ​រស់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ប្រមាណ ៣ ទៅ ៤​ខែ​កន្លង​ទៅ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​បាន​កាប់​ឆ្ការ​ព្រៃ​ចាប់​យក​ដី​មួយ​គ្រួសារ​ពី​កន្លះ​ហិកតារ​ទៅ​មួយ​ហិកតារ​ជាប់​នឹង​បរិវេណ​វត្ត ដើម្បី​រស់​នៅ​ធ្វើ​កម្មករ​តាម​ចំការ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម នៅ​តំបន់​ជិត​គ្នា​នោះ៖ «កន្លែង​គេ​ចាប់​ដី​ហ្នឹង​គេ​សួរ​ថា ស្គាល់​មេ​ភូមិ​អត់? ពួក​ហ្នឹង​អត់​ស្គាល់​មេ​ភូមិ​ផង គេ​អត់​ស្គាល់​ខ្ញុំ ខ្ញុំ​អត់​ស្គាល់​គេ។ ទើប​ត្រួសត្រាយ​ព្រៃ​វា​អត់​ទាន់​ដាំ​ស្អី​ផង​ហ្នឹង»

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ដក ស មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​រុះរើ​រោង​ចេញ​ពី​ដី​នោះ​ដោយសារ​តែ​ដី​ដែល​ពួក​គាត់​ទើប​តែ​មក​សង់​រោង​ស្នាក់​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​ចូល​មក​បោះ​ទី​តាំង​រស​នៅ​លើ​ដី​រដ្ឋ​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ដឹក​នាំ​ពី​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ម្នាក់​នៅ​តំបន់​នោះ៖ «ដី​វត្ត​ក្រុមហ៊ុន​គេ​ទុក​ឲ្យ​ហើយ ប៉ុន្តែ​គេ​ទៅ​ចាប់​ក្រៅ​ពី​ដី​វត្ត អ្នក​នាំ​ចាប់​ដី​ហ្នឹង​ប៉ូលិស​ព្រំដែន របាយការណ៍​គេ​រាយការណ៍​តាម​ទូរស័ព្ទ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការ​អនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជ​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច និង​រស់​នៅ​លើ​ដី​មួយ​ចំនួន​ទៀត​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​រៀបចំ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​គ្មាន​ដី​ពិត​ប្រាកដ ក៏​ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​ថា មាន​ករណី​មិន​ស្មើ​ភាព​គ្នា​ក្នុង​ការ​អនុវត្ត​ច្បាប់។

លោក​បន្ត​ថា រដូវ​នេះ​ជា​រដូវ​ភ្លៀង និង​ជា​រដូវ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល ដូច្នេះ​ក្រុម​អាជ្ញាធរ​គួរ​ពិចារណា​ពន្យារ​ពេល​ដល់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន រហូត​ដល់​ពេល​ប្រមូល​ផល​សិន៖ «យើង​មិន​ដែល​ឃើញ​អាជ្ញាធរ​ទៅ​បណ្ដេញ​ពួក​អ្នក​មាន​អំណាច​មាន​ប្រាក់​ដែល​កាប់​រាន​ដី​ព្រៃ​រាប់​ពាន់​ហិកតារ រាប់​រយ​ហិកតារ​ទេ យើង​ទាមទារ​ទៅ​ប្រមុខ​រដ្ឋាភិបាល​សុំ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​គ្នា។ក្នុង​វិធី​ច្បាប់​ដោះស្រាយ​គឺ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច»

យ៉ាង​នេះ​ក្តី​មន្ត្រី​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​អ្នក​ចំណាក​ស្រុក​ត្រូវ​វិល​ត្រឡប់​ទៅ​អតីត​ភូមិ​ស្រុក​របស់​ខ្លួន​រក​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ជុំវិញ​តម្រូវការ​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​អាជ្ញាធរ​ខេត្ត​ចាត់​វិធានការ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ជូន​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល